29 C
Phnom Penh

ប្រទេស​ផ្ដាច់ការ​តួកមែនីស្ថាន ជំពាក់​ចិន​៨១០០​លាន​ដុល្លារ​សម្រេច​សង​ចិន​វិញ​គ្មាន​សល់​ក្នុង​រយៈពេល​១២​ឆ្នាំ

បទវិភាគ

មេដឹកនាំ​ផ្ដាច់ការ​នៃ​ប្រទេស​តួកមែនីស្ថាន ប្រកាស​ថា បំណុល​របស់​ប្រទេស​លោក​ជំពាក់​ចិន ពាន់​លាន​ដុល្លារ​ក្នុង​គម្រោង​ឧស្ម័ន និង​ហ្គាស៍ ត្រូវ​បាន​សង​អស់​ហើយ។

ទីភ្នាក់ងារ​សារព័ត៌មាន AFP បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​ទី​១៣ ខែ​មិថុនា ថា​ចិន​បាន​វិនិយោគ​ទឹកប្រាក់​ពាន់​លាន​ដុល្លារ​ក្នុង​ឧស្សាហកម្ម​ឧស្ម័ន​របស់​តួកមែនីស្ថាន ដែល​ជា​ប្រទេស​នាំ​ចេញ​ឧស្ម័ន​មួយ​ដ៏​ធំ។

គម្រោង​ដ៏​សំខាន់​របស់​ប្រទេស​នេះ គឺ​បំពង់​បង្ហូរ​ប្រេង​ផ្ដើម​ពី​ភាគ​ខាងកើត​នៃ​តួកមែនីស្ថាន ហើយ​ឈាន​ដល់​ប្រទេស​ចិន តាមរយៈ​គម្រោង​អភិវឌ្ឍ​ឆ្លងកាត់​នៃ​ប្រទេស​ពីរ​ទៀត គឺ Uzbekistan និង Kazakhstan ដែល​នេះ​គឺ​ផ្លូវ​បង្ហូរ​ឧស្ម័ន​ធំ​ទី​ពីរ​នៅ​ក្នុង​ពិភពលោក។

ប្រធានាធិបតី​តួកមែនីស្ថាន លោក Gurbanguly Berdy-mu-khamedov បាន​ប្រកាស​ដោយ​ស្រង់​មក​ផ្សាយ​ដោយសារ​ព័ត៌មាន​ក្នុង​ស្រុក​ប្រទេស​នោះ​ថា ប្រទេស​របស់​លោក​សង​ប្រាក់​ចិន​អស់​ហើយ​នៃ​គម្រោង​ដំណាក់កាល​អភិវឌ្ឍន៍​ដំបូង​បង្អស់​នៃ​ឧស្ម័ន និង​បំពង់​បង្ហូរ​ប្រេង​ទាន់​ពេលវេលា និង​ពេញលេញ។

ប្រធាន​គ្រប់គ្រង​គម្រោង​នេះ គឺ​លោក Shakhym Abdura-khmanov ក៏​បាន​ប្រាប់​ផង​ដែរ​ថា ធនាគារ​អភិវឌ្ឍន៍​ចិន បាន​ដឹង​ពី​ការ​សង​ប្រាក់​បំណុល​អស់​ហើយ​នេះ​នៅ​ក្នុង​កំណត់ត្រា​មួយ​ដែល​ផ្ញើ​ពី​រដ្ឋាភិបាល​តួកមែនីស្ថាន កាលពី​ថ្ងៃ​ទី​៨ ខែ​មិថុនា ឆ្នាំ​២០២១ នេះ។

ទោះបីជា​លោក​ប្រធានាធិបតី​ប្រទេស​នេះ ក៏ដូចជា​ប្រធាន​គ្រប់គ្រង​គម្រោង​នោះ​មិន​បញ្ជាក់​ពី​ទំហំ​ទឹកប្រាក់​នៃ​កម្ចី​នោះ​ក៏ដោយ តែ​បើ​តាម​ទស្សនកិច្ច​មួយ​របស់​ប្រធាន​ធនាគារ​អភិវឌ្ឍន៍​ចិន គឺ​លោក Jiang Chaoliang បាន​ឱ្យ​ដឹង​ថា ធនាគារ​បាន​ឱ្យ​តួកមែនីស្ថាន ខ្ចី​ប្រាក់ ៨១០០​លាន​ដុល្លារ​ក្នុង​គម្រោង​នេះ។

ការ​នាំចេញ​ឧស្ម័ន គឺ​តួកមែនីស្ថាន បាន​បញ្ជូន​ឧស្ម័ន​ដល់​ទៅ ៣០​ពាន់​លាន​គីប​ក្នុង​មួយ​ឆ្នាំៗ​ទៅ​ឲ្យ​ប្រទេស​ចិន ដែល​លើស​ពី ៦ ទៅ ៧​ដង​ធំ​ជាង​បណ្ដា​ប្រទេស​អាស៊ី​កណ្ដាល​ដែល​ផលិត​ឧស្ម័ន ហើយ​ច្រើន​ជាង​ប្រទេស​រុស្ស៊ី ទៅ​ទៀត។ ខណៈ​ដែល​តួកមែនីស្ថាន ប្រកាស​អំពី​តួលេខ​កំណើន​សេដ្ឋកិច្ច​ប្រកប​ដោយ​រីក​ចម្រើន​រឹងមាំ គឺ​របាយការណ៍​របស់​ក្រុម​អ្នកជំនាញ​បរទេស​បាន​ចង្អុល​បង្ហាញ​ថា ប្រទេស​នេះ​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ទ្រទ្រង់​រូបិយប័ណ្ណ​រឹងមាំ​ជា​ខ្លាំង បើ​ធៀប​នឹង​បណ្ដា​ប្រទេស​កូន​បំណុល​ចិន។

បើ​និយាយ​ពី​គម្រោង​ផ្គត់ផ្គង់​ថាមពល​ឥន្ធនៈ និង​ឧស្ម័ន​ទៅកាន់​ចិន គឺ​នៅ​អាស៊ី​កណ្ដាល ប្រទេស​ដែល​មាន​ទំនាក់ទំនង​បង្ហូរ​ប្រេង​ដំបូង​គេ គឺ​ប្រទេស​កាហ្សាក់ស្ថាន។ ប្រទេស​នេះ​ចាប់ផ្ដើម​ផលិត​ប្រេង​តាំងពី​ខែ​មិថុនា ឆ្នាំ​២០០៣ គឺ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​ចិន ហ៊ូជីនតាវ នៅ​ប្រទេស​នេះ ដោយ​ឈាន​ដល់​កិច្ចព្រមព្រៀង​ពន្លឿន​ការ​បញ្ជូន​ឧស្ម័ន​ទៅ​ឱ្យ​ចិន។

បន្ទាប់ពី​មាន​កិច្ចព្រមព្រៀង​ទាំងនេះ ក្រុមហ៊ុន Kaz Munay Gas និង Petro China បាន​ចាប់ផ្តើម​សិក្សា​លទ្ធភាព​នៃ​គម្រោង​បំពង់​បង្ហូរ​ប្រេង​ទៅ​ឱ្យ​ប្រទេស​ចិន ហើយ​ចិន​ក៏​បន្ត​ការចរចា​ជាមួយ​បណ្តា​ប្រទេស​អាស៊ី​កណ្តាល​ផ្សេង​ទៀត ក្រោម​ប្រាក់​កម្ចី​ពាន់​លាន​ដុល្លារ​ជាមួយ​នឹង​ការ​បញ្ជូន​ឧស្ម័ន​ឱ្យ​ចិន។

នៅ​ថ្ងៃ​ទី​៣ ខែ​មេសា ឆ្នាំ​២០០៦ ប្រទេស​តួកមែនីស្ថាន ក៏​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ក្របខណ្ឌ​ស្ដីពី​ការ​សាងសង់​បំពង់​បង្ហូរ​ប្រេង និង​ការ​ផ្គត់ផ្គង់​ឧស្ម័ន​រយៈពេល​វែង​ជាមួយ​នឹង​ចិន។

នៅ​ខែ​មិថុនា ឆ្នាំ​២០០៧ ក្នុង​ដំណើរ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន គឺ​ប្រធានាធិបតី​តួកមែនីស្ថាន Gurbanguly Berdimuhamedow បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ដើម្បី​ពន្លឿន​ការ​អនុវត្ត​គម្រោង​បំពង់​បង្ហូរ​ឧស្ម័ន។

បំពង់​បង្ហូរ​ប្រេង​ទៅកាន់​ចិន គឺ​សរុប​ប្រហែល ១៨៣៣​គីឡូម៉ែត្រ ដែល​មាន​ក្នុង​ប្រទេស​តួកមែនីស្ថាន បាន​ឆ្លងកាត់ Uzbekistan និង Kazakhstan ត្រូវ​បាន​ស្ថាបនា​ហើយ។

តួកមែនីស្ថាន គឺជា​ប្រទេស​ក្នុង​អតីត​សហភាព​សូវៀត ដែល​មាន​ប្រជាជន​ជាង ៦​លាន​នាក់ ជា​ប្រទេស​ទើប​រក​ឃើញ​ជង្រុក​ប្រេង និង​ឧស្ម័ន​ដ៏​សំខាន់​នៅ​ឆ្នាំ​២០០៦។ ប្រទេស​ចិន បាន​វិនិយោគ​ទឹកប្រាក់​រាប់​ពាន់​លាន​ដុល្លារ នាំ​ឱ្យ​ចិន​ក្លាយ​ជា​ប្រទេស​នាំ​ឧស្ម័ន និង​ប្រេង​ធំ​ជាង​គេ​របស់​តួកមែនីស្ថាន។

យោង​តាម​របាយការណ៍​ប៉ាន់ស្មាន​កម្រិត​បំណុល​របស់​ប្រទេស​ចំនួន ៦៨ នៅ​លើ​ពិភពលោក គឺជា​ម្ចាស់​គម្រោង​ដែល​ទទួល​មូលនិធិ​កម្ចី​របស់​ចិន ក្នុង​គម្រោង​ខ្សែក្រវាត់​មួយ​ផ្លូវ​មួយ BRI បាន​បង្ហាញ ថា នៅ​ក្នុង​ប្រទេស​ចំនួន ៨ រួម​មាន​ប្រទេស​គៀរហ្គីស្ថាន និង​តាជីគីស្ថាន កំពុង​ធ្លាក់​ក្នុង​បំណុល​របស់​ចិន ធ្ងន់ធ្ងរ គឺ​នៅសល់​តែ​ពេលវេលា​ប៉ុណ្ណោះ ដែល​ចិន​នឹង​រឹបអូស​ទ្រព្យសម្បត្តិ​ភាគហ៊ុន​របស់​ប្រទេស​ទាំង​ពីរ​នេះ។

ប្រទេស​អាស៊ី​ខាងត្បូង​មួយ​ទៀត​ដែល​ប្រទេស​ចិន គំរាម​រឹបអូស​ទ្រព្យសម្បត្តិ​ភាគហ៊ុន គឺ​ប្រទេស​ប៉ាគីស្ថាន។ ប្រទេស​នេះ​បាន​ដាក់​ពាក្យ​សុំ​ឱ្យ​ចិន ពន្យារ​ការ​សង​ប្រាក់​កម្ចី​មួយ​លើក​ទៀត​កាលពី​មួយ​ខែ​មុន​នេះ តែ​ចិន​មិនព្រម។ តាម​ព័ត៌មាន គឺ​ប្រទេស​នេះ​កំពុង​សសៀរ​ទៅ​រក​អាមេរិក​ឱ្យ​ជួយ​សង្គ្រោះ​ភាគហ៊ុន​របស់​ខ្លួន តែ​សហរដ្ឋ​អាមេរិក​ត្រូវការ​ឱ្យ​ប្រទេស​នេះ​ទទួល​យល់ព្រម​ជួល​ឱ្យ​អាមេរិក​បង្កើត​មូលដ្ឋាន​កងទ័ព​នៅ​លើ​ទឹកដី​ប្រទេស​នេះ​ជាមុន​សិន៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

សេចក្ដីរាយការណ៍ពិសេស