34 C
Phnom Penh

អភិបាល​ស្រុក​ឆ្លូង​និង​ក្រុមប្រឹក្សា​ឃុំ​រង​ការ​ចោទ​ថា​ទន្ទ្រាន​យក​ដី​បម្រុង​ទុក​បញ្ចុះ​សព​ធ្វើ​ជា​កម្មសិទ្ធិ​ឯកជន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពលរដ្ឋ​រស់នៅ​ស្រុក​ឆ្លូង ខេត្ត​ក្រចេះ ចោទ​លោកស្រី យ៉ន សុឃិន សមាជិក​ក្រុមប្រឹក្សា​ឃុំ​ព្រែកសាម៉ាន់ ថា​បាន​រំលោភ​យក​បរិវេណ​ដី​សម្រាប់​បម្រុង​ទុក​បញ្ចុះ​សព ដែល​ជា​កេរដំណែល​រួម​តាំង​ពី​ទសវត្សរ៍​ឆ្នាំ​១៩៦៥ ដើម្បី​ធ្វើ​ជា​កម្មសិទ្ធិ​បុគ្គល​ដោយ​ខុសច្បាប់។

ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា ទីតាំង​ដី​បញ្ចុះ​សព​ដែល​លោកស្រី យ៉ន សុឃិន បាន​ឈូស​ឆាយ​យក​ដាំ​ដំណាំ​ធ្វើ​ជា​កម្មសិទ្ធិ​ឯកជន​នេះ​អស់ ២​ហិកតារ ក្នុង​ទំហំ​ដី​សរុប​ជិត ៤​ហិកតារ។ ប្រជាពលរដ្ឋ​ថា​ពួកគាត់​រស់នៅ​មូលដ្ឋាន​នេះ​បាន​ប្រើប្រាស់​ដើម្បី​បញ្ចុះ​សព​តាំង​ពី​ឆ្នាំ​១៩៦៥ បន្ត​រហូត​មក។

លោក ហេង សុថា អភិបាល​ស្រុក​ឆ្លូង បាន​ឲ្យ​កាសែត​ក្នុង​ស្រុក​ដឹង​ថា ទីតាំង​មាន​ទំនាស់​ដែល​ប្រជាពលរដ្ឋ​ថា​ជា​ទី​បញ្ចុះ​សព​នោះ គឺ​មិនមែន​ជា​ទីតាំង​សម្រាប់​បញ្ចុះ​សព​ទេ ព្រោះ​តំបន់​នោះ​ជា​ប្រភេទ​ដី​ជម្រាល និង​ជា​វាលទំនាប​លិច​ទឹក។ លោក​បន្ត​ថា ទីតាំង​ដី​ទំនាស់​នេះ​វា​គ្រាន់តែ​ជា​ការ​សន្មត​តៗ​របស់​ប្រជា​សហគមន៍​តែប៉ុណ្ណោះ។

យ៉ាងនេះ​ក្តី លោក​អភិបាល​ស្រុក​ឆ្លូង រូប​នេះ ក៏​បាន​ទទួលស្គាល់​ដែរ​ថា ទីតាំង​ទំនាស់​នេះ​មាន​ប្រជាពលរដ្ឋ​យក​សព​ទៅ​បញ្ចុះ​ជាង ៧០​ផ្នូរ​ផង​ដែរ។

ករណី​នេះ​បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ចោទ​លោក ហេង សុថា អភិបាល​ស្រុក​ឆ្លូង ថា​មាន​ជាប់​ពាក់ព័ន្ធ​នឹង​សកម្មភាព​ចូល​ទៅ​ទន្ទ្រាន​កាន់កាប់​ដី​បញ្ចុះ​សព ដើម្បី​រំលោភ​ធ្វើ​កម្មសិទ្ធិ​ដែរ ព្រោះ​អភិបាល​រូប​នេះ​តែង​ការពារ​ផលប្រយោជន៍​ជូន​លោកស្រី យ៉ន សុឃិន ជាបន្តបន្ទាប់​មក​នេះ។ ជាង​នេះ​ទៀត សព្វថ្ងៃ​នេះ​ថ្នាក់​ដឹកនាំ​ចាប់​ពី​រដ្ឋបាល​ឃុំ​បន្ត​រហូត​ដល់​ថ្នាក់​ស្រុក ក៏​កំពុង​ត្រូវរ៉ូវ​គ្នា​លួច​ធ្វើ​ប្លង់​កម្មសិទ្ធិ​ទីតាំង​បរិវេណ​ដី​សម្រាប់​ទុក​បញ្ចុះ​សព​នៅ​ស្រុក​ឆ្លូង ដើម្បី​ចែក​គ្នា​ថែមទៀត​ផង។

ដោយឡែក​ពលរដ្ឋ​រស់នៅ​រាជធានី​ភ្នំពេញ ដែល​មាន​ផ្នូរ​ជីដូន​ជីតា និង​ឪពុក​របស់​គាត់​ដែល​បាន​បញ្ចុះ​នៅ​តំបន់​ទំនាស់​ខាងលើ​នេះ ក៏​បាន​អះអាង​ថា ទី​បញ្ចុះ​សព​នេះ គឺ​ពិតជា​មាន​តាំងពី​ឆ្នាំ​១៩៦៥ មក​ម្ល៉េះ។ លោក​ថ្លែង​ហួសចិត្ត​ចំពោះ​អាជ្ញាធរ​មូលដ្ឋាន​ចាប់ពី​ថ្នាក់​ឃុំ-ស្រុក ដែល​បាន​ឃុបឃិត​គ្នា​រំលោភ​យក​ដី​សម្រាប់​ប្រជាពលរដ្ឋ​បម្រុង​ទុក​បញ្ចុះ​សព ដែល​មាន​តាំងពី​ដូនតា​រៀង​មក​នោះ ធ្វើ​ជា​សម្បត្តិ​ឯកជន​ទាំង​បំពាន​បែប​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស