29 C
Phnom Penh

ភាគ​១៖ តើ​មាន​សេដ្ឋី​ស្រុក​ខ្មែរ​ណាខ្លះ​ប្រមូល​ទ្រព្យ​ពី​ស្រុក​ខ្មែរ​ទៅ​លាក់​ទុក​នៅ​បរទេស?

បទវិភាគ

តើ​មាន​សេដ្ឋី​ស្រុក​ខ្មែរ​ណាខ្លះ​ប្រមូល​ទ្រព្យ​ពី​ស្រុក​ខ្មែរ​ទៅ​លាក់​ទុក​នៅ​បរទេស តាម​កោះ​ឯ​នាយ​សមុទ្រ ដោយ​បើក​ក្រុមហ៊ុន​បំភ័ន្ត​ភ្នែក?

យើង​បាន​រាយការណ៍​ជាច្រើន​រឿង​ច្រើន​លើក​មក​ហើយ​អំពី​របៀប ឬ​របប​គ្រប់គ្រង​ពុករលួយ ដែល​ធ្វើ​ឲ្យ​បាត់បង់​ថវិកា​ចំណូល​រដ្ឋ​ជា​ពន្ធដារ និង​បាត់បង់​ធនធាន​ធម្មជាតិ​ជា​ទ្រព្យសម្បត្តិ​រដ្ឋ។

នេះ​មិន​និយាយ​ត្រឹមតែ​នាហ្មឺន មន្ត្រី​រាជការ ឬ​រដ្ឋការ ទារ​សំណូក​បណ្ដាក់​គ្នា​ដូច​ខ្យង​ពី​តូច​ទៅ​ធំ​នោះ​ទេ គេ​រាប់​បញ្ចូល​ទាំង​ការ​លួច​បញ្ចេញ​ធនធាន​ពី​ចំណូល​ចំណេញ​ក្នុង​ក្រុមហ៊ុន​នានា ទៅ​លាក់​ឯ​ក្រៅ​ប្រទេស ដើម្បី​គេច​បង់​ពន្ធដារ​ច្រើន​នោះ​ផង​ដែរ ជា​អំពើ​ពុករលួយ​តាម​បែប​គៃ​បំបាត់។

អតីត​ឯកអគ្គរដ្ឋទូត ស.រ.អា ប្រចាំ​ប្រទេស​កម្ពុជា ពី​ឆ្នាំ​២០០៨ ដល់​ឆ្នាំ​២០១១ អ្នកស្រី Carol Rodley បាន​បញ្ជាក់​ថា អំពើ​ពុករលួយ​គ្រប់​បែបយ៉ាង​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ធ្វើ​ឲ្យ​រដ្ឋ​បាត់បង់​ចំណូល​យ៉ាង​តិច ៥០០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ។

ក្នុង​ប្រព័ន្ធ​ពុករលួយ ក្រុមហ៊ុន​មួយ​មិន​ចង់​បង់​ពន្ធដារ​ឲ្យ​រដ្ឋ​តាម​អត្រា​កំណត់​ត្រឹមត្រូវ​តាម​ច្បាប់ ម្ចាស់​ក្រុមហ៊ុន​គេ​ទៅ​ចរចា​ជាមួយ​មេ​នាយកដ្ឋាន​ពន្ធដារ ដោយ​ស្នើសុំ​ឲ្យ​ចុះបញ្ជី​អំពី​មុខរបរ​របស់​គេ​ថា រកស៊ី​ខាត ឬ​មិន​សូវ​បាន​ចំណេញ ដោយ​មកពី​មូលហេតុ​នេះ ឬ​មូលហេតុ​នោះ។ ម្ចាស់​ក្រុមហ៊ុន​គេ​ទុក​លុយ​មួយ​ចំណែក​សម្រាប់​សូក​មន្ត្រី​ទារ​ពន្ធដារ។ រឿង​ទូទាត់​គ្នា​ជា​លុយ​សុទ្ធ គ្មាន​នរណា​ដឹង​ក្រៅពី​អ្នក​សូក និង​អ្នក​ទទួល​សំណូក​នោះ​ឡើយ។

ទោះ​ជា​ដូច្នេះ​ក្តី ប្រទេស​អនុវត្ត​ច្បាប់​មែនទែន គេ​អាច​រក​ឃើញ​របៀប​ពុករលួយ​នេះ​តាមរយៈ៖

  • ការ​គយគន់ ឃ្លាំមើល​ជីវភាព​រស់នៅ​របស់​នាហ្មឺន មន្ត្រី​រាជការ ឬ​រដ្ឋការ ដោយ​ពិនិត្យ​មើល​ចំណូល​ពី​គ្រប់​មជ្ឈដ្ឋាន
  • ការ​ចំណាយ
  • សម្បត្តិ​ទ្រព្យ​ផ្ទាល់ខ្លួន
  • ការ​បង់​ពន្ធ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ
  • ការផ្ទេរ​លុយកាក់​ចេញចូល​ធនាគារ ថា​តើ​មនុស្ស​ម្នាក់​ជីវិត​រស់​ដូច​សេដ្ឋី បាន​ធនធាន​ពី​ប្រភព​ណា ស្រប​ច្បាប់ ឬ​មិន​ស្រប​ច្បាប់។

ដោយឡែក​ពី​ពួក​សេដ្ឋី ឧកញ៉ា នាហ្មឺន មន្ត្រី​រកស៊ី​ធ្វើ​ការងារ​បាន​ចំណូល​បែប​ទុច្ចរិត គេច​ពន្ធ​ក្នុង​ស្រុក មាន​ពាណិជ្ជករ​មួយ​បែប​ទៀត​លួច​បញ្ចេញ​ធនធាន​ពី​ក្នុង​ទៅ​ក្រៅ​ស្រុក តាមរយៈ​ការ​ឃុបឃិត​ចែក​កម្រៃ​ជាមួយ​មន្ត្រី​រដ្ឋាភិបាល និង​ស្ថាប័ន​ហិរញ្ញវត្ថុ ទៅ​ដាក់​ក្នុង​ធនាគារ​បរទេស​តាមរយៈ​ការ​បើក​ក្រុមហ៊ុន​ដែល​គេ​ហៅថា «ក្រុមហ៊ុន​សម្បក ឬ​ស្នូក (shell com-pany ឬ shell corporation)» ចុះបញ្ជី​នៅ​ប្រទេស ឬ​ដែនដី​សាធារណសុខ ហៅ​តាម​ភាសា​អង់គ្លេស​ថា commonwealth

តាម​អត្ថន័យ​ពន្យល់​ដោយ Investopedia shell company ឬ shell corporation ជា​ក្រុមហ៊ុន​សម្បក​ទទេ ឬ​ស្នូក​ទទេ គ្មាន​សកម្មភាព​អាជីវកម្ម និង​គ្មាន​អចលន​សម្បត្តិ​អ្វី​ទេ ប៉ុន្តែ​គេ​ច្រើន​តែ​ប្រើ​វា​ជា​ក្រុមហ៊ុន​សម្រាប់​សកម្មភាព​មិន​ស្រប​ច្បាប់ ដើម្បី​លាក់​បំបាំង​ម្ចាស់​មុខរបរ​ពី​រដ្ឋអំណាច​អនុវត្ត​ច្បាប់ ឬ​ពី​ភ្នែក​សាធារណជន។ អ្នក​បើក​ក្រុមហ៊ុន​សម្បក ឬ​ស្នូក​ទទេ​នេះ ភាគច្រើន​ម្ចាស់​ក្រុមហ៊ុន​សាធារណៈ​អ្នក​មាន​មុខរបរ​លាក់លៀម និង​ពលរដ្ឋ​ធម្មតា។ គេ​បើក​ចុះ​ឈ្មោះ​ក្រុមហ៊ុន​បែប​នេះ ដើម្បី​ចៀស​បង់​ពន្ធដារ​ច្រើន​ផង លាក់​លុយ និង​លាង​លុយ​ផង។

ក្នុង​កម្មវិធី​ផ្សាយ​កន្លង​ទៅ យើង​បាន​រាយការណ៍​ថា សាជីវកម្ម​វិនិយោគទុន​កម្ពុជា​ឯ​នាយ​សមុទ្រ Overseas Cambodian Investment Corporation (OCIC) មាន៖

  • ឈ្មោះ ពុង សុវណ្ណ ជា​ប្រធាន​ក្រុម​អភិបាល និង​ជា​នាយក​គ្រប់គ្រង
  • អ្នកស្រី លឹម សុផានី ជា​នាយិកា
  • លឹម ណារី ជា នាយិកា
  • លឹម លីណា ជា​នាយិកា
  • ពុង វ៉ី ជា​នាយក។

ក្រៅពី​គ្រប់គ្រង​ក្រុមហ៊ុន​ក្នុង​ស្រុក​ខ្មែរ​ចំនួន​ប្រមាណ ១២​ក្រុមហ៊ុន អ្នកស្រី លឹម សុផានី មាន​ដាក់​ចំណែក​ហ៊ុន​មាន​មុខនាទី​ក្នុង​ក្រុមហ៊ុន​សម្បក ឬ​ស្នូក​នៅ​ដែនដី​កោះ British Virgin Islands ក្នុង​សមុទ្រ​ការីប៊ីយែន ទ្វីប​អាមេរិក​ភាគ​កណ្តាល ស្ថិត​នៅ​ប៉ែក​អាគ្នេយ៍​រដ្ឋ Florida សហរដ្ឋ​អាមេរិក។

គួរ​កត់សម្គាល់​ថា ដែន​កោះ British Virgin Islands ជា​ដែនដី​អធិបតេយ្យ ប្រើ​រូបិយប័ណ្ណ​ដុល្លារ​អាមេរិក ជា​សមាជិក​មួយ​ក្នុង​ក្រុម​ប្រជាជាតិ​សាធារណសុខ​អង់គ្លេស ឬ British Commonwealth ចំនួន ៥៤​ប្រទេស និង​ដែនដី។ ដើម្បី​ទទួល​បាន​សញ្ជាតិ​អង់គ្លេស​នៅ​កោះ​នោះ ពាណិជ្ជករ​ត្រូវ​ដាក់​ទុន​ចាប់ពី ១០០​លាន​ដុល្លារ​ឡើង​ទៅ។

តាម​សារព័ត៌មាន​ឈ្មោះ Business Insider ផ្សាយ​ថ្ងៃ​ទី​១៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៩ British Virgin Islands ជា​កោះ​លេខ​១ លើស​គេ​ក្នុង​ពិភពលោក ដែល​មិន​ដកហូត​យក​ពន្ធដារ​លើ​ចំណូល​ពី​ក្រុមហ៊ុន ឬ​ពី​បុគ្គល​ដែល​មាន​លុយ​ដាក់​ទុន​រកស៊ី ឬ​តម្កល់​ទុក​នៅ​ទីនោះ។ សហភាព​អឺរ៉ុប បាន​ដាក់​កំហិត​លើ​រដ្ឋបាល​កោះ​នោះ ថា​បើ​មិន​កែ​ច្បាប់​ពន្ធដារ​មុន​ដាច់​ឆ្នាំ​២០១៩ ទេ ឆ្នាំ​២០២០ គេ​នឹង​ដាក់​កោះ​នោះ​ក្នុង​បញ្ជី​ខ្មៅ​អំពី​រឿង​សមគំនិត​ជួយ​លាក់​លុយ។

នៅ​ខែ​មេសា ឆ្នាំ​២០១៦ សមាគម​ក្រុម​អ្នកកាសែត​ស៊ើប​អង្កេត​អន្តរជាតិ (International Consortium of Investigative Journalists=ICIJ) បាន​ស្រាវជ្រាវ​រក​ឃើញ​ក្នុង​ឯកសារ​ប៉ាណាម៉ា (Panama Papers) អ្នកស្រី លឹម សុផានី ដាក់​ហ៊ុន​ជាមួយ​ឈ្មោះ វ៉ង ស្យេហ្វា (Wong Swie Hwa) ក្នុង​ក្រុមហ៊ុន​សម្បក ឬ​ស្នូក​មួយ​ឈ្មោះ «បន្ទាយ​ស្តេច​វិនិយោគ មាន​កំណត់ King Fortress Investment Ltd.» ពី​ក្រុង​ហុងកុង ចុះ​ឈ្មោះ​ក្នុង​បញ្ជី​នៅ​ខែ​មេសា ឆ្នាំ​២០០៨។ អ្នកស្រី លឹម សុផានី ប្រើ​អាសយដ្ឋាន​នៅ​ស្រុក​ខ្មែរ ផ្ទះ​លេខ​២៦៥ ផ្លូវ​លេខ​១១០ ក្រុង​ភ្នំពេញ ចំណែក​ឯ​ដៃគូ វ៉ង ស្យេហ្វា (Wong Swie Hwa) ប្រើ​អាសយដ្ឋាន​ផ្ទះ​លេខ​៣៦G ផ្លូវ​ឌីមីត្រូហ្វ សង្កាត់​មិត្តភាព ខណ្ឌ​៧មករា ក្រុង​ភ្នំពេញ រាជាណាចក្រ​កម្ពុជា។ ក្រុមហ៊ុន​សម្បក ឬ​ស្នូក​ទទេ​នេះ បិទ​នៅ​ក្នុង​ឆ្នាំ​២០១២ ព្រោះ​គ្មាន​សកម្មភាព។

ក្រុមហ៊ុន​ផ្សេង​មួយទៀត​ដែល​មាន​ដាក់​ហ៊ុន​ជាមួយ​ក្រុមហ៊ុន​សម្បក​ទទេ​ឈ្មោះ King Fortress Investment Ltd. គឺ​ក្រុមហ៊ុន​ឈ្មោះ កាំវ៉ាហ៍ វិនិយោគ​ឯ​នាយ​សមុទ្រ (Kam Wah Overseas Investment Ltd.) ដែល​មាន​ម្ចាស់​ហ៊ុន​ឈ្មោះ៖

  • លឹម សុផានី
  • សយ ជីវយិន (Tsoi Chi Yin)
  • វ៉ង សៃនីង (Wong Sai Ning)
  • វ៉ង ស្យេហ្វា។

មេ​អណ្ដើក​ជួយ​រត់ការ​បើក​ក្រុមហ៊ុន​ឈ្មោះ​ក្រុមហ៊ុន Yes Choice Secretaries Ltd. បន្ទប់​លេខ​៣០២/៣/F អគារ Malaysia Building លេខ​៥០ ផ្លូវ​Gloucester ក្រុង​ហុងកុង។

បណ្ឌិត សួស សាគឿន ដាក់​ហ៊ុន​ចូល​ជាមួយ​ក្រុមហ៊ុន​សម្បក ឬ​ក្រុមហ៊ុន​ស្នូក​ទទេ​នៅ​កោះ British Virgin Islands ឈ្មោះ RCD (Ray Chat Dam) អន្តរជាតិ​មាន​កំណត់ (RCD International Ltd.) ដែល​ចុះបញ្ជី​នៅ​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០០៧ ហើយ​បិទ​នៅ​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ឆ្នាំ​២០១០ ព្រោះ​គ្មាន​សកម្មភាព។

សូម​បញ្ជាក់​ថា អក្សរ​កាត់​ជា​ភាសា​អង់គ្លេស RCD ជា​ឈ្មោះ​ពេញ​ថា Ray Chat Dam ដែល​ជា​ភាសា​ខ្មែរ​ថា​ឈ្មោះ ដាំ ឆត្រិយ៍។ បណ្ឌិត សួស សាគឿន ប្រើ​អាសយដ្ឋាន​នៅ​ស្រុក​ខ្មែរ ផ្ទះ​លេខ​៥០បេ ផ្លូវ​លេខ​២៤០ ក្រុង​ភ្នំពេញ រាជាណាចក្រ​កម្ពុជា។ ឯ​មេ​អណ្ដើក​រត់ការ​ជា​ឈ្មោះ​ក្រុមហ៊ុន Corporate Management Services Ltd. អាសយដ្ឋាន​នៅ​បរទេស​លេខ​១៣០១ Bank of America Tower, 12 ផ្លូវ​Harcourt, Central Hong Kong។

សមាសភាព​អ្នក​មាន​ហ៊ុន និង​គ្រប់គ្រង​ហ៊ុន មាន​ដូច​តទៅ​នេះ៖

  • បណ្ឌិត សួស សាគឿន
  • បណ្ឌិត ដាំ ឆត្រិយ៍
  • បណ្ឌិត លេក បុប្ផា
  • រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ អង្គវង្ស វឌ្ឍនា
  • ជនបរទេស​ឈ្មោះ Arthur Chan Wai Kong។

ឧកញ៉ា លឹម ប៊ុនសួរ ដែល​ជា​ឧកញ៉ា​ទី​៩៣ បាន​ទទួល​ងារ​ប្រទាន​ដោយ​ព្រះមហាក្សត្រ​នា​ថ្ងៃ​ទី​១៤ ខែ​ធ្នូ ឆ្នាំ​២០០០ តាមរយៈ​ព្រះរាជក្រឹត្យ​លេខ​១២០០/២១៨ បាន​បង្កើត​ក្រុមហ៊ុន​សម្បក ឬ​ស្នូក នៅ​កោះ British Virgin Islands ឈ្មោះ​ក្រុមហ៊ុន Master Faster International Ltd. ជាមួយ​ដៃគូ​ហ៊ុន​ឈ្មោះ ប៉ែន គង្គា ហើយ​ចុះបញ្ជី​នៅ​ថ្ងៃ​ទី​៥ ខែ​កក្កដា ឆ្នាំ​២០១១ តាមរយៈ​មេ​អណ្ដើក​រត់ការ​នៅ​ក្រុង​ហុងកុង ឈ្មោះ​ក្រុមហ៊ុន RYA Management Ltd. អាសយដ្ឋាន​បន្ទប់​លេខ​1318-20/13-F Hollywood Plaza; 610 Nathan Road, Mongkok, Kowloon, Hong Kong។ ចំណែក​ឯ​អាសយដ្ឋាន​របស់​ក្រុមហ៊ុន​សម្បក ឬ​ស្នូក​ប្រចាំ​ស្រុក​ខ្មែរ គឺ​ផ្ទះ​លេខ​៣៨ ផ្លូវ​៣២២ សង្កាត់​បឹងកេងកង១ ខណ្ឌ​ចំការមន ក្រុង​ភ្នំពេញ រាជាណាចក្រ​កម្ពុជា។

នៅ​ខែ​ធ្នូ ឆ្នាំ​២០២០ អ.ស.ប បាន​ផ្ញើ​លិខិត​សួរនាំ​មួយ​ទៅ​ឧកញ៉ា លឹម ប៊ុនសួរ ជា​ថៅកែ​ក្រុមហ៊ុន ING Holding អភិវឌ្ឍ​លុប​បឹងទំពន់ បឹងជើងឯក ជាមួយ​ឧកញ៉ា អ៊ឹង ប៊ុនហូវ ជា​ថៅកែ​បណ្ដុំ​ក្រុមហ៊ុន​សំណង់ អាហ្សែត (AZ Group) ប្រធាន​ធនាគារ​ពាណិជ្ជកម្ម​ក្រៅ​ប្រទេស​នៃ​កម្ពុជា (Foreign Trade Bank of Cambodia) ដែល​មាន​អ្នក​គ្រប់គ្រង​ឈ្មោះ៖

  • ឧកញ៉ា ពុង ឃាវសែ
  • អ្នកស្រី អ៊ឹង ប៉ូលីណា
  • អ្នកស្រី អ៊ុក ម៉ាលី
  • លោក ម៉ី វ៉ាន់
  • ផង់ សំរេច
  • កាង អ៊ី
  • នួន សំអៀន
  • អ្នកស្រី សុខ ចាន់សូណា
  • នួន បូរ៉ានី
  • ទឹម បូផល។

ភាគ​បន្ត សូម​ជូន​នៅ​សប្តាហ៍​ក្រោយ៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

សេចក្ដីរាយការណ៍ពិសេស