33 C
Phnom Penh

រាជាណាចក្រ​ថៃ ចាប់ផ្ដើម​ធ្លាក់​ក្នុង​ការ​រំជើប​រំជួល​នយោបាយ​ឡើងវិញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅ​ថ្ងៃ​ទី​២៤ ខែ​មិថុនា ខាងមុខ​នេះ គឺជា​ខួប​លើក​ទី​៨៩ នៃ​បដិវត្តន៍​ថ្ងៃ​ទី​២៤ ខែ​មិថុនា ឆ្នាំ​១៩៣២ ដែល​បាន​ផ្លាស់ប្ដូរ​រាជាណាចក្រ​មួយ​នេះ​ពី​របប​រាជានិយម​ផ្ដាច់ការ​ទៅជា​រាជាធិបតេយ្យ​អាស្រ័យ​រដ្ឋធម្មនុញ្ញ​មក​ទល់នឹង​សព្វថ្ងៃ​នេះ។

ក្រុម​អាវ​ក្រហម ក្រុម​អាវ​លឿង ក្រុម​ប្រជាធិបតេយ្យ​វ័យក្មេង​ជំនាន់​ក្រោយ និង​ក្រុម​គាំទ្រ​បក្ស​ប្រឆាំង នឹង​ធ្វើការ​ប្រមូល​ផ្ដុំ​គ្នា​ដើម្បី​រំឭក​ព្រឹត្តិការណ៍​មួយ​នេះ​ដោយ​មាន​ការ​រំពឹង​ថា នឹង​មាន​អ្នក​ចូលរួម​ជាច្រើន​ពាន់​នាក់​នៅ​ទីក្រុង​បាងកក ដែល​កំពុង​ធ្លាក់​ក្នុង​ជំងឺ​រាតត្បាត​កូវីដ-១៩។

ពី​ទីក្រុង​បាងកក កាសែត​ថៃ The Nation បាន​ចុះផ្សាយ​ដោយ​ស្រង់​សម្ដី​លោក​ស្នងការរង​ប៉ូលិស​ក្រុង​បាងកក គឺ​លោក​ឧត្តមសេនីយ៍ Piya Tawichai មក​ចុះផ្សាយ​នៅ​ថ្ងៃ​ទី​២២ ខែ​មិថុនា ថា ក្រុម​គាំទ្រ​ប្រជាធិបតេយ្យ​ចំនួន​៤ ត្រូវ​បាន​រំពឹង​ថា​នឹង​រៀបចំ​ធ្វើ​បាតុកម្ម​នៅ​ថ្ងៃ​ទី​២៤ មិថុនា នោះ។

បើ​តាម​លោក​ស្នងការរង​រូប​នេះ ក្រុម​ទាំង​៤​នេះ​ត្រូវ​បាន​ប្រកាស​ឱ្យ​ដឹង​អំពី​ទីតាំង​ត្រូវ​ធ្វើ​ការ​ប្រមូល​ផ្ដុំ។ ក្រុម​មួយ​ប្រកាស​ប្រមូល​ផ្ដុំ​គ្នា​នៅ​លើ​កំណាត់ផ្លូវ Ratchadamnoen និង​ក្រុម​ពីរ​ទៀត​ធ្វើ​ឡើង​នៅ​ខាងមុខ​វិមាន​រដ្ឋាភិបាល។ ចំណែក​ក្រុម​មួយ​ទៀត ប្រកាស​ប្រមូល​ផ្ដុំ​គ្នា​នៅ​វិមាន​ប្រជាធិបតេយ្យ។ គេ​រំពឹង​ថា ក្រុម​បាតុករ​ក៏​ទាមទារ​ឱ្យ​លោក ប្រាយុទ្ធ ចាន់អូចា ចុះចេញ​ពី​តំណែង​ជា​នាយករដ្ឋមន្ត្រី​ផង​ដែរ។

ឧត្តមសេនីយ៍​ស្នងការរង​ប៉ូលិស​ក្រុង​បាងកក បាន​ឱ្យ​ដឹង​ថា ក្រុម​ប៉ូលិស​បាន​រៀបចំ​ក្នុង​ស្ថានភាព​ទប់ទល់​នឹង​ការ​ប្រមូល​ផ្តុំ បើ​មាន​ករណី​ហិង្សា​កើតឡើង។ លោក​ក៏​បាន​ព្រមាន​ដល់​ប្រជាជន​ក្រុង​បាងកក អំពី​ការ​ជួបជុំ ព្រោះ​រាជធានី​ស្ថិត​ក្រោម​វិធានការ​ទប់ស្កាត់​ជំងឺ​កូវីដ-១៩ ដែល​ហាមឃាត់​ការ​ប្រមូល​ផ្តុំ។

រាជាណាចក្រ​នេះ​បាន​ធ្លាក់​ក្នុង​ការ​តវ៉ា​របស់​និស្សិត និង​យុវជន គឺ​ចាប់តាំង​ពី​ខែ​កក្កដា ឆ្នាំ​២០២០ ដោយ​ពួកគេ​ទាមទារ​ឲ្យ​លោក​នាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា ចុះចេញ​ពី​តំណែង ព្រោះ​បុរស​នេះ​ជា​មេដឹកនាំ​ដែល​កើត​ចេញពី​រដ្ឋប្រហារ​កាលពី​ខែ​ឧសភា ឆ្នាំ​២០១៤។ ប៉ុន្តែ​ចាប់តាំង​ពី​ពេល​នោះ​មក មាន​មនុស្ស​ចំនួន ១៥០​នាក់​ត្រូវ​បាន​ចាប់ខ្លួន ដោយ​ចោទ​ថា​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ប្រមូល​ផ្តុំ​នយោបាយ​ខុសច្បាប់ និង​ការប្រមាថ​អង្គ​ព្រះមហាក្សត្រ​រាជាណាចក្រ​នេះ។

ក្នុង​ចំណោម​នោះ ក៏​មាន​ការ​ដោះលែង និង​ខ្លះ​ទៀត​ត្រូវ​បាន​កាត់ទោស ប៉ុន្តែ​ការ​កាត់ទោស​តែ​ករណី​ប្រមាថ​អង្គ​ព្រះមហាក្សត្រ​ប៉ុណ្ណោះ។

កាលពី​សប្ដាហ៍ ក្រុម​អាវ​ក្រហម​ដែល​មាន​ឥទ្ធិពល​ខ្លាំង​នៅ​ក្នុង​រាជាណាចក្រ​នេះ បាន​ប្រកាស​ថា ចាប់ពី​ថ្ងៃ​ទី​២៤ ខែ​មិថុនា នេះ​ទៅ នឹង​មាន​ការ​ប្រមូល​ផ្ដុំ​នយោបាយ​បណ្ដើរ​ឡើងវិញ ដើម្បី​ប្រឆាំង​នឹង​ការ​ដឹកនាំ​របស់​លោក ប្រាយុទ្ធ ហើយ​ទាមទារ​ឱ្យ​ក្រុម​រណសិរ្ស​ប្រជាធិបតេយ្យ​ដែល​មាន​កម្លាំង​នយោបាយ​ចំនួន ៦​បក្ស ដើរ​ចេញ​ពី​រដ្ឋសភា​ដោយ​ទុក​ឱ្យ​សភា​ខ្វះ​កូរ៉ុម​ប្រជុំ និង​ឈាន​ដល់​ការ​រំលាយ​សភា ហើយ​បោះឆ្នោត​ឡើងវិញ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស