31 C
Phnom Penh

មន្ត្រី​បក្ស​ប្រឆាំង​ថា​ពាក្យ កឹម សុខា និង សម រង្ស៊ី ជា​មនុស្ស​តែ​មួយ​គឺ​គ្រាន់តែ​ជា​ពាក្យ​កុហក​ប៉ុណ្ណោះ

បទវិភាគ

មន្ត្រី​បក្ស​ប្រឆាំង​ដែល​ជិតស្និទ្ធ​នឹង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​លើកឡើង​ថា «ពាក្យ​ថា​មនុស្ស​តែ​មួយ» លុះត្រាតែ​មនុស្ស​ពីរ​នាក់​នៅ​រួម​សុខទុក្ខ​ជាមួយ​គ្នា​គ្រប់​កាលៈទេសៈ​ទាំងអស់ ប៉ុន្តែ​បើ​គ្រាន់តែ​និយាយ​ដោយ​ប្រាសចាក​ពី​ទង្វើ នោះ​គ្រាន់តែ​ជា​ពាក្យ​កុហក​ប៉ុណ្ណោះ។

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ លោក ហ៊ុន កុសល បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​៨ ខែ​កក្កដា ថា ដើម្បី​ឲ្យ​មនុស្ស ២​នាក់​មាន​ស្មារតី និង​គោល​ជំហរ​តែ​មួយ ឬ​ហៅថា​ជា​មនុស្ស​តែ​មួយ គឺ​ត្រូវតែ​មាន​ភាព​ស្មោះត្រង់ ប្តូរផ្តាច់​រួម​សុខទុក្ខ​ជាមួយ​គ្នា ប៉ុន្តែ​ផ្ទុយទៅវិញ លោក សម រង្ស៊ី បាន​បើក​ដៃ​ឲ្យ​មនុស្ស​ដែល​ជិតស្និទ្ធ​នឹង​ខ្លួន​លោក​ប្រមាថ​កិត្តិយស​លោក កឹម សុខា គ្រប់​បែបយ៉ាង ដូច្នេះ​វា​មិន​បាន​បង្ហាញ​នូវ​សុចរិតភាព​របស់​លោក សម រង្ស៊ី នោះ​ទេ។ ជាង​នេះ​ទៀត ក៏​បាន​បញ្ជាក់​ពី​ទង្វើ​ពុតត្បុត​របស់​លោក​យ៉ាង​ច្បាស់​ផង​ដែរ។

លោក​អះអាង​ថា ការ​លើកឡើង​របស់​លោក សម រង្ស៊ី ថា សម រង្ស៊ី និង កឹម សុខា ជា​មនុស្ស​តែ​មួយ គឺ​ផ្ទុយពី​សកម្មភាព​របស់​គាត់​ទាំងស្រុង ព្រោះ​ថា​លោក សម រង្ស៊ី ព្យាយាម​បំបែក​កម្លាំង​សង្គ្រោះ​ជាតិ​តាមរយៈ​នៃ​ការ​បង្កើត​ចលនា CNRP-O នៅ​ក្រៅ​ប្រទេស​ជាដើម និង​ប្រកាស​តែងតាំង​ខ្លួន​ជា​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ ខណៈ​លោក កឹម សុខា ដែល​គាត់​ចាត់ទុក​ថា​ជា​មនុស្ស​តែ​មួយ​ជាមួយ​នឹង​គាត់ កំពុង​រង​ការ​ធ្វើ​ទុក្ខបុកម្នេញ​យ៉ាង​ធ្ងន់ធ្ងរ​នៅ​ក្នុង​ស្រុក។

មិន​ត្រឹម​តែប៉ុណ្ណោះ លោក សម រង្ស៊ី ក៏​បាន​បញ្ជា​ឲ្យ​មនុស្ស​ជំនិតៗ​របស់​ខ្លួន​បង្កើត​គណបក្ស​មួយ​ដើម្បី​ផ្ដាច់​ខ្លួន​ចេញ​ពី​គណបក្ស​សង្គ្រោះ​ជាតិ ទៅវិញ។

លោក ហ៊ុន កុសល បញ្ជាក់​ថា តាមពិត គោលការណ៍​រួបរួម​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ឬ​គោលការណ៍​រួបរួម​រវាង​មេដឹកនាំ​ទាំង​ពីរ គឺ​មាន​តាំងតែពី​ឆ្នាំ​២០១២ ដែល​ធ្វើ​ឡើង​នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន មក​ម្ល៉េះ មិន​ចាំបាច់​ប្រកាស​ថា កឹម សុខា និង សម រង្ស៊ី ជា​មនុស្ស​តែ​មួយ​នោះ​ទេ សំខាន់​ឲ្យ​តែ​គោរព​គោលការណ៍ និង​ស្មារតី​រួម​របស់​គណបក្ស​សង្គ្រោះ​ជាតិ នោះ​គឺ​ចាត់ទុក​ថា កឹម សុខា និង សម រង្ស៊ី ជា​មនុស្ស​តែ​មួយ​បាត់​ទៅ​ហើយ។

ចំណែក​មនុស្ស​ជំនិត​របស់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់​ទៀត គឺ​លោក វីន សុភ័ក្ត្រ បាន​សរសេរ​លើ​គណនី Facebook របស់​លោក​កាលពី​ថ្ងៃ​ទី​៧ ខែ​កក្កដា ថា ពាក្យ​ថា​មនុស្ស​ពីរ​នាក់​មាន​ស្មារតី​រួម​តែ​មួយ លុះត្រា​ណា​តែ​មនុស្ស​ពីរ​នាក់​នោះ​សុខចិត្ត​នៅ​រួម​សុខ​រួម​ទុក្ខ​ជាមួយ​គ្នា​គ្រប់​កាលៈទេសៈ ទោះ​ជួប​ការ​លំបាក​បែប​ណា​ក៏ដោយ ក៏​មិន​រត់​ចោល​គ្នា​ដែរ ហើយ​ត្រូវតែ​រក​វិធី​ជួយ​គ្នា​ទៅវិញ​ទៅមក។

លោក​អះអាង​ថា ប្រសិនបើ​ក្នុង​ចំណោម​មនុស្ស​ពីរ​នាក់​នោះ​មាន​នរណា​ម្នាក់​ជាប់​គុក ហើយ​ម្នាក់​ទៀត​រត់​យក​រួច​ខ្លួន នោះ​ក៏​គេ​មិន​ហៅថា​ជា​មនុស្ស​តែ​មួយ​ដែរ គឺ​គេ​ហៅ​អ្នក​រត់​ចោល​គ្នា​នោះ​ថា​ជា​មនុស្ស​អាត្មានិយម​ប៉ុណ្ណោះ បើ​ទោះបីជា​អ្នក​ដែល​រត់​ចោល​គ្នា​នោះ​នៅតែ​និយាយ​ពាក្យ​ថា ពួកគេ​ជា​មនុស្ស​តែ​មួយ​ក៏ដោយ។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ត្រូវ​បាន​សមត្ថកិច្ច​ក្រុង​ភ្នំពេញ​ចាប់​ខ្លួន​កាលពី​ថ្ងៃ​ទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៧ តាម​ប្រសាសន៍​របស់​លោក ហ៊ុន សែន និង​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ត្រពាំងផ្លុង ក្នុង​ខេត្ត​ត្បូងឃ្មុំ ជាប់​ព្រំដែន​វៀតណាម ក្រោម​ការចោទប្រកាន់​ពី​បទ​ឃុបឃិត​ជាមួយ​បរទេស​ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល។

រហូត​ដល់​ខែ​វិច្ឆិកា ឆ្នាំ​២០១៩ តុលាការ​ក្រុង​ភ្នំពេញ​បាន​ចេញ​ដីកា​កែប្រែ​លក្ខខណ្ឌ​នៃ​ការ​ឃុំ​ខ្លួន​លោក កឹម សុខា ដោយ​តុលាការ​បាន​ផ្តល់​សេរីភាព​ដល់​លោក​ច្រើន​ជាង​មុន ប៉ុន្តែ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​របស់​តុលាការ​ដដែល ពិសេស​តុលាការ​បាន​ហាម​លោក កឹម សុខា ធ្វើ​សកម្មភាព​នយោបាយ និង​មិន​ត្រូវ​ចេញ​ទៅ​ក្រៅ​ប្រទេស​ជាដាច់ខាត។

ជុំវិញ​បញ្ហា​នេះ កាលពី​ចុង​ខែ​មិថុនា ឆ្នាំ​២០២១ លោក កឹម សុខា បាន​បង្ហាញ​ជំហរ​យ៉ាង​ម៉ឺងម៉ាត់​ថា អ្វី​ដែល​លោក​ធ្លាប់​បាន​សន្យា​ចំពោះ​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ និង​ប្រជាពលរដ្ឋ​ខ្មែរ​ថា បើ​ទោះ​ជា​លោក​ស្ថិត​ក្នុង​ការ​រឹតត្បិត​សេរីភាព​បែប​នេះ​ក្តី លោក​នៅតែ​រក្សា​ឧត្តមគតិ មិន​ក្បត់​ប្រទេស​ជាតិ មិន​ក្បត់​ឆន្ទៈ​ប្រជាពលរដ្ឋ និង​មិន​រត់​ចោល​សមរភូមិ​នយោបាយ​នៅ​កម្ពុជា​ជាដាច់ខាត ទោះ​ក្នុង​កាលៈទេសៈ​លំបាក​យ៉ាងណាក៏ដោយ៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

សេចក្ដីរាយការណ៍ពិសេស