42.2 C
Phnom Penh

លោក កឹម សុខា ថា​វប្បធម៌​ខ្មែរ​ជួយ​ខ្មែរ​មិន​ត្រូវ​ធ្វើ​ឡើង​ដើម្បី​កេង​ចំណេញ​នយោបាយ​ឡើយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ពុំ​ទាន់​មាន​សេរីភាព​ពេញលេញ លើកឡើង​ថា វប្បធម៌​ចែករំលែក គឺជា​ការចូលរួម ខ្មែរ​ជួយ​ខ្មែរ ដោយ​មិន​គិត​ពី​ការ​កេង​ចំណេញ​នយោបាយ និង​មិន​រើសអើង​និន្នាការ​បក្ស​នយោបាយ​ណាមួយ​នោះ​ទេ។

មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា បាន​សរសេរ​លើ​គណនី Facebook របស់​លោក​កាលពី​ថ្ងៃ​ទី​១៣ ខែ​មិថុនា ឆ្នាំ​២០២១ ថា ការ​ជួយ​គ្នា​ក្នុង​គ្រា​លំបាក​ដោយ​មិន​រើសអើង​និន្នាការ​នយោបាយ​នោះ គឺជា​ទឹកចិត្ត​សប្បុរសធម៌​ដែល​នាំ​មក​នូវ​ស្មារតី​សាមគ្គីភាព ការ​ផ្សះផ្សា​ជាតិ និង​ឯកភាព​ជាតិ​ដ៏​រឹងមាំ​ជានិច្ច​និរន្ត។

លោក​អះអាង​ថា ទោះបីជា​សេរីភាព​របស់​លោក​មិនទាន់​ពេញលេញ តែ​លោក​នៅតែ​បន្ត​ធ្វើ​សកម្មភាព​មនុស្សធម៌​នេះ​បន្ត​ទៀត ហើយ​ជំនួយ​សប្បុរសធម៌​ដែល​លោក​បាន​ធ្វើ​កន្លងមក​នេះ គឺជា​ការចូលរួម​ចំណែក​របស់​អ្នក​ស្រឡាញ់​រាប់អាន​រូប​លោក​នៅ​ក្នុង និង​ក្រៅ​ប្រទេស ដែល​មាន​ទឹកចិត្ត​សប្បុរសធម៌​ផ្តល់​ជំនួយ​ទាំងនេះ​ដើម្បី​ចែក​ជូន​ប្រជាពលរដ្ឋ​ដែល​កំពុង​ជួប​ការ​ខ្វះខាត​ស្បៀង​សព្វថ្ងៃ​នេះ។

ប្រធាន​បក្ស​ប្រឆាំង​រូប​នេះ លើកឡើង​ថា លោក​មិន​បាន​ផ្តល់​ជំនួយ​មនុស្សធម៌​ឲ្យ​បាន​ទូលំទូលាយ​ដល់​ពលរដ្ឋ​ដែល​កំពុង​ខ្វះខាត​ផ្សេង​ទៀត​នោះ​ទេ ព្រោះ​លោក​អាច​ធ្វើ​បាន​តាម​លទ្ធភាព​ដែល​មាន​បន្តិចបន្តួច​ប៉ុណ្ណោះ ត្បិត​អំណោយ​ទាំងនេះ លោក​មិន​បាន​ធ្វើការ​រៃអង្គាស​ពី​មជ្ឈដ្ឋាន​ណាមួយ​ឡើយ។

កាលពី​ថ្ងៃ​ទី​១៣ ខែ​មិថុនា ឆ្នាំ​២០២១ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា និង​សហការី​របស់​លោក បាន​នាំ​យក​ជំនួយ​មនុស្សធម៌​របស់​លោក និង​សប្បុរសជន​ខ្មែរ​នៅ​សហរដ្ឋ​អាមេរិក ដូចជា​អង្ករ និង​មី ជាដើម។ ជាង​នេះ​ទៀត ក៏​មាន​សម្ភារៈ​ការពារ​សុខភាព ដូចជា​ម៉ាស់ សាប៊ូ ព្រមទាំង​ថវិកា​មួយ​ចំនួន​ផង​ដែរ។

អំណោយ​ទាំងនោះ​បាន​ចែក​ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​ខ្វះខាត​ក្នុង​គ្រា​ដែល​មាន​ជំងឺ​រាតត្បាត Covid-19 នៅ​ស្រុក​ចម្ការលើ ខេត្ត​កំពង់ចាម។ លើស​ពី​នេះ ក៏​បាន​ផ្តល់​ម៉ាស់​ចំនួន​មួយ​ម៉ឺន​ម៉ាស់ ជូន​ទៅ​រដ្ឋបាល​ខេត្ត​កំពង់ចាម សម្រាប់​ចែក​ជូន​ដល់​មណ្ឌល​ចត្តាឡីស័ក​ក្នុង​ខេត្ត​នេះ​ផង​ដែរ។

ជុំវិញ​ការចែក​អំណោយ​ជូន​ពលរដ្ឋ​រងគ្រោះ​ដោយសារ​ជំងឺ Covid-19 នេះ កាលពី​ចុង​ខែ​ឧសភា ឆ្នាំ​២០២១ ប្រធាន​បក្ស​សង្គ្រោះ​ជាតិ អះអាង​ថា លោក​បាន​ចូលរួម​សកម្មភាព និង​ទឹកចិត្ត​សប្បុរសធម៌​ក្នុង​ការ​ចែករំលែក​ជួយ​ដល់​ពលរដ្ឋ​ខ្មែរ​ដែល​ខ្វះខាត​ដោយ​រង​ផល​ប៉ះពាល់​នូវ​ជំងឺឆ្លង Covid-19 នៅ​តាម​បណ្តា​ខេត្ត​នានា​ជាប់​ជាប្រចាំ។

ក្នុង​នោះ​រួម​មាន រាជធានី​ភ្នំពេញ ខេត្ត​តាកែវ ព្រះសីហនុ ព្រៃវែង ស្វាយរៀង និង​ខេត្ត​ត្បូងឃ្មុំ ជាដើម។

យ៉ាងណាក៏ដោយ កាលពី​ថ្ងៃ​ទី​៦ ខែ​ឧសភា ឆ្នាំ​២០២១ អភិបាលរង​ក្រុង​ភ្នំពេញ លោក កើត ឆែ បាន​លើកឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ថា ក្រុម​អ្នក​ប្រឆាំង​រដ្ឋាភិបាល​មិន​បាន​ជួយ​លុយ​សូម្បីតែ​មួយ​រៀល រួម​ទាំង​កម្លាំង ក្នុង​អំឡុង​ពេល​រដ្ឋាភិបាល​ខំ​ប្រឹងប្រែង​ទប់ស្កាត់​រលក​ចម្លង​ជំងឺ Covid-19 ឆ្លង​ចូល​សហគមន៍​នៅ​ពេលនេះ។ ប៉ុន្តែ​ក្រុម​ប្រឆាំង​ទាំងនោះ​បាន​ត្រឹមតែ​និយាយ​រិះគន់​ចំណាត់ការ​របស់​រដ្ឋាភិបាល​តែប៉ុណ្ណោះ។

ប៉ុន្តែ​អ្នកវិភាគ​នយោបាយ និង​សង្គម បណ្ឌិត ឡៅ ម៉ុងហៃ រិះគន់​ថា ការ​លើកឡើង​របស់​អភិបាលរង​ក្រុង​ភ្នំពេញ លោក កើត ឆែ គ្រាន់តែ​បង្ហាញ​ពី​មន្ត្រី​ដែល​មិន​យល់​ដឹង​ពី​កាតព្វកិច្ច និង​តួនាទី​របស់​ខ្លួន​ក្នុង​នាម​ជា​មន្ត្រី​បក្ស​កាន់​អំណាច​ដែល​កំពុង​ដឹកនាំ​រដ្ឋាភិបាល​តែប៉ុណ្ណោះ។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ត្រូវ​បាន​សមត្ថកិច្ច​ក្រុង​ភ្នំពេញ​ចាប់​ខ្លួន​កាលពី​ថ្ងៃ​ទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៧ ដោយ​ចោទ​ពី​បទ​ក្បត់ជាតិ​តាម​ប្រសាសន៍​របស់​លោក ហ៊ុន សែន ប៉ុន្តែ​រហូត​មក​ទល់​នឹង​ពេលនេះ លោក​នៅតែ​មាន​ភាព​ស្អាតស្អំ ព្រោះ​លោក​មិនទាន់​ត្រូវ​បាន​តុលាការ​កាត់ទោស​ពី​បទល្មើស​ណាមួយ​នៅឡើយ​ទេ។

ដោយឡែក​ក្រសួង​សុខាភិបាល នៅ​ថ្ងៃ​ទី​១៤ ខែ​មិថុនា ឆ្នាំ​២០២១ បាន​អះអាង​ថា ក្រសួង​បាន​រកឃើញ​អ្នក​វិជ្ជមាន​វីរុស Covid-19 ថ្មី​ចំនួន ៥៤២​នាក់ និង​អ្នក​ជាសះស្បើយ​ថ្មី​មាន​ចំនួន​ជាង ១១០០​នាក់​ផង​ដែរ ខណៈ​អ្នក​ដែល​បាន​ស្លាប់​ថ្មី​ដោយសារ​ជំងឺ Covid-19 មាន​ចំនួន ១៣​នាក់ ចំណែក​អ្នក​ដែល​បាន​ស្លាប់​ថ្មី​ដោយសារ​ជំងឺ​កូវីដ-១៩ នេះ កាលពី​ថ្ងៃ​អាទិត្យ មាន​ចំនួន​ដល់​ទៅ ១៥​នាក់​ឯណោះ។

ក្រសួង​បញ្ជាក់​ថា អ្នក​ឆ្លង​វីរុស Covid-19 សរុប​បាន​កើន​ឡើង​ដល់​ជាង ៣​ម៉ឺន ៨​ពាន់​នាក់​ហើយ រីឯ​អ្នក​ជាសះស្បើយ​សរុប​មាន​ចំនួន​ជាង ៣​ម៉ឺន ២​ពាន់​នាក់ ចំណែក​អ្នក​ស្លាប់​សរុប​បាន​កើន​ឡើង​ដល់ ៣៤៨​នាក់​ហើយ​គិត​ត្រឹម​ថ្ងៃ​ចន្ទ ទី​១៤ មិថុនា៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស