38 C
Phnom Penh

តើ​កម្ពុជា​អាច​ប្រកាស​ឯករាជ្យ​តាម​វិធី​ណា ស្រប​ពេល​បរទេស​ជិតខាង​មាន​បំណង​ឈ្លានពាន​ឥត​ឈប់​បែប​នេះ?

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ទឹកដី​កម្ពុជា និង​ពលរដ្ឋ​ខ្មែរ​មាន​ប្រវត្តិ​ជូរចត់​ដោយសារ​ការ​រំលោភបំពាន​ពី​បរទេស​ជិតខាង​ជាច្រើន​សម័យកាល ជាពិសេស​ប្រទេស​វៀតណាម តាំងពី​ដូនតា​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ ពួកគេ​បាន​ឈ្លានពាន​កម្ពុជា​គ្រប់​រូបភាព បើ​ទោះបីជា​សកម្មភាព​ទាំងនោះ​ត្រូវ​គេ​មើលឃើញ​ថា​ជា​ការ​ធ្វើ​ទំនាក់ទំនង​ការទូត ការ​ជួយ​ឧបត្ថម្ភ ឬ​ការ​ចង​សម្ព័ន្ធមិត្ត​យ៉ាងណាក៏ដោយ គឺ​គ្រាន់តែ​ជា​ការ​លាក់​មហិច្ឆតា​ដើម្បី​ទន្ទ្រាន និង​រំលោភ​ទឹកដី​របស់​ខ្មែរ​ប៉ុណ្ណោះ។

ក្រុម​អ្នក​ឃ្លាំមើល​រិះគន់​ថា ក្រោយ​ពេល​លោក ហ៊ុន សែន ត្រូវ​បាន​រដ្ឋាភិបាល​វៀតណាម លើក​បន្តុប​ជា​នាយករដ្ឋមន្ត្រី​ខ្មែរ​នៅ​ឆ្នាំ​១៩៨៥ ក្រោយ​មក​កម្ពុជា​បាន​ផុង​ខ្លួន​បន្តិច​ម្តងៗ​ចូល​ក្នុង​ការ​គ្រប់គ្រង​របស់​វៀតណាម ទាំង​វិស័យ​នយោបាយ និង​យោធា ដែល​ធ្វើ​ឲ្យ​កម្ពុជា​បាត់បង់​អធិបតេយ្យភាព​របស់​ខ្លួន​យ៉ាង​ធ្ងន់ធ្ងរ ជាពិសេស​លើ​ឆាក​អន្តរជាតិ​តែម្តង។

បញ្ហា​នេះ បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា យល់ព្រម​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង និង​សន្ធិសញ្ញា​ខុស​ច្បាប់​គ្រប់​បែបយ៉ាង​ជាមួយ​រដ្ឋាភិបាល​វៀតណាម ដែល​សុទ្ធសឹងតែ​ជា​កិច្ចព្រមព្រៀង និង​សន្ធិសញ្ញា​ដែល​ជា​ការ​កាត់​ទឹកដី​ឲ្យ​បរទេស​មួយ​នេះ ក្នុង​នោះ​រួម​មាន​កិច្ចព្រមព្រៀង​ស្ដីពី​ព្រំដែន​ទឹក​ឆ្នាំ​១៩៨២ សារាចរ​អនុញ្ញាត​ឲ្យ​ជនជាតិ​វៀតណាម អាច​ចូល​កម្ពុជា ទាំង​ខុស​ច្បាប់​អន្តោប្រវេសន៍​របស់​ខ្លួន​កាលពី​ឆ្នាំ​១៩៨៦ កិច្ចព្រមព្រៀង​ស្ដីពី​លក្ខន្តិកៈ​ព្រំដែន​ឆ្នាំ​១៩៨៣ និង​សន្ធិសញ្ញា​កំណត់​ព្រំដែន​រដ្ឋ​ឆ្នាំ​១៩៨៥ ជាដើម។

ក្រោម​កិច្ចព្រមព្រៀង​ខុស​ច្បាប់​ទាំងនេះ ប្រទេស​វៀតណាម​បាន​កាត់​ឆ្វៀល​យក​ទឹកដី​ខ្មែរ​ជាច្រើន​អន្លើ ក្នុង​នោះ​មាន​កោះត្រល់ ចង្កោម​កោះក្រចកសេះ និង​គ្រប់គ្រង​ដែនអាកាស ព្រមទាំង​ដាក់​ផ្ទៃ​សមុទ្រ​ទំហំ ១​ម៉ឺន​គីឡូម៉ែត្រក្រឡា​ដែល​ជា​កម្មសិទ្ធិ​របស់​កម្ពុជា ឲ្យ​ទៅ​ជា​ដែនទឹក​រួម​គ្នា​ជាមួយ​វៀតណាម ថែមទៀត។

យ៉ាងណាក៏ដោយ នៅ​អំឡុង​ឆ្នាំ​២០២០ កន្លង​ទៅ​នេះ រដ្ឋាភិបាល​លោក ហ៊ុន សែន ហាក់​បង្ហាញ​ជំហរ​ងាក​ទៅ​រក​មហា​អំណាច​ចិន ដើម្បី​ជា​ខ្នង​បង្អែក​ក្នុង​ការ​ការពារ​អំណាច​របស់​ខ្លួន ក៏​ប្រហែលជា​ដើម្បី​រក្សា​អធិបតេយ្យ​របស់​កម្ពុជា​ផង​ដែរ។

ក្នុង​នោះ រដ្ឋាភិបាល​ចិន បាន​បង្ហាញ​ពី​ការ​រឹតចំណង​ការទូត​ជាមួយ​កម្ពុជា​យ៉ាង​ខ្លាំង ស្រប​ពេល​ដែល​វៀតណាម កំពុង​ព្រួយបារម្ភ​ពី​ឥទ្ធិពល​របស់​ចិន​ទៅលើ​កម្ពុជា ដែល​នឹង​ធ្វើ​ឲ្យ​ខូច​ផែនការ​ឈ្លានពាន​ទឹកដី​កម្ពុជា​របស់​គេ ក៏ដូចជា​ការ​ព្រួយបារម្ភ​ពី​ឥទ្ធិពល​នយោបាយ​ក្នុង​តំបន់​របស់​ចិន ដែល​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អធិបតេយ្យភាព​របស់​វៀតណាម​ផង​ដែរ។

ដើម្បី​បញ្ចៀស​បញ្ហា​នេះ រដ្ឋាភិបាល​ក្រុង​ហាណូយ មាន​តែ​រិះរក​វិធី​ធ្វើ​ឲ្យ​ទំនាក់ទំនង​រវាង​មហា​អំណាច​ចិន និង​កម្ពុជា ត្រូវ​កាត់ផ្ដាច់​ដោយ​ជំនួស​មកវិញ​នូវ​ទំនាក់ទំនង និង​ការ​គ្រប់គ្រង​ដោយ​វៀតណាម​ដដែល និង​ធ្វើ​ឲ្យ​កម្ពុជា​ក្លាយ​ជា​រដ្ឋ​ឯកោ​មួយ​ដែល​មហា​អំណាច​ទាំងអស់​លែង​យកចិត្ត​ទុកដាក់​បន្ត​ទៀត។

ជុំវិញ​បញ្ហា​នេះ កាលពី​ដើម​ខែ​មិថុនា ឆ្នាំ​២០២១ រដ្ឋាភិបាល​កម្ពុជា បាន​ចេញ​សេចក្តី​ជូនដំណឹង​ឲ្យ​ពលរដ្ឋ​វៀតណាម​ខុស​ច្បាប់​ចំនួន ១​ពាន់​គ្រួសារ​ដែល​កំពុង​រស់នៅ​លើ​ផ្ទៃ​ទឹក​នៃ​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ឲ្យ​រុះរើ​ផ្ទះ​បណ្ដែតទឹក​របស់​ពួកគេ​ចេញពី​ផ្ទៃ​ទឹក​របស់​កម្ពុជា​ជាដាច់ខាត។

ប៉ុន្តែ​ឯកអគ្គរដ្ឋទូត​វៀតណាម ប្រចាំ​នៅ​កម្ពុជា លោក វូ ក្វាងមិញ កាលពី​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​២០២១ បាន​ប្រតិកម្ម​ថា ការ​ដាក់​កំហិត​រយៈពេល​ដ៏​ខ្លី​ឲ្យ​ប្រជាជន​វៀតណាម​ខុស​ច្បាប់​ទាំងនោះ​ចាកចេញ​ពី​ផ្ទៃ​ទឹក​របស់​កម្ពុជា គឺជា​វិធានការ​បន្ទាន់​ពេក និង​មិន​អាច​អនុវត្ត​ទៅរួច​ឡើយ។

លោក ស៊ឹម ជី ប្រធាន​សមាគម​វៀតណាម​ប្រចាំ​កម្ពុជា

បន្ថែម​ពី​នេះ ប្រធាន​សមាគម​វៀតណាម លោក ស៊ឹម ជី បាន​ដាក់​លិខិត​ទៅកាន់​រដ្ឋបាល​រាជធានី​ភ្នំពេញ ដោយ​បាន​ស្នើសុំ​បី​ចំណុច​សំខាន់ៗ៖

  • ទី​១ ស្នើសុំ​ពន្យារពេល​សមស្រប​បំផុត​ដើម្បី​ផ្លាស់ប្ដូរ​ទីតាំង
  • ទី​២ ស្នើសុំ​ឱ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ រក​ទីតាំង​ថ្មី​ដែល​ពួកគេ​អាច​ប្រកប​របរ​ចិញ្ចឹម​ត្រី​បាន​សមរម្យ​ដូច​ពី​មុន
  • ទី​៣ ស្នើ​ឱ្យ​មាន​ថវិកា​ដើម្បី​ជួយ​ផ្គត់ផ្គង់​ឱ្យ​ពួកគេ​មាន​លទ្ធភាព​រស់នៅ​ពេល​ពួកគេ​ផ្លាស់ប្ដូរ​ទៅ​រស់នៅ​ទីតាំង​ថ្មី។

លើស​ពី​នេះ អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​វៀតណាម បាន​លើកឡើង​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​ទី​១០ ខែ​មិថុនា ឆ្នាំ​២០២១ អ្នកស្រី Lê Thị Thu Hằng បាន​ស្នើសុំ​កម្ពុជា​រៀបចំ​ឲ្យ​មាន​ផែនទី​បង្ហាញ​ផ្លូវ​សមស្រប​សម្រាប់​សហគមន៍​ពលរដ្ឋ​វៀតណាម ដើម្បី​ធានា​បាន​នូវ​សិទ្ធិ និង​សុខុមាលភាព​ពេញលេញ។

អ្នកស្រី​បាន​បញ្ជា​ឲ្យ​កម្ពុជា​ត្រូវតែ​រៀបចំ​ទីតាំង​ថ្មី​សម្រាប់​ពលរដ្ឋ​វៀតណាម ដែល​ត្រូវ​ឈ​រលើ​ហេតុផល​អាច​ទទួល​យក​បាន​ជាមួយ​នឹង​ការរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ចាំបាច់ ដែល​ធានា​ឱ្យ​ជីវិត​របស់​ពួកគេ​មាន​ស្ថិរភាព និង​ការ​គាំទ្រ​សុខុមាលភាព​ពី​សង្គម​ផង​ដែរ។

ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា បណ្ឌិត គិន ភា បាន​សរសេរ​លើ​គណនី Facebook របស់​លោក កាលពី​ថ្ងៃ​ទី​១៣ ខែ​មិថុនា ថា រដ្ឋាភិបាល​វៀតណាម មិន​គួរ​យក​បញ្ហា​ជន​អន្តោប្រវេសន៍​របស់​ខ្លួន​បង្ក​ឱ្យ​មាន​ការ​ឈឺចាប់​បន្ថែម​ទៀត​ដល់​ពលរដ្ឋ​ខ្មែរ​នោះ​ទេ ហើយ​វៀតណាម គួរ​រៀបចំ​ផែនការ​មាតុភូមិ​និវត្តន៍​សម្រាប់​ជនជាតិ​របស់​ខ្លួន​ទៅកាន់​ប្រទេស​កំណើត​ដើម​វិញ និង​មិន​ត្រូវ​គិតតែ​ពី​សុំ​ភាព​ស្រប​ច្បាប់​សម្រាប់​ពលរដ្ឋ​ខុស​ច្បាប់​របស់​ខ្លួន​ឲ្យ​នៅ​កម្ពុជា​បន្ត​ទៀត​នោះ​ដែរ។

លោក គិន ភា បន្ត​ថា ពេល​នេះ​ល្មម​ដល់​ពេល​បញ្ចប់​នយោបាយ​ដំណើរ​ឆ្ពោះ​ទៅ​ទិស​ខាងលិច ដើម្បី​រំលោភ​ទឹកដី​កម្ពុជា​ហើយ ត្បិត​ក្នុង​ប្រវត្តិសាស្ត្រ​បាន​បង្ហាញ​ថា កម្ពុជា​បាន​បាត់បង់​ទឹកដី​ច្រើន​ណាស់​ទៅ​ប្រទេស​វៀតណាម ដូចជា​ទឹកដី​កម្ពុជាក្រោម និង​ក្រុង​ព្រៃនគរ ដែល​មាន​ពលរដ្ឋ​ដើម​កំណើត​ខ្មែរ​រាប់​លាន​នាក់​រស់នៅ​ទីនោះ ក្នុង​នោះ​ក៏​មាន​កោះត្រល់ និង​ចង្កោម​កោះក្រចកសេះ ដែល​ត្រូវ​ប្រទេស​កុម្មុយនីស្ត​មួយ​នេះ​បាន​គ្រប់គ្រង​រហូត​ដល់​សព្វថ្ងៃ​នេះ​ផង​ដែរ។

ការ​អះអាង​របស់​ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា បណ្ឌិត គិន ភា ធ្វើ​ឡើង​បន្ទាប់ពី​ឯកអគ្គរដ្ឋទូត​វៀតណាម ប្រចាំ​នៅ​កម្ពុជា លោក វូ ក្វាងមិញ បាន​ថ្លែង​ប្រតិកម្ម​ចំពោះ​វិធានការ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ដែល​បាន​សម្រេច​បណ្តេញ​ជនជាតិ​វៀតណាម​ខុស​ច្បាប់​រស់នៅ​តាម​ដងទន្លេ​ក្នុង​ទីក្រុង​ភ្នំពេញ ដើម្បី​រៀបចំ​សណ្ដាប់ធ្នាប់​ក្រុង​ឡើងវិញ​កាលពី​ពេល​ថ្មីៗ​នេះ។

លោក​ចាត់ទុក​ថា សម្ដី​របស់​មន្ត្រី​ទូត​វៀតណាម​ជា​ការ​ប្រមាថ​យ៉ាង​ធ្ងន់ធ្ងរ​ចំពោះ​ឯករាជ្យ និង​អធិបតេយ្យ​របស់​កម្ពុជា ដែល​មានន័យ​បង្កប់​យ៉ាង​ជ្រៅ​ថា រដ្ឋាភិបាល​កម្ពុជា​ស្ថិត​ក្រោម​បង្គាប់​វៀតណាម ឬ​អាយ៉ង​វៀតណាម ដែល​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ចង​កំហឹង និង​ស្អប់​រដ្ឋាភិបាល​ខ្លួនឯង​យ៉ាង​ខ្លាំង។

លោក​ថា សម្ដី​ទាំងនេះ គឺ​លេចចេញ​នូវ​ភាព​ពិសពុល​របស់​វៀតណាម ដែល​មាន​បំណង​ធ្វើ​ឱ្យ​ប្រជាជាតិ​ខ្មែរ​បែកបាក់​សាមគ្គី​ជាតិ បង្កើត​គម្លាត​នៃ​ទំនុក​ចិត្ត​រវាង​ពលរដ្ឋ​កម្ពុជា និង​រដ្ឋាភិបាល​របស់​ខ្លួន​ថែម​ទៀត។

បណ្ឌិត គិន ភា ប្រតិកម្ម​ថា ការ​អនុវត្ត​នូវ​វិធាន​ផ្ទៃក្នុង ឬ​ច្បាប់​ផ្ទៃក្នុង​របស់​កម្ពុជា ក៏ដូចជា​ការកំណត់​នយោបាយ​ក្រៅ​ប្រទេស គឺជា​សិទ្ធិ​ផ្ដាច់មុខ​របស់​កម្ពុជា ដែល​រដ្ឋ​បរទេស​គ្មាន​សិទ្ធិ​មក​លូកលាន់​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​នោះ​ទេ។ ជាក់ស្តែង​ចំណាត់ការ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ គឺជា​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​សុទ្ធសាធ គ្មាន​ពាក់ព័ន្ធ​អ្វី​បន្តិច​ណា​សោះ​ជាមួយ​នឹង​រដ្ឋាភិបាល​វៀតណាម។

លោក​លើកឡើង​ទៀត​ថា ការ​ជួយ​របស់​កម្ពុជា ដើម្បី​បុព្វហេតុ​បង្រួបបង្រួម​ទឹកដី​វៀតណាម បាន​ធ្វើ​ឱ្យ​សហរដ្ឋ​អាមេរិក​ទម្លាក់​គ្រាប់បែក​រាប់​លាន​តោន​នៅ​លើ​ទឹកដី​កម្ពុជា និង​បាន​ធ្វើ​ឱ្យ​ប្រជាជន​កម្ពុជា​ស្លាប់ និង​រង​របួស​រាប់​សែន​នាក់ បន្ទាប់​រដ្ឋាភិបាល​ខ្មែរ​បាន​ជួយ​ជ្រោមជ្រែង​កងទ័ព​យៀកកុង ឲ្យ​លាក់​ខ្លួន​នៅ​ក្នុង​ស្រុក​ខ្មែរ យក​លេស​ទៅ​វាយ​រំដោះ​វៀតណាម​ខាងត្បូង ឬ​កម្ពុជាក្រោម​កាលពី​អំឡុង​ទសវត្ស​១៩៦០។

លោក​លើកឡើង​ថា ពលរដ្ឋ​ខ្មែរ​ពិតជា​មាន​អារម្មណ៍​ចាញ់​ប្រៀប​វៀតណាម​ខ្លាំង​ណាស់ ព្រោះ​ប្រជាជន កម្មាភិបាល និង​ថ្នាក់​ដឹកនាំ​វៀតណាម មិនបាន​គិត​ដល់​តម្លៃ​នៃ​ទំនាក់ទំនង និង​មិត្តភាព​ក្នុង​នាម​ជា​អ្នក​ជិតខាង​ល្អ​នោះ​ទេ តែ​បែរជា​ព្យាយាម​ចាក់​ទឹកត្រី​ទៅ​លើ​ស្នាម​របួស​របស់​ខ្មែរ ដែល​បណ្តាល​ឲ្យ​មាន​ការឈឺចាប់​កាន់តែ​ខ្លាំង​ទៅវិញ។

កាលពី​ដើម​ឆ្នាំ​១៩៦០ រដ្ឋាភិបាល​កម្ពុជា បាន​អនុញ្ញាត​ឲ្យ​វៀតណាម​ខាងជើង​សាងសង់​ផ្លូវ​យុទ្ធសាស្ត្រ​សង្គ្រាម​មួយ​ដែល​ហៅថា «ផ្លូវលំ​ហូជីមិញ» ក្នុង​ចម្ងាយ​ដី ១២៧០​គីឡូម៉ែត្រ តាម​បណ្តោយ​ព្រំដែន​ខាងកើត ពី​ខេត្ត​រតនគិរី រហូត​ដល់​ខេត្ត​កំពត ដែល​ជា​ការ​ជួយ​ជ្រោមជ្រែង​ដល់​កងទ័ព​វៀតណាម​ខាងជើង ឬ​យៀកកុង ឲ្យ​មាន​មូលដ្ឋាន​រឹងមាំ​ក្នុង​ការ​ឈរ​ជើង​ប្រយុទ្ធ​ជាមួយ​កងទ័ព​វៀតណាម​សេរី​ខាងត្បូង ដែល​គាំទ្រ​ដោយ​កងទ័ព​អាមេរិក បើ​ទោះបី​កម្ពុជា​នៅ​ពេល​នោះ​ប្រកាស​ជំហរ​អព្យាក្រឹត្យ មិន​ចូល​បក្ស​សម្ព័ន្ធ​ណាមួយ​ក៏ដោយ។

ដោយសារ​ការ​ជ្រោមជ្រែង​នេះ​ហើយ ទើប​វៀតណាម អាច​រួបរួម​គ្នា​ទៅ​ជា​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម​ដូច​សព្វថ្ងៃ​នេះ។

ប៉ុន្តែ​បញ្ហា​នេះ បាន​រុញ​ឱ្យ​កម្ពុជា​ធ្លាក់​ក្នុង​ភ្នក់ភ្លើង​សង្គ្រាម​ដែល​ត្រូវ​ចំណាយ​ជីវិត​ពលរដ្ឋ​ខ្មែរ​ជាង ៣​លាន​នាក់ ប៉ុន្តែ​វៀតណាម មិន​ដែល​រំឭក​គុណ​បំណាច់​របស់​ខ្មែរ​នោះ​ឡើយ តែ​បែរជា​មាន​គំនិត​ឈ្លានពាន​ទឹកដី​ខ្មែរ​គ្រប់​ល្បិច​កល និង​គ្រប់​រូបភាព ដូចជា​ការ​បង្ហូរ​ជនជាតិ​របស់​ខ្លួន​ដោយ​ខុស​ច្បាប់​ឲ្យ​ចូល​មក​រស់នៅ​លើ​ទឹកដី​កម្ពុជា​រាប់​លាន​នាក់ ជាដើម។

អ្នក​កាសែត​ដែល​ស្និទ្ធ​នឹង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ថា ខ្មែរ​នៅ​ពេល​នេះ​មិនមែន​ខ្មែរ​ក្នុង​រជ្ជកាល​ដែល​រដ្ឋាភិបាល​វៀតណាម មាន​ឥទ្ធិពល​អាច​គាបសង្កត់​បាន​ទៀត​នោះ​ទេ។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​សាលា​រាជធានី​ភ្នំពេញ​បាន​សម្រេច​រុះរើ​ផ្ទះ​បណ្តែតទឹក​ជនជាតិ​វៀតណាម​ខុស​ច្បាប់​ដែល​បាន​រស់នៅ​យ៉ាង​អណាធិបតេយ្យ​តាម​ដងទន្លេ ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ក្រោយ​សេចក្តី​ជូនដំណឹង​របស់​ខ្លួន​បាន​ផុត​កំណត់​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មិថុនា ឆ្នាំ​២០២១ កន្លង​ទៅ​នោះ។

បែចិញ្ចឹមត្រី​របស់​ជនជាតិ​វៀតណាម

ចំណែក​នាយក​មជ្ឈមណ្ឌល​សារព័ត៌មាន​ដើម​អម្ពិល លោក សយ សុភាព បាន​សរសេរ​លើ​គណនី Facebook របស់​លោក​កាលពី​ថ្ងៃ​ទី​១៤ ខែ​មិថុនា ឆ្នាំ​២០២១ ថា ពេលនេះ​ដល់​វេន​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ម្តង​ហើយ ថា​តើ​អគ្គនាយកដ្ឋាន​នេះ​ហ៊ាន​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​លើ​ជនជាតិ​វៀតណាម​ខុស​ច្បាប់​ដែរ​ឬ​ទេ ខណៈ​ពលរដ្ឋ​ខ្មែរ​មួយ​នគរ​នាំគ្នា​អបអរ​វិធានការ​រដ្ឋបាល​រាជធានី​ភ្នំពេញ ដែល​បាន​អនុវត្ត​កន្លងមក​នោះ។

លោក​អះអាង​ថា អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ត្រូវតែ​ពិនិត្យ​ឲ្យ​បាន​ហ្មត់ចត់​ចំពោះ​និគមជន​វៀតណាម ដែល​ធ្លាប់​តែ​រស់នៅ និង​បង្ក​ភាព​អណាធិបតេយ្យ បំពុល​បរិស្ថាន​តាម​ដងទន្លេ​កន្លង​មក និង​ត្រូវ​ដាក់​ចេញ​នូវ​វិធានការ​ស្រង់​ស្ថិតិ​ឲ្យ​បាន​លម្អិត​ថា តើ​ពួកគេ​ចូល​មក​ស្រុក​ខ្មែរ​តាំងពី​ពេលណា និង​មាន​លិខិត​ឆ្លងដែន​ឬ​ទេ? បញ្ហា​នេះ ពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស​កំពុង​រង់ចាំ​មើល​ថា តើ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ នឹង​អនុវត្ត​កិច្ចការ​របស់​ខ្លួន​បាន​ល្អ​ប្រសើរ​កម្រិត​ណា​ចំពោះ​ជនបរទេស​ខុសច្បាប់​ទាំងនោះ​ក្នុង​ស្ថានភាព​នេះ។

លោក សយ សុភាព បញ្ជាក់​ថា បញ្ហា​ដែល​មិន​អនុញ្ញាត​ឲ្យ​និគម​វៀតណាម​រស់នៅ​លើ​ផ្ទៃ​ទឹក ឬ​ក៏​ឡើង​គោក​ក្នុង​ពេលនេះ គឺជា​ប្រធានបទ​សំខាន់​ណាស់ ដូច្នេះ​សូម​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ត្រូវ​បង្ហាញ​ពី​ភាព​ម៉ឺងម៉ាត់​ក្នុង​ការ​អនុវត្ត​ច្បាប់ ដោយ​មិន​ខ្លាចក្រែង​ចំពោះ​ឥទ្ធិពល​របស់​វៀតណាម តទៅទៀត​នោះ​ទេ។

លោក​អះអាង​ថា ប្រទេស​ថៃ មិន​ដែល​ផ្តល់​សញ្ជាតិ​ឱ្យ​និគមជន​វៀតណាម ឬ​ចិន នោះ​ទេ បើ​ទោះបីជា​ជនជាតិ​ទាំងនោះ​រស់នៅ​រហូត​ជិត​ស្លាប់​ទៅវិញ​ក៏ដោយ។

នាយក​មជ្ឈមណ្ឌល​សារព័ត៌មាន​ដើម​អម្ពិល​រូប​នេះ បញ្ជាក់​ថា ពេលនេះ​ខ្មែរ​ត្រូវការ​កសាង​ប្រទេស និង​បង្រួបបង្រួម​ជាតិ បន្ទាប់ពី​ខ្មែរ​បាន​បែកបាក់​សាមគ្គី​ជាតិ​ដោយសារ​បរទេស​ឈ្លានពាន​អស់​រាប់​ទសវត្ស​មក​ហើយ​នោះ។

ទាក់ទិន​នឹង​បញ្ហា​នេះ មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង លោក មាជ សុវណ្ណារ៉ា បាន​អះអាង​ដែរ​ថា សហគមន៍​ភូមិ​អណ្ដែតទឹក​កំពង់ហ្លួង មាន​ទីតាំង​ស្ថិត​ក្នុង​ឃុំ​កំពង់ហ្លួង ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ មាន​ភូមិ​សរុប​ចំនួន ១០ ក្នុង​នោះ​ពលរដ្ឋ​ខ្មែរ​ធ្វើ​ជា​មេភូមិ​មាន​ចំនួន ៣​ភូមិ រីឯ​ជនជាតិ​វៀតណាម ធ្វើជា​មេភូមិ​មាន​ដល់​ទៅ ៧​ភូមិ​ឯណោះ។ លើស​ពី​នេះ ពួកគេ​បាន​ក្លាយ​ជា​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ទៀត​ផង។

លោក​លើកឡើង​ថា ជនជាតិ​វៀតណាម​ដែល​រស់នៅ​ក្នុង​តំបន់​កំពង់ហ្លួង​ទាំងនោះ មិន​ដឹង​ថា​តើ​ពួកគេ​មាន​ឯកសារ​ត្រឹមត្រូវ​តាម​ច្បាប់​អន្តោប្រវេសន៍ ឬ​ស្រប​តាម​ច្បាប់​សញ្ជាតិ​ឬ​ក៏​អត់​នោះ​ទេ ប៉ុន្តែ​ការរស់នៅ​របស់​ពួកគេ ហាក់​មាន​ឥទ្ធិពល​អាងយ៉ាង​វាតទី​ជាង​ពលរដ្ឋ​ខ្មែរ​ជា​ម្ចាស់​ស្រុក​ទៅទៀត។

លោក មាជ សុវណ្ណារ៉ា សម្ដែង​ការ​ព្រួយបារម្ភ​ថា ជនជាតិ​វៀតណាម​ទាំងនោះ​កំពុង​ទន្ទ្រាន និង​កាប់​បំផ្លាញ​ព្រៃ​លិចទឹក​ដែល​ជា​ជម្រក​ត្រី​ពង ដើម្បី​យក​ដី​កាន់កាប់​ជា​កម្មសិទ្ធិ​របស់​ខ្លួន និង​បង្ក​ភាព​អណាធិបតេយ្យ​យ៉ាង​ធ្ងន់ធ្ងរ ដោយ​ការប្រើប្រាស់​ឧបករណ៍​នេសាទ​ខុសច្បាប់​ព្រោងព្រាត​មិន​កោត​ញញើត​ច្បាប់ ឬ​អាជ្ញាធរ​ខ្មែរ​នោះ​ឡើយ។

កាលពី​ឆ្នាំ​២០០៣ ព្រះមហាក្សត្រ​ខ្មែរ ព្រះបាទ​នរោត្តម សីហនុ បាន​ចេញ​ព្រះរាជសារ​មួយ​ទៅកាន់​ជន​រួម​ជាតិ​ខ្មែរ ដោយ​ប្រកាស​ថា ជន​អន្តោប្រវេសន៍​វៀតណាម​ខុសច្បាប់​បាន​ចូល​ទៅ​រស់នៅ​លើ​ទឹកដី​កម្ពុជា មាន​ចំនួន​ដល់​ទៅ​រាប់​លាន​នាក់​ឯណោះ។

ប្រធាន​ប្រតិបត្តិ​នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក ទូច វិបុល បាន​សរសេរ​លើ​គណនី Facebook របស់​លោក កាលពី​ថ្ងៃ​ទី​១៣ ខែ​មិថុនា ឆ្នាំ​២០២១ ថា យុទ្ធសាស្ត្រ​របស់​វៀតណាម​ព្យាយាម​បង្ក​ភាព​វឹកវរ​នៅ​កម្ពុជា ហើយ​ទម្លាក់​កំហុស​ទៅ​ឱ្យ​ចិន ដើម្បី​ទាញ​សហរដ្ឋ​អាមេរិក ឲ្យ​ថ្កោលទោស​កម្ពុជា និង​ចិន ព្រមទាំង​រុញ​ឲ្យ​អាមេរិក និង​ចិន ឈ្លោះ​គ្នា​នៅ​លើ​ទឹកដី​កម្ពុជា​ថែមទៀត។ បញ្ហា​នេះ អ្នក​ដែល​ខាតបង់​គឺ​កម្ពុជា ចំណែក​អ្នក​ដែល​ចំណេញ គឺ​វៀតណាម។

លោក ទូច វិបុល បញ្ជាក់​ថា នាយករដ្ឋមន្ត្រី​កម្ពុជា​ត្រូវតែ​ចេញ​សេចក្តី​ថ្លែងការណ៍​ជា​សាធារណៈ​ដើម្បី​ទប់ស្កាត់ និង​បញ្ឈប់​ការឈ្លានពាន​របស់​វៀតណាម ដោយ​ការ​ស្នើ​ច្បាប់​ទៅ​សភាជាតិ ដើម្បី​ធ្វើ​មោឃភាព​រាល់​សន្ធិសញ្ញា និង​កិច្ចព្រមព្រៀង​ជាមួយ​វៀតណាម​ចោល​ទាំងអស់។ បន្ទាប់មក​ត្រូវតែ​ប្រើ​យន្តការ​អន្តរជាតិ​ប្តឹង​ទៅ​តុលាការ​អន្តរជាតិ​ក្រុង​ឡាអេ អំពី​ការរំលោភ​ដែន​អធិបតេយ្យភាព​របស់​កម្ពុជា​កន្លង​មក។

លោក​អះអាង​ថា ដើម្បី​បាន​ទឹកដី​កម្ពុជា​ត្រឡប់​មក​វិញ និង​បញ្ឈប់​ការឈ្លានពាន​របស់​វៀតណាម រដ្ឋាភិបាល​កម្ពុជា​ត្រូវតែ​ប្រើប្រាស់​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា ឆ្នាំ​១៩៩១ ជាដាច់ខាត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស