35 C
Phnom Penh

ពលរដ្ឋ​រិះគន់​ក្រសួង​បរិស្ថាន​ដែល​តម្រូវ​ឲ្យ​អាជ្ញាធរ​ដែនដី​មោឃភាព​លិខិត​បញ្ជាក់​ដីធ្លី​មួយ​ចំនួន​នៅ​ខេត្ត​កំពង់ស្ពឺ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពលរដ្ឋ និង​មន្ត្រី​បម្រើ​ការងារ​នៅ​តាម​រដ្ឋបាល​ឃុំ-សង្កាត់​មួយ​ចំនួន បាន​រិះគន់​ក្រសួង​បរិស្ថាន ដែល​ចេញ​បទបញ្ជា​ទៅ​អភិបាល​ខេត្ត​ទាំងអស់​ឲ្យ​ចាត់​វិធានការ​ឲ្យ​បញ្ឈប់​ជាបន្ទាន់ និង​មោឃភាព​នូវ​រាល់​ការ​ចុះ​ហត្ថលេខា ឬ​ការ​បញ្ជាក់​ទទួល​ស្គាល់​លើ​លិខិត​ផ្ទេរ​សិទ្ធិ ពាក្យ​ស្នើសុំ​កាន់កាប់​ប្រើប្រាស់​ដីធ្លី លិខិត​ទិញ​លក់​ដី​រដ្ឋ និង​ការ​បញ្ជាក់​លើ​ប្លង់​បង្ហាញ​ទីតាំង​ដី​ជាអាទិ៍ ដែល​ធ្វើឡើង​នៅ​លើ​ដី​ក្នុង​តំបន់​ការពារ​ធម្មជាតិ និង​ក្នុង​របៀង​ជីវចម្រុះ។

មន្ត្រី​ឃុំ-សង្កាត់​មួយ​ចំនួន និង​ពលរដ្ឋ បាន​រិះគន់​ចំពោះ​លិខិត​របស់​ក្រសួង​បរិស្ថាន ថា​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​ទាំង​រដ្ឋ និង​ឯកជន ព្រោះ​ឯកសារ​ទាំងនោះ​ត្រូវ​បាន​ពលរដ្ឋ និង​ភាគី​ពាក់ព័ន្ធ បាន​យក​មក​ប្រើប្រាស់​ជា​ផ្លូវការ​សម្រាប់​ការ​ប្រកប​អាជីវកម្ម​ផ្សេងៗ។

ក្រសួង​បរិស្ថាន បាន​ចេញ​លិខិត​មួយ​ចុះ​ថ្ងៃ​ទី​១០ ខែ​ឧសភា ឆ្នាំ​២០២១ កន្លង​មក​នេះ​ថា ដោយ​ពិនិត្យ​ឃើញ​រដ្ឋបាល​ឃុំ-សង្កាត់​មួយ​ចំនួន​នៅតែ​បន្ត​ចុះ​ហត្ថលេខា​បញ្ជាក់​ទទួល​ស្គាល់​នៅ​លើ​លិខិត​ផ្ទេរ​សិទ្ធិ ពាក្យ​ស្នើសុំ​កាន់កាប់ ប្រើប្រាស់​ដីធ្លី លិខិត​ទិញ​លក់​ដី​រដ្ឋ ឬ​ការ​បញ្ជាក់​លើ​ប្លង់​បង្ហាញ​ទីតាំង​ដី​នៅ​លើ​ដី​ដែល​បាន​កាប់​ឆ្ការ រុករាន ទន្ទ្រាន​ដី​ព្រៃ​រដ្ឋ​ដើម្បី​ធ្វើ​ជា​កម្មសិទ្ធិ​ដែល​ស្ថិត​ក្នុង​តំបន់​ការពារ​ធម្មជាតិ និង​របៀង​អភិរក្ស​ជីវចម្រុះ ដែល​ទង្វើ​ទាំងនេះ​ជា​អំពើ​ផ្ទុយ​នឹង​ច្បាប់។

ក្រសួង​បរិស្ថាន បាន​ស្នើសុំ​ដល់​អភិបាល​ខេត្ត ចាត់​វិធានការ​មួយ​ចំនួន​ជាបន្ទាន់ ដូចជា​បដិសេធ និង​មោឃភាព​រាល់​លិខិត និង​ឯកសារ​ទាំងឡាយ​ណា​ដែល​ពាក់ព័ន្ធ​នឹង​ការ​កាន់កាប់ និង​ការ​ផ្ទេរ​សិទ្ធិ​ទាំងឡាយ​លើ​ដីធ្លី​ដែល​ស្ថិត​ក្នុង​តំបន់​ការពារ​ធម្មជាតិ និង​របៀង​អភិរក្ស​ចម្រុះ ដែល​រដ្ឋបាល​ឃុំ-សង្កាត់​បាន​ចុះ​ហត្ថលេខា​បញ្ជាក់​កន្លង​មក។

ក្រសួង​បញ្ជាក់​ថា រដ្ឋបាល​ឃុំ-សង្កាត់​ត្រូវ​បញ្ឈប់​រាល់​ការ​ចុះ​ហត្ថលេខា​បញ្ជាក់​លើ​លិខិត​ផ្ទេរ​សិទ្ធិ ពាក្យ​ស្នើសុំ​កាន់កាប់​ប្រើប្រាស់​ដីធ្លី លិខិត​ទិញ​លក់​ដី​រដ្ឋ ឬ​ការ​បញ្ជាក់​លើ​ប្លង់​បង្ហាញ​ទីតាំង​ដី​ដែល​ស្ថិត​ក្នុង​តំបន់​ការពារ​ធម្មជាតិ និង​របៀង​អភិរក្ស​ជីវចម្រុះ​នៃ​ដែន​សមត្ថកិច្ច​របស់​ខ្លួន​ជាដើម។

ក្រោយ​ក្រសួង​បាន​ចេញ​លិខិត​រួច​មក មាន​រដ្ឋបាល​ឃុំ​មួយ​ចំនួន​នៃ​រដ្ឋបាល​ខេត្ត​កំពង់ស្ពឺ បាន​ចេញ​លិខិត​បដិសេធ​ចំពោះ​ការ​ចេញ​លិខិត​កាន់កាប់ ប្រើប្រាស់ ផ្ទេរ​សិទ្ធិ កិច្ចសន្យា​លក់-ទិញ និង​លិខិត​ប្រើប្រាស់​ដី​កសិកម្ម​ជាដើម ដែល​កន្លង​មក​បាន​ផ្តល់​ជូន​ពលរដ្ឋ​រួច​ហើយ។

ការ​បដិសេធ​នេះ មាន​នៅ​រដ្ឋបាល​ឃុំ​ត្រពាំងជោមេ ឃុំ​តាសាល ស្រុក​ឱរ៉ាល់ និង​ឃុំ​ចំបក់ ស្រុក​ភ្នំស្រួច ជាដើម ដែល​នាំ​ឲ្យ​ពលរដ្ឋ​មាន​ការ​ក្តៅ​ក្រហាយ និង​រិះគន់​ទៅលើ​ការ​ចេញ​លិខិត​របស់​ក្រសួង​បរិស្ថាន។

ពលរដ្ឋ​មាន​ចម្ងល់​ថា ក្នុង​ករណី​លិខិត​ចេញ​ចំហ​របស់​ក្រសួង​បរិស្ថាន​ដែល​មិន​មាន​កម្រិត មិន​មាន​ការ​ពន្យល់ ឬ​លក្ខខណ្ឌ​ប្រតិសកម្ម​ច្បាស់លាស់ ក្រៅពី​ប្រើ​ពាក្យ​ដី​រដ្ឋ ឬ​មោឃភាព​លិខិត​គតិយុត្តិ​បែប​នេះ បើ​មន្ត្រី​បរិស្ថាន អាជ្ញាធរ​មាន​អំណាច ឬ​អង្គការ​មួយ​ចំនួន​ដែល​មាន​គំនិត​មិន​ល្អ ឃុបឃិត​គ្នា​យក​លិខិត​ចំហ​បែប​នេះ​ទៅ​អនុវត្ត តើ​មាន​ផល​ប៉ះពាល់​យ៉ាងណា​ដល់​ផល​ប្រយោជន៍​របស់​ពលរដ្ឋ​ទូទៅ? ម្យ៉ាង លិខិត​នេះ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​របស់​អាជ្ញាធរ​ឃុំ-សង្កាត់​ដែល​ជា​អាណាព្យាបាល​នៅ​មូលដ្ឋាន​ផ្ទាល់ ក្រោម​ឱវាទ​របស់​ក្រសួង​មហាផ្ទៃ​នោះ។

ទោះជាយ៉ាងណា វិធានការ​ការពារ​ព្រៃឈើ ឬ​វិធានការ​កាត់​ដី​គម្រប​ព្រៃឈើ​សម្បទាន​ឲ្យ​ឯកជន​វិនិយោគ​របស់​រដ្ឋាភិបាល តែង​រង​ការ​រិះគន់​ថា រដ្ឋាភិបាល​បាន​គាបសង្កត់ ឬ​ប្លន់​ដីធ្លី​ពី​ប្រជាពលរដ្ឋ​យក​ទៅ​ប្រគល់​ឲ្យ​បក្ខពួក ឬ​អ្នក​មាន​អំណាច​ជា​ក្រុម​គ្រួសារ​របស់​ខ្លួន​តែប៉ុណ្ណោះ។

នៅ​ពាក់កណ្តាល​ខែ​វិច្ឆិកា ឆ្នាំ​២០២០ លោក ហ៊ុន សែន បាន​ចុះ​ហត្ថលេខា​លើ​អនុក្រឹត្យ​មួយ​ដែល​បាន​សម្រេច​កាត់​ឆ្វៀល​ដី​ដែល​មាន​ទំហំ ៣៦៨​ហិកតារ​ឲ្យ​ទៅ​ឧកញ៉ា លី យ៉ុងផាត់ ដើម្បី​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន ចេញ​ពី​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ ដែល​ស្ថិត​នៅ​ភូមិ​ស្រែជ្រៅ ឃុំ​តាំងសំរោង និង​ភូមិ​ត្រពាំងប្រិយ ឃុំ​ក្រាំងដីវ៉ាយ ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ។

ករណី​នេះ​នាំ​ឲ្យ​មាន​ការ​រិះគន់​ថា ការ​ដឹកនាំ​របស់​នាយករដ្ឋមន្ត្រី ហ៊ុន សែន នា​ពេល​បច្ចុប្បន្ន​នេះ​មិន​អាច​នាំ​កម្ពុជា និង​ពលរដ្ឋ​ខ្មែរ​ទៅ​រក​សុភមង្គល​បាន​ទេ ប៉ុន្តែ​លោក ហ៊ុន សែន អាច​ត្រឹមតែ​រក​សុភមង្គល​បាន​សម្រាប់​តែ​ក្រុម​គ្រួសារ និង​បក្ខពួក​របស់​គាត់​លើ​ទឹកភ្នែក​ពលរដ្ឋ​រងគ្រោះ​ប៉ុណ្ណោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស