31 C
Phnom Penh

បក្ស​ក្រៅ​រដ្ឋាភិបាល​ថា​ការ​ចុះចូល​របស់​មន្ត្រី​បក្ស​ប្រឆាំង​ជា​គំរូ​អាក្រក់​និង​បំបាក់​ស្មារតី​អ្នក​តស៊ូ​ដើម្បី​ជាតិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ រិះគន់​ថា ការ​តម្រង់​ជួរ​គ្នា​របស់​មន្ត្រី​បក្ស​ប្រឆាំង​ចុះចូល​ជាមួយ​គណបក្ស​កាន់​អំណាច គឺជា​គំរូ​អាក្រក់ និង​ជា​ការ​បំបាក់​ស្មារតី​តស៊ូ​របស់​អ្នក​ស្នេហា​ជាតិ​ដើម្បី​ទឹកដី និង​ប្រជាជន។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​ភាគី​លោក សម រង្ស៊ី ដែល​ទើប​នឹង​ធ្វើ​មាតុភូមិ​និវត្តន៍​កាលពី​ពេល​ថ្មីៗ​នេះ ត្រូវ​បាន​ព្រះមហាក្សត្រ​ត្រាស់បង្គាប់​តែងតាំង​ជា​មន្ត្រី​រដ្ឋាភិបាល​ជាន់ខ្ពស់​របស់​រាជរដ្ឋាភិបាល​កម្ពុជា។

អគ្គហេរញ្ញិក​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ លោក សៀវ វិសុទ្ធ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​១៤ ខែ​មិថុនា ថា អំណាច​គណបក្ស​ប្រជាជន​កម្ពុជា កាន់តែ​រីក​ធំ​ទៅៗ និង​បន្ត​ភាព​យូរអង្វែង​ទៅមុខ​ទៀត គឺ​ដោយសារ​មាន​មន្ត្រី​បក្ស​ប្រឆាំង​ដែល​លែង​ខ្វល់​ពី​ប្រយោជន៍​ប្រទេស​ជាតិ លែង​គិត​ពី​សុខទុក្ខ​ប្រជាជន សុខចិត្ត​បោះបង់​អ្នកគាំទ្រ​ចោល​កណ្តាល​ផ្លូវ ដើម្បី​លាភ​សក្ការៈ តំណែង​តួនាទី​ដែល​បាន​មកពី​បក្ស​កាន់​អំណាច។

លោក​អះអាង​ថា ស្មារតី​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ត្រូវ​បន្ត​ទៅមុខ​ទៀត នៅពេល​ដែល​មន្ត្រី​បក្ស​ប្រឆាំង​នាំគ្នា​ចេញ​ទៅ​បង្កើត​បក្ស​នយោបាយ​ថ្មី តស៊ូ​ដើម្បី​សេរីភាព ដើម្បី​លទ្ធិប្រជាធិបតេយ្យ​តាម​ចរន្ត​ថ្មី បើ​ទោះបី​ពេលខ្លះ​រង​នូវ​ការ​លាប​ពណ៌​ខ្លះ​ក៏ដោយ ប៉ុន្តែ​ស្មារតី​នៃ​ការ​តស៊ូ​នេះ នឹង​ស្លាប់​បាត់​ទៅ​នៅពេល​ដែល​មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ​ទាំងនោះ​ចុះចូល​ជាមួយ​បក្ស​កាន់​អំណាច​ដូច​ពេលនេះ។

លោក សៀវ វិសុទ្ធ បញ្ជាក់​ថា នយោបាយ​បំបែក​កម្លាំង​ប្រឆាំង​របស់​បក្ស​កាន់​អំណាច​នឹង​មិន​បញ្ឈប់​ទេ បើ​អ្នកនយោបាយ​ក្រុម​ប្រឆាំង​នៅតែ​ប្រកាន់​អត្តចរិត​ចុះចូល ឬ​លក់ខ្លួន​បែប​នេះ។ ជាង​នេះ​ទៅ​ទៀត ក្តី​សង្ឃឹម​របស់​ពលរដ្ឋ​នឹង​ធ្លាក់​ចុះ​បន្តិច​ម្តងៗ​នៅ​ពេល​មេដឹកនាំ​ដែល​ពួកគាត់​ធ្លាប់​ជឿជាក់ បាន​ក្បត់​ទំនុក​ចិត្ត​របស់​ពួកគេ​ជាបន្តបន្ទាប់​បែប​នេះ។

កាលពី​ថ្ងៃ​ទី​១២ ខែ​មិថុនា ឆ្នាំ​២០២១ ព្រះមហាក្សត្រ​ខ្មែរ ព្រះបាទ​នរោត្តម សីហមុនី បាន​ចេញ​ព្រះរាជ្យក្រឹត្យ​តែងតាំង​មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​ភាគី​លោក សម រង្ស៊ី អ្នកស្រី ថាក់ ឡានី ជា​រដ្ឋលេខាធិការ​នៃ​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច។

ការតែងតាំង​នេះ ធ្វើ​ឡើ​បន្ទាប់ពី​មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ​សម្រេច​វិល​ចូល​កម្ពុជា​វិញ​កាលពី​ថ្ងៃ​ទី​១៤ ខែ​ឧសភា ឆ្នាំ​២០២១ បន្ទាប់ពី​ប្រមុខរដ្ឋ​ស្តីទី លោក សាយ ឈុំ បាន​ចេញ​ព្រះរាជក្រឹត្យ​លើកលែង​ទោស​កាលពី​ថ្ងៃ​ទី​៣ ខែ​មីនា ឆ្នាំ​២០២១ ក្រោយ​ពី​បាន​និរទេស​ខ្លួន​មក​រស់នៅ​ក្រៅ​ប្រទេស​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​កន្លង​មក​នោះ។

ការ​និរទេស​ខ្លួន​នេះ ធ្វើ​ឡើង​ក្រោយ​តុលាការ​ក្រុង​ភ្នំពេញ​បាន​កាត់ទោស​ឲ្យ​មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ​ជាប់​ពន្ធនាគារ ដោយសារ​ពាក់ព័ន្ធ​នឹង​ករណី​ចោទ​ប្រកាន់​លោក ហ៊ុន សែន ថា​ជា​អ្នក​នៅ​ពីក្រោយ​នៃ​ការ​សម្លាប់​បណ្ឌិត កែម ឡី កាលពី​ឆ្នាំ​២០១៦ កន្លង​ទៅ។

បញ្ហា​នេះ អ្នកស្រី ថាក់ ឡានី ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ សម្រេច​ដាក់​ពន្ធនាគារ​រយៈពេល ១​ឆ្នាំ និង ៦​ខែ និង​ពិន័យ​ជា​ទឹកប្រាក់ ៨​លាន​រៀល ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ​បរិហារ​កេរ្តិ៍​ជា​សាធារណៈ និង​បទ​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម។

ក្រុម​អ្នក​ឃ្លាំមើល​សង្គម រិះគន់​ថា មន្ត្រី​បក្ស​ប្រឆាំង​ទាំងនេះ​តែងតែ​ក្លែង​បន្លំ​ធ្វើជា​អ្នក​ក្លាហាន​ក្នុង​ស្ថានភាព​នយោបាយ​ធូរស្រាល ប៉ុន្តែ​ពេល​សភាពការណ៍​តានតឹង ពួកគេ​នាំគ្នា​រត់​ចោល​សកម្មជន​ថ្នាក់ក្រោម​ទាំងអស់។ លុះ​ដល់​ចុងក្រោយ ទើប​នាំគ្នា​ឈ្មុល​ក្រោម​អំណាច​លោក ហ៊ុន សែន ដើម្បី​រក​ឱកាស​ការពារ​ទ្រព្យសម្បត្តិ​របស់​ពួកគេ​តែប៉ុណ្ណោះ។

គិត​ត្រឹម​ខែ​មិថុនា ឆ្នាំ​២០២១ នេះ មន្ត្រី​បក្ស​ប្រឆាំង​ភាគី​លោក សម រង្ស៊ី ដែល​និរទេស​ខ្លួន​មក​រស់នៅ​ក្រៅ​ប្រទេស​កន្លង​មក​នោះ គឺ​អ្នកស្រី ថាក់ ឡានី ជា​មនុស្ស​ដំបូង​គេ​ដែល​បាន​សម្រេច​ចិត្ត​វិល​ទៅ​កម្ពុជា​វិញ និង​ទទួល​បាន​ការតែងតាំង​ជា​មន្ត្រី​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល​កម្ពុជា ដែល​ដឹកនាំ​ដោយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន សព្វថ្ងៃ​នេះ។

ជុំវិញ​បញ្ហា​នេះ មន្ត្រី និង​សកម្មជន​បក្ស​ប្រឆាំង បាន​នាំគ្នា​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​ព្រោងព្រាត​ប្រមាណ​ជាង ២០​នាក់​ហើយ ខណៈ​គណបក្ស​នយោបាយ​មួយ​ចំនួន​ដែល​បង្កើត​ដោយ​មន្ត្រី​បក្ស​ប្រឆាំង​ទាំងនោះ ក៏​បាន​បង្កើត​រួច​ហើយ​ដែរ ក្នុង​នោះ​រួម​មាន​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ គណបក្ស​ឆន្ទៈ​ខ្មែរ គណបក្ស​ខ្មែរ​អភិរក្ស និង​គណបក្ស​កែ​ទម្រង់​កម្ពុជា៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស