Get out ប្រាយុទ្ធ គឺជាសម្រែករបស់បាតុកររាប់ពាន់នាក់ដែលបានប្រមូលផ្ដុំគ្នានៅសួនវិមានប្រជាធិបតេយ្យ នៅកណ្ដាលក្រុងបាងកក កាលពីថ្ងៃទី២៤ ខែមិថុនា។
Prayuth get out មានន័យថា ប្រាយុទ្ធ ចុះចេញពីតំណែងទៅ! លោក ប្រាយុទ្ធ ចាន់អូចា គឺជាមេរដ្ឋប្រហារកាលពីខែឧសភា ឆ្នាំ២០១៤ ដែលបានទាញទម្លាក់រដ្ឋាភិបាលជាប់ឆ្នោតនៃគណបក្សភឿថៃ ដឹកនាំដោយស្ត្រីដំបូងគេនៃត្រកូល ស៊ីណាវ៉ាត់ គឺអ្នកស្រី យីងឡាក់ ស៊ីណាវ៉ាត់។
អ្នកស្រី យីងឡាក់ បានភៀសខ្លួនទៅរស់នៅបរទេសបន្ទាប់ពីតុលាការថៃ ចេញដីកាចាប់ខ្លួនក្នុងសំណុំរឿងផ្ដល់ឱកាសឲ្យគណៈរដ្ឋមន្ត្រីរបស់អ្នកស្រីប្រព្រឹត្តអំពើពុករលួយ ដែលអ្នកសង្កេតការណ៍ និងក្រុមសិទ្ធិមនុស្សហៅសាលក្រមតុលាការក្រុងបាងកក ថាជារឿងនយោបាយ។ ប៉ុន្តែព្រឹត្តិការណ៍កាលពីថ្ងៃទី២៤ ខែមិថុនា គឺជាការរំឭកខួប ៨៩ឆ្នាំនៃការបិទបញ្ចប់ទំព័រប្រវត្តិសាស្ត្រនៃរបបរាជានិយមផ្ដាច់ការរបស់ថៃ នៅឆ្នាំ១៩៣២។
បណ្ដាញផ្សាយព័ត៌មាន Aljazeera បានធ្វើសេចក្ដីរាយការណ៍របស់ខ្លួនពីទីក្រុងបាងកក មកថា ក្រុមអ្នកតវ៉ារាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅក្រុងបាងកក កាលពីថ្ងៃទី២៤ ខែមិថុនា ដោយទាមទារឱ្យនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា លាលែងពីតំណែង។
បាតុករថៃ ជួបជុំគ្នាជាថ្មីនេះ ដើម្បីរំឭកខួបលើកទី៨៩ នៃបដិវត្តន៍ឆ្នាំ១៩៣២ ដែលបានផ្លាស់ប្ដូររបបដឹកនាំនៅថៃ ពីរាជានិយមផ្ដាច់ការទៅជារាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញមកដល់សព្វថ្ងៃនេះ។
ការប្រមូលផ្ដុំ និងការធ្វើក្បួនដង្ហែទោះជាមានការព្រមានពីក្រុមប៉ូលិសក៏ដោយ ក៏បាតុកររាប់ពាន់នាក់នៅតែស្កាត់មកជួបជុំគ្នានៅវិមានប្រជាធិបតេយ្យកណ្ដាលក្រុងបាងកក។ ក្រោយពីប្រមូលផ្ដុំគ្នាហើយ ក្រុមបាតុករបានដង្ហែក្បួនទៅកាន់វិមានរដ្ឋសភា ចំពេលសមាជិកសភាកំពុងប្រជុំ។
ក្បួនដង្ហែរបស់បាតុករដែលដើរលើមហាវិថីឆ្ពោះទៅវិមានរដ្ឋសភា ជាការសម្ដែងការតវ៉ារបស់ពួកគេឱ្យបញ្ចប់ការដឹកនាំរបស់លោក ប្រាយុទ្ធ។ ក្នុងការទាមទារនេះ បាតុករត្រូវការបីចំណុច៖
- ទី១ លោក ប្រាយុទ្ធ ត្រូវតែចុះចេញពីតំណែងជានាយករដ្ឋមន្ត្រី ដែលជាអាទិភាពនៃការរំឭកព្រឹត្តិការណ៍ឆ្នាំ១៩៣២
- ទី២ ទាមទារឱ្យកាត់បន្ថយអំណាចរបស់រាជបល្ល័ង្គតាមរយៈការរុះរើរដ្ឋធម្មនុញ្ញ
- ទី៣ ទាមទារឱ្យរំលាយចោល ឬរុះរើស្ថាប័នព្រឹទ្ធសភា ដែលពួកបាតុករហៅថាជាស្ថាប័នរបស់ពួកយោធាកើតចេញពីរដ្ឋប្រហារឆ្នាំ២០១៤។
មេដឹកនាំបាតុករ Parit Penguin Chiwarak ដែលកំពុងរងការចោទប្រកាន់ពីបទបរិហារកេរ្តិ៍ព្រះមហាក្សត្រ ហើយត្រូវបានដោះលែងឱ្យនៅក្រៅឃុំកាលពីខែឧសភា បានចេញមុខតវ៉ាសាជាថ្មី។
បាតុករដែលតុបតែងខ្លួនដូចជារូបសំណាកសេរីភាពនៅអាមេរិក និងក្រុមបាតុករផ្សេងទៀតបានដុតរដ្ឋធម្មនុញ្ញ ឆ្នាំ២០១៧ ព្រោះជារដ្ឋធម្មនុញ្ញតាក់តែងឡើងដោយពួកយោធា ជារដ្ឋធម្មនុញ្ញដែលត្រូវបានគេចាត់ទុកថាក្លែងក្លាយ នៅចំពេលរដ្ឋសភាថៃ កំពុងពិភាក្សាអំពីការផ្លាស់ប្ដូររដ្ឋធម្មនុញ្ញរបស់រាជាណាចក្រនេះ។
ក្រុមបាតុករខ្លះទៀតកាន់ផ្ទាំងបដាដែលសរសេរថា «លុបចោល១១២»។ លេខ១១២ គឺមាត្រានៃច្បាប់បរិហារកេរ្តិ៍ព្រះរាជាប្រទេសថៃ។ មាត្រានេះមានស្ថានទម្ងន់ទោសជាប់ពន្ធនាគាររយៈពេល ១៥ឆ្នាំ។
ការដើរក្បួនបាតុកម្មនៅថ្ងៃនោះ គឺជាការបន្តធ្វើឡើងដូចនឹងកាលពីពាក់កណ្ដាលឆ្នាំ២០២០ ដែលបាតុកម្មកើតមានរាល់ថ្ងៃនៅទីក្រុងបាងកក ក្នុងគោលបំណងទម្លាក់រដ្ឋាភិបាលរបស់លោក ប្រាយុទ្ធ។
អតីតមេបញ្ជាការកងទ័ពថៃ ប្រាយុទ្ធ ចាន់អូចា បានឡើងកាន់អំណាចតាំងពីឆ្នាំ២០១៤ នៅពេលឧត្តមសេនីយ៍រូបនេះដឹកនាំរដ្ឋប្រហារផ្ដួលរំលំរដ្ឋាភិបាលស៊ីវិល។ ពួកយោធាបានតាក់តែងរដ្ឋធម្មនុញ្ញ ដែលរដ្ឋធម្មនុញ្ញនេះបានចង្អុលបង្ហាញឱ្យមានការបង្កើតស្ថាប័នព្រឹទ្ធសភាមានសមាជិក ២៥០រូប ដោយពុំចេញពីការបោះឆ្នោត។ ស្ថាប័ននេះគឺជាការជួយលើកឱ្យលោក ប្រាយុទ្ធ បានឡើងធ្វើជានាយករដ្ឋមន្ត្រីចេញពីការបោះឆ្នោតរួមរបស់សមាជិកសភាជាប់ឆ្នោត និងសមាជិកព្រឹទ្ធសភាចាត់តាំង គឺក្រោយពីការបោះឆ្នោតខែមីនា ឆ្នាំ២០១៩។
អ្នកវិភាគនយោបាយថៃ សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ នៃសាកលវិទ្យាល័យ ជួឡា ឡុងកន និងជានាយកវិទ្យាស្ថានសិក្សាសន្តិសុខ និងកិច្ចការអន្តរជាតិ លោក Thitinan Pongsudhirak សង្កេតឃើញព្រឹត្តិការណ៍ជួបជុំគ្នាកាលពីថ្ងៃទី២៤ មិថុនា ថា ទោះជាធ្វើឡើងដើម្បីរំឭកខួប ៨៩ឆ្នាំនៃការបញ្ចប់របបរាជានិយមផ្ដាច់ការក៏ដោយ តែយ៉ាងហោចណាស់ គឺជាសម្ពាធមួយបន្តដាក់ទៅលើលោក ប្រាយុទ្ធ ឱ្យដឹងថា ពួកបាតុករចង់បានចម្លើយពីលោក បា្រយុទ្ធ។
តែលោកយល់ថា លោក ប្រាយុទ្ធ នឹងមិនងាយចុះចេញពីតំណែងទេ ព្រោះពួកយោធា និងក្រុមរាជវាំងនៅតែនៅពីក្រោយលោក ប្រាយុទ្ធ នៅឡើយ។
តាមអ្នកវិភាគរូបនេះ គឺការផ្លាស់ប្ដូរអាចធ្វើបានដោយរង់ចាំការបោះឆ្នោតនៅឆ្នាំ២០២៣ ដែលលោកគិតថាមុនការបោះឆ្នោត នឹងមានព្រឹត្តិការណ៍ដ៏ធំមួយបង្ខំឱ្យមានការរុះរើស្ថាប័នព្រឹទ្ធសភា និងការកែទម្រង់ស្ថាប័នសំខាន់ៗជាច្រើនទៀត៕