31 C
Phnom Penh

អ្នក​ឃ្លាំមើល​ជំរុញ​រដ្ឋាភិបាល​ចាត់​វិធានការ​លើ​ជន​អន្តោប្រវេសន៍​ខុសច្បាប់​ដើម្បី​កុំ​ឱ្យ​ជាប់​ឈ្មោះ​ជា​មេដឹកនាំ​ក្បត់​ប្រយោជន៍​ជាតិ​ខ្មែរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​ឃ្លាំមើល​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​ដើម្បី​ដេញ​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់​ចេញពី​កម្ពុជា ដោយ​ការ​អនុវត្ត​នេះ​ត្រូវ​ធ្វើ​នៅ​ទូទាំង​ប្រទេស និង​មាន​កិច្ចសហការ​ជាមួយ​ស្ថាប័ន​អន្តរជាតិ​ដែល​ពាក់ព័ន្ធ ដើម្បី​កុំ​ឱ្យ​ជាប់​ឈ្មោះ​ជា​មេដឹកនាំ​ក្បត់​ប្រយោជន៍​ជាតិ​ខ្មែរ ហើយ​គិត​ប្រយោជន៍​ជនជាតិ​វៀតណាម​ខុសច្បាប់​ជា​ធំ។

ក្រុម​អ្នក​ឃ្លាំមើល​បញ្ហា​សង្គម និង​មន្ត្រី​គណបក្ស​ប្រឆាំង ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​លើ​ជន​អន្តោប្រវេសន៍​វៀតណាម​ខុសច្បាប់​ដែល​កំពុង​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​កុំ​ឱ្យ​ជាប់​ឈ្មោះ​ជា​មេដឹកនាំ​ដែល​តែង​គិត​ប្រយោជន៍​ជន​បរទេស​ខុសច្បាប់​ជា​ធំ ជាង​ពលរដ្ឋ​ម្ចាស់​ប្រទេស។

ការ​លើកឡើង​របស់​ក្រុម​អ្នក​ឃ្លាំមើល ធ្វើឡើង​បន្ទាប់ពី​ប្រធាន​សមាគម​វៀតណាម លោក ស៊ឹម ជី បាន​ដាក់​លិខិត​ទៅកាន់​រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​ស្នើសុំ​ពន្យារពេល និង​សម្របសម្រួល​ការផ្លាស់ប្ដូរ​ទីតាំង ព្រមទាំង​ស្នើសុំ​ថវិកា​ខ្លះ​ដើម្បី​ជួយ​ផ្គត់ផ្គង់​ឱ្យ​ពួកគេ​មាន​លទ្ធភាព​ចិញ្ចឹម​ជីវិត​នៅ​ពេល​ចេញ​ទៅវិញ​ជាដើម។

ក្រៅពី​សុំ​ពន្យារពេល និង​ផ្ដល់​ថវិកា សមាគម​វៀតណាម​ក៏​បាន​សុំ​សាលា​រាជធានី​ភ្នំពេញ​ជួយ​រក​ទីតាំង​ថ្មី​ឱ្យ​ជនជាតិ​វៀតណាម អាច​ចិញ្ចឹម​ត្រី​បន្ត​ទៀត​បាន ខណៈ​មន្ត្រី​ការបរទេស​វៀតណាម ស្នើ​មក​រដ្ឋាភិបាល​កម្ពុជា​ឱ្យ​ធានា​អត្ថប្រយោជន៍​សុខុមាលភាព និង​បន្ត​ផ្ដល់​ភាព​ស្រប​ច្បាប់​ដល់​ជនជាតិ​វៀតណាម ដែល​កំពុង​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា បច្ចុប្បន្ន​នេះ។

ជាង​នេះ​ទៅទៀត វៀតណាម​ក៏​ប្រកាស​ប្រាប់​ប្រជាជន​ខ្លួន​ដែល​កំពុង​រស់នៅ​ប្រទេស​កម្ពុជា កុំ​ឱ្យ​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ ក្រោម​ហេតុផល​ថា​ជំងឺ Covid-19 នៅ​ប្រទេស​វៀតណាម កំពុង​រីក​រាលដាល។

អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា ចាត់ទុក​ការ​មិន​ទទួល​យក​ពលរដ្ឋ​របស់​ខ្លួន​ពី​សំណាក់​រដ្ឋាភិបាល​វៀតណាម ដោយ​ហេតុផល​ប្រទេស​ខ្លួន​កំពុង​ឆ្លង Covid-19 នោះ​ថា ធ្វើឡើង​មិន​សមហេតុផល​ឡើយ។ ករណី​នេះ លោក​ថា​រដ្ឋាភិបាល​វៀតណាម គួរតែ​ទទួល​យក​ពលរដ្ឋ​របស់​ខ្លួន ដោយ​យក​ទៅ​ធ្វើ​ចត្តាឡីស័ក​បាន ខណៈ​កម្ពុជា​ក៏​បាន​ទទួល​ពលរដ្ឋ​ខ្មែរ​ពី​ប្រទេស​ថៃ និង​អាមេរិក​កន្លងមក​ផង​ដែរ។

មួយវិញទៀត ប្រសិនបើ​ពួកគេ​មាន​សញ្ជាតិ​វិញ លោក​ថា​លុះត្រាតែ​មាន​ឡាយព្រះហស្តលេខា​ពី​ព្រះមហាក្សត្រ​ជា​មុន​សិន ប៉ុន្តែ​បើ​មិន​មាន​ព្រះមហាក្សត្រ​ឡាយព្រះហស្តលេខា​នោះ មាន​ន័យ​ថា​ការ​ចូល​សញ្ជាតិ​របស់​ពួកគេ​ធ្វើឡើង​មិន​ប្រក្រតី​ឡើយ។

លោក ស៊ឹង សែនករុណា ជំរុញ​ឲ្យ​រដ្ឋាភិបាល​អនុវត្ត​ទៅ​តាម​ច្បាប់​អន្តោប្រវេសន៍​ទៅលើ​ជនជាតិ​វៀតណាម​ទាំងនោះ បើសិនជា​ពួកគេ​ចូល​មក​ដោយ​ខុសច្បាប់ ដូចជា​ប្រទេស​ថៃ វៀតណាម និង​ប្រទេស​ផ្សេង​ទៀត​ដែល​បាន​អនុវត្ត។

ប្រធាន​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស ហៅ​កាត់​ថា សង់ត្រាល់ លោក មឿន តុលា សង្កេត​ឃើញ​ថា វិធានការ​របស់​រដ្ឋាភិបាល​ហាក់ដូចជា​កំពុង​យក​ជនជាតិ​វៀតណាម ដែល​រស់នៅ​ក្នុង​ទឹក​មក​លើ​គោក ដោយ​ផ្តល់​ឲ្យ​នូវ​ទីជម្រក​ត្រឹមត្រូវ ខណៈ​ពួកគេ​រស់នៅ​ក្នុង​ទឹក​មិន​មាន​ស្ថិរភាព​នោះ។

លោក​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ត្រួតពិនិត្យ​មើល​លើ​ជន​អន្តោប្រវេសន៍​ទាំងអស់ បើសិនជា​ពួកគេ​រស់នៅ​ជា​ជន​អន្តោប្រវេសន៍​ស្រប​ច្បាប់ ត្រូវ​ផ្ដល់​ជម្រក​ស្នាក់នៅ និង​ទទួល​បាន​សេវា​ធានា​រ៉ាប់រង​ពី​រដ្ឋ ប៉ុន្តែ​ពួកគេ​ត្រូវ​បង់​ពន្ធ​ចូល​រដ្ឋ​ចំពោះ​តម្លៃ​សេវា​ទាំងនោះ។

បន្ថែម​ពីលើ​នេះ លោក​ថា​រដ្ឋាភិបាល​ត្រូវ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​លើ​ជន​បរទេស​ដែល​មក​កម្ពុជា ដែល​មិន​មាន​ឯកសារ​ត្រឹមត្រូវ​នោះ ត្រូវ​ចាប់​បញ្ជូន​ទៅ​ប្រទេស​កំណើត​វិញ ខណៈ​មន្ត្រី​ដែល​អនុញ្ញាត​ឱ្យ​ជន​បរទេស​ចូល​ដោយ​មិន​មាន​ឯកសារ ត្រូវ​ដាក់​ទោស​ទៅ​តាម​ផ្លូវ​ច្បាប់​ជាធរមាន។

បញ្ហា​ជន​អន្តោប្រវេសន៍​វៀតណាម​ខុសច្បាប់​រស់នៅ និង​ប្រកប​អាជីវកម្ម​នានា​នៅ​កម្ពុជា គឺជា​ប្រធានបទ​ធំ​សម្រាប់​ជាតិ​ខ្មែរ​ទាំងមូល ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ និង​អ្នក​នយោបាយ​បក្ស​ប្រឆាំង​ខ្វល់ខ្វាយ​យ៉ាង​ខ្លាំង​ដោយសារតែ​ជនជាតិ​វៀតណាម​ទាំងនោះ​ចូល​មក​ខុសច្បាប់ ហើយ​ម្យ៉ាងទៀត​មក​ប្រកប​មុខរបរ​នានា​ប្រជែង​នឹង​ពលរដ្ឋ​ខ្មែរ។

ក្រុម​អ្នក​រិះគន់​បាន​នាំគ្នា​បន្ទោស​រដ្ឋាភិបាល​ខ្មែរ​ថា​ចាញ់​ប្រៀប​វៀតណាម ឬ​អាច​ហៅ​ម្យ៉ាងទៀត​ថា ជា​អាយ៉ង​របស់​វៀតណាម ដែល​គេ​អាច​ធ្វើ​អ្វីៗ​គ្រប់​បែបយ៉ាង​មក​លើ​កម្ពុជា។

អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន បាន​សរសេរ​លើ​ទំព័រ Facebook របស់​លោក​កាលពី​ដើម​សប្តាហ៍​កន្លងទៅ​នេះ​ថា ទូក បែត្រី និង​ផ្ទះ​បណ្តែតទឹក​របស់​វៀតណាម ភាគច្រើន​រើ​ពី​ភ្នំពេញ​មក​នៅ​ត្រឹម​ព្រែកព្នៅ ហើយ​ការ​រើ​ចុះ​រើ​ឡើង​របស់​វៀតណាម​នេះ នៅតែ​នៅ​លើ​ទន្លេ​ខ្មែរ​ដដែល ខណៈ​ប្រធាន​សមាគម​វៀតណាម បញ្ជាក់​ថា​ជនជាតិ​ខ្លួន​មួយ​ចំនួន​នៅ​កម្ពុជា បាន​ឡើង​គោក​រួច​ទៅ​ហើយ​នោះ។

ជាង​នេះ​ទៀត លោក​ថា​លោក ហ៊ុន សែន នឹង​មិន​ហ៊ាន​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​ដោយ​បណ្តេញ​ជនជាតិ​វៀតណាម​ឱ្យ​ត្រឡប់​ទៅ​ស្រុក​កំណើត​របស់​ខ្លួន​វិញ​នោះ​ទេ ក្រៅពី​មិន​បញ្ជូន​ទៅវិញ​ហើយ លោក​បារម្ភ​ថា​លោក ហ៊ុន សែន អាច​ផ្ដល់​ដី​ដល់​ជនជាតិ​វៀតណាម​ទាំងនោះ​ស្នាក់នៅ​ដូច​នៅ​ខេត្ត​កំពង់ឆ្នាំង ទៀត​ផង។

លោក អ៊ុំ សំអាន ចាត់ទុក​សកម្មភាព​របស់​អាជ្ញាធរ​វៀតណាម ថា​មាន​ចេតនា​ចង់​លេប​ត្របាក់​កម្ពុជា ទើប​បាន​ឱ្យ​ប្រជាជន​របស់​ខ្លួន​បន្ត​នៅ​ក្រាញ​ននៀល​នៅ​កម្ពុជា ដោយ​មិន​អនុញ្ញាត​ឱ្យ​ចូល​ប្រទេស​វិញ ទាំង​ដែល​ពួកគេ​បាន​ធ្វើ​ដំណើរ​ឆ្លងកាត់​ខេត្ត​កណ្តាល និង​ខេត្ត​ព្រៃវែង ទៅដល់​ព្រំដែន​ជាមួយ​វៀតណាម ហើយ​នោះ។

កាលពី​ឆ្នាំ​២០១៨ រដ្ឋាភិបាល​កម្ពុជា បាន​ផ្ដល់​ដី ៤០​ហិកតារ​នៅ​ខេត្ត​កំពង់ឆ្នាំង ក្រោយ​ពី​បាន​ផ្លាស់​ទី​អ្នក​ដែល​រស់នៅ​លើ​ផ្ទះ​បណ្ដែតទឹក​ក្នុង​ទន្លេ​នៃ​ខេត្ត​នេះ​ឱ្យ​មក​រស់នៅ​លើ​គោក​វិញ ហើយ​អ្នក​ដែល​ត្រូវ​ផ្លាស់​ទី​មក​លើ​គោក​នោះ ក៏​មាន​ជនជាតិ​វៀតណាម ដែរ។

ក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំ​ឆមាស​ទី​១ និង​លើក​ទិសដៅ​ការងារ​នៅ​ឆមាស​ទី​២ ឆ្នាំ​២០២០ កាលពី​ថ្ងៃ​ទី​១៧ ខែ​កក្កដា ឆ្នាំ​២០២០ អគ្គនាយក​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួង​មហាផ្ទៃ លោក គៀត ច័ន្ទថារិទ្ធ បាន​លើកឡើង​ថា ក្នុង​រយៈពេល ៦​ខែ​ឆ្នាំ​២០២០ មាន​ជន​បរទេស​ប្រមាណ​ជា ១៦​ម៉ឺន​នាក់ បាន​ចុះបញ្ជី​តាម​ប្រព័ន្ធ​ព័ត៌មានវិទ្យា​ដើម្បី​សុំ​ស្នាក់នៅ​ក្នុង​ប្រទេស​កម្ពុជា។

បើ​តាម​សេចក្តី​បំភ្លឺ​របស់​​​ក្រសួង​មហាផ្ទៃ ឱ្យ​ដឹង​ថា កាលពី​ខែ​មិថុនា ឆ្នាំ​២០១៩ ក្រសួង​បាន​ដកហូត​ឯកសារ​មិន​ប្រក្រតី​ពី​ជន​បរទេស​រស់នៅ​កម្ពុជា ជិត ៧​ម៉ឺន​នាក់ (៦៩៩៥៧​នាក់) ក្នុង​នោះ​ស្ទើរតែ​ទាំងអស់​ជា​ជនជាតិ​វៀតណាម ខណៈ​ជិត ៩​ម៉ឺន​នាក់ (៨៩៧៨៦​នាក់) កំពុង​រស់នៅ​កម្ពុជា​ដោយ​មាន​ប័ណ្ណ​ស្នាក់នៅ​ជា​អចិន្ត្រៃយ៍​ក្នុង​នាម​ជា​ជន​អន្តោប្រវេសន៍ ដែល​ក្នុង​នោះ​ស្ទើរតែ​ទាំងអស់​ជា​ជនជាតិ​វៀតណាម។

អ្នកវិភាគ​នយោបាយ សង្គម និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ លើកឡើង​ថា សម្ដី​របស់​អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​វៀតណាម និង​ប្រធាន​សមាគម​វៀតណាម ដែល​ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា ផ្ដល់​ភាព​ស្រប​ច្បាប់​ដល់​ពលរដ្ឋ​ខ្លួន​នោះ វា​ឆ្លុះ​បញ្ចាំ​ឱ្យ​ឃើញ​ថា វៀតណាម​កំពុង​ព្យាយាម​បង្ហាញ​ឥទ្ធិពល​ទៅលើ​លោក ហ៊ុន សែន។

លោក​បន្ត​ថា សំណើ​របស់​ភាគី​វៀតណាម គឺ​មិន​ខុស​នោះ​ទេ ប៉ុន្តែ​ចំណុច​ដែល​ខុស​ធំ​នោះ​នៅ​ត្រង់​វៀតណាម ហាក់ដូចជា​បង្ខំ​ឱ្យ​លោក ហ៊ុន សែន ធ្វើ​តាម​សំណើ​របស់​ខ្លួន ដោយ​មិន​បញ្ជាក់​អំពី​ចេតនា​សហការ​របស់​ជនជាតិ​វៀតណាម​ជាមួយ​រដ្ឋាភិបាល​លោក ហ៊ុន សែន នៅ​កម្ពុជា​នោះ​ឡើយ។

លោក គឹម សុខ ចាត់ទុក​សំណើ​របស់​វៀតណាម ថា​ខ្វះ​ហេតុផល​ផ្លូវ​ច្បាប់ និង​មិន​គោរព​ពលរដ្ឋ​ខ្មែរ​ដែល​ជា​ម្ចាស់​ផ្ទះ ទោះបី​ដឹង​ថា​ជនជាតិ​វៀតណាម​ទាំងនោះ​ចូល​មក​កម្ពុជា ដោយ​ការ​លួច​ចូល​ខុសច្បាប់​ក៏ដោយ។

មួយវិញទៀត លោក​ថា​ដើម្បី​ចៀសវាង​អំពើ​ហិង្សា លោក ហ៊ុន សែន គួរ​ប្រមូល​ជនជាតិ​វៀតណាម​ទាំងនោះ​ដាក់​មួយ​កន្លែង ហើយ​ផ្ដល់​ស្បៀងអាហារ​ដល់​ពួកគេ​មួយ​រយៈ​សិន រួច​ពិនិត្យ និង​អនុវត្ត​ទៅ​តាម​ច្បាប់​អន្តោប្រវេសន៍​ដោយ​បញ្ជូន​ពួកគេ​ទៅ​ប្រទេស​វៀតណាម​វិញ។

អ្នកវិភាគ​រូប​នេះ​បន្ត​ថា ពុំ​មាន​ប្រទេស​ណាមួយ​ដែល​ឱបក្រសោប​ជន​អន្តោប្រវេសន៍​ខុសច្បាប់ និង​ឱ្យ​ពួកគេ​មាន​សិទ្ធិ​តវ៉ា​គ្រប់យ៉ាង​នោះ​ទេ ប៉ុន្តែ​បើ​សិន​ជន​អន្តោប្រវេសន៍​ខុសច្បាប់​ធ្វើ​ការ​តវ៉ា​នោះ លោក​ថា​គឺ​បើ​មិន​ជាប់​គុក ក៏​ត្រូវ​ដាក់​ក្នុង​កន្លែង​រឹតត្បិត​សេរីភាព មុន​នឹង​មាន​ដំណោះស្រាយ​តាម​ផ្លូវ​ច្បាប់។

អ្នកវិភាគ​នយោបាយ សង្គម និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ ជំរុញ​ឱ្យ​លោក ហ៊ុន សែន ចាត់​វិធានការ​ជន​អន្តោប្រវេសន៍​ខុសច្បាប់​នា​ពេលនេះ​ទៅ​តាម​ច្បាប់​អន្តោប្រវេសន៍​កម្ពុជា ដើម្បី​បញ្ជាក់​ថា​លោក​នៅ​មាន​សតិ​ជា​ខ្មែរ​ដែរ ដោយ​កុំ​ធ្វើ​បន្លំ​ភ្នែក​ពលរដ្ឋ​ខ្មែរ​ដើម្បី​ឱ្យ​ភ្លេច​ព្រឹត្តិការណ៍​ជាតិ​ធំៗ​ផ្សេងទៀត។

ប៉ុន្តែ​បើ​លោក ហ៊ុន សែន នៅតែ​ធ្វើ​តាម​សំណើ​របស់​ភាគី​វៀតណាម ដោយ​មិនព្រម​បញ្ជូន​ទៅ​ប្រទេស​កំណើត ហើយ​បន្ត​ផ្ដល់​ភាព​ស្រប​ច្បាប់​ដល់​ជនជាតិ​វៀតណាម​ទៀត​នោះ លោក​ថា​លោក ហ៊ុន សែន នឹង​អស់​ឱកាស​រើ​ខ្លួន​ពី​បក្ស​កុម្មុយនិស្ត​យួន ហើយ​ជាប់​ឈ្មោះ​ជា​មេដឹកនាំ​បន្ត​ក្បត់​ប្រយោជន៍​ជាតិ​ខ្មែរ ដោយ​គិត​ប្រយោជន៍​ជនជាតិ​វៀតណាម​ខុសច្បាប់​ជា​ធំ​ទៀត​ផង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស