33 C
Phnom Penh

ពលរដ្ឋ​រិះគន់​ឥរិយាបថ​ក្រុម​ការងារ​ចាក់​វ៉ាក់សាំង Covid-19 នៅ​សាលា​បឋម​សិក្សា​គោកកញ្ជាន់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពលរដ្ឋ និង​កម្មករ​កម្មការិនី​ដែល​ទៅ​ទទួល​សេវា​ចាក់​ថ្នាំបង្ការ​ជំងឺ Covid-19 មាន​ទីតាំង​នៅ​ក្នុង​បរិវេណ​សាលា​បឋម​សិក្សា​គោកកញ្ជាន់ ក្នុង​សង្កាត់​ចោមចៅទី២ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ បាន​រិះគន់​មន្ត្រី​មួយ​ចំនួន​ដែល​ជា​អ្នក​រៀបចំ​ចាត់ចែង​លើ​ការងារ​ចាក់​វ៉ាក់សាំង ថា​បាន​ប្រើប្រាស់​នូវ​ឥរិយាបថ​មិន​សមរម្យ និង​ប្រើ​ពាក្យ​សម្ដី​គ្មាន​សុជីវធម៌​ជាដើម​មក​លើ​ពលរដ្ឋ ជាពិសេស​ស្ត្រី​វ័យក្មេង​ដែល​ទៅ​ចាក់​វ៉ាក់សាំង​នៅ​ក្នុង​ទីតាំង​ខាងលើ​នេះ។

ក្រុម​ប្រជាពលរដ្ឋ​បាន​សំណូមពរ​ដល់​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល និង​លោកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ Covid-19 ក្នុង​ក្របខណ្ឌ​ទូទាំង​ប្រទេស ណែនាំ​ដល់​ក្រុម​ការងារ​រៀបចំ​ចាក់​វ៉ាក់សាំង​នៅ​ក្នុង​បរិវេណ​សាលា​បឋម​សិក្សា​គោកកញ្ជាន់ ដែល​បាន​ប្រើប្រាស់​ពាក្យ​សម្ដី និង​ឥរិយាបថ​មិន​សមរម្យ​លើ​ពលរដ្ឋ ជាពិសេស​ទៅ​លើ​ស្ត្រី​ក្មេងៗ។

ពលរដ្ឋ និង​ស្ត្រី​វ័យក្មេង​មួយ​ចំនួន​បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily តាម​បណ្ដាញ​សង្គម Facebook កាលពី​ល្ងាច​ថ្ងៃ​សុក្រ ទី​១១ ខែ​មិថុនា ឆ្នាំ​២០២១ ថា ទំនង​ជា​ពួកគេ​នឹង​មិន​ទៅ​ទទួល​សេវា​ចាក់​ថ្នាំបង្ការ​ជំងឺ Covid-19 ដូស​ទី​២ ឬ​ជា​លើក​ទី​២​ទេ ព្រោះ​មិន​ចង់​ឮ​ពាក្យ​សម្ដី​ប្រមាថ​មើលងាយ និង​ការ​ប្រើ​ឥរិយាបថ​មិន​សមរម្យ​របស់​បុគ្គល​ជា​មន្ត្រី​យោធា​មួយ​ចំនួន​ដែល​ប្រចាំការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ Covid-19 នៅ​ក្នុង​សាលា​បឋម​សិក្សា​គោកកញ្ជាន់ ខាងលើ​នេះ​ទៀត​ទេ។

យ៉ាងនេះ​ក្តី សារព័ត៌មាន The Cambodia Daily នៅ​មិន​អាច​មាន​ប្រភព​ទាក់ទង​លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និង​ជា​មេបញ្ជាការ​កងទ័ព​ជើងគោក និង​លោកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌីន អ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ Covid-19 ដើម្បី​បំភ្លឺ​លើ​បញ្ហា​មិន​ប្រក្រតី​នៃ​ការ​ចោទ​ប្រកាន់​របស់​ពលរដ្ឋ ទៅលើ​ក្រុម​ការងារ​ចាក់​វ៉ាក់សាំង​នៅ​ទីតាំង​សាលា​បឋម​សិក្សា​គោកកញ្ជាន់ បាន​ទេ​នៅ​ថ្ងៃ​សុក្រ ទី​១១ ខែ​មិថុនា ឆ្នាំ​២០២១។

ទោះ​យ៉ាងណា ក្រោយពេល​ឃើញ​លោកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌីន និង​ប្រធាន​អង្គការ​សុខភាព​ពិភពលោក បាន​ចុះ​ទៅ​ពិនិត្យ​តាម​កន្លែង​ចាក់​វ៉ាក់សាំង​មួយ​ចំនួន​នៅ​ខណ្ឌ​សែនសុខ កាលពី​ពេល​ថ្មីៗ​នេះ ពលរដ្ឋ​នៅ​ឯ​ខណ្ឌ​ពោធិ៍សែនជ័យ ជាពិសេស​នៅ​មណ្ឌល​ចាក់​វ៉ាក់សាំង​គោកកញ្ជាន់ ទទូច​ឲ្យ​មន្ត្រី​ជាន់ខ្ពស់​រូប​នេះ​ចុះ​ទៅ​ដល់​ទីតាំង និង​ណែនាំ​ក្រុម​ការងារ​ចាក់​វ៉ាក់សាំង​ទាំងនោះ​ផង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស