31 C
Phnom Penh

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​ជំរុញ​ឲ្យ​មេដឹកនាំ​បក្ស​ខ្មែរ​ស្រឡាញ់​ជាតិ​ជួយ​បញ្ជាក់​ពី​មូលនិធិ​ទូរទស្សន៍​ព្រះអាទិត្យ​ជាង ៧០​ម៉ឺន​ដុល្លារ​ដែល​បាន​បាត់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​ដែល​បាន​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ ទាមទារ​ឲ្យ​មេដឹកនាំ​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ បញ្ជាក់​គោលជំហរ​ពាក់ព័ន្ធ​នឹង​មូលនិធិ​ទូរទស្សន៍​ព្រះអាទិត្យ (Sun TV) ជាង ៧០​ម៉ឺន​ដុល្លារ​ដែល​ត្រូវ​បាន​គេ​ដកចេញ​ពី​គណនី​ធនាគារ​នៅមុន​ពេល​គណបក្ស​នេះ​ត្រូវ​បាន​រំលាយ កាលពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៧ កន្លងទៅ។

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក មុត ចន្ថា នៅ​ថ្ងៃ​ទី​១៤ ខែ​មិថុនា នេះ បាន​ផ្ញើ​លិខិត​ចំហ​មួយ​ទៅកាន់​មេដឹកនាំ​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ លោក ជីវ កត្តា ដែល​ជា​អតីត​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ឲ្យ​អតីត​មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ​បញ្ជាក់​គោលជំហរ​ពាក់ព័ន្ធ​នឹង​មូលនិធិ​ទូរទស្សន៍​ព្រះអាទិត្យ (Sun TV) ជាង ៧០​ម៉ឺន​ដុល្លារ ដែល​បាន​បាត់​ស្រមោល​ពី​ធនាគារ​មក​ទល់​នឹង​ពេលនេះ។

លោក​អះអាង​ថា កិច្ចការ​ស្វែងរក​មូលនិធិ​នេះ​មិនមែន​ជា​បញ្ហា​បុគ្គល​នោះ​ទេ ប៉ុន្តែ​វា​ជា​គោលការណ៍​នៃ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើពុករលួយ ដូច្នេះ​មេដឹកនាំ​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ គួរតែ​បង្ហាញ​ជំហរ​មិន​អត់ឱន​ចំពោះ​អំពើពុករលួយ​ដែល​កើតមាន ដើម្បី​ធានា​ថា ថវិកា​ទាំងនោះ​មិនបាន​បាត់បង់ និង​ដើម្បី​ធានា​នូវ​សុចរិតភាព និង​តម្លាភាព​ក្នុង​ការ​គ្រប់គ្រង​ថវិកា​ដែល​ជា​ញើស​ឈាម​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​បាន​ចូលរួម​កន្លងមក។

លោក មុត ចន្ថា បញ្ជាក់​ថា ការស្រាវជ្រាវ​អំពើពុករលួយ មិនមែន​ជា​ការ​ចងគំនុំ គុំកួន ឬ​ជា​ការសងសឹក​នោះ​ទេ ដូច្នេះ​អ្នក​ដែល​អះអាង​ថា​ការ​សើរើ​រឿង​បាត់​លុយ​មូលនិធិ​ព្រះអាទិត្យ​ជាង ៧០​ម៉ឺន​ដុល្លារ​នេះ​ជា​រឿង​គុំកួន គឺ​មានន័យ​ថា ពួកគេ​កំពុងតែ​ជួយ​ការពារ​ជន​ពុករលួយ​ទាំងនោះ។

ដូច្នេះ​មេដឹកនាំ​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ គួរ​មាន​ភាព​ក្លាហាន​ជាង​អ្នក​នយោបាយ​ជាន់ខ្ពស់​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ខ្លះ​ទៀត​ដែល​គ្មាន​ភាព​ក្លាហាន​ហ៊ាន​ចេញ​មុខ ក្នុង​ការស្វែងរក​ការពិត​នៃ​ការ​បាត់​លុយ​ទាំងនោះ ហើយ​ថែមទាំង​បង្ហាញ​ពី​ចរិត​ជួយ​ការពារ​អំពើ​ទុច្ចរិត​ថែមទៀត​ផង។

គណបក្ស​សង្គ្រោះ​ជាតិ បាន​បើក​យុទ្ធនាការ​កាលពី​ឆ្នាំ​២០១៥ ប្រមូល​ជំនួយ​ពី​សាធារណជន​ដើម្បី​បង្កើត​ទូរទស្សន៍​ព្រះអាទិត្យ ឬ SUN TV។ ក្នុង​យុទ្ធនាការ​នោះ គណបក្ស​ប្រឆាំង​ទទួល​បាន​ប្រាក់​ចូលរួម​ពី​សមាជិក​របស់​ខ្លួន​ដែល​រស់នៅ​ក្នុង​ស្រុក និង​ក្រៅ​ស្រុក​មាន​ចំនួន​ជាង ៧០​ម៉ឺន​ដុល្លារ​អាមេរិក​ឯណោះ។

ប៉ុន្តែ​មក​ទល់​នឹង​ពេលនេះ លុយ​មូលនិធិ​បង្កើត​ទូរទស្សន៍​ព្រះអាទិត្យ​នេះ​ត្រូវ​បាន​គេ​ដកចេញ​ពី​គណនី​ធនាគារ​ស្ងាត់​បាត់​ឈឹង ស្រប​ពេល​ដែល​លោក កឹម សុខា កំពុង​ជាប់ឃុំ​នៅ​ក្នុង​ពន្ធនាគារ​ត្រពាំងផ្លុង ខេត្ត​ត្បូងឃ្មុំ ខណៈ​អ្នក​ដែល​មាន​សិទ្ធិ​ចុះហត្ថលេខា​ដកប្រាក់​មូលនិធិ​ទាំងនោះ​ពី​គណនី​ធនាគារ មាន​តែ​លោក យឹម សុវណ្ណ និង​លោក គី វណ្ណដារ៉ា ប៉ុណ្ណោះ លើស​ពី​នេះ មន្ត្រី​បក្ស​ប្រឆាំង​ដទៃ​ទៀត​ក៏​មិន​បាន​បង្ហាញ​ពី​ការ​សើរើ​លុយ​ដែល​បាន​បាត់​នោះ​ផង​ដែរ។

អតីត​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​ប្រធាន​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ​បច្ចុប្បន្ន លោក ជីវ កត្តា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​១៤ ខែ​មិថុនា នេះ​ថា លោក​មិនបាន​ចាប់អារម្មណ៍​នឹង​រឿង​អាក្រក់​ដែល​អ្នកដទៃ​បាន​ប្រព្រឹត្ត​នោះ​ទេ ព្រោះ​លោក​ជឿជាក់​ថា បុណ្យ និង​បាប​ប្រាកដ​ជា​មាន ដូច្នេះ​អ្នកណា​ធ្វើ ទុក​ឲ្យ​គេ​ជា​អ្នក​ទទួល​ទៅ​ចុះ។

លោក ជីវ កត្តា អះអាង​ថា នៅពេល​ដែល​លោក​បាន​ចូលរួម​ថវិកា​ដើម្បី​កសាង​សមិទ្ធផល​ណាមួយ​ហើយ​នោះ លោក​មិន​ដែល​តាមដាន​អ្នក​ដែល​កាន់​លុយ​ទាំងនោះ​ទេ ព្រោះ​បុណ្យ និង​បាប សាមី​ខ្លួន​គេ​ផ្ទាល់​ជា​អ្នក​ទទួល ប្រសិនបើ​គេ​មាន​បំណង​មិន​ល្អ​មែន​នោះ គឺជា​រឿង​ផ្ទាល់ខ្លួន​របស់​គេ មិន​ពាក់ព័ន្ធ​នឹង​រូប​លោក​ដែល​ជា​អ្នក​បរិច្ចាគ​លុយ​នោះ​ឡើយ។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ដើម​ខែ​មិថុនា ឆ្នាំ​២០២១ នេះ លោក មុត ចន្ថា បាន​ផ្ញើ​លិខិត​ចំហ​ទៅកាន់​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ដទៃ​ទៀត​ផង​ដែរ ដូចជា​លោក ប៉ុល ហំម លោក ម៉ៅ មុន្នីវណ្ណ និង​លោក អ៊ូ ចន្ទរ័ត្ន ជាដើម ដើម្បី​ឲ្យ​ពួកគេ​ជួយ​លាតត្រដាង​ពី​ការ​បាត់​លុយ​ទាំងនោះ ប៉ុន្តែ​មក​ទល់នឹង​ពេលនេះ មន្ត្រី​បក្ស​ប្រឆាំង​ទាំងនោះ​មិនទាន់​មាន​ការ​ឆ្លើយតប​នោះ​ទេ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស