អតីតទីប្រឹក្សារដ្ឋភូមា និងជាមេដឹកនាំគណបក្សឈ្នះឆ្នោតនៅក្នុងការបោះឆ្នោតឆ្នាំ២០២០ អ្នកស្រី អ៊ុងសាន ស៊ូជី បានស្នើសុំស្បៀង និងថវិកា ខណៈអ្នកស្រីកំពុងស្ថិតក្នុងការឃុំខ្លួន។
គេហទំព័រនៃសារព័ត៌មាន Coconuts Yangon បានចុះផ្សាយនៅថ្ងៃទី៨ មិថុនា ថា អ្នកស្រី ស៊ូជី បានប្រាប់មេធាវីរបស់អ្នកស្រីថា រយៈពេល ២សប្ដាហ៍មកនេះ អ្នកស្រីពុំមានថវិកាដើម្បីទិញរបស់របរផ្សេងៗ និងស្បៀងអាហារនោះទេ។
អ្នកស្រីបានស្នើសុំឱ្យមេធាវីរបស់អ្នកស្រី គឺមេធាវី Min Min Soe ផ្ដល់ឲ្យអ្នកស្រីនូវថវិកា និងស្បៀងមួយចំនួន។ អ្នកស្រី ស៊ូជី បានស្នើសុំថវិកា និងស្បៀង ទាំងសម្រាប់អ្នកស្រី និងសហការីរបស់អ្នកស្រីចំនួន ៩នាក់ដែលកំពុងជាប់ឃុំខ្លួន។ មេធាវី Min Min Soe បានប្រាប់អ្នកសារព័ត៌មានថា អ្នកស្រី ស៊ូជី ពិតជាបានស្នើសុំដូចនេះមែន។ មេធាវីរូបនេះបញ្ជាក់ថា លោកកំពុងពិភាក្សាជាមួយក្រុមគ្រួសារ តែលោកថាមិនសុំជំនួយពីពួកយោធានោះទេ។ តាមមេធាវីរូបនេះ អ្នកស្រី ស៊ូជី ក៏បានស្នើសុំជួបអតីតប្រធានាធិបតី U Win Myint ទៀតផង។
មេធាវីរបស់មេដឹកនាំភូមា ដែលត្រូវយោធាទម្លាក់ពីអំណាច បានឲ្យដឹងថា សវនាការជំនុំជម្រះក្តីរបស់អ្នកស្រី ស៊ូជី នឹងចាប់ផ្តើមនៅសប្តាហ៍ក្រោយនេះហើយ។
ចាប់តាំងពីត្រូវយោធាទម្លាក់ពីអំណាច និងចាប់ខ្លួនកាលពីដើមខែកុម្ភៈ កន្លងទៅ លោកស្រី ស៊ូជី បានរងការចោទប្រកាន់ចំនួន ៦ករណី ក្នុងនោះរួមមានការល្មើសវិធានការការពារជំងឺ COVID-19 ការកាន់កាប់ឧបករណ៍ទាក់ទងដោយគ្មានការអនុញ្ញាត អំពើពុករលួយ និងការបំពានច្បាប់ការពារកិច្ចការសម្ងាត់ជាតិជាដើម។
លោកមេធាវី Min Min កាលពីថ្ងៃចន្ទ ទី៧ ខែមិថុនា បានប្រាប់អ្នកសារព័ត៌មានថា សវនាការក្នុងសំណុំរឿងប្រឆាំងអ្នកស្រី ស៊ូជី និងអតីតប្រធានាធិបតី U Win Myint នឹងធ្វើឡើងនៅថ្ងៃចន្ទ សប្តាហ៍ក្រោយនេះ ដោយមានការចូលផ្តល់សក្ខីកម្មពីដើមបណ្តឹង និងសាក្សីទាំងភាគីដើមចោទ និងចុងចោទ។
មេធាវីរូបនេះបញ្ជាក់ទៀតថា លោកបានជួបមុខអ្នកស្រីតែពីរលើកប៉ុណ្ណោះ ចាប់តាំងពីពួកយោធាបានឃុំខ្លួនអ្នកស្រីនៅក្នុងផ្ទះ ក្រោយរដ្ឋប្រហារកាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១។
អ្នកសង្កេតការណ៍សិទ្ធិមនុស្សជាតិ និងអន្តរជាតិបានហៅតុលាការថាជាឧបករណ៍របស់ពួកយោធា បើកាត់ទោសអ្នកស្រីឱ្យមានទោស ព្រោះការចោទប្រកាន់លើអ្នកស្រី ស៊ូជី គឺកើតឡើងក្រោយរដ្ឋប្រហារ។
សវនាការនឹងធ្វើឡើងនេះ បន្ទាប់ពីប្រេសិតរបស់អាស៊ានមកជួបមេរដ្ឋប្រហារឧត្តមសេនីយ៍ មីន អ៊ុងឡាំង កាលពីសប្ដាហ៍មុន។ រដ្ឋមន្ត្រីការបរទេសទី២ នៃប្រទេសព្រុយណេ គឺលោក Dato Erzwan Pehin Yusof និងអគ្គលេខាធិការអាស៊ាន Lim Jock hoi បានទៅដល់ប្រទេសភូមាកាលពីថ្ងៃព្រហស្បតិ៍ ទី៣ ខែមិថុនា។ ប្រតិភូសមាគមអាស៊ានបានជួបមេរដ្ឋប្រហារ មីន អ៊ុងឡាំង។ នៅក្នុងជំនួបនោះ ប្រតិភូអាស៊ាន បានបន្តប្រាប់ឱ្យ មីន អ៊ុងឡាំង បញ្ចប់ហិង្សា និងដោះលែងអ្នកជាប់ឃុំទាំងអស់។
តែជាក់ស្ដែង ដំណោះស្រាយនយោបាយនៅភូមា នៅតែបន្តជាប់គាំង បើទោះមានការអំពាវនាវពីមេដឹកនាំអាស៊ានដែលបានដាក់ចេញផែនការ ៥ចំណុចឱ្យអនុវត្តក៏ដោយ។ ការបង្ក្រាបលើក្រុមបាតុករនៅតែបន្តកើតមាន ដែលធ្វើឱ្យមានចំនួនអ្នកស្លាប់កើនឡើងជាង ៨៤០នាក់ និងចាប់ខ្លួនជិត ៤៥០០នាក់។
ដោយមើលឃើញពីបញ្ហានេះ រដ្ឋមន្ត្រីការបរទេសសិង្ហបុរី Vivian Balakrishnan បានបង្ហាញការខកចិត្តដែលពួកយោធាធ្វើឱ្យយឺតយ៉ាវក្នុងការដោះស្រាយវិបត្តិរបស់ខ្លួន។
ក្រោយកិច្ចប្រជុំពិសេសនៃរដ្ឋមន្ត្រីការបរទេសអាស៊ានបូកចិន ប្រព្រឹត្តទៅលើទឹកដីចិន រដ្ឋមន្ត្រីការបរទេសសិង្ហបុរី រូបនេះបានលើកឡើងថា អាស៊ានពិតជាដឹងណាស់ថាប្រជាជនភូមាឈឺចាប់ ហើយអ្នកនយោបាយដែលជាប់ឃុំកាន់តែឈឺចាប់ និងគ្រួសារអ្នកស្លាប់រឹតតែឈឺចាប់។
តាមការចុះផ្សាយនៃបណ្ដាញទូរទស្សន៍សិង្ហបុរី Channel News Asia លោក Balakrishnan បានបន្តលើកឡើងថា សាមគ្គីភាពរបស់អាស៊ានធ្វើឡើងតាមការចាំបាច់សម្រាប់ទាមទារការបញ្ឈប់ហិង្សាភ្លាមៗ ហើយត្រូវដោះលែងអ្នកជាប់ឃុំ ដោយរៀបចំកិច្ចចរចាជាមួយភាគីជាប់ពាក់ព័ន្ធទាំងអស់។ នៅមុនកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន គឺមេរដ្ឋប្រហារភូមា មីន អ៊ុងឡាំង បង្ហាញឆន្ទៈសហការជាមួយអាស៊ានដើម្បីស្ថិរភាពជាតិ។
ឧត្តមសេនីយ៍ មីន អ៊ុងឡាំង បាននិយាយថាក្រុមប្រឹក្សាយោធាភូមាមានបំណងធ្វើការងាររួមគ្នាជាមួយអាស៊ាន ដើម្បីរក្សាស្ថិរភាពនៅក្នុងស្រុក និងអនុវត្តតាមគោលការណ៍ឯកច្ឆន្ទ។
តាមទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ ចុះផ្សាយនៅថ្ងៃទី៧ ខែមិថុនា ថា ឧត្តមសេនីយ៍ មីន អ៊ុងឡាំង បានធ្វើការកត់សម្គាល់ដូចនេះអំឡុងជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសភូមា គឺលោក Chen Hai ក្នុងទីក្រុងណៃពិដោរ កាលពីថ្ងៃសៅរ៍ សប្ដាហ៍មុននេះ មុនពេលរដ្ឋមន្ត្រីការបរទេសអាស៊ានជួបប្រជុំគ្នានៅក្នុងប្រទេសចិន ក្នុងជំនួបចិនបូកអាស៊ាន។ ជាការកត់សម្គាល់មួយទៀតនោះ គឺជំនួបរវាងឯកអគ្គរដ្ឋទូតចិនដែលបានជួបលោក មីន អ៊ុងឡាំង បន្ទាប់ពីប្រតិភូអាស៊ានមកជួបមេរដ្ឋប្រហាររូបនេះដោយប្រាប់ថាអាស៊ាននឹងរុញរឿងភូមា ទៅកាន់ក្រុមប្រឹក្សាសន្តិសុខ បើអាស៊ានអស់លទ្ធភាពអន្តរាគមន៍៕