28 C
Phnom Penh

សមាគម​វៀតណាម​ប្រាប់​ជនជាតិ​ខ្លួន​នៅ​កម្ពុជា​កុំ​ត្រឡប់​ទៅ​ប្រទេស​វៀតណាម​វិញ

បទវិភាគ

សមាគម​វៀតណាម​នៅ​កម្ពុជា ប្រកាស​មិន​ឱ្យ​ប្រជាជន​ខ្លួន​ដែល​កំពុង​រស់នៅ​ប្រទេស​កម្ពុជា ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ​ទេ ក្រោម​ហេតុផល​ថា ស្ថានភាព​ជំងឺ​កូវីដ-១៩ នៅ​ក្នុង​ប្រទេស​វៀតណាម កំពុង​រីក​រាលដាល។

ការ​ប្រកាស​របស់​សមាគម​វៀតណាម ធ្វើ​ឡើង​បន្ទាប់ពី​សាលា​រាជធានី​ភ្នំពេញ​បាន​តម្រូវ​ឱ្យ​ម្ចាស់​ផ្ទះ​បណ្តែតទឹក បែចិញ្ចឹមត្រី និង​សំណង់​មិន​រៀបរយ​ផ្សេង​ទៀត រុះរើ​ចេញពី​ទន្លេ​នៅ​រាជធានី​ភ្នំពេញ ដើម្បី​រក្សា​សោភណភាព និង​អនាម័យ។

បើ​តាម​ទំព័រ​ហ្វេសប៊ុក​ឈ្មោះ Khmer Krom Man Journalist ដែល​ដកស្រង់​ចេញពី​សេចក្ដី​ប្រកាស​របស់​សមាគម​វៀតណាម​ប្រចាំ​កម្ពុជា ចុះ​នៅ​ថ្ងៃ​ទី​១៣ ខែ​មិថុនា ឆ្នាំ​២០២១ ឱ្យ​ដឹង​ថា សមាគម​វៀតណាម​បាន​ប្រាប់​ឱ្យ​ជនជាតិ​ខ្លួន​ដែល​ត្រូវ​ផ្លាស់​ទីលំនៅ​ចំនួន ៦​ខណ្ឌ​ក្នុង​រាជធានី​ភ្នំពេញ ត្រូវ​បន្ត​ស្នាក់នៅ​នឹង​កន្លែង​ដើម និង​មិន​ត្រូវ​ផ្លាស់ទី​ផ្ទះ​បណ្ដែតទឹក ផ្ទះ​ទូក និង​ក្បួន ចេញពី​កម្ពុជា ហើយ​ក៏​មិន​ត្រូវ​ត្រឡប់​ទៅ​ប្រទេស​វៀតណាម​វិញ​នោះ​ទេ។

ការ​ប្រាប់​មិន​ឱ្យ​ជនជាតិ​ខ្លួន​ត្រឡប់​ទៅ​ប្រទេស​វៀតណាម​វិញ​នេះ ក្រោម​ហេតុផល​ថា ច្រក​ទ្វារ​ព្រំដែន​វៀតណាម ត្រូវ​បាន​បិទ និង​មិន​អនុញ្ញាត​ឱ្យ​មនុស្ស​ចេញចូល​ប្រទេស​វៀតណាម​ឡើយ ដោយសារតែ​ស្ថានភាព​នៃ​ការ​រីក​រាលដាល​ជំងឺ​កូវីដ-១៩ នៅ​ក្នុង​ប្រទេស​របស់​ខ្លួន។

បើ​តាម​ទំព័រ​ហ្វេសប៊ុក​ឈ្មោះ Khmer Krom Man Journalist ដដែល​ថា បច្ចុប្បន្ន​សមាគម​បាន​ធ្វើការ​ជាមួយ​អាជ្ញាធរ​កម្ពុជា ហើយ​ថា​អាជ្ញាធរ​កម្ពុជា​ក៏​បាន​សម្រួល​ដល់​ប្រជាជន​វៀតណាម ដែល​ត្រូវ​បាន​ផ្លាស់ប្ដូរ​លំនៅឋាន​នៅ​តាម​ដងទន្លេ​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​នោះ។ ករណី​នេះ សមាគម​ស្នើ​ដល់​ពួកគេ​ត្រូវ​គោរព​ទៅ​តាម​គោលការណ៍​របស់​អាជ្ញាធរ​រាជធានី​ភ្នំពេញ ដោយ​ស្ម័គ្រចិត្ត និង​រើ​ទៅ​ចត​នៅ​ទីតាំង​ថ្មី​ដែល​កំណត់​ដោយ​អាជ្ញាធរ​នៅ​ក្នុង​ភូមិ​ក្រួស សង្កាត់​សំរោង ខណ្ឌ​ព្រែកព្នៅ។

កាលពី​ថ្ងៃ​ទី​២ ខែ​មិថុនា អាជ្ញាធរ​រាជធានី​ភ្នំពេញ​ឱ្យ​ម្ចាស់​បែរចិញ្ចឹមត្រី ផ្ទះ​បណ្ដែតទឹក និង​ម្ចាស់​សំណង់​មិន​រៀបរយ​នៅ​លើ​ផ្ទៃ​ទន្លេ រុះរើ​សំណង់​របស់​ខ្លួន​ចេញពី​តំបន់​នោះ​ឱ្យ​អស់ បើ​ពុំនោះទេ​នឹង​ប្រឈម​ផ្លូវ​ច្បាប់។

ប៉ុន្តែ​វិធានការ​នេះ ត្រូវ​បាន​រដ្ឋាភិបាល និង​ប្រធាន​សមាគម​វៀតណាម​នៅ​កម្ពុជា ប្រតិកម្ម​ដោយ​ចាត់ទុក​ការ​ឱ្យ​ពលរដ្ឋ​វៀតណាម​រើ​ផ្ទះ​បណ្ដែតទឹក​ក្នុង​ទន្លេ​ប្រទេស​កម្ពុជា ថា​ធ្វើ​ឡើង​លឿន​ពេក​ដែល​ធ្វើ​ឱ្យ​ប្រជាជន​ខ្លួន​រៀបចំ​មិនទាន់។

ក្រៅពី​ប្រតិកម្ម​ចំពោះ​វិធានការ​របស់​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ហើយ រដ្ឋាភិបាល​និង​ប្រធាន​សមាគម​វៀតណាម ក៏​ទាមទារ​ឱ្យ​រដ្ឋាភិបាល​រក​ទីតាំង​ថ្មី​ឱ្យ​ប្រជាជន​ខ្លួន​រស់នៅ និង​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ជួយ​ធានា​សុខុមាលភាព រួម​ទាំង​ជួយ​ផ្ដល់​ភាព​ស្របច្បាប់​ដល់​ប្រជាជន​វៀតណាម ដែល​កំពុង​រស់នៅ​កម្ពុជា​ទៀត​ផង។

កាលពី​ឆ្នាំ​២០១៨ រដ្ឋាភិបាល​កម្ពុជា​បាន​ផ្ដល់​ដី ៤០​ហិកតារ​នៅ​ខេត្ត​កំពង់ឆ្នាំង ក្រោយ​ពី​បាន​បំផ្លាស់​ទី​អ្នក​ដែល​រស់នៅ​លើ​ផ្ទះ​បណ្ដែតទឹក​ក្នុង​ទន្លេ​នៃ​ខេត្ត​នេះ ឱ្យ​មក​រស់​នៅ​លើ​គោក​វិញ ហើយ​អ្នក​ដែល​ត្រូវ​បំផ្លាស់​ទី​មក​លើ​គោក​នោះ ក៏​មាន​ជនជាតិ​វៀតណាម​ដែរ។

យ៉ាងណា ក៏​ក្រុម​បញ្ញវន្ត​ខ្មែរ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​បញ្ជូន​ជន​អន្តោប្រវេសន៍​វៀតណាម​ដែល​រស់នៅ​កម្ពុជា​ខុសច្បាប់ ទៅ​ប្រទេស​ដើម​វិញ ដោយ​មិន​ត្រូវ​ទុក​ឱ្យ​ពួកគេ​បន្ត​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា​ទៀត ហើយ​ថា​ការ​ផ្ដល់​ភាព​ស្របច្បាប់​ដល់​ជនជាតិ​វៀតណាម ដែល​មាន​ប្រទេស​ជាប់​របង​គ្នា​នេះ វា​គឺជា​ហានិភ័យ​សម្រាប់​ប្រទេស​ជាតិ៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

សេចក្ដីរាយការណ៍ពិសេស