បញ្ញវន្តខ្មែរនៅក្រៅស្រុក ទាមទារឲ្យរដ្ឋាភិបាលលោក ហ៊ុន សែន ប្រកាសលុបចោលនូវសន្ធិសញ្ញា កិច្ចព្រមព្រៀង និងឯកសារខុសច្បាប់ទាំងអស់ដែលបានចុះហត្ថលេខាជាមួយរដ្ឋាភិបាលវៀតណាមកន្លងមក ដែលផ្ទុយពីស្មារតីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ និងរដ្ឋធម្មនុញ្ញរបស់ខ្លួន។
ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីព្រះមហាក្សត្រ ព្រះករុណាព្រះបាទនរោត្តម សីហមុនី បានប្រកាសលើបណ្ដាញសង្គមឈ្មោះ Royal du Cambodge ស្ដីពីការរំឭកខួបលើកទី៥៩ឆ្នាំនៃប្រាសាទព្រះវិហារ ដែលកម្ពុជាបានឈ្នះក្តីលើប្រទេសថៃ កាលពីឆ្នាំ១៩៦២ កន្លងទៅនោះ។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក ម៉ែន ណាត បានសរសេរលើគណនី Facebook នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ ថា ព្រះមហាក្សត្រខ្មែរព្រះបាទនរោត្តម សីហមុនី ហាក់ដូចជាកំពុងដាស់តឿនលោក ហ៊ុន សែន និងរដ្ឋាភិបាលរបស់គាត់ ឲ្យមានស្មារតីក្នុងការដោះស្រាយវិបត្តិប្រទេសជាតិធំៗ ដូចជាបញ្ហាអន្តោប្រវេសន៍វៀតណាមខុសច្បាប់ជាដើម ដើម្បីរក្សាអធិបតេយ្យភាពរបស់កម្ពុជា។
លោកអះអាងថា ការលើកឡើងរបស់ព្រះមហាក្សត្រខ្មែរអំពីការរំឭកខួបលើកទី៥៩ឆ្នាំនៃការឈ្នះក្តីលើប្រាសាទព្រះវិហារពីប្រទេសថៃ ទំនងព្រះអង្គកំពុងបង្ហាញផ្លូវលោក ហ៊ុន សែន ថាត្រូវតែប្តឹងប្រទេសវៀតណាម ពីការឈ្លានពានរបស់ពួកគេលើកម្ពុជា ទៅតុលាការអន្តរជាតិ ដូចករណីឈ្នះក្តីប្រាសាទព្រះវិហារកាលពីឆ្នាំ១៩៦២ ដូច្នោះដែរ។
លោកបញ្ជាក់ថា ដើម្បីបញ្ចប់មន្ទិលសង្ស័យរបស់ពលរដ្ឋខ្មែរអំពីទំនាក់ទំនងមិនស្មើមុខរវាងកម្ពុជា-វៀតណាម រដ្ឋាភិបាលលោក ហ៊ុន សែន ត្រូវអនុវត្តច្បាប់អន្តោប្រវេសន៍ និងច្បាប់សញ្ជាតិឲ្យបានម៉ឺងម៉ាត់ទៅលើជនអន្តោប្រវេសន៍វៀតណាមខុសច្បាប់ និងជនបរទេសខុសច្បាប់នានា ក៏ដូចជាជនអន្តោប្រវេសន៍ដែលកាន់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរមិនប្រក្រតីផងដែរ។
លោក ម៉ែន ណាត សង្កត់ធ្ងន់ថា ដើម្បីប្រយោជន៍រួមរបស់កម្ពុជា រដ្ឋាភិបាលខ្មែរត្រូវហ៊ានប្តឹងប្រទេសវៀតណាម ទៅតុលាការអន្តរជាតិ និងសហប្រធានហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ ពីការរំលោភបូរណភាពទឹកដីខ្មែរ ទាំងព្រំដែនគោក និងដែនសមុទ្រ រួមទាំងកោះត្រល់ និងចង្កោមកោះក្រចកសេះជាដាច់ខាត។
លោកបញ្ជាក់បន្ថែមថា ការប្តឹងប្រទេសវៀតណាម មិនមែនជាការបង្កជម្លោះនឹងប្រទេសជិតខាងនោះទេ គ្រាន់តែដើម្បីរក្សាអធិបតេយ្យភាពរបស់ខ្លួនតាមផ្លូវច្បាប់តែប៉ុណ្ណោះ។ យ៉ាងណាក៏ដោយ ក្នុងនាមជាអ្នកជិតខាងដែលត្រូវធ្វើកិច្ចសហប្រតិបត្តិល្អក្នុងតំបន់ កម្ពុជាត្រូវបន្តរឹតចំណងការទូតឲ្យកាន់តែទូលំទូលាយថែមទៀតជាមួយបណ្តាប្រទេសជាមិត្តទាំងអស់ រួមទាំងវៀតណាម ចិន និងសហរដ្ឋអាមេរិក ផងដែរ។
កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ ព្រះមហាក្សត្រខ្មែរព្រះករុណាព្រះបាទនរោត្តម សីហមុនី បានបង្ហោះលើទំព័រ Facebook របស់ព្រះអង្គក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី៥៩ នៃថ្ងៃចូលកាន់កាប់ប្រាសាទព្រះវិហារឡើងវិញ និងខួបទី៥៨ នៃការប្រកាសសាលក្រមតុលាការអន្តរជាតិទីក្រុងឡាអេ ថាកម្ពុជាបានឈ្នះក្តីទៅលើការឈ្លានពាន និងចូលកាន់កាប់ដោយខុសច្បាប់ពីសំណាក់យោធាថៃ លើតំបន់ប្រាសាទព្រះវិហារដោយជោគជ័យ។
អ្នកកាសែតដែលស្និទ្ធនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជានាយកមជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល លោក សយ សុភាព បានសរសេរលើគណនី Facebook របស់លោកកាលពីថ្ងៃទី១៤ ខែមិថុនា ថា ខ្មែរនៅពេលនេះមិនមែនខ្មែរក្នុងរជ្ជកាលដែលរដ្ឋាភិបាលវៀតណាម មានឥទ្ធិពលអាចគាបសង្កត់បាននោះទេ។
ជុំវិញបញ្ហានេះ ក្រុមអ្នកឃ្លាំមើលសង្គម លើកឡើងថា ដើម្បីរក្សាឯករាជភាព បូរណភាពទឹកដី និងអធិបតេយ្យភាពរបស់កម្ពុជា រដ្ឋាភិបាលលោក ហ៊ុន សែន មិនអាចប្រើការចរចាទ្វេភាគីជាមួយវៀតណាមបានទេ ចំពោះការឈ្លានពានរបស់បរទេសជិតខាងមួយនេះ។ កម្ពុជា មានតែដាក់ពាក្យបណ្តឹងទៅតុលាការអន្តរជាតិតែប៉ុណ្ណោះ ដែលមានសិទ្ធិសម្រេចលើបញ្ហានេះ ហើយក៏អាចបញ្ចៀសនូវជម្លោះដែលជាហេតុបង្កឲ្យផ្ទុះសង្គ្រាមរវាងប្រទេសទាំងពីរផងដែរ។
ចាប់តាំងពីឆ្នាំ១៩៨៥ ក្រោយលោក ហ៊ុន សែន ត្រូវបានរដ្ឋាភិបាលវៀតណាម លើកបន្តុបជានាយករដ្ឋមន្ត្រីខ្មែរមក ត្រូវគេមើលឃើញថា កម្ពុជាបានផុងខ្លួនបន្តិចម្តងៗចូលក្នុងការគ្រប់គ្រងរបស់វៀតណាម ទាំងវិស័យនយោបាយ និងយោធា ដែលធ្វើឲ្យកម្ពុជា បាត់បង់អធិបតេយ្យភាពរបស់ខ្លួនយ៉ាងធ្ងន់ធ្ងរ ជាពិសេសលើឆាកអន្តរជាតិតែម្តង៕