34.8 C
Phnom Penh

បណ្ឌិត សុខ ទូច ចោទ​ជា​សំណួរ​ថា ហេតុ​អ្វី​ស្ថាប័ន​ពាក់ព័ន្ធ​ថា​ខ្មែរ​អស់​ត្រី​ហូប?

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ជាន់ខ្ពស់​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា បង្ហាញ​ការ​ភ្ញាក់ផ្អើល​ក្រោយពី​ក្រសួង​កសិកម្ម​កម្ពុជា បាន​ប្រកាស​ថា ប្រទេស​កម្ពុជា​ខ្វះ​ត្រី​ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង​ស្រុក។

ប្រធាន​រាជបណ្ឌិត្យសភា​កម្ពុជា បណ្ឌិត សុខ ទូច បាន​លើកឡើង​នៅ​លើ​បណ្ដាញ​សង្គម​របស់​លោក​នៅ​ថ្ងៃ​ទី​១៧ ខែ​មិថុនា ដោយ​ចោទ​ជា​សំណួរ​ថា ហេតុ​អ្វី​គ្រាន់តែ​ពលរដ្ឋ​វៀតណាម​ឡើង​គោក និង​លែង​ចិញ្ចឹម​ត្រី បែរជា​ស្ថាប័ន​ពាក់ព័ន្ធ​នៅ​កម្ពុជា​អះអាង​ថា កម្ពុជា​ខ្វះ​ត្រី​ហូប ខណៈ​ប្រទេស​ជិតខាង​មាន​ប្រជាជន​ច្រើន​ជាង​កម្ពុជា មាន​ពូជ​ត្រី​តិច​ជាង​កម្ពុជា ហើយ​នៅតែ​មាន​លទ្ធភាព​ដឹក​ត្រី​ចូល​មក​កម្ពុជា​ថែម​ទៀត?

លោក​លើកឡើង​ទៀត​ថា បើ​ឡាវ​ខ្វះ​ត្រី​ហូប ទើប​មិន​ចម្លែក តែ​បើ​ខ្មែរ​ថា​ខ្វះ​ត្រី​ទទួលទាន វា​ដូចជា​ចម្លែក​អស្ចារ្យ​ណាស់ ព្រោះ​ខ្មែរ​មាន​ទន្លេមេគង្គ បឹងទន្លេសាប និង​ស្ទឹង ព្រែក បឹង អូរ​ជាច្រើន​ប្រៀប​ដូច​សរសៃឈាម ហើយ​ថែមទាំង​មាន​សមុទ្រ​ជា​ប្រភព​ត្រី​ទឹកប្រៃ​ទៀត តែ​អស់​ត្រី​ហូប ប្រហែល​មកពី​មូលហេតុ​មួយ​ចំនួន។

លោក​បាន​លើកឡើង​ចំនួន​ទាំងនោះ​ថា៖

  • ទី​១ មិន​បាន​គណនា​ពី​តម្រូវការ​ទីផ្សារ​នៅ​ក្នុង​ស្រុក ដែល​ប្រហែល​មកពី​ខ្វះ​អ្នក​គិត​ចំណោទ​ហើយ
  • ទី​២ ប្រហែល​ជា​មកពី​ព្រៃលិចទឹក​ត្រូវ​បាន​បំផ្លាញ​អស់
  • ទី​៣ ប្រហែល​មកពី​បឹង​ត្រូវ​បាន​លុប
  • ទី​៤ ប្រហែល​មកពី​តំបន់​នេសាទ និង​តំបន់​ចិញ្ចឹម​ត្រី មិន​ត្រូវ​បាន​រៀបចំ​ទៅតាម​សក្ដានុពល តែ​បែរជា​ត្រូវ​បាន​លុប​ដោយសារ​តម្លៃ​ទីផ្សារ​ដី​ឡើង​ខ្ពស់ នាំគ្នា​លុប​បឹង ស្ទឹង អូរ យក​ទៅ​លក់។
  • ទី​៥ គឺ​មិន​បាន​ចង​ជា​សហគមន៍ ដើម្បី​ឱ្យ​ការ​ផលិត​ឆ្លើយតប​ទៅ​នឹង​តម្រូវការ​ទីផ្សារ
  • ទី​៦ កម្ពុជា​មិន​បាន​កែច្នៃ​វត្ថុធាតុដើម​ក្នុង​ស្រុក​ដែល​មាន ឱ្យ​ទៅ​ជា​ចំណី​របស់​សត្វ ឬ​មនុស្ស តែ​កម្ពុជា​បែរជា​ទិញ​ចំណី​ស្រាប់​ពី​ប្រទេស​ជិតខាង​មក​ឱ្យ​សត្វ ដែល​ធ្វើ​ឱ្យ​ថ្លៃ​ដើម​ផលិត​ខ្ពស់​មិន​អាច​ប្រកួតប្រជែង​បាន
  • ទី​៧ បើ​ត្រី​ដែល​ចិញ្ចឹម​បាន​មាន​អតិផរណា យើង​អាច​កែច្នៃ​ត្រី​ទៅជា​ផលិតផល​ជាច្រើន​តាម​លក្ខណៈ​ប្រពៃណី មិនបាច់​ប្រើ​វិទ្យាសាស្ត្រ​ទេ ដូចជា ផ្អក ប្រហុក ត្រីងៀត ត្រីឆ្អើរ ទោះ​ជា​មិន​បាច់​ធ្វើ​ត្រី​ខ​កំប៉ុង ក៏​ត្រី​គ្មាន​អតិផរណា​ដែរ។

ក្រោយ​ពេល​ដែល​សាលា​រាជធានី​ភ្នំពេញ​បាន​ប្រកាស​បណ្ដេញ​ជនជាតិ​វៀតណាម ដែល​កំពុង​រស់នៅ និង​ចិញ្ចឹម​ត្រី​តាម​ដងទន្លេ​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​មក​នោះ គឺ​មាន​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​និយាយ​ហាក់​ចំអក​ផង និង​មើលងាយ​ខ្មែរ​ផង​ថា បើ​ដេញ​វៀតណាម ប្រាកដ​ជា​ខ្មែរ​អត់​ត្រី​ហូប​មិនខាន។

ក្រោយ​ការ​ជជែក​របស់​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម គឺ​កាលពី​ថ្ងៃ​ទី​១៥ ខែ​មិថុនា ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​សារភាព​តាមរយៈ​សេចក្តី​ប្រកាស​ព័ត៌មាន​ថា ការ​ផ្គត់ផ្គង់​ត្រី​នៅ​កម្ពុជា​នៅតែ​ជួប​បញ្ហា​ប្រឈម ដោយ​មិន​ទាន់​អាច​ដោះស្រាយ​បាន​នៅឡើយ។

ក្រសួង​កសិកម្ម លើក​មូលហេតុ​ចម្បងៗ​ថា ការ​ជួប​បញ្ហា​ប្រឈម​ក្នុង​ការ​ផ្គត់ផ្គង់​ត្រី​នៅ​កម្ពុជា គឺ៖

  • បណ្តាល​មក​ពី​ការ​ថមថយ​ត្រី​ពី​ធម្មជាតិ
  • ការ​មាន​បដិបក្ខ​ក្នុង​ការ​គ្រប់គ្រង​ទីផ្សារ​ត្រី​នៅ​កម្ពុជា
  • និង​ការប្រកួតប្រជែង​ទីផ្សារ​ត្រី​ជាដើម។

ផ្ទុយពី​ការ​លើកឡើង​របស់​​​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ សមាគម​វារីវប្បករ​នៅ​កម្ពុជា ធ្លាប់​បាន​លើកឡើង​ថា កសិករ​កម្ពុជា​ដែល​ចិញ្ចឹម​ត្រី​សឹងតែ​លែង​ហ៊ាន​ចិញ្ចឹម​ត្រី​ទៅ​ហើយ ដោយសារតែ​ផលិតផល​ប្រមូល​បាន​ហើយ ប៉ុន្តែ​ខ្វះ​ទីផ្សារ និង​ដោយសារ​ការ​នាំចូល​ត្រី​ពី​ក្រៅ​ប្រទេស ជាពិសេស​មកពី​ប្រទេស​វៀតណាម ដែល​មាន​តម្លៃ​ថោក​ជាដើម។

នៅ​ថ្ងៃ​ទី​១៧ ខែ​មិថុនា សមាគម​វារីវប្បករ​នៅ​កម្ពុជា បាន​លើកឡើង​ក្នុង​បណ្ដាញ​សង្គម​របស់​ខ្លួន​ថា អ្នក​ចិញ្ចឹម​ត្រី​កំពុង​មាន​បញ្ហា​ប្រឈម​ធំ គឺ​តម្លៃ​ត្រី​នៅ​ស្រះ​ធ្លាក់​ចុះ​ទាប ហើយ​កាន់តែ​បន្ត​ធ្លាក់​ចុះ ដែល​ពួកគាត់​បាន​រង​ការ​ខាតបង់ និង​កំពុង​ប្រឈម​មុខ​នឹង​ការ​ខាតបង់​ធំ។ អ្នក​ចិញ្ចឹម​ត្រី​អាច​ផលិត​បាន​ត្រី​ច្រើន​ប្រភេទ​សម្រាប់​ទីផ្សារ ប៉ុន្តែ​លំបាក​ចេញ​ទៅ​ទីផ្សារ​ក្នុង​បច្ចុប្បន្ន​នេះ។

សមាគម​វារីវប្បករ​នៅ​កម្ពុជា បាន​អំពាវនាវ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ ជួយ​ខ្នះខ្នែង​ដោះស្រាយ​បញ្ហា​ខាង​ទីផ្សារ​ដល់​ពួកគាត់​ផង និង​សូម​បងប្អូន​ជន​រួម​ជាតិ​ខ្មែរ​ជួយ​គាំទ្រ​ផលិតផល​ជលផល​ខ្មែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស