34 C
Phnom Penh

តើ​អ្វី​ជា​ខ្លឹមសារ​ស៊ី​ជម្រៅ​នៅ​ពី​ក្រោយ​នៃ​កា​របើក​ពិធី​ប្រគល់​តំណក់ប្រេង​នៅ​វិមាន​ឈ្នះឈ្នះ?

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បញ្ញវន្ត​ខ្មែរ​នៅ​ក្រៅ​ស្រុក​អះអាង​ថា ការ​បើក​ពិធី​ទទួល​តំណក់ប្រេង​នៅ​វិមាន​ឈ្នះ​ឈ្នះ គឺជា​អត្ថន័យ​នយោបាយ​មួយ​សម្រាប់​កម្ពុជា-វៀតណាម ផង​ដែរ​ថា កម្ពុជា នៅតែ​អាច​សម្បទាន​ភោគទ្រព្យ​របស់​ខ្លួន​បន្ថែម​ទៀត​តាមរយៈ​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​ក្រុម​បក្ខ​សែស្រឡាយ​លោក ហ៊ុន សែន បើ​វៀតណាម នៅតែ​ជួយ​ជ្រោមជ្រែង​ឲ្យ​ពួកគេ​បន្ត​កាន់កាប់​អំណាច​បន្ថែម​ទៀត​នោះ។

ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក ម៉ែន ណាត បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​៩ ខែ​មិថុនា នេះ​ថា កា​របើក​ពិធី​ទទួល​តំណក់ប្រេង​របស់​កម្ពុជា នៅ​វិមាន​ឈ្នះ​ឈ្នះ គឺ​ធ្វើឡើង​ក្នុង​ន័យ​ឃោសនា​នយោបាយ​របស់​បក្ស​កាន់​អំណាច ជាជាង​ការ​ផ្សព្វផ្សាយ​ពី​ការ​បោះ​ជំហាន​ថ្មី​នៃ​វិស័យ​ឧស្សាហកម្ម​ប្រេងកាត​សម្រាប់​អនាគត​របស់​ខ្លួន។

លោក​អះអាង​ថា ការ​លើកឡើង​របស់​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក ទៀ បាញ់ ក្នុង​ពិធី​ទទួល​តំណក់​ប្រេង​នៅ​ថ្ងៃនេះ គឺ​មិន​បាន​បង្ហាញ​ពី​យុទ្ធសាស្ត្រ​នៃ​ការ​ស្ដារ​សេដ្ឋកិច្ច​ជាតិ​ឲ្យ​ងើបឡើង​វិញ​លើ​ វិស័យ​ឧស្សាហកម្ម​ប្រេងកាត​មួយ​នេះ ថា​តើ​កម្ពុជា នឹង​ប្តូរ​មុខមាត់​បែប​ណា​នោះ​ទេ ក្រោយ​សេដ្ឋកិច្ច​របស់​ខ្លួន​រង​ការ​ខូចខាត​ដោយ​ជំងឺ​រាតត្បាត​សកល​កន្លង​មក។

លោក ម៉ែន ណាត បញ្ជាក់​ថា ជំនួស​ឲ្យ​ការ​បង្ហាញ​ពី​សមិទ្ធផល​ជាតិ លោក ទៀ បាញ់ បាន​ឆ្លៀត​ឱកាស​អួត​ពី​គុណសម្បត្តិ​របស់​គណបក្ស​កាន់​អំណាច ជាពិសេស​គឺ​លោក ហ៊ុន សែន ដែល​ជា​វិធី​បំភ័ន្ត​ភ្នែក​មហាជន​ថា តំណក់ប្រេង​នេះ គឺ​កើតឡើង​ដោយសារ​តែ​មេដឹកនាំ​កម្ពុជា​បច្ចុប្បន្ន​នេះ​ប៉ុណ្ណោះ ខណៈ​ក្តី​សង្ឃឹម​ថា​ផលប្រយោជន៍​ដែល​បាន​ពី​ប្រេង​នេះ​នឹង​ក្លាយ​ជា​ចំណូល​ជាតិ​ពិតប្រាកដ​នោះ គ្មាន​ពលរដ្ឋ​ខ្មែរ​ណា​ម្នាក់​ហ៊ាន​សង្ឃឹម​នៅឡើយ​ទេ។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​រដ្ឋាភិបាល​កម្ពុជា ប្រកាស​ពិធី​ប្រគល់​តំណក់ប្រេង​លើកដំបូង​ដែល​បាន​ប្រារព្ធ​នៅ​ឯ​វិមាន​ឈ្នះឈ្នះ នៅ​ថ្ងៃ​ពុធ សប្តាហ៍​នេះ។

នៅ​ថ្ងៃ​ទី​៩ ខែ​មិថុនា ឆ្នាំ​២០២១ នេះ រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល លោក ស៊ុយ សែម បាន​ប្រកាស​ពិធី​ប្រគល់​តំណក់ប្រេង​លើកដំបូង​នៅ​វិមាន​ឈ្នះឈ្នះ​ដែល​កម្ពុជា​ទទួល​បាន​កាលពី​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​២០២០ កន្លង​ទៅ​ថា ជា​សមិទ្ធផល​ប្រវត្តិសាស្ត្រ​មួយ​សម្រាប់​កម្ពុជា ក្រោម​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន។

ចំណែក​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក ទៀ បាញ់ អះអាង​ថា ក្រោម​នយោបាយ​ឈ្នះឈ្នះ​របស់​នាយករដ្ឋមន្ត្រី​កម្ពុជា តំណក់ប្រេង​នេះ​បាន​បង្កើត​នូវ​សមត្ថភាព​ជាតិ និង​ខឿន​ឧស្សាហកម្ម​ប្រេងកាត​ដែល​នាំ​មក​នូវ​ចំណូល​ជាតិ​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​នា​ពេល​អនាគត ហើយ​ក៏​ជា​ភស្តុតាង​ឆ្លុះ​បញ្ចាំង​ពី​សមត្ថភាព​ដឹកនាំ​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ផង​ដែរ។

យ៉ាងណាក៏ដោយ ស្រប​ពេល​នៃ​កា​របើក​ពិធី​ប្រគល់​តំណក់ប្រេង​នេះ រដ្ឋលេខាធិការ​ក្រសួង​រ៉ែ និង​ថាមពល លោក ម៉េង សក្តិធារ៉ា បាន​សរសេរ​លើ​គណនី Facebook របស់​ខ្លួន នៅ​ថ្ងៃ​ទី​៩ ខែ​មិថុនា ឆ្នាំ​២០២១ នេះ​ថា ក្រុមហ៊ុន KrisEnergy ដែល​បាន​ប្រកាស​ក្ស័យធន​កាលពី​ពេល​កន្លង​ទៅ នឹង​ចេញ​មុខ​បកស្រាយ​ពី​នីតិវិធី​បន្ត​គម្រោង និង​កិច្ចព្រមព្រៀង​ប្រេងកាត​នៅ​ប្លុក A រវាង​ក្រុមហ៊ុន និង​រដ្ឋាភិបាល​កម្ពុជា នា​ពេល​ខាងមុខ។

បញ្ហា​នេះ បាន​ធ្វើ​ឲ្យ​ប្រតិបត្តិការ​ប្រេងកាត​នៅ​ប្លុក A របស់​កម្ពុជា ជួប​បញ្ហា​ប្រឈម និង​ត្រូវ​ផ្អាក​គម្រោង​ផែនការ​ធំៗ​មួយ​ចំនួន​ផង​ដែរ។

កាលពី​ខែ​មិថុនា ឆ្នាំ​២០១៩ រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល លោក ស៊ុយ សែម បាន​អះអាង​ក្នុង​វិមាន​រដ្ឋសភា លើ​សេចក្តី​ព្រាង​ច្បាប់​លើ​ការ​គ្រប់គ្រង​ប្រេង និង​ផលិតផល​ប្រេងកាត​នៅ​កម្ពុជា​ថា កម្ពុជា​មាន​ប្លុក​ប្រេងកាត​សរុប​ចំនួន ២៥​កន្លែង​ទូទាំង​ប្រទេស​ទាំង​ដែនសមុទ្រ និង​ដីគោក ដែល​អាច​ផលិត​ប្រេង​បាន​ចំនួន ៥​លាន​តោន​ក្នុង​មួយ​ឆ្នាំៗ។

លោក ស៊ុយ សែម បញ្ជាក់​ថា នៅ​ដែនសមុទ្រ​មាន ៦ គឺ​ប្លុក A.B.C.D.E និង​ប្លុក F រីឯ​ដែន​គោក​មាន​ចំនួន ១៩​ប្លុក និង ៤​តំបន់​ទៀត គឺ​នៅ​ត្រួត​គ្នា​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ។ ដោយឡែក​ប្លុក A មាន​ចម្ងាយ​ត្រឹមតែ ១៦០​គីឡូម៉ែត្រ​ប៉ុណ្ណោះ​ពី​ខេត្ត​ព្រះសីហនុ ហើយ​មាន​ចម្ងាយ ៣៣៥​គីឡូម៉ែត្រ​ពី​ប្រទេស​ថៃ និង​ប្រវែង ៣៥០​គីឡូម៉ែត្រ​ពី​ប្រទេស​ឡាវ។

កាលពី​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​២០២០ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា បាន​ប្រកាស​បើក​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​នៃ​តំណក់ប្រេង​លើកដំបូង​នៅ​កម្ពុជា ហើយ​លោក​បញ្ជាក់​ថា តំណក់ប្រេង​នេះ​មិនមែន​ជា​បណ្តាសា​ទេ តែ​គឺជា​ពរជ័យ​សម្រាប់​ប្រជាជន​កម្ពុជា​ទាំងមូល។

បែប​នេះ​ក្តី ក្រុម​អ្នក​ឃ្លាំមើល​សង្គម ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា អនុវត្ត​ការ​ប្រើប្រាស់​សាច់ប្រាក់​ដែល​ទទួល​បាន​ពី​ការ​បូម​ប្រេង​ទាំងនោះ​ឲ្យ​មាន​គណនេយ្យភាព ប្រសិទ្ធភាព និង​មាន​តម្លាភាព​ខ្ពស់ បើ​មិន​ដូច្នោះ​ទេ តំណក់ប្រេង​នេះ​គ្រាន់តែ​ជា​ពរជ័យ​សម្រាប់​បក្ខពួក និង​ក្រុម​គ្រួសារ​លោក ហ៊ុន សែន តែប៉ុណ្ណោះ ប៉ុន្តែ​វា​ជា​បណ្តាសា​យ៉ាង​ព្រៃផ្សៃ​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស​ទៅវិញ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស