31 C
Phnom Penh

បញ្ញវន្ត​ខ្មែរ​នៅ​ក្រៅ​ស្រុក៖ កម្ពុជា​ជា​ប្រទេស​ដែល​មាន​អធិបតេយ្យភាព​ត្រឹមតែ​សម្បក​ក្រៅ​ប៉ុណ្ណោះ

បទវិភាគ

ក្រុម​អ្នក​តស៊ូ​មតិ​រិះគន់​ថា កម្ពុជា គឺជា​ប្រទេស​ដែល​មាន​អធិបតេយ្យភាព​ត្រឹមតែ​សម្រក​ក្រៅ​ប៉ុណ្ណោះ ប៉ុន្តែ​រចនាសម្ព័ន្ធ​ផ្ទៃក្នុង​ជាតិ គឺ​ស្ថិត​ក្នុង​ការ​គ្រប់គ្រង​របស់​បរទេស​ឈ្លានពាន​ទាំងស្រុង បើ​ទោះបីជា​នាយករដ្ឋមន្ត្រី​ខ្មែរ​អួត​ពី​ការ​ការពារ​អធិបតេយ្យភាព​ជាតិ​ពេញៗ​មាត់​ក៏ដោយ ប៉ុន្តែ​ការប្រព្រឹត្ត​គឺ​ផ្ទុយពី​ការ​អួតអាង​របស់​គាត់​ដាច់​ស្រឡះ​តែម្តង។

ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​២ ខែ​កក្កដា នេះ​ថា រដ្ឋ​អធិបតេយ្យ គឺជា​រដ្ឋ​ដែល​មាន​ឯករាជភាព​ពេញលេញ​ស្រប​តាម​ច្បាប់​កំពូល​របស់​ខ្លួន ដោយ​មិន​ចំណុះ​ឲ្យ​បរទេស​ជិតខាង​នោះ​ទេ។ ប៉ុន្តែ​ផ្ទុយទៅវិញ កម្ពុជា​ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន គឺ​បាន​ដាក់​កម្ពុជា ឲ្យ​ទៅ​ជា​រដ្ឋ​ចំណុះ​ឲ្យ​រដ្ឋ​បរទេស​តាំង​ពី​យូរ​ណាស់​មក​ហើយ។

លោក​អះអាង​ថា សព្វថ្ងៃ​នេះ​ប្រទេស​វៀតណាម មិន​ត្រឹមតែ​រំលោភ​លើ​ប្រទេស​កម្ពុជា ប៉ុណ្ណោះ​ទេ តែ​ពួកគេ​បាន​ឈ្លានពាន​លើ​អធិបតេយ្យភាព​កម្ពុជា​ពេញ​ទំហឹង​ថែមទៀត ដូចជា៖

  • ការ​បង្កើត​សន្ធិសញ្ញា​ខុសច្បាប់​ឆ្នាំ​២០០៥ ដើម្បី​ឲ្យ​វៀតណាម​បន្ត​រំលោភ​ទឹកដី​កម្ពុជា​បន្ថែម​ទៀត
  • ការ​បង្ហូរ​ជន​អន្តោប្រវេសន៍​វៀតណាម​ខុសច្បាប់​ចូល​កម្ពុជា ឆ្នាំ​១៩៨៦ និង
  • កិច្ចព្រមព្រៀង​ដែនសមុទ្រ​ខុសច្បាប់​ឆ្នាំ​១៩៨២ ដែល​បាន​កាត់​កោះត្រល់ និង​ចង្កោម​កោះក្រចកសេះ ឲ្យ​ទៅ​វៀតណាម គ្រប់គ្រង​ដល់​សព្វថ្ងៃ​នេះ។

ជាង​នេះ​ទៀត គណបក្ស​ប្រជាជន​កម្ពុជា ដែល​កំពុង​ដឹកនាំ​រដ្ឋាភិបាល​បច្ចុប្បន្ន​ក៏​ជា​បក្ស​កុម្មុយនីស្ត ដែល​បង្កើត​ឡើង​ដោយ​វៀតណាម ហើយ​សូម្បីតែ​នាយករដ្ឋមន្ត្រី​ខ្មែរ​សព្វថ្ងៃ​នេះ ក៏​អាជ្ញាធរ​វៀតណាម​លើក​បន្តុប​ផង​ដែរ។ ដូច្នេះ កម្ពុជា​ត្រូវ​គេ​មើលឃើញ​ថា​មិន​មាន​លក្ខណៈ​ណាមួយ​ជា​រដ្ឋ​អធិបតេយ្យ​នោះ​ទេ។

លោក ម៉ែន ណាត បញ្ជាក់​ថា ដើម្បី​ឲ្យ​កម្ពុជា​ក្លាយ​ជា​រដ្ឋ​ឯករាជ្យ​ពិតប្រាកដ លុះត្រាតែ​លោក ហ៊ុន សែន ប្រកាស​ធ្វើ​មោឃភាព​រាល់​ឯកសារ​ខុសច្បាប់​ដែល​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​វៀតណាម​ចោល​ទាំងអស់ ហើយ​ប្រើ​យន្តការ​អន្តរជាតិ​ប្តឹង​ទៅ​តុលាការ​អន្តរជាតិ​ក្រុង​ឡាអេ ពី​ការឈ្លានពាន​របស់​វៀតណាម នោះ​ទើប​កម្ពុជា​អាច​រក្សា​អធិបតេយ្យភាព​របស់​ខ្លួន​បាន​ពិតប្រាកដ។

ការ​អះអាង​នេះ ធ្វើឡើង​ដើម្បី​រិះគន់​មេដឹកនាំ​កម្ពុជា​ដែល​តែង​អួត​ពី​ជំហរ​រក្សា​អធិបតេយ្យភាព​របស់​កម្ពុជា ប៉ុន្តែ​ការឈ្លានពាន​របស់​វៀតណាម​លើ​កម្ពុជា បែរជា​រដ្ឋាភិបាល​មួយ​នេះ​ចាត់ទុក​ថា​ជា​កិច្ចសហប្រតិបត្តិ​ល្អ​រវាង​ប្រទេស​ទាំង​ពីរ​ទៅវិញ។

អ្នកវិភាគ​នយោបាយ​និង​សង្គម បណ្ឌិត ឡៅ ម៉ុងហៃ បាន​សរសេរ​លើ​គណនី Facebook របស់​លោក​កាលពី​ថ្ងៃ​ទី​១ ខែ​កក្កដា ឆ្នាំ​២០២១ នេះ​ថា សង្គ្រាម​រវាង​កម្ពុជា-វៀតណាម ដែល​ពាក់ព័ន្ធ​នឹង​ការរំលោភ​អធិបតេយ្យភាព​របស់​កម្ពុជា ចាប់ពី​ឆ្នាំ​១៩៧៨ រហូត​ដល់​ឆ្នាំ​១៩៩១ បណ្តាល​ឲ្យ​ពលរដ្ឋ​ខ្មែរ​រាប់​រយ​នាក់​បាត់បង់​ជីវិត​នៅ​ពេល​នោះ។

លោក​អះអាង​ថា ដើម្បី​បញ្ចប់​ការឈ្លានពាន​នេះ អង្គការ​សហប្រជាជាតិ​បាន​រៀបចំ​សន្និសីទ​អន្តរជាតិ​ពីរ​លើក​ស្ដីពី​ស្ថានការណ៍​នៅ​កម្ពុជា ដែល​តម្រូវ​ឲ្យ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ចូលរួម​រក​ដំណោះស្រាយ​ផង​ដែរ ក្នុង​នោះ លើក​ទី​១ បាន​ធ្វើឡើង​កាលពី​ដើម​ឆ្នាំ​១៩៨១ នៅ​ឯ​ទីស្នាក់ការ​របស់​អង្គការ​សហប្រជាជាតិ​ក្នុង​ទីក្រុង​ញីវយ៉ក សហរដ្ឋ​អាមេរិក ប៉ុន្តែ​សន្និសីទ​នេះ​ត្រូវ​បរាជ័យ ដោយសារ​ភាគី​ពាក់ព័ន្ធ​មិនព្រម​ចូលរួម ជាពិសេស​គឺ​រដ្ឋាភិបាល​តំណាង​ប្រទេស​វៀតណាម​តែម្តង។

បណ្ឌិត ឡៅ ម៉ុងហៃ បញ្ជាក់​ថា សន្និសីទ​នេះ​បាន​ធ្វើ​ជា​លើក​ទី​២ នៅ​ឆ្នាំ​១៩៩១ នៅ​ឯ​ទីក្រុង​ប៉ារីស ក្នុង​ប្រទេស​បារាំង ដែល​បាន​រៀបចំ​ដោយ​សហប្រធាន​ចំនួន​ពីរ គឺ​ប្រទេស​ឥណ្ឌូនេស៊ី និង​ប្រទេស​បារាំង ដែល​មាន​តំណាង​ប្រទេស​១៨ បាន​ចូលរួម និង​កម្ពុជា​ខ្លួនឯង​ផង ត្រូវ​ជា ១៩​ប្រទេស ដែល​ត្រូវ​គេ​ហៅថា កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា ឆ្នាំ​១៩៩១ តាំងពី​ពេល​នោះ​មក។

កាលពី​ឆ្នាំ​១៩៨១ អង្គការ​សហប្រជាជាតិ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ក្នុង​សន្និសីទ​ស្ដីពី​កម្ពុជា ដែល​បាន​លើកឡើង​អំពី​ការការពារ​អធិបតេយ្យភាព​របស់​កម្ពុជា ពី​ប្រទេស​ជិតខាង ដោយ​មិន​អនុញ្ញាត​ឲ្យ​បញ្ចូល​កងទ័ព ឬ​បោះ​ទីតាំង​មូលដ្ឋាន​យោធា​ចូល​ទៅ​កម្ពុជា​ជាដាច់ខាត។ លើស​ពី​នេះ អង្គការ​សហប្រជាជាតិ បាន​ជំរុញ​ឲ្យ​ភាគី​វៀតណាម ចូលរួម​ក្នុង​មហាសន្និបាត​ក្រោយៗ​ទៀត ដើម្បី​ដោះស្រាយ​បញ្ហា​នៅ​កម្ពុជា។

កាលពី​ឆ្នាំ​១៩៧៩ លោក ហ៊ុន សែន បាន​ចុះហត្ថលេខា​លើ​សន្ធិសញ្ញា​មិត្តភាព សន្តិភាព និង​សហប្រតិបត្តិការ​រវាង​កម្ពុជា-វៀតណាម ដែល​សម្រេច​ដាក់​កម្ពុជា​ឲ្យ​ទៅ​ជា​ចំណុះ​ក្រោម​ការត្រួតត្រា​របស់​វៀតណាម​ទាំងស្រុង។ ជាង​នេះ​ទៀត នាយករដ្ឋមន្ត្រី​ខ្មែរ​រូប​នេះ​បាន​ចុះហត្ថលេខា​ខុសច្បាប់​យល់ព្រម​ជាមួយ​វៀតណាម លើ​កិច្ចព្រមព្រៀង​ដែល​រំលោភ​ច្បាប់​អន្តរជាតិ​ជាច្រើន ដូចជា៖

  • ការ​ចុះ​កិច្ចព្រមព្រៀង​ស្ដីពី​ព្រំដែន​ទឹក​ឆ្នាំ​១៩៨២
  • ការ​ចេញ​សារាចរ​អនុញ្ញាត​ឲ្យ​ជនជាតិ​វៀតណាម ចូល​ទៅ​រស់នៅ​កម្ពុជា​ទាំង​ខុសច្បាប់​អន្តោប្រវេសន៍​របស់​ខ្លួន​កាលពី​ឆ្នាំ​១៩៨៦
  • ការ​ចុះ​កិច្ចព្រមព្រៀង​ស្ដីពី​លក្ខន្តិកៈ​ព្រំដែន​ឆ្នាំ​១៩៨៣ និង
  • ការ​ចុះហត្ថលេខា​យល់ព្រម​លើ​សន្ធិសញ្ញា​កំណត់​ព្រំដែន​រដ្ឋ​ឆ្នាំ​១៩៨៥ ជាដើម។

ការ​ចុះ​កិច្ចព្រមព្រៀង​ខុសច្បាប់​ជាមួយ​វៀតណាម​ជាបន្តបន្ទាប់​បែប​នេះ ធ្វើឡើង​បន្ទាប់ពី​រដ្ឋាភិបាល​ក្រុង​ហាណូយ បាន​លើក​បន្តុប​លោក ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​ខ្មែរ​តាំងពី​ឆ្នាំ​១៩៨៥ មក។

ក្រុម​អ្នក​ឃ្លាំមើល​សង្គម ព្រមាន​ថា កម្ពុជា​នឹង​ត្រូវ​រលាយ​បាត់​ពី​ផែនទី​ពិភពលោក​ទៅ​ថ្ងៃ​អនាគត​មិនខាន​ឡើយ ត្បិត​កម្ពុជា​មិន​ត្រឹមតែ​រង​នូវ​វិបត្តិ​ព្រំដែន​មិន​រឹងមាំ​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ប្រឈម​នឹង​ការ​បាត់បង់​ប្រទេស​ទាំងមូល​ថែមទៀត​ផង ព្រោះ​ថា​លោក ហ៊ុន សែន ប្រឹង​លុបដាន​ប្រវត្តិសាស្ត្រ​ព្រំដែន​កម្ពុជា-វៀតណាម ដែល​ខ្លួន​បាន​ឃុបឃិត​ដើម្បី​លួច​បង្កើត​ខ្សែបន្ទាត់​ព្រំដែន​ថ្មី ដោយ​រំលោភបំពាន​លើ​ខ្លឹមសារ​រដ្ឋធម្មនុញ្ញ​កម្ពុជា និង​ច្បាប់​អន្តរជាតិ​យ៉ាង​ធ្ងន់ធ្ងរ៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

សេចក្ដីរាយការណ៍ពិសេស