33 C
Phnom Penh

អាជ្ញាធរ​រាជធានី​ភ្នំពេញ​យក​គ្រឿងចក្រ​ឈូស​កម្ទេច​ភោជនីយដ្ឋាន​មួយ​កន្លែង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​បញ្ជា​ឱ្យ​សមត្ថកិច្ច​ចម្រុះ​រាប់​សិប​នាក់ និង​ប្រជា​ការពារ​រាប់​រយ​នាក់ ប្រើ​គ្រឿងចក្រ​ជាច្រើន​គ្រឿង​ឈូស​កម្ទេច​ភោជនីយដ្ឋាន​មួយ​កន្លែង ស្ថិត​ក្នុង​តំបន់​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) ក្នុង​ខណ្ឌ​ជ្រោយចង្វារ ជាប់​ច្រាំងទន្លេ​ខាងកើត​ក្បែរ​ស្ពាន​មិត្តភាព​កម្ពុជា-ជប៉ុន។

ពលរដ្ឋ​ម្នាក់​ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់ The Cambodia Daily នៅ​ថ្ងៃ​ទី​១០ ខែ​មិថុនា ថា សមត្ថកិច្ច​បាន​ចុះ​បិទ​ផ្លូវ និង​វាយកម្ទេច​ភោជនីយដ្ឋាន​ឈ្មោះ​ដី​មាស ទំហំ​ជិត ២​ហិកតារ ស្ថិត​ក្នុង​សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ បំណង​យក​ដី​ប្រគល់​ជូន​ក្រុមហ៊ុន OCIC របស់​ឧកញ៉ា ពុង ឃាវសែ ដែល​ស្និទ្ធ​នឹង​លោក ហ៊ុន សែន។ លោក​ថា ដី​ភោជនីយដ្ឋាន​នោះ​មាន​តម្លៃ​រាប់​លាន​ដុល្លារ។

ម្ចាស់​ភោជនីយដ្ឋាន លោក ឌឿន ឌន បាន​ប្រាប់​កាសែត​ក្នុង​ស្រុក​ថា អាជ្ញាធរ​ស្ទូច​យក​រថយន្ត​របស់​លោក​មួយ​គ្រឿង​ទៅ​ដាក់​នៅ​សាលា​ខណ្ឌ និង​ចាប់​យក​ត្រី​ជាង ៥​តោន​ពី​ក្នុង​ស្រះ​ទំហំ​ជិត​កន្លះ​ហិកតារ និង​វាយ​បំផ្លាញ​ភោជនីយដ្ឋាន​ទាំងមូល​ដើម្បី​យក​ដី។

លោក​ថា អាជ្ញាធរ​មិន​បាន​ផ្តល់​ដំណឹង​ជា​មុន​នោះ​ទេ ធ្វើ​ឱ្យ​លោក​ពុំ​អាច​ត្រៀម​ខ្លួន​ជម្លៀស​ទ្រព្យសម្បត្តិ​ចេញ​ទាន់ពេល និង​មាន​សម្ភារៈ​ជាច្រើន​ទៀត​ត្រូវ​អាជ្ញាធរ​វាយកម្ទេច​ចោល។ លោក​គិត​ថា ទង្វើ​នេះ​ជា​រឿង​អយុត្តិធម៌ និង​បំពាន​ច្បាប់ ធ្វើ​បាប​ពលរដ្ឋ។

សាលា​រាជធានី​ភ្នំពេញ ប្រកាស​ជំហរ​ផ្ដល់​ដី ១០% នៃ​ផ្ទៃដី​សរុប​ឲ្យ​ពលរដ្ឋ​អភិវឌ្ឍ​នៅ​នឹង​កន្លែង រីឯ​ដី ៩០% ទៀត ប្រគល់​ឲ្យ​ភាគី​ក្រុមហ៊ុន​អភិវឌ្ឍន៍​ជា​តំបន់​រណប។ មកទល់​ពេលនេះ ជម្លោះ​ដីធ្លី​រវាង​ពលរដ្ឋ​ជាមួយ​ក្រុមហ៊ុន​នេះ​បាន​អូស​បន្លាយ​ពេល​ជាង ១០​ឆ្នាំ​មក​ហើយ។

កាលពី​ឆ្នាំ​២០១២ សាលា​រាជធានី​ភ្នំពេញ បាន​ផ្តល់​សិទ្ធិ​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន OCIC របស់​លោក​ឧកញ៉ា ពុង ឃាវសែ សាងសង់​ក្រុង​រណប​ក្នុង​ខណ្ឌ​ជ្រោយចង្វារ ផ្ទៃដី​ជិត ៤០០​ហិកតារ (៣៨៧)៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស