38 C
Phnom Penh

បក្ស​ក្រៅ​រដ្ឋាភិបាល​ថា​ក្នុង​នាម​ជា​ប្រមុខ​ដឹកនាំ បែរជា​និយាយ​ថា​មិន​ដឹង​ពី​ដំណើរ​ការបោះឆ្នោត​នៃ​ប្រទេស​ខ្លួន​ហាក់ដូចជា​មិន​ទំនង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ បាន​រិះគន់​ថា ដំណើរការ​រៀបចំ​ការ​បោះឆ្នោត​សាកល្បង មិនមែន​នឹកឃើញ​អាច​ធ្វើ​បាន​នោះ​ទេ ប៉ុន្តែ​ត្រូវ​មាន​ផែនការ និង​នីតិវិធី ត្រូវការ​ពេលវេលា​ជាច្រើន​ខែ។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​លោក ហ៊ុន សែន បាន​ដាក់​លិខិត​បន្ទាន់​មួយ​ទៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ដើម្បី​សុំ​ឲ្យ​លុបចោល​ការបោះឆ្នោត​សាកល្បង​នៅ​ថ្ងៃ​ទី​២០ ខែ​មិថុនា ខាងមុខ​នេះ ក្រោម​ហេតុផល​កម្ពុជា​កំពុង​ប្រឈម​នឹង​ការ​ឆ្លង​វីរុស Covid-19។

អគ្គហេរញ្ញិក​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ លោក សៀវ វិសុទ្ធ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​១០ ខែ​មិថុនា នេះ​ថា ការ​ចេញ​លិខិត​របស់​លោក ហ៊ុន សែន ដែល​ស្នើ​ឲ្យ​ផ្អាក​ការបោះឆ្នោត​សាកល្បង​នៅ​ថ្ងៃ​ទី​២០ ខែ​មិថុនា ខាងមុខ​នេះ គឺ​បង្ហាញ​ថា ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​លើ​កិច្ចការ​ជាតិ​ពុំ​មាន​ភាព​ច្បាស់លាស់​នៅឡើយ។

លោក​អះអាង​ថា គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ បាន​ត្រៀម​ខ្លួន​រួចរាល់​ហើយ​តាម​ការណែនាំ​របស់ គ.ជ.ប ដើម្បី​ចូលរួម​បោះឆ្នោត​សាកល្បង​ទូទាំង ២៥​រាជធានី-ខេត្ត និង​ដើម្បី​សិក្សា​ស្វែងយល់​ពី​ដំណើរការ​នៃ​ការប្រើប្រាស់​ប្រព័ន្ធ​ព័ត៌មានវិទ្យា​ដែល គ.ជ.ប នឹង​ដាក់​ប្រើ​សាកល្បង មុន​នឹង​កា​រដាក់​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ពេល​បោះឆ្នោត​សកល​ក្នុង​ឆ្នាំ​២០២២ ខាងមុខ​នេះ​ផង​ដែរ។

លោក សៀវ វិសុទ្ធ បញ្ជាក់​ថា មេដឹកនាំ​បក្ស​កាន់​អំណាច​គួរតែ​ធ្វើ​ជា​អ្នក​នយោបាយ​ចាស់ទុំ និង​ជា​គំរូ​ល្អ​សម្រាប់​មេដឹកនាំ​គណបក្ស​ក្រៅ​រដ្ឋាភិបាល​ផ្សេងទៀត ក្នុង​ការ​ដឹកនាំ​ការងារ​ប្រទេស​ជាតិ​ដែល​មាន​គោលនយោបាយ និង​ផែនការ​ច្បាស់លាស់ ចៀសវាង​យក​ការងារ​ប្រទេស​ជាតិ​ទៅ​សម្រេច​តាម​ការ​ចង់​បាន​របស់​ខ្លួន។

កាលពី​ថ្ងៃ​ទី​៩ ខែ​មិថុនា ឆ្នាំ​២០២១ លោក ហ៊ុន សែន បាន​ដាក់​លិខិត​មួយ​ទៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ដើម្បី​សុំ​ឲ្យ​លុបចោល​ការបោះឆ្នោត​សាកល្បង​ដែល​គ្រោង​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២០ ខែ​មិថុនា ឆ្នាំ​២០២១ ខាងមុខ​នេះ ដោយ​លោក​អះអាង​ថា កម្ពុជា​កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ Covid-19។

មុន​ដាក់​លិខិត​ទៅកាន់ គ.ជ.ប លោក ហ៊ុន សែន បាន​បញ្ចេញ​ខ្សែអាត់​សំឡេង​ប្រវែង​ជិត ៨​នាទី​ជា​សាធារណៈ​ផង​ដែរ​ថា លោក​មិន​បាន​ដឹង​សោះ​ថា​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត បាន​រៀបចំ​ឲ្យ​មាន​ការ​ដំណើរការ​នៃ​ការបោះឆ្នោត​សាកល្បង​នេះ ហើយ​លោក​ទើប​តែ​ដឹង​អំពី​ដំណើរការ​នេះ​កាលពី​ទី​៩ ខែ​មិថុនា នេះ​ប៉ុណ្ណោះ។

ជុំវិញ​បញ្ហា​នេះ កាលពី​ថ្ងៃ​ទី​២៨ ខែ​ឧសភា ឆ្នាំ​២០២១ គ.ជ.ប បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​ថា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត នឹង​ប្រើប្រាស់​ប្រព័ន្ធ​ព័ត៌មានវិទ្យា​ក្នុង​ការបោះឆ្នោត​សាកល្បង​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ក្នុង​ឆ្នាំ​២០២១ នេះ។

ទាក់ទិន​នឹង​បញ្ហា​នេះ ក្រុម​អ្នក​សង្កេតការណ៍​រិះគន់​ថា ការ​ចេញ​លិខិត​ផ្អាក​ដំណើរការ​ការបោះឆ្នោត​សាកល្បង​របស់​លោក ហ៊ុន សែន ធ្វើ​ឡើង​ហាក់ដូចជា​ទើប​តែ​នឹង​ងើប​ពី​ដេក ខណៈ​ពលរដ្ឋ គណបក្ស​នយោបាយ សង្គម​ស៊ីវិល ស្ថាប័ន​អន្តរជាតិ និង​មន្ត្រី​រដ្ឋាភិបាល​របស់​ខ្លួន ក៏​បាន​ត្រៀម​ខ្លួន​រួច​ហើយ​ដែរ​ដើម្បី​ចូលរួម​ក្នុង​កិច្ចការ​នេះ ប៉ុន្តែ​មនុស្ស​ដែល​មិន​បាន​ដឹង​ពី​ការបោះឆ្នោត​សាកល្បង​នេះ បែរ​ជា​លោក ហ៊ុន សែន ទៅ​វិញ។

ទាក់ទិន​នឹង​បញ្ហា​នេះ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត គ.ជ.ប បាន​ចេញ​សេចក្តី​ជូនដំណឹង​លុបចោល​ការបោះឆ្នោត​សាកល្បង​នេះ​ហើយ បន្ទាប់ពី​ទទួល​បាន​លិខិត​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ស្នើ​ឲ្យ​ផ្អាក​លើ​ដំណើរការ​នេះ​ទាំងស្រុង។

ប្រធាន​គណៈកម្មាធិការ​នាយក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​នេះ​ថា រដ្ឋាភិបាល​គួរតែ​បន្ត​ការបោះឆ្នោត​សាកល្បង​នៅ ៣​ខែ​បន្ទាប់​ទៀត។ លោក​បញ្ជាក់​ថា ការសាកល្បង​ប្រើ​ប្រព័ន្ធ​បច្ចេកវិទ្យា​ជា​រឿង​ល្អ ហើយ​ដំណើរការ​នេះ​មិន​បាច់​ធ្វើ​ច្រើន​ខេត្ត​នោះ​ទេ ក្នុង​នោះ​អនុវត្ត​តែ ១០​ឃុំ-សង្កាត់ និង ១០០​ការិយាល័យ​ក៏​បាន​ដែរ ចំណែក​អ្នក​ចូលរួម​ប្រហែល ១​ម៉ឺន​នាក់ ឬ ១០០​នាក់​ក្នុង​មួយ​ការិយាល័យ​ដោយ​អនុវត្ត​គោលការណ៍​សុខាភិបាល​ផង​ដែរ។

ទាក់ទិន​នឹង​ការ​រីករាលដាល​នៃ​ជំងឺ Covid-19 នេះ ក្រសួង​សុខាភិបាល នៅ​ថ្ងៃ​ទី​៩ ខែ​មិថុនា ឆ្នាំ​២០២១ បាន​អះអាង​ថា អ្នក​ដែល​បាន​ស្លាប់​ថ្មី​ដោយសារ​ជំងឺ Covid-19 មាន​ចំនួន ១១​នាក់ ខណៈ​វិជ្ជមាន​វីរុស Covid-19 ថ្មី​ចំនួន ៤២៦​នាក់ និង​អ្នក​ជាសះស្បើយ​ថ្មី​មាន​ចំនួន ៧៦០​នាក់​ផង​ដែរ។ ក្រសួង​បញ្ជាក់​ថា អ្នក​ឆ្លង​វីរុស Covid-19 សរុប​បាន​កើន​ឡើង​ដល់​ជាង ៣​ម៉ឺន ៦​ពាន់​នាក់​ហើយ រីឯ​អ្នក​ជាសះស្បើយ​សរុប​មាន​ចំនួន​ជាង ២​ម៉ឺន ៩​ពាន់​នាក់ ចំណែក​អ្នក​ស្លាប់​បាន​កើន​ឡើង​ដល់ ៣០០​នាក់​ហើយ​គិត​ត្រឹម​ថ្ងៃ​ព្រហស្បតិ៍ សប្តាហ៍​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស