34.8 C
Phnom Penh

អ្នក​ឃ្លាំមើល៖ តើ​គណបក្ស​បេះដូង​ជាតិ​មាន​ការ​គាំទ្រ​ពី​ភាគី​លោក សម រង្ស៊ី ដែរ​ឬ​ទេ?

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រភព​ដែល​គួរ​ឲ្យ​ទុកចិត្ត​បាន ថ្លែង​ថា ក្រុម​លោក ថាច់ សេដ្ឋា កំពុង​ដំណើរការ​បង្កើត​គណបក្ស​បេះដូង​ជាតិ មាន​ឈ្មោះ សៀម ភ្លុក ដែល​តែងតែ​ចោទ​អ្នក​នយោបាយ​មួយ​ចំនួន​ថា​ជា​អាយ៉ង​របស់​គណបក្ស​ប្រជាជន​កម្ពុជា នោះ ជា​អ្នក​ចេញ​មុខ​ស្នើ​ទៅ​ក្រសួង​មហាផ្ទៃ។

លិខិត​របស់​ក្រសួង​មហាផ្ទៃ ចេញ​កាលពី​ថ្ងៃ​ទី​៩ ខែ​មិថុនា ឆ្នាំ​២០២១ ដែល​កាសែត The Cambodia Daily ទទួល​បាន​នៅ​ល្ងាច​មិញ​នេះ បាន​សរសេរ​តប​ទៅ​លោក សៀម ភ្លុក ជា​ស្ថាបនិក​គណបក្ស​បេះដូង​ជាតិ ឲ្យ​បំពេញ​លក្ខខណ្ឌ​មួយ​ចំនួន​ដូចជា​សញ្ញា​សម្គាល់​គណបក្ស ដោយ​អនុលោម​តាម​ការកំណត់​ក្នុង​បញ្ញត្តិ​មាត្រា​១១​ថ្មី ត្រង់​កថា​ខណ្ឌ​ទី​៣ នៃ​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ រួច​ហើយ​ត្រូវ​ផ្ញើ​ជូន​ក្រសួង​មហាផ្ទៃ ជា​កំណត់។

អ្នក​ឃ្លាំមើល​បញ្ហា​សង្គម បាន​ចោទ​ជា​សំណួរ​ថា តើ​គណបក្ស​បង្កើត​ថ្មី​នេះ​មាន​ការ​គាំទ្រ​ពី​ភាគី​លោក សម រង្ស៊ី ដែរ​ឬ​ទេ? ហើយ​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន មាន​វិធានការ​យ៉ាងណា​ដែរ ប្រសិនបើ​គណបក្ស​ថ្មី​នេះ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​អ្នក​នយោបាយ​ដែល​ត្រូវ​តុលាការ​លោក ហ៊ុន សែន កំពុង​តាម​ចាប់​ខ្លួន?

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ស្និទ្ធ​នឹង​លោក កឹម សុខា គឺ​លោក ហ៊ុន កុសល បាន​សរសេរ​ក្នុង​បណ្ដាញ​សង្គម Facebook របស់​លោក​ថា តាមរយៈ​មន្ត្រី​មូលដ្ឋាន​គណបក្ស​សង្គ្រោះ​ជាតិ ប្រាប់​មក​​​ថា សមាសភាព​ដឹកនាំ​គណបក្ស​បេះដូង​ជាតិ ដែល​បង្កើត​ឡើង​ថ្មី​នេះ​មាន​លោក ថាច់ សេដ្ឋា និង​កញ្ញា ស៊ីន ចាន់ពៅរ៉ូស្សិត ជា​សមាសភាព​ដឹកនាំ​បក្ស។

លោក ហ៊ុន កុសល បាន​លើកឡើង​ទៀត​ថា បញ្ហា​នៅ​ត្រង់​ថា តើ​គណបក្ស​នេះ​បង្កើត​ឡើង​ដោយ​មាន​ការ​បើក​ភ្លើង​ខៀវ​ពី​លោក សម រង្ស៊ី និង​លោក អេង ឆៃអ៊ាង ឬ​យ៉ាង​ណា? បើ​មិន​មាន​ការ​បើក​ភ្លើង​ខៀវ​ទេ ប្រជាជន​ខ្មែរ​ត្រូវ​តាមដាន​មើល​ថា តើ​នឹង​មាន​ការ​ថ្កោលទោស​ពី​ភាគី​ក្រុម​លោក សម រង្ស៊ី និង​លោក អេង ឆៃអ៊ាង ឬ​ទេ? ព្រោះ​រហូត​មក ក្រោយ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ឬ​មនុស្ស​ជំនិតៗ​របស់​គាត់​តែង​វាយប្រហារ ថ្កោលទោស​មិន​សំចៃ​មាត់​អ្នក​ចេញ​សុំ​សិទ្ធិ​នយោបាយ​បែក​ចេញ​ពី​គណបក្ស​សង្គ្រោះ​ជាតិ ទៅ​បង្កើត​គណបក្ស​ថ្មី​តាម​ការ​អំពាវនាវ​របស់​លោក ហ៊ុន សែន។

ប្រភព​ដដែល​បញ្ជាក់​ទៀត​ថា បើ​មាន​ការ​បើក​ភ្លើង​ខៀវ​ពី​លោក សម រង្ស៊ី និង​លោក អេង ឆៃអ៊ាង មែន​នោះ តាម​ច្បាប់​គណបក្ស​នយោបាយ​កម្ពុជា ដែល​គណបក្ស​ប្រជាជន​កម្ពុជា បង្កើត​សម្រាប់​ចង​គណបក្ស​សង្គ្រោះ​ជាតិ​នោះ មិន​ថា​អង្គការ សមាគម ឬ​គណបក្ស​នយោបាយ​ទេ គឺ​មិន​អាច​ភ្ជាប់​ជាមួយ​នឹង​ទណ្ឌិត​បាន​ឡើយ ដូច្នេះ​បើ​រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ធ្វើ​មិន​ដឹង មិន​ខ្វល់ខ្វាយ មិន​អនុវត្ត​ច្បាប់​បក្ស​នយោបាយ​ទេ​នោះ បាន​ន័យ​ថា គណបក្ស​ប្រជាជន​កម្ពុជា និង​ភាគី​លោក សម រង្ស៊ី កំពុង​ស្រាក់​ដៃជើង​គ្នា​ដើម្បី​បំផ្លាញ​ស្មារតី​គណបក្ស​សង្គ្រោះ​ជាតិ តាមរយៈ​បង្កើត​បក្ស​ឲ្យ​បាន​ច្រើន​សម្រាប់​ហែហម​កំដរ​អំណាច​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ឆ្នាំ​២០២២ ខាងមុខ​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស