41.3 C
Phnom Penh

បទវិភាគ៖ តើ​អ្វី​ជា​បុព្វហេតុ​ដែល​នាំ​ឱ្យ​លោក កឹម សុខា ប្រកាន់​យក​នយោបាយ​អហិង្សា?

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្នុង​ពេល​បច្ចុប្បន្ន​នេះ លោក កឹម សុខា គឺ​មេដឹកនាំ​នយោបាយ​មួយ​រូប​ដែល​កំពុង​រង​សម្ពាធ​ពី​គណបក្ស​កាន់​អំណាច​ក្នុង​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព និង​រង​សម្ពាធ​ពី​អតីត​សហការី​ក្នុង​ការ​ជំរុញ​ឲ្យ​លោក​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ពី​លោក ហ៊ុន សែន ដូច​ពួកគេ ដើម្បី​ចូលរួម​ប្រកួត​បោះឆ្នោត​នា​ពេល​ខាងមុខ។

ដោយសារ​ជាប់​ក្នុង​បំរាម​តុលាការ លោក កឹម សុខា បាន​បន្ត​ភាព​ស្ងៀមស្ងាត់​ដោយ​មិន​ឆ្លងឆ្លើយ​អ្វី​ឡើយ ប៉ុន្តែ​បាន​បង្ហាញ​ការ​បន្ត​ធ្វើ​សកម្មភាព​ការទូត និង​មនុស្សធម៌​តែប៉ុណ្ណោះ។

តើ​អ្វី​ជា​បុព្វហេតុ​ដែល​នាំ​ឲ្យ​លោក កឹម សុខា ប្រកាន់​យក​នយោបាយ​អហិង្សា?

លោក កឹម សុខា ដែល​ជា​សកម្មជន​សិទ្ធិមនុស្ស និង​ជា​អ្នក​នយោបាយ​ខ្មែរ​ដ៏​ល្បីល្បាញ​មួយ​រូប បាន​ក្លាយ​ជា​និមិត្តរូប​នៃ​ចលនា​នយោបាយ​អហិង្សា​នៅ​កម្ពុជា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ។

និមិត្តរូប​នេះ​ប្រហែល​ជា​បាន​កើតឡើង​ដោយសារតែ​សកម្មភាព និង​គោលការណ៍​របស់​គាត់​ស្រដៀង​គ្នា​នឹង​អ្វី​ដែល​ឥស្សរជន​អហិង្សា​ល្បីៗ​ក្នុង​ពិភពលោក​បាន​ធ្វើ​កន្លងមក។

ឥស្សរជន​ទាំងនោះ​រួម​មាន លោក មហាត្មៈគន្ធី នៅ​ប្រទេស​ឥណ្ឌា លោក​បណ្ឌិត ម៉ាទីន លូស៊ើឃីង នៅ​សហរដ្ឋ​អាមេរិក លោក ណេលសុន ម៉ាន់ដឺឡា នៅ​ប្រទេស​អាហ្វ្រិក​ខាងត្បូង និង​អ្នកស្រី អ៊ុងសាន ស៊ូជី នៅ​ភូមា។ បើ​ទោះបី​សកម្មភាព​របស់​ពួកគេ​ទាំងនោះ​បាន​កើតឡើង​ក្នុង​ប្រទេស និង​ពេលវេលា​ខុស​គ្នា​ក្តី ប៉ុន្តែ​ពួកគេ​មាន​ចំណុច​រួម​ខ្លះ​ដែល​គួរ​ឱ្យ​កត់សម្គាល់។

ក្នុង​ចំណោម​ចំណុច​រួម​ទាំងនោះ គេ​សង្កេត​ឃើញ​មាន​ចំណុច​ធំៗ​ពីរ គឺ​ការ​ប្រកាន់​គោលការណ៍​មិន​តបត ប៉ុន្តែ​សកម្ម​បម្រើ និង​ស្វិតស្វាញ​នៅ​ជាមួយ​ពលរដ្ឋ​តាម​លទ្ធភាព​ដែល​ពួកគេ​អាច​ធ្វើ​បាន និង​ការ​ប្រកាន់​គោលនយោបាយ​បង្រួបបង្រួម​ជាតិ ដោយ​មិន​គុំកួន​សងសឹក​ចំពោះ​គូបដិបក្ខ។ ឧទាហរណ៍​ក្រោយពេល​ជាប់ឆ្នោត និង​បាន​ឡើង​កាន់​អំណាច​ភ្លាមៗ លោក ណេលសុន ម៉ាន់ដឺឡា បាន​ទៅ​សួរ​សុខទុក្ខ និង​បាន​លើកលែង​ទោស​អតីត​មេដឹកនាំ​ដែល​ធ្លាប់​ធ្វើ​បាប​លើ​រូប​លោក។

ស្រដៀង​គ្នា​នេះ លោក កឹម សុខា តែងតែ​ប្រកាស​នូវ​នយោបាយ​អហិង្សា ដោយ​មិន​ឈ្លោះ មិន​ឆ្លើយ មិន​ឆ្លង តែ​ចុះ​ជាប់​ជាមួយ​ពលរដ្ឋ និង​មិន​យក​ខ្មែរ​ណា​ជា​សត្រូវ ដូចជា​សារ​នយោបាយ​ខ្មែរ​តែ​មួយ​របស់​លោក​ជាដើម។

បើ​តាម​សៀវភៅ​មួយ​ដែល​មាន​ចំណងជើង​ថា “កឹម សុខា និង​ប្រជាបូជនីយកិច្ច​ដើម្បី​សេរីភាព” ដែល​បោះពុម្ព​ក្នុង​ខែ​មីនា ឆ្នាំ​២០០៦ លោក កឹម សុខា បាន​បង្កើត​អង្គការ​សិទ្ធិមនុស្ស​ដំបូង​ក្នុង​ប្រទេស​កម្ពុជា ក្នុង​ឆ្នាំ​១៩៩១ ដែល​អង្គការ​នោះ​មាន​ឈ្មោះ​ថា «អង្គការ​រក្សា​ការពារ​សិទ្ធិមនុស្ស​នៅ​កម្ពុជា ឬ​ហៅ​កាត់​ថា Vigilance»

បន្ទាប់មក លោក កឹម សុខា បាន​ក្លាយ​ជា​អ្នក​នយោបាយ​ដ៏​លេចធ្លោ​មួយ​រូប​តាមរយៈ​តួនាទី​ជា​អ្នក​តំណាងរាស្ត្រ និង​ជា​ប្រធាន​គណៈកម្មការ​សិទ្ធិមនុស្ស និង​ទទួល​ពាក្យ​បណ្តឹង​នៃ​រដ្ឋសភា និង​ព្រឹទ្ធសភា​របស់​ប្រទេស​កម្ពុជា ចាប់ពី​ឆ្នាំ​១៩៩៣ រហូត​ដល់​ឆ្នាំ​២០០២ មុន​នឹង​លោក​បង្កើត​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​នា​ចុង​ឆ្នាំ​ដដែល​នោះ។

ក្រោយមក លោក កឹម សុខា បាន​បង្កើត​គណបក្ស​សិទ្ធិមនុស្ស ក្នុង​ឆ្នាំ​២០០៧ ហើយ​លោក​បាន​ដឹកនាំ​គណបក្ស​នេះ​រួបរួម​ជាមួយ​គណបក្ស សម រង្ស៊ី ដើម្បី​បង្កើត​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​ឆ្នាំ​២០១២។

បើ​គេ​មើល​អំពី​ដំណើរ​ជីវិត​របស់​លោក កឹម សុខា ដូច​ដែល​បាន​ដកស្រង់​ខាងលើ គេ​អាច​ឃើញ​ថា សកម្មភាព​របស់​គាត់​វិលចុះ​វិលឡើង​តែ​ជុំវិញ​បញ្ហា​សិទ្ធិមនុស្ស និង​នយោបាយ។

ចំណុច​នេះ​អាច​ឆ្លុះបញ្ចាំង​ថា ការ​ធ្វើ​នយោបាយ​របស់​គាត់​ដើម្បី​សិទ្ធិមនុស្ស និង​ការ​ធ្វើ​ការងារ​សិទ្ធិមនុស្ស​ដើម្បី​សិទ្ធិ ឬ​សេចក្តី​ថ្លៃថ្នូរ​របស់​ពលរដ្ឋ។ ប៉ុន្តែ​បើ​ទោះបី​សកម្មភាព​របស់​គាត់​ដើម្បី​សិទ្ធិ​សេរីភាព ឬ​សេចក្តី​ថ្លៃថ្នូរ​របស់​ពលរដ្ឋ​ខ្មែរ​ក៏ដោយ​ចុះ តើ​ដំណើរ​ជីវិត​របស់​គាត់​ក្នុង​បុព្វហេតុ​នេះ​មាន​ភាព​រលូន​ដែរ​ឬ​ទេ?

មិន​ខុស​ពី​លោក មហាត្មៈគន្ធី លោក ណេលសុន ម៉ាន់ដឺឡា លោកស្រី អ៊ុងសាន ស៊ូជី និង​អ្នក​តស៊ូ​អហិង្សា​ដទៃ​ទៀត ជីវិត​លោក កឹម សុខា បាន​ឆ្លងកាត់​ការ​គំរាមកំហែង ការ​ជាប់​ពន្ធនាគារ និង​ការ​ធ្វើ​ទុក្ខបុកម្នេញ​ផ្សេងៗ​ពី​សំណាក់​ក្រុម​អ្នក​កាន់​អំណាច។

តាមរយៈ​អត្ថបទ​ចុះផ្សាយ​របស់​សារព័ត៌មាន South East Asia Globe ក្នុង​ខែ​កក្កដា ឆ្នាំ​២០១៤ លោក​បណ្ឌិត Markus Kabaum អ្នក​ផ្តល់​ការ​ប្រឹក្សា​ឯករាជ្យ​ខាង​ផ្នែក​នយោបាយ​កម្ពុជា បាន​និយាយ​ថា លោក កឹម សុខា បាន​ដាក់​ខ្លួន​គាត់​ក្នុង​ភ្នក់ភ្លើង​ជាច្រើន​លើក​ច្រើនគ្រា​ដោយសារតែ​គាត់​ហ៊ាន​និយាយ​ប្រឆាំង​នឹង​ក្រុម​អ្នក​កាន់​អំណាច។

បើ​គេ​ពិនិត្យ​មើល​កំណត់ត្រា​ក្នុង​សៀវភៅ​ស្ដីពី “កឹម សុខា និង​ប្រជាបូជនីយកិច្ច​ដើម្បី​សេរីភាព” ឯកសារ​សិទ្ធិមនុស្ស​នៃ​អង្គការ​សិទ្ធិមនុស្ស​ជាតិ និង​អន្តរជាតិ និង​បណ្ដាញ​សារព័ត៌មាន​នានា ជីវិត​លោក កឹម សុខា ឆ្លងកាត់​ឧបសគ្គ និង​គ្រោះថ្នាក់​ជាបន្តបន្ទាប់​ដោយសារតែ​សកម្មភាព​សិទ្ធិមនុស្ស និង​នយោបាយ​របស់​គាត់។

ក្នុង​ទសវត្ស​ឆ្នាំ​១៩៨០ លោក កឹម សុខា ត្រូវ​បាន​រដ្ឋអំណាច​នៃ​រដ្ឋាភិបាល​កុម្មុយនិស្ត​នា​ពេល​នោះ​តាមដាន និង​ប៉ុនប៉ង​ចាប់​ខ្លួន​ដោយសារតែ​លោក​បាន​ប្រើប្រាស់​តួនាទី​ខ្លួន​ជា​មន្ត្រី​នៃ​សង្កាត់​ទឹកល្អក់ ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​លួច​ជួយ​ជា​សម្ងាត់​ដល់​ចលនា​តស៊ូ​ខ្មែរ​អ្នក​ជាតិ​និយម​ដែល​ប្រឆាំង​នឹង​កងទ័ព​វៀតណាម​ក្នុង​ប្រទេស​កម្ពុជា។

“អា​ចោរ​លួច​អង្ករ”

លោក ហ៊ុន សែន ក៏​ធ្លាប់​បាន​លើកឡើង​អំពី​រឿង​នេះ​ក្នុង​ទសវត្ស​ឆ្នាំ​២០០០ ដោយ​ហៅ​លោក កឹម សុខា ថា “អា​ចោរ​លួច​អង្ករ” គឺ​ក្នុង​ពេល​ដែល​លោក កឹម សុខា ដឹកនាំ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ធ្វើ​យុទ្ធនាការ​លើកស្ទួយ​សេរីភាព​បញ្ចេញមតិ​តាមរយៈ​ការរៀបចំ​វេទិកា​សាធារណៈ និង​ព្រឹត្តិការណ៍​នានា​ទូទាំង​ប្រទេស។

ក្នុង​ខែ​កញ្ញា ឆ្នាំ​១៩៩៨ លោក ហ៊ុន សែន និង​តុលាការ​របស់​លោក ហ៊ុន សែន បាន​ប្រកាស​ចាប់​ខ្លួន​លោក កឹម សុខា ពាក់ព័ន្ធ​នឹង​តួនាទី​របស់​គាត់​ចូលរួម​ដឹកនាំ​បាតុកម្ម​ប្រឆាំង​នឹង​ភាព​មិន​ប្រក្រតី​នៃ​លទ្ធផល​បោះឆ្នោត​នា​ពេល​នោះ។

ក្នុង​ខណៈ​នោះ លោក កឹម សុខា ត្រូវ​បាន​មន្ត្រី​អង្គការ​សហប្រជាជាតិ​នាំ​យក​ទៅ​លាក់​ខ្លួន​ក្នុង​ស្ថានទូត​បរទេស​មួយ​ក្នុង​រាជធានី​ភ្នំពេញ។ ក្នុង​ពេល​ចុះ​ទៅ​រៀបចំ​វេទិកា​សម្ដែង​មតិ​នៅ​ខេត្ត​ព្រះវិហារ នា​ឆ្នាំ​២០០៤ លោក កឹម សុខា បាន​ទទួល​រង​ការ​គំរាមកំហែង​ពី​កង​យោធា​រាប់​ឡាន​ដែល​មក​អុកឡុក​សណ្ឋាគារ​ដែល​គាត់​កំពុង​ស្នាក់នៅ​នោះ​ស្ទើរ​ពេញ​មួយ​យប់។

បន្ទាប់មក លោក​ត្រូវ​រដ្ឋាភិបាល​លោក ហ៊ុន សែន ចាប់​ខ្លួន​នៅ​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០០៥ ដោយ​ចោទ​ប្រកាន់​ពី​បទ​បរិហារ​កេរ្តិ៍ ទាក់ទិន​នឹង​ការ​សម្ដែង​មតិ​របស់​ពលរដ្ឋ​លើ​បដា​ពណ៌​លឿង​របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា។

ក្នុង​ឆ្នាំ​២០១៣ នៅ​ពេល​ដែល​លោក កឹម សុខា បាន​ដឹកនាំ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​ខេត្ត​កំពង់ចាម គាត់​ត្រូវ​បាន​កងយោធា​រាប់​រយ​នាក់​ព័ទ្ធ​សណ្ឋាគារ​ដែល​គាត់​កំពុង​ស្នាក់នៅ និង​ធ្វើ​ការ​គំរាមកំហែង​ដល់​អាយុជីវិត​របស់​គាត់។

ដោយ​មាន​ជំនួយ​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ លោក​បាត់​គេច​ផុត​ពី​ការ​ឡោមព័ទ្ធ និង​ការ​តាម​ប្រដេញ​បុក​រថយន្ត​របស់​លោក​ពី​សំណាក់​ពួក​យោធា​នា​ពេល​នោះ។ តែ​ទោះបី​លោក​បាន​រួច​ផុត​ពី​ការ​តាម​ធ្វើ​ទុក្ខបុកម្នេញ​ទាំងនេះ​ម្តង​ហើយ​ម្តង​ទៀត​ក្តី ទីបំផុត​លោក កឹម សុខា ត្រូវ​បាន​លោក ហ៊ុន សែន ចោទ​និង​ចាប់​ដាក់​ពន្ធនាគារ​ទាំង​ពាក់កណ្តាល​អាធ្រាត្រ​នា​យប់​ថ្ងៃ​ទី​២ ខែ​កញ្ញា ឆ្នាំ​២០១៧ និង​បន្ត​បិទ​សេរីភាព​នយោបាយ​របស់​លោក​រហូតដល់​ពេល​បច្ចុប្បន្ន​នេះ។

យោង​តាម​ហេតុការណ៍​ដ៏​ព្រឺព្រួច​ដូច​ខាងលើ គេ​អាច​ឆ្ងល់​ថា ហេតុ​អ្វី​បាន​ជា​លោក កឹម សុខា នៅតែ​បន្ត​ការ​តស៊ូ​របស់​គាត់​ដោយ​ប្រកាន់​យក​គោលនយោបាយ​អហិង្សា ហើយ​សុខចិត្ត​បន្ត​រស់នៅ​ក្នុង​ទុក្ខ​លំបាក​បែប​នេះ? តើ​អ្វី​ទៅ​ជា​បុព្វហេតុ​ដែល​នាំ​ឱ្យ​លោក កឹម សុខា ជ្រើសរើស​យក​គោលនយោបាយ​អហិង្សា?

គេ​ពិបាក​ឆ្លើយ​នឹង​សំណួរ​នេះ​ជំនួស​លោក កឹម សុខា ណាស់។ តែ​គេ​អាច​ពិនិត្យមើល និង​វិភាគ​លើ​សកម្មភាព និង​សារ​នយោបាយ​ខ្លះៗ​របស់​គាត់។

ក្នុង​អំឡុង​ពេល​ដឹកនាំ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លោក កឹម សុខា តែងតែ​ដាស់តឿន​សហការី និង​ថ្លែង​ប្រាប់​សាធារណជន​ខ្មែរ​ថា

«បើគ្មាន​ការ​ប្រថុយ​ទេ ក៏​គ្មាន​ការ​ផ្លាស់ប្ដូរ​ដែរ»

ស្រប​គ្នា​នឹង​សារ​នេះ លោក កឹម សុខា បាន​ថ្លែង​ប្រាប់​អ្នក​គាំទ្រ​របស់​លោក​ក្នុង​សមាជ​លើកដំបូង​របស់​គណបក្ស​សិទ្ធិមនុស្ស ក្នុង​ខែ​កក្កដា ឆ្នាំ​២០០៧ ថា អ្វី​ដែល​លោក​អាច​សន្យា​បាន គឺ​លោក​មិន​រត់​ចោល​ពលរដ្ឋ​ខ្មែរ​ទេ។ សារ​ទាំងនេះ​ប្រហែលជា​ការ​បញ្ជាក់​អំពី​ការ​ប្ដេជ្ញា​ចិត្ត​ដ៏​មុតមាំ​របស់​លោក​ក្នុង​ការ​បន្ត​ការ​តស៊ូ​គ្រប់​ឧបសគ្គ និង​កាលៈទេសៈ។

ចាប់តាំង​ពី​ប្រទេស​កម្ពុជា​ទទួល​បាន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ភ្លាម សកម្មភាព​លោក កឹម សុខា ផ្ដោត​លើ​បញ្ហា​សិទ្ធិមនុស្ស​ជា​ចម្បង។

លោក​បាន​បង្កើត​អង្គការ​សិទ្ធិមនុស្ស​ដំបូង​គេ​ក្នុង​ប្រទេស​កម្ពុជា​នា​ឆ្នាំ​១៩៩១ បាន​តស៊ូ​បង្កើត និង​ដឹកនាំ​គណៈកម្មការ​សិទ្ធិមនុស្ស​ក្នុង​រដ្ឋសភា និង​ព្រឹទ្ធសភា​ពី​ឆ្នាំ​១៩៩៣ ដល់​ឆ្នាំ​២០១២ បង្កើត​និង​ដឹកនាំ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ពី​ឆ្នាំ​២០០២ ដល់​ឆ្នាំ​២០០៧ ហើយ​បាន​បង្កើត និង​ដឹកនាំ​គណបក្ស​សិទ្ធិមនុស្ស ពី​ឆ្នាំ​២០០៧ ដល់​ឆ្នាំ​២០១២។ ទាំងនេះ​ប្រហែល​អាច​ជា​អំណះអំណាង​បញ្ជាក់​អំពី​បេះដូង ឬ​ការ​តាំងចិត្ត​របស់​គាត់​ចំពោះ​ការ​ការពារ​សិទ្ធិ សេរីភាព និង​សេចក្តី​ថ្លៃថ្នូរ​របស់​ពលរដ្ឋ​ខ្មែរ។

ក្រៅពី​នេះ គេ​រមែង​ធ្លាប់​ឮ​សារ​ដែល​លោក​ធ្លាប់​ថ្លែង​ថា៖ «ខ្ញុំ​និង​ក្រុម​គ្រួសារ​ស៊ូទ្រាំ​រង​ទុក្ខបុកម្នេញ​ទាំងនេះ ព្រោះ​ខ្ញុំ​មើលឃើញ​ថា​ជាតិ​ខ្ញុំ​មាន​ទុក្ខ​ធ្ងន់​ជាង​ខ្ញុំ​ទៅទៀត! ឬ​ខ្ញុំ​ស៊ូ​រង​ទុក្ខ​នៅ​ថ្ងៃ​នេះ ដើម្បី​ពលរដ្ឋ​របស់​ខ្ញុំ​បាន​សុខ​ទៅ​ថ្ងៃ​មុខ! រួម​នឹង​សារ​ជាច្រើន​ទៀត»។ ដូច្នេះ ចំណុច​នេះ​ប្រហែល​អាច​បញ្ជាក់​អំពី​ការ​គិត​របស់​លោក​ដែល​យល់​ថា​វា​មាន​តែ​ការ​ធានា​បាន​នូវ​ការគោរព​សិទ្ធិ និង​សេរីភាព​របស់​ពលរដ្ឋ​តាម​គោលការណ៍​ប្រជាធិបតេយ្យ​ទេ ទើប​ខ្មែរ​អាច​រស់​បាន​សុខ និង​មាន​តែ​ការ​លះបង់​សេចក្តី​សុខ​ផ្ទាល់ខ្លួន​ទេ ទើប​ការ​តស៊ូ​នោះ​អាច​ទទួល​បាន​ជោគជ័យ។

ជាមួយ​គ្នា​នេះ សកម្មភាព​សិទ្ធិមនុស្ស​របស់​លោក កឹម សុខា ប្រហែល​អាច​ជា​តឹកតាង​បញ្ជាក់​អំពី​ការ​ឱ្យ​តម្លៃ និង​ភាព​ជឿជាក់​របស់​លោក​លើ​ពលរដ្ឋ​ខ្មែរ។

ក្នុង​នាម​ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លោក កឹម សុខា បាន​ដឹកនាំ​រៀបចំ​វេទិកា​សាធារណៈ​តាម​សហគមន៍​នានា​ទូទាំង​ប្រទេស​កម្ពុជា ក្នុង​ការ​ផ្តល់​ឱកាស​ដល់​ពលរដ្ឋ​ខ្មែរ​គ្រប់​កម្រិត​ដើម្បី​មាន​លទ្ធភាព​បញ្ចេញមតិ​អំពី​បញ្ហា​សហគមន៍ និង​ជាតិ​របស់​ពួកគេ។ ចាប់តាំង​ពី​ចុង​ឆ្នាំ​២០០២ រហូត​ដល់​ពាក់កណ្តាល​ឆ្នាំ​២០០៧ លោក កឹម សុខា បាន​ចូលរួម​វេទិកា​សម្ដែង​មតិ និង​ជួប​សំណេះសំណាល​ជាមួយ​ពលរដ្ឋ​ខ្មែរ​ប្រមាណ​មួយ​លាន​នាក់។

ការ​ចុះ​ជួប​ពលរដ្ឋ​ផ្ទាល់​របស់​គាត់​នៅ​តាម​បណ្តា​សហគមន៍​បែប​នេះ គឺ​មិន​គ្រាន់តែ​ជា​ការ​បញ្ជាក់​អំពី​ការ​ជឿជាក់​របស់​គាត់​លើ​ពលរដ្ឋ​ខ្មែរ​ប៉ុណ្ណោះ​ទេ តែ​ក៏​អាច​ជា​ការ​បង្ហាញ​អំពី​ការ​យកចិត្ត​ទុកដាក់​របស់​គាត់​ចំពោះ​ពួកគេ​ផង​ដែរ។

ការ​អះអាង​បែប​នេះ គឺ​ស៊ី​គ្នា​នឹង​អ្វី​ដែល​គាត់​បាន​ថ្លែង​សារ​នៅ​ក្នុង​សមាជ​លើក​ទី​១ នៃ​គណបក្ស​សិទ្ធិមនុស្ស ក្នុង​ខែ​កក្កដា ថា លោក​បាន​ឮ​សំឡេង​ពលរដ្ឋ​ដោយ​ផ្ទាល់​អំពី​ទុក្ខវេទនា​របស់​ពួកគេ ហើយ​ដឹង​ថា​ពួកគេ​ចង់​បាន​អ្វី និង​ត្រូវការ​អ្វី។

ជា​ថ្មី​ម្តង​ទៀត លោក កឹម សុខា បាន​ថ្លែង​សារ​នយោបាយ​ស្រដៀង​គ្នា​នេះ​ទៅកាន់​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​ប្រទេស​អូស្ត្រាលី នា​ឆ្នាំ​២០១៣។ ពេល​នោះ លោក កឹម សុខា ថ្លែង​អំពី​ការ​ជឿ​លើ​ពលរដ្ឋ​ខ្មែរ​ក្នុង​ការ​ផ្លាស់ប្ដូរ​ប្រទេស​កម្ពុជា តាមរយៈ​ការបោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ ហើយ​ថា​ការ​ចុះ​អប់រំ​ពលរដ្ឋ​ខ្មែរ​នៅ​មូលដ្ឋាន​ដែល​ជា​ដំណើរ​ផ្លាស់ប្ដូរ​ពី​ក្រោម​មក​លើ គឺ​រឿង​ចាំបាច់។ ដោយ​ផ្អែកលើ​វីដេអូ​នៃ​ការ​ថ្លែង​សារ​នោះ​ហើយ ដែល​លោក ហ៊ុន សែន យក​មក​ប្រើ​ជា​មូលដ្ឋាន​ក្នុង​ការ​ចោទ​ប្រកាន់ និង​ចាប់​ខ្លួន​លោក​កាលពី​យប់​ថ្ងៃ​ទី​២ ខែ​កញ្ញា ឆ្នាំ​២០១៧ អំពី​បទ​ក្បត់​ជាតិ។ ដូច្នេះ ចំណុច​នេះ​អាច​បញ្ជាក់​ថា លោក កឹម សុខា ចាត់​ទុក​ការ​យល់ដឹង និង​ការចូលរួម​របស់​ពលរដ្ឋ​ខ្មែរ​ក្នុង​ការ​សម្រេច​ជោគវាសនា​ប្រទេស​ជាតិ​របស់​ខ្លួន គឺ​ជា​រឿង​ចាំបាច់។

កំណត់ត្រា​មួយ​ក្នុង​សៀវភៅ​ស្ដីពី “កឹម សុខា និង​ប្រជាបូជនីយកិច្ច​ដើម្បី​សេរីភាព” បាន​ដកស្រង់​បណ្តាំ​របស់​លោក កឹម សុខា ពី​ក្នុង​ពន្ធនាគារ​ព្រៃស​តាមរយៈ​ភរិយា និង​មេធាវី​របស់​លោក​ក្នុង​ខែ​មករា ឆ្នាំ​២០០៦។ បណ្តាំ​នោះ គឺជា​សារ​របស់​លោក​ដែល​បាន​ផ្ញើ​ជូន​ជន​រួម​ជាតិ​ខ្មែរ​នៅ​ពេល​នោះ​ថា៖

១) សូម​ផ្តាំ​សួរ​សុខទុក្ខ​ពលរដ្ឋ​ខ្មែរ​ទាំងអស់​ដែល​ស្រឡាញ់​ប្រជាធិបតេយ្យ សូម​កុំ​គិត​អំពី​សុខទុក្ខ​របស់​លោក​អី។

២) លោក​សុខចិត្ត​ជាប់​គុក​ជំនួស​ពលរដ្ឋ​ខ្មែរ ឱ្យ​តែ​ប្រជាពលរដ្ឋ​ខ្មែរ​មាន​សិទ្ធិ​សេរីភាព​បញ្ចេញមតិ​បន្ត​ទៀត។

៣) សូម​ពលរដ្ឋ​ខ្មែរ​កុំ​អស់​សង្ឃឹម កុំ​តក់ស្លុត កុំ​ភ័យខ្លាច ត្រូវ​ព្យាយាម​តស៊ូ​បន្ត​ទៅ​ទៀត​ដោយ​អហិង្សា។

ស្រដៀង​គ្នា​នឹង​បណ្តាំ​ខាងលើ លោក កឹម សុខា ក៏​បាន​ថ្លែង​សារ​ដោយ​កំសួល​ចិត្ត​ក្នុង​សមាជ​របស់​គណបក្ស​សិទ្ធិមនុស្ស​ក្នុង​ខែ​កក្កដា ឆ្នាំ​២០០៧ អំពី​បទពិសោធន៍​នៃ​ការ​ផ្លាស់ប្ដូរ​របប និង​មេដឹកនាំ​ជាច្រើន​ជំនាន់​ក្នុង​ប្រទេស​កម្ពុជា ដែល​សុទ្ធតែ​កើតឡើង​ដោយ​ហិង្សា និង​ការ​បង្ហូរ​ឈាម ហើយ​ថា​ការ​ផ្លាស់ប្ដូរ​បែប​នោះ គឺ​ប្រជាពលរដ្ឋ​ខ្មែរ​ជា​អ្នក​ចាញ់​រហូត។ ដូច្នេះ ចំណុច​នេះ​ប្រហែល​អាច​ជា​ការ​បញ្ជាក់​អំពី​ការ​ជឿជាក់ និង​ការ​ឱ្យ​តម្លៃ​លើ​មាគ៌ា​អហិង្សា​របស់​គាត់។

សរុប​សេចក្តី​មក ប្រហែល​ជា​គេ​អាច​សន្និដ្ឋាន​ជា​រួម​មួយ​ថា ការ​ជឿ​លើ​គោលការណ៍​សិទ្ធិមនុស្ស ការ​ជឿជាក់​លើ​ពលរដ្ឋ​ខ្មែរ និង​ការ​មើលឃើញ​ទុក្ខវេទនា​របស់​ជាតិ​ខ្មែរ​ដែល​ឆ្លងកាត់​បទពិសោធន៍​នៃ​ការ​ផ្លាស់ប្ដូរ​សង្គម​តាមរយៈ​មធ្យោបាយ​ហិង្សា គឺ​ជា​ឧបហេតុ​ចម្បងៗ​ដែល​នាំ​ឱ្យ​លោក កឹម សុខា ប្រកាន់​ខ្ជាប់​នូវ​នយោបាយ​អហិង្សា៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស