38 C
Phnom Penh

ការ​កែតម្រូវ​ខ្លឹមសារ​នៃ​ផ្សាយ​របស់ The Cambodia Daily ដែល​បាន​ចុះ​ផ្សាយ​ពី​អង្គការ ខុនរ៉ាត អាឌិនណៅអ៊ែ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សារព័ត៌មាន The Cambodia Daily សូម​ធ្វើ​ការ​កែតម្រូវ​ខ្លឹមសារ​នៃ​ការផ្សាយ​ទាក់ទិន​នឹង​វិបត្តិ​សិទ្ធិមនុស្ស និង​ការ​រឹតត្បិត​សេរីភាព​របស់​រដ្ឋាភិបាល​ខ្មែរ​នៅ​កម្ពុជា កាលពី​ថ្ងៃ​ទី​២២ ខែ​មិថុនា កន្លង​ទៅ​នេះ​ថា មិន​ឆ្លុះបញ្ចាំង​ពី​ទស្សនៈ​របស់​អង្គការ ខុនរ៉ាត អាឌិនណៅអ៊ែ នោះ​ទេ។

សារព័ត៌មាន The Cambodia Daily សូម​បញ្ជាក់​ជូន​ថា ក្នុង​អត្ថបទ​ចុះផ្សាយ​របស់​អង្គការ ខុនរ៉ាត អាឌិនណៅអ៊ែ ចំនួន ៩៩​ទំព័រ​ជា​ភាសា​អង់គ្លេស និង ១៣៣​ទំព័រ​ជា​ភាសា​ខ្មែរ​នោះ បាន​បោះពុម្ព​ផ្សាយ​តែ​បទពិសោធន៍​ផ្ទាល់ខ្លួន​អំពី​រឿងរ៉ាវ​នៃ​ការ​តស៊ូ និង​ភាព​អត់ធ្មត់​នៃ​យុវជន​មួយ​ចំនួន​ក្នុង​កិច្ចការងារ​ដែល​ពួកគេ​បាន​ឆ្លងកាត់​តែប៉ុណ្ណោះ។

សៀវភៅ​របស់​អង្គការ ខុនរ៉ាត អាឌិនណៅអ៊ែ ដែល​បាន​បោះពុម្ព​ផ្សាយ​សម្រាប់​ឆ្នាំ​២០២១ មាន​កម្រាស់​ជាង ១៣៣​ទំព័រ​ជា​ភាសា​ខ្មែរ ដែល​មាន​ចំណងជើង​ថា យុវ​អ្នក​ដឹកនាំ និង​បុគ្គល​មាន​ឥទ្ធិពល​វ័យក្មេង​នៅ​កម្ពុជា និង​រឿងរ៉ាវ​នៃ​ការ​តស៊ូ និង​ភាព​អត់ធ្មត់​របស់​យុវជន​ចំនួន ២១​នាក់ បាន​បង្ហាញ​ពី​បទពិសោធន៍​ផ្ទាល់ខ្លួន​របស់​យុវជន​មួយ​ចំនួន​ក្នុង​ការចូលរួម​កិច្ចការ​សង្គម​កន្លង​មក។

សៀវភៅ​នេះ បាន​បង្ហាញ​ឲ្យ​ឃើញ​នូវ​បទពិសោធន៍​នៃ​ការ​តស៊ូ​របស់​យុវជន​មួយ​ចំនួន​ដែល​ធ្លាប់​បាន​ចូលរួម​ក្នុង​កិច្ចការ​សង្គម​នៅ​ក្នុង​ប្រទេស​កម្ពុជា ដូចជា​ការចូលរួម​ក្នុង​វិស័យ​នយោបាយ វិស័យ​សារព័ត៌មាន ការចូលរួម​តស៊ូ​មតិ និង​វិស័យ​បរិស្ថាន ជាដើម។

ទាក់ទិន​នឹង​បញ្ហា​នេះ ប្រធាន​ក្រុម​អ្នកវិភាគ​វ័យក្មេង កញ្ញា លី ស្រីស្រស់ បាន​លើកឡើង​អំពី​តួនាទី​របស់​យុវជន​ក្នុង​អត្ថបទ​នោះ​ថា ដើម្បី​ក្លាយ​ជា​ធនធាន​មនុស្ស​ដែល​មាន​ប្រយោជន៍​សម្រាប់​សង្គម​ជាតិ យុវជន​ត្រូវតែ​រឹងមាំ ស្អាតស្អំ ច្បាស់លាស់ និង​មាន​សមត្ថភាព ព្រមទាំង​មាន​ភាព​ក្លាហាន​ក្នុង​ការចូលរួម​សកម្មភាព​សង្គម​ផង​ដែរ។

កញ្ញា​បញ្ជាក់​ថា អនាគត​ប្រទេស​ជាតិ គឺ​ពឹងផ្អែក​លើ​យុវជន​ដែល​មាន​ជំហរ​រឹងមាំ និង​ភាព​ស្អាតស្អំ​ទាំងស្រុង។ កញ្ញា​ថា ដំណើរការ​នៃ​ការ​អភិវឌ្ឍ​ជាតិ​តែង​មាន​ការ​លះបង់​ពី​ពលរដ្ឋ​គ្រប់ៗ​គ្នា ជាពិសេស​យុវជន គឺជា​តួអង្គ​សំខាន់​ណាស់​ក្នុង​ការចូលរួម​កសាង​អភិវឌ្ឍ​សង្គម​ជាតិ​ទៅ​ថ្ងៃ​មុខ។

យ៉ាងណាក៏ដោយ ការចូលរួម​របស់​យុវជន​ក្នុង​ឆាក​នយោបាយ​ក្នុង​វិស័យ​សារព័ត៌មាន ការចូលរួម​ការ​តស៊ូ​មតិ និង​ការចូលរួម​តាម​រូបភាព​ជាច្រើន​ទៀត​ដូចជា​ការ​ការពារ​សិទ្ធិមនុស្ស ជាដើម នៅតែ​ជា​ឧបសគ្គ​សម្រាប់​យុវជន បើ​ទោះបីជា​មជ្ឈដ្ឋាន​អន្តរជាតិ ឬ​ក្រុម​អ្នក​ឃ្លាំមើល​សិទ្ធិមនុស្ស​នានា​នៅ​កម្ពុជា មើល​ឃើញ​សកម្មភាព​របស់​យុវជន​ដែល​បាន​ចូលរួម​ក្នុង​វិស័យ​ទាំងនេះ​ថា ជា​ការចូលរួម​ដើម្បី​សង្គម​ជាតិ​ក៏ដោយ ប៉ុន្តែ​រដ្ឋាភិបាល​កម្ពុជា​នៅតែ​ចោទ​ប្រកាន់ និង​ចាប់​ឃុំ​ខ្លួន​ពួកគេ​ជាបន្តបន្ទាប់ ក្រោម​ហេតុផល​ថា យុវជន​ទាំងនោះ​ធ្វើ​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម និង​មាន​គំនិត​ក្បត់។

កាលពី​ថ្ងៃ​ទី​២១ ខែ​មិថុនា ឆ្នាំ​២០២១ នេះ តុលាការ​ក្រុង​ភ្នំពេញ​បាន​សម្រេច​ឃុំ​ខ្លួន​សកម្មជន​ចលនា​មាតា​ធម្មជាតិ ៣​រូប ក្នុង​នោះ​រួម​មាន លោក លី ចាន់ដារ៉ាវុទ្ធ កញ្ញា ស៊ុន រដ្ឋា និង​លោក យឹម លាងហ៊ី នៅ​ពន្ធនាគារ​ព្រៃស​ជា​បណ្ដោះអាសន្ន ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ​ប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ និង​បទ​រួម​គំនិត​ក្បត់។

អ្នកវិភាគ​នយោបាយ​និង​សង្គម បណ្ឌិត ឡៅ ម៉ុងហៃ បាន​លើកឡើង​លើ​គណនី Facebook របស់​លោក​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ចៅក្រម​ដែល​ជម្រះ​ក្តី​មិន​គ្រាន់តែ​ធ្វើ​ការ​សម្រេច​ដោយ​គោរព​ច្បាប់​យ៉ាង​ម៉ឺងម៉ាត់​តែប៉ុណ្ណោះ​ទេ ប៉ុន្តែ​ពួកគេ​ត្រូវតែ​ធ្វើ​វិនិច្ឆ័យ​ទោស​ដោយ​ស្មោះ​ចេញ​ពី​ដួងចិត្ត និង​សម្បជញ្ញៈ​របស់​ខ្លួន។

លោក​រិះគន់​ថា ការ​ដាក់​ទោស​លើ​យុវជន​បរិស្ថាន​ទាំងនោះ អាច​បង្ហាញ​ពី​សញ្ញា​នៃ​ការ​ក្តិច​ពន្លក​សេចក្តី​ស្នេហា​ជាតិ​របស់​យុវជន​លើ​សង្គម​ជាតិ​របស់​ពួកគេ និង​អាច​ប្រែក្លាយ​ពលរដ្ឋ​វ័យក្មេង​ដ៏​ល្អ​ទាំងនោះ​ឲ្យ​ទៅ​ជា​ពលរដ្ឋ​អាក្រក់​ទៅ​ថ្ងៃ​ក្រោយ ដោយសារ​ទង្វើ​របស់​អាជ្ញាធរ​ដែល​មាន​ភាព​អយុត្តិធម៌​នៅ​ពេល​នេះ។

គិត​ត្រឹម​ខែ​មិថុនា ឆ្នាំ​២០២១ នេះ យុវជន​ដែល​ឈឺឆ្អាល​នឹង​សង្គម ទាក់ទង​នឹង​ការចូលរួម​ការពារ​បរិស្ថាន ការពារ​ព្រៃឈើ ការពារ​ព្រំដែន និង​ការពារ​សិទ្ធិមនុស្ស ជាដើម ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា ចាប់​ឃុំ​ខ្លួន​ជាង ១០​នាក់​ហើយ នេះ​មិន​ទាន់​គិត​ដល់​យុវជន​ដែល​ជា​សកម្មជន​នយោបាយ និង​យុវជន​ដែល​បម្រើ​ការងារ​សង្គម​ក្នុង​វិស័យ​ផ្សេង​ទៀត​នៅឡើយ​ទេ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស