ចំណែកឯពីប្រទេសកូរ៉េខាងជើងឯណោះវិញ មេដឹកនាំផ្ដាច់ការ គីម ជុងអ៊ុន ប្រកាសថាកូរ៉េខាងជើងជួបវិបត្តិស្បៀង ខណៈប្រជាជន ៣លាននាក់ធ្លាក់ក្នុងភាពទុរភិក្ស។
លោក គីម ជុងអ៊ុន ជាមេដឹកនាំរដ្ឋកុម្មុយនីស្តកូរ៉េខាងជើងបានសារភាពនៅចំពោះមុខកម្មាភិបាលរបស់លោកថា ពេលនេះប្រជាជនកូរ៉េខាងជើងបានធ្លាក់ក្នុងភាពទុរភិក្សហើយ ដោយសារវិស័យកសិកម្មជួបគ្រោះទឹកជំនន់ និងការបំផ្លាញដោយព្យុះទីហ្វុនកាលពីឆ្នាំមុន ខណៈជំងឺកូវីដធ្វើឱ្យខូចសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ។
ទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េ KCNA បានចុះផ្សាយថា លោក គីម ជុងអ៊ុន បានថ្លែងនៅក្នុងមហាសន្និបាតនៃគណៈកម្មការមជ្ឈិមបក្សពលករកូរ៉េខាងជើង កាលពីថ្ងៃអង្គារ ក្នុងសប្ដាហ៍នេះដោយប្រាប់ទៅកម្មាភិបាលរបស់លោកថា ប្រទេសជាតិទាំងមូលជួបវិបត្តិស្បៀងហើយនៅពេលនេះ។
លោកបានឲ្យដឹងថា ផលវិបាកបណ្ដាលមកពីវិបត្តិនៃជំងឺកូវីដ-១៩ គ្រោះខ្យល់ព្យុះ និងទឹកជំនន់ ហើយភាពរាំងស្ងួតទៀតផងបានប៉ះពាល់ជាខ្លាំងដល់សេដ្ឋកិច្ចកូរ៉េខាងជើង។
ស្ថានភាពស្បៀងអាហារជួបការខ្វះខាត បណ្តាលមកពីផែនការធ្វើកសិកម្មមិនអាចសម្រេចតាមផែនការរបស់បក្ស។
ប្រទេសកូរ៉េខាងជើង កាលពីឆ្នាំ២០២០ បានជួបខ្យល់ព្យុះ និងទឹកជំនន់ដោយបានបំផ្លាញផ្ទះសម្បែងរាប់ពាន់ខ្នង និងដីស្រែកសិកម្មអស់ជាច្រើនម៉ឺនហិកតារ។
លោក គីម ជុងអ៊ុន បានណែនាំទៅកម្មាភិបាលរបស់លោកថា ត្រូវតែអនុវត្តឲ្យបាននូវវិធានការទប់ស្កាត់កុំឱ្យប្រទេសរងផលវិបាកធ្ងន់ធ្ងរខ្លាំងពីគ្រោះធម្មជាតិម្ដងទៀត។
មេដឹកនាំរបស់រដ្ឋផ្ដាច់ការមួយនេះ មិនបាននិយាយយោងមួយម៉ាត់នោះទេចំពោះផលវិបាកដោយសារការដាក់ទណ្ឌកម្មសេដ្ឋកិច្ចពីសហគមន៍អន្តរជាតិដឹកនាំដោយសហរដ្ឋអាមេរិក។ ទណ្ឌកម្មសេដ្ឋកិច្ចរបស់សហគមន៍អន្តរជាតិ បានដាក់លើរដ្ឋកុម្មុយនិស្តមួយនេះ ដោយសារតែនៅបន្តអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែរដែលជាការដើរបញ្ច្រាសចរន្តពិភពលោក បានបណ្ដាលឲ្យសេដ្ឋកិច្ចកូរ៉េខាងជើងជួបគ្រោះថ្នាក់ ហើយធ្វើឱ្យប្រទេសផលិតអាវុធប្រល័យលោកមួយនេះជួបគ្រោះខ្វះស្បៀងធ្ងន់ធ្ងរ។
កត្តាមួយទៀត គឺជំងឺរាតត្បាតនៃជំងឺកូវីដ-១៩។ ដើម្បីទប់ស្កាត់ជំងឺនេះ រដ្ឋផ្ដាច់ការមួយនេះបានសម្រេចបិទព្រំដែនជាមួយចិន ដែលជាប្រភពដ៏ធំបំផុតនាំចំណូលចូលប្រទេសកូរ៉េខាងជើង។
តាមបណ្ដាញផ្សាយព័ត៌មាន BBC ប្រជាជនរបស់ប្រទេសនេះយ៉ាងតិច ៣លាននាក់ កំពុងជួបគ្រោះទុរភិក្សធ្ងន់ធ្ងរ។ កន្លងមកមានតែកូរ៉េខាងត្បូង ចិន និងអង្គការស្បៀងអាហារពិភពលោក ដែលបានផ្ដល់ស្បៀងអាហារខ្លះៗឲ្យប្រទេសកុម្មុយនិស្តផ្ដាច់ការមួយនេះ៕