29 C
Phnom Penh

លោក ថាច់ សេដ្ឋា បដិសេធ​ពាក់ព័ន្ធ​នឹង​ការ​បង្កើត​គណបក្ស​ថ្មី​បេះដូង​ជាតិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​ម្នាក់​ដែល​ស្និទ្ធ​នឹង​លោក សម រង្ស៊ី គឺ​លោក ថាច់ សេដ្ឋា បាន​បដិសេធ​ថា រូប​លោក​មិន​បាន​ចូលរួម​បង្កើត​គណបក្ស​នយោបាយ​ឈ្មោះ «បេះដូង​ជាតិ» នោះ​ឡើយ។

លោក ថាច់ សេដ្ឋា អតីត​សមាជិក​ព្រឹទ្ធសភា​បក្ស​ប្រឆាំង និង​ជា​ប្រធាន​សហគមន៍​ខ្មែរ​កម្ពុជាក្រោម បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ថា លោក​មិន​បាន​ចូលរួម​បង្កើត​គណបក្ស​នយោបាយ​ថ្មី​ឈ្មោះ «បេះដូង​ជាតិ» នោះ​ទេ ប៉ុន្តែ​លោក​បាន​ដឹង​ពី​គណបក្ស​នយោបាយ​ថ្មី​នេះ ដោយសារ​មាន​ភ្ជាប់​ជាមួយ​នឹង​រូប​លោក​តាមរយៈ​បណ្ដាញ​សង្គម​ហ្វេសប៊ុក និង​ការ​ផ្សព្វផ្សាយ​តាម​បណ្ដាញ​សារព័ត៌មាន​ផ្សេងៗ។

ការ​បដិសេធ​របស់​លោក ថាច់ សេដ្ឋា ធ្វើឡើង​បន្ទាប់ពី​សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បាន​ចែករំលែក​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ថា ក្រុម​លោក ថាច់ សេដ្ឋា និង​កញ្ញា ស៊ិន ចាន់ពៅរ៉ូស្សិត ដែល​ជា​សកម្មជន​អតីត​បក្ស​ប្រឆាំង​នៅ​ខេត្ត​បាត់ដំបង បាន​រួមគ្នា​បង្កើត​គណបក្ស​ថ្មី​បេះដូង​ជាតិ។

ប៉ុន្តែ​តាមរយៈ​ទំព័រ​ហ្វេសប៊ុក​របស់​អនុប្រធាន និង​ប្រធាន​ស្តីទី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្រៅ​ប្រទេស លោក សម រង្ស៊ី លោក អេង ឆៃអ៊ាង ក៏ដូចជា​កញ្ញា ស៊ិន ចាន់ពៅរ៉ូស្សិត នោះ​មិន​បាន​បដិសេធ ឬ​និយាយ​អ្វី​ពាក់ព័ន្ធ​នឹង​គណបក្ស​នយោបាយ​ថ្មី​នេះ​នោះ​ទេ។

គណបក្ស​ថ្មី​បេះដូង​ជាតិ បាន​ស្នើសុំ​ចុះបញ្ជី​ផ្លូវការ​នៅ​ក្រសួង​មហាផ្ទៃ កាលពី​ថ្ងៃ​ទី​០៣ ខែ​មិថុនា ឆ្នាំ​២០២១ ដែល​មាន​តំណាង​ស្ថាបនិក​បង្កើត​គណបក្ស​បេះដូង​ជាតិ ឈ្មោះ សៀម ភ្លុក៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស