38 C
Phnom Penh

អ្នក​កាសែត​ស្និទ្ធ​នឹង​នាយករដ្ឋមន្ត្រី​កម្ពុជា​ចោទ​សួរ​ថា តើ​កម្ពុជា​ហ៊ាន​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​លើ​ជនជាតិ​វៀតណាម​ខុស​ច្បាប់​ឬ​ក៏​មិន​ហ៊ាន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកកាសែត​ដែល​ស្និទ្ធ​នឹង​លោក ហ៊ុន សែន ចោទ​ជា​សំណួរ​ថា តើ​រដ្ឋាភិបាល​កម្ពុជា ហ៊ាន ឬ​មិន​ហ៊ាន​ក្នុង​ការ​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​លើ​ជនជាតិ​វៀតណាម​ខុស​ច្បាប់​ដែល​កំពុង​រស់នៅ​លើ​ទឹកដី​កម្ពុជា យ៉ាង​អណាធិបតេយ្យ​សព្វថ្ងៃ​នេះ។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​សាលា​រាជធានី​ភ្នំពេញ​បាន​ចេញ​សេចក្តី​ជូនដំណឹង​កាលពី​ដើម​ខែ​មិថុនា ឆ្នាំ​២០២១ ឲ្យ​ពលរដ្ឋ​វៀតណាម​ខុស​ច្បាប់​ដែល​កំពុង​រស់នៅ​លើ​ផ្ទៃ​ទឹក​នៃ​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ រុះរើ​ផ្ទះ​បណ្ដែតទឹក​ទៅ​រស់នៅ​លើ​គោក​ជំនួស​វិញ។

នាយក​មជ្ឈមណ្ឌល​សារព័ត៌មាន​ដើម​អម្ពិល លោក សយ សុភាព បាន​សរសេរ​លើ​គណនី Facebook របស់​លោក​កាលពី​ថ្ងៃ​ទី​១២ ខែ​មិថុនា ឆ្នាំ​២០២១ ថា ករណី​ជនជាតិ​វៀតណាម​ខុស​ច្បាប់​ជា​ចំណុច​ដែល​មហាជន​កំពុង​យកចិត្ត​ទុកដាក់​តាមដាន​ពី​សមត្ថភាព​របស់​សាលា​ក្រុង​ភ្នំពេញ យ៉ាង​ខ្លាំង​នោះ ថា​តើ​អាជ្ញាធរ​ហ៊ាន​ប្រើ​ច្បាប់​អន្តោប្រវេសន៍​លើ​ជនជាតិ​វៀតណាម​ខុស​ច្បាប់​ទាំងនោះ ដើម្បី​បញ្ជូន​ពួកគេ​ទៅ​ប្រទេស​វៀតណាម វិញ​ដែរ​ឬ​ទេ។

លោក​អះអាង​ថា បញ្ហា​នេះ​អាជ្ញាធរ​ត្រូវ​ត្រួតពិនិត្យ​ដោយ​ហ្មត់ចត់​ជាទីបំផុត ប្រសិនបើ​អ្នក​ទាំងនោះ​ជា​ជនបរទេស​ដែល​កំពុង​រស់នៅ​ដោយ​ខុសច្បាប់​នៅ​កម្ពុជា ត្រូវ​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​ជាដាច់ខាត ដោយ​ចៀសវាង​ការ​បណ្តេញ​ជនជាតិ​វៀតណាម​ខុស​ច្បាប់​ទាំងនោះ​ពី​រាជធានី​ភ្នំពេញ ប៉ុន្តែ​ពួកគេ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​រស់នៅ​តាម​បណ្តា​ខេត្ត​នានា ដូចជា​ខេត្ត​កំពង់ឆ្នាំង និង​ខេត្ត​កណ្តាល ជាដើម ដូច​ដែល​ធ្លាប់​មាន​នា​ពេល​កន្លងមក។

លោក សយ សុភាព បញ្ជាក់​ថា ដើម្បី​ដោះស្រាយ​លំនៅឋាន​បណ្តែតទឹក​តាម​ដងទន្លេ​ទាំងនោះ អាជ្ញាធរ​អាច​ប្រើ​វិធានការ​ដូចជា​ការ​ទិញ​ត្រី​ទាំងអស់​ពី​បែចិញ្ចឹមត្រី​របស់​ពួកគេ ទិញ​សម្ភារៈ ឬ​ឧបករណ៍​ចិញ្ចឹម​ត្រី​ដែល​ពួកគេ​មាន​ជាដើម។ លើស​ពី​នេះ បើ​ម្ចាស់​ចិញ្ចឹម​ត្រី​ជា​ជនជាតិ​ខ្មែរ ត្រូវ​រក​ដីសម្បទាន​សង្គមកិច្ច​ឲ្យ​ពួកគេ​ជាបន្ទាន់។

ទាក់ទិន​នឹង​បញ្ហា​នេះ នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) លោក ប៉ា ងួនទៀង បាន​សរសេរ​លើ​គណនី Facebook របស់​លោក កាលពី​ថ្ងៃ​ទី​១៣ ខែ​មិថុនា ឆ្នាំ​២០២១ ថា បើ​លោក ហ៊ុន សែន ពិតជា​មាន​ឆន្ទៈ​មែន រដ្ឋាភិបាល​របស់​លោក​គួរតែ​អនុវត្ត​ច្បាប់​របស់​កម្ពុជា​ដែល​កំពុង​មាន​សុពលភាព​លើ​បញ្ហា​អន្តោប្រវេសន៍​ទាំងនោះ។

លោក​បញ្ជាក់​ថា ការ​អនុវត្ត​ច្បាប់​នេះ​គួរតែ​អនុវត្ត​ចំពោះ​ជនបរទេស​ខុសច្បាប់​ទាំងអស់ ដោយ​រួមទាំង​វៀតណាម និង​ចិន ជាដើម។ លើស​ពី​នេះ រដ្ឋាភិបាល​ត្រូវតែ​អនុវត្ត​ជា​ប្រព័ន្ធ និង​ជាប្រចាំ មិនមែន​ធ្វើ​តាម​តែ​ចិត្ត​នឹកឃើញ​ម្តងម្កាល ឬ​ធ្វើ​កន្លែង​នេះ តែ​អត់​កន្លែង​នោះ​ដូច​សព្វថ្ងៃ​នេះ​ទេ។

យ៉ាងណាក៏ដោយ កាលពី​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០២០ ក្រសួង​មហាផ្ទៃ បាន​ចេញ​លិខិត​មួយ​ស្ដីពី​ការ​គ្រប់គ្រង​ជនបរទេស​អន្តោប្រវេសន៍​នៅ​កម្ពុជា ថា​ការ​ដោះស្រាយ​អំពី​បញ្ហា​ជន​អន្តោប្រវេសន៍​ត្រូវ​បាន​អូសបន្លាយ និង​រាំងស្ទះ​ដោយសារតែ​ហេតុផល​នយោបាយ​របស់​កម្ពុជា នា​ពេល​បច្ចុប្បន្ន។

ទាក់ទិន​នឹង​បញ្ហា​នេះ សារព័ត៌មាន Vietnam News បាន​ចុះផ្សាយ​កាលពី​ពេល​ថ្មីៗ​នេះ​ថា អ្នក​នាំពាក្យ​ការបរទេស​វៀតណាម អ្នកស្រី Lê Thị Thu Hằng ជឿជាក់​ថា រដ្ឋាភិបាល​កម្ពុជា​នឹង​មាន​ការរៀបចំ​ទីតាំង​ថ្មី​សម្រាប់​ជនជាតិ​វៀតណាម​ទាំងនោះ ដោយ​ឈរ​លើ​ហេតុផល​អាច​ទទួល​យក​បាន ជាមួយ​នឹង​ការរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ចាំបាច់​ដែល​អាច​ធានា​ឲ្យ​ជីវិត​របស់​ពួកគេ​មាន​ស្ថិរភាព និង​ការ​គាំទ្រ​សុខុមាលភាព​ពី​សង្គម។

កាលពី​អំឡុង​ឆ្នាំ​២០១៨ រដ្ឋាភិបាល​កម្ពុជា បាន​សម្រេច​ផ្តល់​ដី​ប្រមាណ ៤០​ហិកតារ ស្ថិតនៅ​ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀ ខេត្ត​កំពង់ឆ្នាំង ដើម្បី​រៀបចំ​កន្លែង​រស់នៅ​ថ្មី​សម្រាប់​ជនជាតិ​វៀតណាម និង​ជនជាតិ​អ៊ីស្លាម ដែល​កំពុង​រស់នៅ​លើ​បឹង​ទន្លេសាប​មាន​ចំនួន​ប្រមាណ​ជិត ៥​ពាន់​គ្រួសារ។ ក្នុង​នោះ ជន​អន្តោប្រវេសន៍​វៀតណាម មាន​ចំនួន​ជាង ២៣០០​គ្រួសារ ដែល​ស្មើ​នឹង​ចំនួន​ប្រជាជន​ជាង ១​ម៉ឺន​នាក់។

អ្នក​សង្កេតការណ៍ រិះគន់​ថា ជនជាតិ​វៀតណាម​ខុសច្បាប់​បាន​ហូរ​ចូល​មក​កម្ពុជា​កាន់តែ​ច្រើន​ឡើងៗ បន្ទាប់ពី​លោក ហ៊ុន សែន ត្រូវ​បាន​រដ្ឋាភិបាល​វៀតណាម លើក​បន្តុប​ជា​នាយករដ្ឋមន្ត្រី​ខ្មែរ​កាលពី​ឆ្នាំ​១៩៨៥ មក។ ពួកគេ​រិះគន់​ថា សម័យ​ស្តេច​ជ័យជេដ្ឋាទី២ គ្រាន់តែ​ឲ្យ​ដី​វៀតណាម ខ្ចី​ប៉ុណ្ណោះ តែ​សម័យ​លោក ហ៊ុន សែន ហៅ​វៀតណាម ឲ្យ​ចូល​ស្រុក​ខ្មែរ ហើយ​កាត់​ដី​ឲ្យ​ពួកគេ​រស់នៅ​ថែម​ទៀត។

កាលពី​ឆ្នាំ​១៩៨៦ លោក ហ៊ុន សែន បាន​ចេញ​សារាចរ​ណែនាំ​មួយ​ស្ដីពី​ការ​អនុវត្ត​គោលនយោបាយ​ចំពោះ​ជនជាតិ​វៀតណាម ដែល​បាន​ចូល​រស់នៅ​កម្ពុជា ដោយ​ផ្តល់​ដីធ្លី ទីជម្រក ឧបត្ថម្ភ​ផ្តល់​អត្តសញ្ញាណប័ណ្ណ ថែរក្សា និង​ផ្គត់ផ្គង់ ជាដើម ទៅលើ​ជនជាតិ​វៀតណាម​ទាំងនោះ​ដោយ​យកចិត្ត​ទុកដាក់​ជាទីបំផុត ដែល​សារាចរ​នេះ​នៅតែ​មាន​សុពលភាព​រហូតដល់​សព្វថ្ងៃ​នេះ​ផង​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស