28 C
Phnom Penh

សំណង់​មូលដ្ឋាន​ទ័ព​ជើងទឹក​រាម​ស្ថាបនា​យ៉ាង​លឿន ខណៈ​អាមេរិក​សង្ស័យ​ថា​អាច​ជា​មូលដ្ឋាន​កងទ័ព​ចិន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រូបភាព​ផ្កាយរណប​បាន​បង្ហាញ​អំពី​ការស្ថាបនា​សំណង់​កំពង់ផែ​ជើងទឹក​រាម​នៅ​ខេត្ត​ព្រះសីហនុ យ៉ាង​លឿន​បំផុត ដែល​នៅ​ទីនោះ​សហរដ្ឋ​អាមេរិក​បារម្ភ​អំពី​អនាគត​អាច​ជា​មូលដ្ឋាន​កងទ័ព​នៃ​ប្រទេស​ចិន។

អត្ថបទ​ស្រាវជ្រាវ​របស់​សារព័ត៌មាន Business insider បាន​សរសេរ​យ៉ាង​លម្អិត​ថា អគារ​ថ្មី​ចំនួន​ពីរ​បាន​លេច​ជា​រូបរាង​ឡើង​កាលពី​ពេល​ថ្មីៗ​នេះ​នៅ​លើ​មូលដ្ឋាន​ទ័ព​ជើងទឹក​រាម ក្នុង​ខេត្ត​ព្រះសីហនុ ហើយ​សំណង់​ថ្មី​នោះ​ធ្វើឡើង​ជំនួស​អគារ​គាំទ្រ​ដោយ​មូលនិធិ​សហរដ្ឋ​អាមេរិក នាំ​ឱ្យ​មាន​ការ​លើកឡើង​អំពី​វត្តមាន​កងទ័ព​ចិន​អាច​បោះ​ទីតាំង​នៅ​មូលដ្ឋាន​នោះ។

រូបភាព​ផ្កាយរណប​នេះ​បោះពុម្ព​ផ្សាយ​ដោយ​គេហទំព័រ​របស់​អង្គការ​គម្រោង​តម្លាភាព​សមុទ្រ​អាស៊ី ហៅ​កាត់​ថា ATMI និង​អង្គការ Maxar ដោយ​បង្ហាញ​ពី​ការ​សម្អាត​ទីតាំង​ចាប់ផ្ដើម​តាំងពី​ថ្ងៃ​ទី​១៧ មេសា ហើយ​សំណង់​ថ្មី​នោះ​ចាប់ផ្ដើម​ធ្វើ​នៅ​ដើម​ខែ​ឧសភា ហើយ​ឥឡូវ​នេះ​សំណង់​នោះ​បាន​ស្ថាបនា​ហើយ​កាលពី​ថ្ងៃ​ទី​២១ ខែ​ឧសភា។

សំណង់​អគារ​ទាំងពីរ​នេះ​មាន​បណ្ដោយ ១១៥​ហ្វីត និង​ទទឹង ២០ហ្វីត។ វា​ស្ថិតនៅ​ក្បែរ​នឹង​សំណង់​ការដ្ឋាន​ដែល​ស្ថាបនា​ដោយ​មូលនិធិ​សហរដ្ឋ​អាមេរិក ហើយ​ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​បញ្ជា​ឱ្យ​វាយកម្ទេច​អគារ​នេះ​កាលពី​ចុង​ឆ្នាំ​ទៅមិញ។

កន្លងមក អង្គការ​គម្រោង​តម្លាភាព​សមុទ្រ​អាស៊ី បាន​បោះពុម្ព​ផ្សាយ​ម្ដង​រួច​ហើយ​អំពី​ផ្នែក​មួយ​នៃ​មជ្ឈមណ្ឌល​សិក្សា​យុទ្ធសាស្ត្រ​អន្តរជាតិ​នេះ ដោយ​បាន​បង្ហាញ​ថា​អគារ​មួយ​ស្ថាបនា​ដោយ​មូលនិធិ​សហរដ្ឋ​អាមេរិក ជា​ទី​ដែល​បញ្ជាការ​បច្ចេកទេស​របស់​គណៈកម្មាធិការ​ជាតិ​សន្តិសុខ​សមុទ្រ​កម្ពុជា ហើយ​អគារ​នេះ​ត្រូវ​បាន​វាយកម្ទេច​ចោល​នៅ​ខែ​កញ្ញា ឆ្នាំ​២០២០។

អគារ​មួយ​កន្លែង​ទៀត​ដែល​ជា​មូលនិធិ​របស់​អាមេរិក​ផង​ដែរ គឺ​សម្រាប់​ការដ្ឋាន​ជួសជុល​នាវា​ល្បាត ត្រូវ​បាន​វាយកម្ទេច​នៅ​ខែ​តុលា ឆ្នាំ​២០២០ ដែរ។ ការ​វាយកម្ទេច និង​ការស្ថាបនា​សំណង់​អគារ​ថ្មី​បាន​ធ្វើឡើង​ដោយ​ផ្អែក​តាម​កិច្ចព្រមព្រៀង​សម្ងាត់​រវាង​កម្ពុជា និង​ចិន នៅ​ឆ្នាំ​២០១៩ ដែល​អនុញ្ញាត​ឱ្យ​ទីក្រុង​ប៉េកាំង ដំឡើង​សព្វាវុធ និង​នាវា​ចម្បាំង​ចូល​ចត​ក្នុង​មូលដ្ឋាន​ទ័ព​រាម​នោះ ហើយ​សេចក្ដី​រាយការណ៍​នេះ​ត្រូវ​បាន​ចុះ​ផ្សាយ​ដំបូង​ដោយ​សារព័ត៌មាន​អាមេរិក The Wall Street Journal។

នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ដែល​បាន​ឡើង​កាន់​អំណាច​តាំងពី​ឆ្នាំ​១៩៨៥ តែងតែ​បដិសេធ​ថា កម្ពុជា​មិន​មាន​កិច្ចព្រមព្រៀង​សម្ងាត់​ស្ថាបនា​មូលដ្ឋាន​ទ័ព​ជើងទឹក​រាម ជាមួយ​នឹង​ប្រទេស​ចិន។

កាលពី​ខែ​តុលា ឆ្នាំ​២០២០ បញ្ជាការ​រង និង​ជា​នាយសេនាធិការ​កងទ័ព​ជើងទឹក​កម្ពុជា ឧត្តមសេនីយ៍ វាន់ ប៊ុនលាន បាន​និយាយ​ថា សំណង់​ថ្មី​ទាំងនេះ​នៅ​លើ​មូលដ្ឋាន​ទ័ព​ជើងទឹក​រាម គឺ​សុទ្ធសឹងតែ​បាន​មកពី​មូលនិធិ​ជំនួយ​របស់​ចិន។

ផែនការ​នៃ​ការស្ថាបនា​មូលដ្ឋាន​ទ័ព​រាម​នេះ គឺ​ទីមួយ​បង្ក​លក្ខណៈ​ឱ្យ​នាវា​ធំៗ​ចូល​ចត ក្នុង​នោះ​មាន​ទាំង​នាវា​ល្បាត​ផង​ដែរ។ ឧត្តមសេនីយ៍ ប៊ុនលាន បាន​ប្រាប់​សារព័ត៌មាន​ជប៉ុន Nikkei Asia review ថា រដ្ឋាភិបាល​ចិន បាន​ជួយ​កម្ពុជា​ស្ថាបនា និង​ជួសជុល​ផែ​រាម​នេះ​ឡើងវិញ គឺ​សម្រាប់​តែ​នាវា​របស់​កម្ពុជា​តែប៉ុណ្ណោះ ដោយ​ទាត់​ចោល​របាយការណ៍​ដែល​ថា​មូលដ្ឋាន​ទ័ព​រាម​នេះ​អនាគត​នឹង​ក្លាយ​ជា​មូលដ្ឋាន​កងទ័ព​របស់​ចិន។

យ៉ាងណា រដ្ឋមន្ត្រី​ការពារ​ជាតិ​កម្ពុជា ក៏​បាន​បញ្ជាក់​ដែរ​ថា មូលដ្ឋាន​នោះ​គឺ​ដើម្បី​សម្រាប់​ជួសជុល​នាវា​ល្បាត ហើយ​ត្រូវ​បាន​ស្ថាបនា​ចប់​សព្វគ្រប់​ម្ដង​រួច​ទៅ​ហើយ​នៅ​ឆ្នាំ​២០១៧ ប៉ុន្តែ​ត្រូវ​រើ​ទៅកាន់​ទីតាំង​មួយ​ទៀត​ដោយសារ​តែ​ទីនោះ​ពុំ​មាន​បរិវេណ​ធំ​នោះ​ទេ ហើយ​អគារ​នៅ​ទីនោះ​ទៀត​ក៏​ស្ថាបនា​រួចរាល់​ហើយ​ផង​ដែរ។

លោក​រដ្ឋមន្ត្រី ទៀ បាញ់ បាន​បញ្ជាក់​ថា សំណង់​ចាស់​នោះ​គឺ​មិន​អាច​រក្សា​ទុក​បាន​យូរ​ទៀត​នោះ​ទេ។

ប៉ុន្តែ​អង្គការ ATMI បាន​បញ្ជាក់​នៅ​ក្នុង​របាយការណ៍​របស់​ខ្លួន​ថា ការ​វាយកម្ទេច​សំណង់​អគារ​មូលនិធិ​សហរដ្ឋ​អាមេរិក គឺ​មន្ត្រី​កម្ពុជា​ពុំ​បាន​បង្ហាញ​នូវ​ភាព​ប្រាកដប្រជា និង​គោលដៅ​ច្បាស់លាស់​នោះ​ទេ ដែល​នាំ​ឱ្យ​មាន​ការ​សង្ស័យ​នៅតែ​បន្ត​ថា​សំណង់​ថ្មី​នោះ គឺ​ធ្វើឡើង​ដើម្បី​ផលប្រយោជន៍​របស់​ចិន​ច្រើន​ជាង​ផលប្រយោជន៍​របស់​កម្ពុជា។

ប៉ុន្តែ​អគារ​ថ្មី​នៅ​លើ​មូលដ្ឋាន​ទ័ព​ជើងទឹក​រាម បាន​ស្ថាបនា​រួចរាល់​ហើយ គឺ​មុន​មកដល់​ប៉ុន្មាន​ថ្ងៃ​របស់​អនុរដ្ឋមន្ត្រី​ការបរទេស​អាមេរិក អ្នកស្រី វ៉េនឌី ស៊ែមែន មក​កាន់​កម្ពុជា។

ក្រសួង​ការបរទេស​អាមេរិក បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​ខ្លួន​អំពី​ទស្សនកិច្ច​របស់​អ្នកស្រី ស៊ែមែន ដោយ​បញ្ជាក់​ថា អនុរដ្ឋមន្ត្រី​ការបរទេស​រូប​នេះ​បង្ហាញ​កង្វល់​ជា​ខ្លាំង​អំពី​អនាគត​វត្តមាន​របស់​កងទ័ព​ចិន ដែល​អាច​មាន​នៅ​លើ​មូលដ្ឋាន​ទ័ព​ជើងទឹក​រាម​កម្ពុជា តាមរយៈ​សំណង់​ដែល​ទើប​ស្ថាបនា​ឡើង​ក្រោម​មូលនិធិ​របស់​ចិន។

តាម​សេចក្ដី​ថ្លែងការណ៍​របស់​ក្រសួង​ការបរទេស​អាមេរិក គឺ​អ្នកស្រី ស៊ែមែន មក​កាន់​កម្ពុជា​ដើម្បី​ស្វែងយល់​ឱ្យ​ច្បាស់​អំពី​មូលហេតុ​នៃ​ការ​វាយកម្ទេច​អគារ​មូលនិធិ​របស់​សហរដ្ឋ​អាមេរិក​ចំនួន​ពីរ​កន្លែង​នៅ​លើ​មូលដ្ឋាន​ទ័ព​ជើងទឹក​រាម ព្រោះ​តែ​ពុំ​មាន​ការ​ជូនដំណឹង​ជា​មុន ឬ​ពន្យល់​ឱ្យ​បាន​ច្បាស់លាស់ ដែល​ក្រោយ​មក​ត្រូវ​បាន​អង្កេត​ឃើញ​ថា​វា​នឹង​ក្លាយ​ជា​មូលដ្ឋាន​ទ័ព​ចិន​នៅ​ក្នុង​ទឹកដី​កម្ពុជា ហើយ​បើ​ដូចនេះ គឺជា​ការ​បំផ្លាញ​អធិបតេយ្យភាព​កម្ពុជា គំរាមកំហែង​សន្តិសុខ​តំបន់ និង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ទំនាក់ទំនង​សហរដ្ឋ​អាមេរិក និង​កម្ពុជា។

សហរដ្ឋ​អាមេរិក ធ្លាប់​បាន​ចោទ​សួរ​រឿង​នេះ គឺ​អំពី​វត្តមាន​កងទ័ព​ចិន​នៅ​ផែ​រាម​នេះ​រួចមក​ហើយ។ កាលពី​ឆ្នាំ​២០១៨ នាយករដ្ឋមន្ត្រី​កម្ពុជា បាន​បញ្ជាក់​ដោយ​ឆ្លើយតប​នឹង​លិខិត​របស់​អតីត​នាយករដ្ឋមន្ត្រី ម៉ៃ ផេនស៍ ដែល​លើកឡើង​អំពី​ចិន​អាច​មាន​មូលដ្ឋាន​កងទ័ព​របស់​ខ្លួន​នៅ​ទឹកដី​កម្ពុជា។

ប៉ុន្តែ​លោក ហ៊ុន សែន បាន​ច្រានចោល​ការសង្ស័យ​ទាំងនេះ ដោយ​លោក​អះអាង​ថា​រដ្ឋធម្មនុញ្ញ​កម្ពុជា​ហាមឃាត់​ដាច់ខាត​មិន​ឱ្យ​មាន​វត្តមាន​កងទ័ព​បរទេស​នៅ​លើ​ទឹកដី​កម្ពុជា​នោះ​ទេ។

ក្រសួង​ការពារ​ជាតិ​អាមេរិក បាន​លើកឡើង​ម្ដងទៀត​នូវ​បញ្ហា​នេះ​កាលពី​ខែ​មិថុនា ឆ្នាំ​២០១៩ គឺ​បន្ទាប់ពី​កម្ពុជា​បាន​បដិសេធ​មិនព្រម​ឱ្យ​សហរដ្ឋ​អាមេរិក​ជួសជុល​ឡើងវិញ​អគារ​មូលនិធិ​អាមេរិក​នៅ​មូលដ្ឋាន​រាម​នោះ។

អ្នក​នាំពាក្យ​មន្ទីរ​ប៉ុងតាហ្កោន លោក JOHN SUPPLE បាន​ប្រាប់ Business insider ថា ក្រសួង​ការពារ​ជាតិ​អាមេរិក​បាន​ដឹង​អស់​ហើយ​អំពី​ដំណើរការ​ស្ថាបនា​សំណង់​ទាំងឡាយ​នៅ​កំពង់ផែ​រាម ហើយ​ក៏​បាន​រំឭក​ទៅ​អ្នកស្រី ស៊ែមែន ឱ្យ​សាកសួរ​រឿង​នេះ​ទៅកាន់​មន្ត្រី​កម្ពុជា​បន្ត​ទៀត។ អ្នក​នាំ​ពាក្យ​រូប​នេះ​បញ្ជាក់​ទៀត​ថា អាមេរិក​ពិតជា​មាន​កង្វល់​អំពី​វត្តមាន​កងទ័ព​ប្រជាជន​ចិន និង​ការ​ស្ថាបនា​អគារ​នៅ​មូលដ្ឋាន​កងទ័ព​រាម​នេះ។ ក៏ប៉ុន្ដែ​សហរដ្ឋ​អាមេរិក​លើក​ទឹកចិត្ត​ឱ្យ​មេដឹកនាំ​កម្ពុជា​បន្ត​រក្សា​ឱ្យ​បាន​នូវ​តួនាទី​របស់​ខ្លួន គឺ​ប្រកាន់​យក​គោលការណ៍​ឯករាជ្យ និង​ធ្វើ​ឱ្យ​មាន​តុល្យភាព​គោលនយោបាយ​ការបរទេស​ក្នុង​ផលប្រយោជន៍​នៃ​ប្រជាជន​កម្ពុជា។

កម្ពុជា គឺ​ជា​សម្ព័ន្ធ​មិត្ត​ដ៏​ស្និទ្ធ​បំផុត​នៃ​ប្រទេស​ចិន ហើយ​ជា​ប្រទេស​ដែល​ចិន ផ្ដល់​ប្រាក់ជំនួយ និង​កម្ចី​ពាន់​លាន​ដុល្លារ។ ប៉ុន្តែ​ចិន​តែងតែ​គាំទ្រ​មេដឹកនាំ​កម្ពុជា គឺ​លោក ហ៊ុន សែន ដែល​ប្រឈម​មុខ​ជាមួយ​នឹង​ពួក​បស្ចិម​ប្រទេស​អំពី​វិធានការ​ប្រើ​អំណាច​គាបសង្កត់​របស់​មេដឹកនាំ​កម្ពុជា​រូប​នេះ។

នៅ​ក្នុង​ការដ្ឋាន​សំណង់​រាម​នេះ គឺ​មាន​ក្រុមហ៊ុន​អចលនទ្រព្យ​ដ៏​ធំ​របស់​ចិន​មាន​នៅ​លើ​ទីនោះ។ នៅ​ក្នុង​មូលដ្ឋាន​តំបន់​រាម​នោះ គឺ​មាន​ព្រលាន​យន្តហោះ​ដែល​ក្រុមហ៊ុន​សំណង់​របស់​ចិន កំពុង​ស្ថាបនា គឺ​ដើម្បី​ប្រែក្លាយ​ជា​តំបន់​ទេសចរណ៍​ឆ្នេរសមុទ្រ។

ក្រុមហ៊ុន​ចិន​ទាំងនោះ​បាន​កំពុង​សម្អាត​ដី​ព្រៃ​តំបន់​ទាំងនោះ ហើយ​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​សម្រាប់​កំពង់ផែ​នៅ​តំបន់​នោះ​ទៅ​ថ្ងៃ​អនាគត។

ពួក​មន្ត្រី​អាមេរិក​និយាយ​ថា មាន​ប៉ុស្តិ៍​ត្រួតពិនិត្យ​មួយ​កន្លែង​នៅ​តំបន់​នោះ​ដែល​នឹង​ត្រូវ​ប្រគល់​ឱ្យ​ចិន​ហើយ​មើល​ទៅ គឺជា​ប៉ុស្តិ៍​ត្រួតពិនិត្យ​ដ៏​ធំ​របស់​ចិន​នៅ​អាស៊ី​អាគ្នេយ៍។ វត្តមាន​កងទ័ព​ចិន​នៅ​មូលដ្ឋាន​ទ័ព​រាម ក៏​នឹង​ផ្ដល់​ផង​ដែរ​ដល់​ទីក្រុង​ប៉េកាំង នូវ​ផ្លូវ​នាវា​ដ៏​សំខាន់​តភ្ជាប់​សមុទ្រ​ប៉ាស៊ីហ្វិក ទៅ​សមុទ្រ​ឥណ្ឌា។

យ៉ាងណាក៏ដោយ ប្រទេស​ជាច្រើន​ទៀត​រួម​មាន​សហរដ្ឋ​អាមេរិក ក៏​មាន​លទ្ធភាព​ធ្វើ​ដូចនេះ​ដែរ ប៉ុន្តែ​សម្រាប់​មហា​យក្ស​ចិន បាន​ឈាន​ដល់​គោលដៅ​នេះ​មុន​គេ​ទៅ​ហើយ ដែល​នាំ​ឱ្យ​មាន​កង្វល់​ដល់​ប្រទេស​ជិតខាង ជាពិសេស​ប្រទេស​ឥណ្ឌា ដែល​កំពុង​បារម្ភ​ខ្លាំង​អំពី​ឥទ្ធិពល​របស់​ចិន​នៅ​តំបន់​អាស៊ី និង​សមុទ្រ​ឥណ្ឌា៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស