មន្ត្រីជាន់ខ្ពស់នៃក្រសួងបរិស្ថាន អះអាងថា រដ្ឋមន្ត្រីការបរទេសអង់គ្លេស កោតសរសើរចំពោះការអភិវឌ្ឍរីកចម្រើនរបស់កម្ពុជាទាក់ទងនឹងវិស័យបរិស្ថាន ដូចជាការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ការអភិរក្សធនធានធម្មជាតិ ជីវចម្រុះ និងការប្រយុទ្ធប្រឆាំងការជួញដូរសត្វព្រៃឆ្លងដែនជាដើម។
ការអះអាងនេះ ធ្វើឡើងក្នុងជំនួបពិភាក្សារវាងរដ្ឋមន្ត្រីក្រសួងបរិស្ថាន ជាមួយនឹងរដ្ឋមន្ត្រីការបរទេសរបស់អង់គ្លេស ដែលបានធ្វើដំណើរទស្សនកិច្ចនៅកម្ពុជា នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ នេះ ដោយបានជួបពិភាក្សាពីប្រធានបទមួយចំនួនទាក់ទងនឹងវិស័យបរិស្ថាន ដូចជាការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ និងការអភិរក្សធនធានធម្មជាតិរបស់កម្ពុជា ជាដើម។
រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ បានអះអាងទៅកាន់រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក ដូមីនិក រ៉ាអាប់ (Dominic Raab) ថាក្រសួងបរិស្ថានសម្រេចបាននូវសមិទ្ធផលល្អប្រសើរក្នុងកិច្ចការពារបរិស្ថាន និងការអភិរក្សធនធានធម្មជាតិពីការបំផ្លិចបំផ្លាញនានា ទាំងព្រៃឈើ និងជីវចម្រុះរបស់ខ្លួន។
លោក សាយ សំអាល់ បានបញ្ជាក់ទៅកាន់រដ្ឋមន្ត្រីការបរទេសរូបនេះថា អ្វីដែលអង់គ្លេស អាចជួយកម្ពុជាបានក្នុងវិស័យបរិស្ថាន គឺការបណ្តុះបណ្តាលធនធានមនុស្សក្នុងកិច្ចការបរិស្ថាន និងធនធានធម្មជាតិ ដើម្បីបង្កើនភាពជាដៃគូផ្នែកពាណិជ្ជកម្មរវាងអង់គ្លេស និងកម្ពុជា។
រដ្ឋមន្ត្រីក្រសួងបរិស្ថានរូបនេះគូសបញ្ជាក់ថា ក្នុងភាពជាដៃគូពាណិជ្ជកម្ម អង់គ្លេសអាចជួយទិញឥណទានកាបូនរបស់កម្ពុជា ឲ្យបានកាន់តែច្រើន ហើយថវិកាដែលបានមកពីលក់កាបូននេះ នឹងត្រូវប្រើប្រាស់ដើម្បីបម្រើឱ្យការអភិរក្សព្រៃឈើ និងសត្វព្រៃ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានតាមរយៈការផ្តល់មុខរបរ និងចំណូលទៅដល់ប្រជាជនកម្ពុជា។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក ម៉ែន ណាត បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២៣ មិថុនា នេះថា ការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងបរិស្ថាន ប្រហែលគ្រាន់តែជាការលើកឡើងតែមួយជ្រុងនៃការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក ដូមីនិក រ៉ាអាប់ តែប៉ុណ្ណោះ។
លោកអះអាងថា ជាទម្លាប់របស់មន្ត្រីរដ្ឋាភិបាលកម្ពុជា តែងឆ្លៀតឱកាសកេងចំណេញនយោបាយបកស្រាយបំភ័ន្តការពិតក្រោយកិច្ចប្រជុំចប់សព្វគ្រប់ ជាក់ស្តែងដូចជាជំនួបជាមួយឧបការីសហរដ្ឋអាមេរិក កាលពីដើមខែមិថុនា នេះ លោក ហ៊ុន សែន ប្រកាសប្រាប់ពលរដ្ឋខ្មែរត្រឹមពីការដោះបំណុលដែលកម្ពុជា ជំពាក់អាមេរិកប៉ុណ្ណោះ ខណៈការរិះគន់ពីតំបន់សមុទ្ររាមដែលជាការសង្ស័យពីការបោះមូលដ្ឋានយោធាចិន ពីអនុរដ្ឋមន្ត្រីការបរទេសរូបនេះ លោក ហ៊ុន សែន មិនបានប្រកាសជាសាធារណៈនោះទេ។
លោក ម៉ែន ណាត បញ្ជាក់ថា អង់គ្លេសជាប្រទេសដែលមានគោលជំហរលើប្រព័ន្ធលទ្ធិប្រជាធិបតេយ្យដូចសហរដ្ឋអាមេរិកដែរ ដូច្នេះទស្សនកិច្ចការទូតទៅកម្ពុជា នេះមិនត្រឹមតែនិយាយពីបញ្ហាបរិស្ថាន និងសេដ្ឋកិច្ច ឬពាណិជ្ជកម្មប៉ុណ្ណោះទេ ប៉ុន្តែប្រហែលជាមានការលើកឡើងអំពីការគោរពសិទ្ធិមនុស្ស និងការស្ដារលទ្ធិប្រជាធិបតេយ្យផងដែរ ដូច្នេះហើយទើបលោក ហ៊ុន សែន ប្រើលេសធ្វើចត្តាឡីស័កដើម្បីគេចវេសពីការជួបរដ្ឋមន្ត្រីការបរទេសរបស់អង់គ្លេសរូបនេះ។
កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ នេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនថា ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជារបស់រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក ដូមីនិក រ៉ាអាប់ នៅថ្ងៃទី២៣ ខែមិថុនា នេះ នឹងជួបជាមួយរដ្ឋមន្ត្រីការបរទេសលោក ប្រាក់ សុខុន និងរដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ ផងដែរ បន្ទាប់ពីលោក ហ៊ុន សែន ប្រកាសធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃរួចមក។
ទាក់ទងអំពីបញ្ហាបរិស្ថាន និងព្រៃឈើនៅកម្ពុជា កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ សហរដ្ឋអាមេរិកបានសម្រេចបញ្ចប់ជំនួយដល់រដ្ឋាភិបាលកម្ពុជា លើគម្រោងព្រៃឡង់បៃតងដែលមានទំហំទឹកប្រាក់ជាង ១០០លានដុល្លារអាមេរិក ក្រោមហេតុផលថាអាជ្ញាធរកម្ពុជាមិនបានធ្វើការកាត់ទោស ឬចាត់វិធានការច្បាប់ចំពោះឈ្មួញទុច្ចរិតដែលបានប្រព្រឹត្តបទល្មើសបំផ្លាញព្រៃឈើដោយខុសច្បាប់ក្នុងតំបន់អភិរក្សព្រៃឡង់នេះទេ។ ប៉ុន្តែពួកគេបែរជាព្យាយាមធ្វើទុក្ខបុកម្នេញសហគមន៍មូលដ្ឋាន និងសង្គមស៊ីវិលដែលជាដៃគូរបស់ខ្លួន ស្របពេលដែលអ្នកទាំងនោះបានបង្ហាញពីកង្វល់ដ៏សមហេតុផលលើការបាត់បង់ធនធានធម្មជាតិរបស់កម្ពុជាទៅវិញ៕