29 C
Phnom Penh

សហភាព​អឺរ៉ុប និង​អង់គ្លេស បន្ថែម​ទណ្ឌកម្ម​លើ​ពួក​យោធា​ភូមា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រោយ​ពី​អង្គការ​សហប្រជាជាតិ​ថ្កោលទោស សហភាព​អឺរ៉ុប​សម្រេច​បន្ថែម​ទណ្ឌកម្ម​លើ​របប​សឹក​ប្រទេស​ភូមា​នេះ​ថែមទៀត។ សហគមន៍​អឺរ៉ុប ដែល​មាន ២៧​ប្រទេស​នេះ បាន​ដាក់​ទណ្ឌកម្ម​លើ​រដ្ឋមន្ត្រី និង​ឧត្តមសេនីយ៍​យោធា​ភូមា ចំនួន ៨​រូប​ថែមទៀត រួម​ទាំង​ក្រុមហ៊ុន​ចំនួន​៤ ដែល​មាន​ទំនាក់ទំនង​រកស៊ី​ជាមួយ​របប​សឹក​មួយ​នេះ។

មិន​ខុស​ពី​លើក​មុនៗ​នោះ​ទេ គឺ​ទណ្ឌកម្ម​នេះ​ធ្វើឡើង​ក្រោម​ហេតុផល​ដើម្បី​ឆ្លើយតប​នឹង​ការ​បង្ក្រាប​លើ​ក្រុម​បាតុករ និង​ការ​ធ្វើ​រដ្ឋប្រហារ​កាលពី​ថ្ងៃ​ទី​១ កុម្ភៈ។

នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​ខ្លួន សហភាព​អឺរ៉ុប​បាន​សម្រេច​បង្កក​ទ្រព្យសម្បត្តិ និង​ហាមឃាត់​ការ​ផ្តល់​ទិដ្ឋាការ​ចូល​ទៅ​ក្នុង​ទឹកដី​អឺរ៉ុប។ ទណ្ឌកម្ម​លើក​នេះ​ដាក់​ទៅលើ​រដ្ឋមន្ត្រី​មហាផ្ទៃ រដ្ឋមន្ត្រី​សន្តិសុខ រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ រដ្ឋមន្ត្រី​ធនធាន​ធម្មជាតិ រដ្ឋមន្ត្រី​ដឹកជញ្ជូន និង​ឧត្តមសេនីយ៍​ជាន់ខ្ពស់ ៣​រូប​ផ្សេងទៀត​នៃ​របប​សឹក។

ចំពោះ​ក្រុមហ៊ុន​ចំនួន​៤ ដែល​ពាក់ព័ន្ធ​ជាមួយ​របប​យោធា ក្នុង​នោះ​មាន​ដូចជា​ក្រុមហ៊ុន​ត្បូង និង​សហគ្រាស​ឈើ ក៏​ត្រូវ​បាន​ដាក់​ទណ្ឌកម្ម​ដែរ។ មកទល់​ពេលនេះ សហភាព​អឺរ៉ុប បាន​ដាក់​ទណ្ឌកម្ម​លើ​បុគ្គល និង​ក្រុមហ៊ុន​ចំនួន​៣៥។

ទណ្ឌកម្ម​ចុងក្រោយ​របស់​សហភាព​អឺរ៉ុប បាន​ដាក់​ចេញ​ក្នុង​ថ្ងៃ​ដែល​ប្រទេស​អង់គ្លេស បាន​ដាក់​លើ​ក្រុមហ៊ុន និង​មន្ត្រី​ក្នុង​របប​សឹក​នេះ​មួយ​ចំនួន​ទៀត​ផង​ដែរ។ ក្រុម​អ្នក​ឃ្លាំមើល​សិទ្ធិមនុស្ស បាន​គាំទ្រ​ចំណាត់ការ​ថ្មី​នេះ តែ​បាន​ជំរុញ​ឱ្យ​ដាក់​ទណ្ឌកម្ម​បន្ថែម​ទៀត​ក្នុង​ការ​រឹត​បន្តឹង​ប្រាក់ចំណូល​របស់​ពួក​យោធា។

ការ​ដាក់​ទណ្ឌកម្ម​របស់​សហភាព​អឺរ៉ុប និង​អង់គ្លេស បន្ទាប់ពី​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​កាលពី​ថ្ងៃ​ទី​១៨ ខែ​មិថុនា បាន​អនុម័ត​ថ្កោលទោស​រដ្ឋប្រហារ​របស់​ពួក​យោធា។ មហាសន្និបាត​ក៏​បោះឆ្នោត​គាំទ្រ​រដ្ឋាភិបាល​ជាប់ឆ្នោត​របស់​គណបក្ស​សម្ព័ន្ធ​ជាតិ​ប្រជាធិបតេយ្យ ដឹកនាំ​ដោយ​អ្នកស្រី អ៊ុងសាន ស៊ូជី។

មហាសន្និបាត ក៏​បាន​អំពាវនាវ​ដល់​បណ្ដា​ប្រទេស​ដែល​ធ្លាប់​ផ្គត់ផ្គង់​អាវុធ​ទៅ​ឱ្យ​ប្រទេស​ភូមា ឱ្យ​បញ្ឈប់​ការ​លក់​អាវុធ​ឱ្យ​ប្រទេស​នេះ។ មហាសន្និបាត​មិន​បាន​សំដៅ​ទៅលើ​ប្រទេស​ណា​នោះ​ទេ ប៉ុន្តែ​ចំពោះ​ប្រទេស​រុស្ស៊ី ចិន និង​ឥណ្ឌា គឺជា​ប្រភព​ធំ​ជាងគេ​លក់​អាវុធ​ទៅ​ប្រទេស​ភូមា ជាពិសេស​ប្រទេស​រុស្ស៊ី។

ទណ្ឌកម្ម​របស់​សហភាព​អឺរ៉ុប និង​អង់គ្លេស ក៏​បាន​ធ្វើឡើង​ស្រប​ពេល​មេ​រដ្ឋប្រហារ​ឧត្តមសេនីយ៍ មីន អ៊ុងឡាំង ទៅ​ចូលរួម​កិច្ចប្រជុំ​សន្តិសុខ​អន្តរជាតិ​មួយ​នៅ​ក្នុង​ប្រទេស​រុស្ស៊ី។ ក្នុង​អំឡុង​នោះ មេដឹកនាំ​យោធា​ភូមា និង​លេខាធិការ​ក្រុមប្រឹក្សា​សន្តិសុខ​រុស្ស៊ី បាន​ប្ដេជ្ញា​រឹតចំណង​ទំនាក់ទំនង​ទ្វេភាគី​ថែមទៀត។

ចាប់តាំង​ពី​មាន​រដ្ឋប្រហារ​មក របប​សឹក​ភូមា បាន​រង​ទណ្ឌកម្ម​ជាច្រើន​ពី​អាមេរិក សហភាព​អឺរ៉ុប អង់គ្លេស កាណាដា កូរ៉េ​ខាងត្បូង ជប៉ុន អូស្ត្រាលី និង​ប្រទេស​ផ្សេងទៀត។ ដោយសារតែ​រដ្ឋប្រហារ ប្រទេស​ភូមា បាន​ធ្លាក់​ក្នុង​សង្គ្រាម​ស៊ីវិល​ទៅ​ហើយ ដោយ​កម្លាំង​ជាតិនិយម និង​ក្រុម​សម្ព័ន្ធ​ជនជាតិ​ដើម​ភាគតិច​ជាង ១០​ក្រុម បាន​ងើប​ឡើង​ធ្វើ​សង្គ្រាម​ប្រឆាំង​នឹង​របប​សឹក​នេះ ខណៈ​នៅ​បណ្ដា​ទីប្រជុំជន​ធំៗ​បាន​ផ្ទុះ​ហិង្សា​ជា​រៀងរាល់​ថ្ងៃ។

បើ​តាម​សមាគម​ជំនួយ​ដើម្បី​អ្នកទោស​នយោបាយ​ភូមា មនុស្ស​ជាង ៨៧០​នាក់​បាន​ស្លាប់ និង​ជិត ៥០០០​នាក់​ត្រូវ​បាន​ពួក​យោធា​ចាប់ខ្លួន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស