28 C
Phnom Penh

អ្នក​តាមដាន​សង្គម៖ តុលាការ​កម្ពុជា​បរាជ័យ​ក្នុង​ការ​វែកមុខ​ឃាតក​ពិត​សម្លាប់​បណ្ឌិត កែម ឡី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ SMD អះអាង​ថា ករណី​ឃាតកម្ម​លើ​បណ្ឌិត កែម ឡី កាលពី ៥​ឆ្នាំ​មុន​មិនទាន់​ត្រូវ​បាន​វែកមុខ​រក​ឃាតក​ពិត និង​អ្នក​ពាក់ព័ន្ធ​យក​ទៅ​ផ្ដន្ទាទោស​តាម​ផ្លូវច្បាប់​នៅឡើយ​ទេ ខណៈ​លោក អឿត អាង ឬ​ហៅ ជួប សម្លាប់ គ្រាន់តែ​ជា​ឃាតក​សិប្បនិម្មិត និង​ជា​ជនរងគ្រោះ​ដែល​ទុក​សម្រាប់​ប្រើប្រាស់​ក្នុង​អំពើ​ឃាតកម្ម​នោះ​តែប៉ុណ្ណោះ។

ការ​លើកឡើង​របស់​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ គឺ​ដើម្បី​រំឭក​ខួប ៥​ឆ្នាំ​នៃ​ព្រឹត្តិការណ៍​បាញ់​សម្លាប់​បណ្ឌិត កែម ឡី នៅ​កណ្ដាល​ទីក្រុង​ភ្នំពេញ និង​រិះគន់​ការ​ដឹកនាំ​របស់​ប្រមុខ​រដ្ឋាភិបាល​លោក ហ៊ុន សែន ដែល​ខកខាន​ក្នុង​ការ​តាម​វែកមុខ​ឃាតក​ពិត​ដែល​បាន​សម្លាប់​បណ្ឌិត កែម ឡី ដោយ​បន្សល់​ទុក​នូវ​ភាព​អយុត្តិធម៌​ដល់​សាច់ញាតិ និង​ក្រុម​គ្រួសារ​របស់​លោក​រហូតដល់​សព្វថ្ងៃ​នេះ។

ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ SMD បាន​ចេញ​សេចក្តី​ថ្លែងការណ៍​នៅ​ថ្ងៃ​ទី​៩ ខែ​កក្កដា ឆ្នាំ​២០២១ ថា ខ្លួន​នៅតែ​បន្ត​ទាមទារ​ឲ្យ​តុលាការ​កម្ពុជា បង្ហាញ​របាយការណ៍​ស៊ើប​អង្កេត​ឱ្យ​បាន​ច្បាស់លាស់ និង​ជា​សាធារណៈ​ទៅតាម​អង្គហេតុ​នៃ​ឃាតកម្ម​បណ្ឌិត កែម ឡី ដើម្បី​ជម្រះ​មន្ទិលសង្ស័យ​ពី​មជ្ឈដ្ឋាន​នានា ទាំង​ជាតិ និង​អន្តរជាតិ ដែល​ចោទប្រកាន់​អំពី​ការ​ពាក់ព័ន្ធ​របស់​មន្ត្រី​ជាន់ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល​កម្ពុជា។

ប្រភព​ដដែល​អះអាង​ថា ដើម្បី​ស្ដារ​មុខមាត់​ប្រព័ន្ធ​យុត្តិធម៌ និង​កិត្តិយស​របស់​រដ្ឋាភិបាល​កម្ពុជា តុលាការ​ត្រូវតែ​មាន​សេចក្តី​ក្លាហាន​បង្ហាញ​អង្គ​ចងចាំ​នៃ​ប្រព័ន្ធ​កាមេរ៉ា​សុវត្ថិភាព​នៅ​ស្តារ​ម៉ាត (Star Mart) ជិត​ស្តុប​បូកគោ ឬ (ស្តុប កែម ឡី) រាជធានី​ភ្នំពេញ រយៈពេល ២៤​ម៉ោង ក្នុង​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦ ដែល​ជា​ថ្ងៃ​នៃ​ព្រឹត្តិការណ៍​នៃ​ឃាតកម្ម​លើ​បណ្ឌិត កែម ឡី នោះ​តែម្តង។

SMD បាន​ទាមទារ​យ៉ាង​ទទូច​ឲ្យ​តុលាការ​កម្ពុជា បើក​ការ​ស៊ើប​អង្កេត​ឡើងវិញ​លើ​សំណុំរឿង​ឃាតកម្ម​ធំៗ​ដែល​រកមុខ​ឃាតក​ពិត​មិនទាន់​ឃើញ​នា​ពេល​កន្លង​មក​ផង​ដែរ ក្នុង​នោះ​រួម​មាន៖

  • ឃាតកម្ម​លើ​ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ លោក ឈុត វុទ្ធី ឆ្នាំ​២០១២
  • ការ​សម្លាប់​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក ជា វិជ្ជា ឆ្នាំ​២០២៤
  • ការ​បាញ់​ប្រហារ​ទៅលើ​តារា​ភាពយន្ត​អ្នកស្រី ពិសិដ្ឋ ពីលិកា ឆ្នាំ​១៩៩៩
  • អតីត​រដ្ឋលេខាធិការ​នៃ​ក្រសួង​មហាផ្ទៃ​ពី​ខាង​គណបក្ស​ហ៊្វុនស៊ិនប៉ិច លោក ហូ សុខ ឆ្នាំ​១៩៩៧
  • និង​មនុស្ស​ជាច្រើន​ទៀត។

ក្រុម​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​បញ្ជាក់​ថា ដើម្បី​ឆ្លុះបញ្ចាំង​អំពី​ការ​អះអាង​របស់​រដ្ឋាភិបាល​ដែល​ថា កម្ពុជា​មាន​សន្តិភាព​នោះ មាន​តែ​ការ​ផ្តល់​យុត្តិធម៌​ជូន​ជនរងគ្រោះ​ប៉ុណ្ណោះ ទើប​ធ្វើ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ជឿជាក់​លើ​ការ​​​ដឹកនាំ​របស់​ខ្លួន។ ជាង​នេះ​ទៀត រដ្ឋាភិបាល​កម្ពុជា​ក៏​គួរ​ផ្តល់​យុត្តិធម៌​ដល់​អ្នកទោស​មនសិការ​ទាំងអស់ និង​ដោះលែង​ពួកគេ​ឲ្យ​មាន​សេរីភាព​ឡើងវិញ​ផង​ដែរ។

អ្នកវិភាគ​នយោបាយ និង​សង្គម បណ្ឌិត កែម ឡី ត្រូវ​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​នៅ​ហាង​ស្តារ​ម៉ាត​កាល់តិច (Star Mart Caltex) ស្តុប​បូកគោ​កណ្តាល​ទីក្រុង​ភ្នំពេញ ក្នុង​វ័យ ៥០​ឆ្នាំ ដោយ​បន្សល់​នូវ​ភរិយា​អាយុ ៣៤​ឆ្នាំ គឺ​អ្នកស្រី ប៊ូ រចនា ដែល​មាន​ផ្ទៃពោះ ៥​ខែ និង​កូនប្រុស ៤​នាក់​កាលពី​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦ កន្លង​ទៅ។

ជុំវិញ​បញ្ហា​នេះ ភរិយា​បណ្ឌិត កែម ឡី អ្នកស្រី ប៊ូ រចនា បាន​លើកឡើង​នៅ​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​ថ្ងៃ​ទី​៦ ខែ​កក្កដា ឆ្នាំ​២០២១ ថា ចំពោះ​ការ​បិទ​សវនាការ​លើ​ឃាតកម្ម​ប្តី​របស់​អ្នកស្រី គឺ​អ្នកស្រី​មិន​ដែល​ទទួលស្គាល់​នោះ​ទេ ព្រោះ​ថា​ការ​បិទ​បញ្ចប់​សវនាការ​នេះ មិន​បង្ហាញ​ពី​ការស៊ើបអង្កេត និង​ភស្តុតាង​ដែល​គួរ​ឲ្យ​ទុកចិត្ត​បាន​អ្វី​ទាំងអស់ ក្រៅតែ​ពី​ការ​បង្ហាញ​ឃាតក​សិប្បនិមិត្ត​ឲ្យ​ទទួល​ទោស​ជំនួស​ប៉ុណ្ណោះ​នោះ។

ចំណែក​អតីត​តំណាងរាស្ត្រ​ប្រទេស​អូស្ត្រាលី​ដើម​កំណើត​ខ្មែរ​ប្រចាំ​រដ្ឋ​វ៉ិកតូរីយ៉ា លោក ហុង លីម បាន​អះអាង​ថា ប្រទេស​កម្ពុជា​គឺជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស ១១ ផ្សេង​ទៀត​ដែល​អង្គការ​សហប្រជាជាតិ​បាន​ដាក់​អ្នក​រាយការណ៍​ពិសេស​របស់​គេ​ដើម្បី​តាមដាន​ការរំលោភ​សិទ្ធិមនុស្ស។ លើស​ពី​នេះ ពួកគេ​ក៏​បាន​ដាក់​ភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​ប្រឆាំង​នឹង​ឃាតកម្ម​ក្រៅ​ប្រព័ន្ធ​ច្បាប់​ផង​ដែរ ដើម្បី​តាមដាន​ឧក្រិដ្ឋកម្ម​ធំៗ និង​ការ​សម្លាប់​ក្រៅ​ប្រព័ន្ធ​ច្បាប់​នៅ​កម្ពុជា ដូចជា​ករណី​បណ្ឌិត កែម ឡី ជាដើម។

ដោយឡែក​ប្រធាន​គណៈកម្មាធិការ​នាយក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​៩ កក្កដា ថា ក្នុង​ឱកាស​ខួប ៥​ឆ្នាំ​នៃ​មរណភាព​បណ្ឌិត កែម ឡី នៅ​ថ្ងៃ​ទី​១០ ខែ​កក្កដា នេះ មន្ត្រី​ជាន់ខ្ពស់ និង​សមាជិក​គណបក្ស GDP នឹង​ធ្វើ​ពិធី​ចែក​ទាន​ដល់​ចាស់ជរា​ចំនួន ១០​ឃុំ និង​ធ្វើ​ពិធី​បង្សុកូល​ជូន​វិញ្ញាណក្ខន្ធ​លោក​បណ្ឌិត កែម ឡី ផង​ដែរ។

លោក​អះអាង​ថា សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ទាំងអស់​នៅតែ​គោរព​ដឹងគុណ និង​ចាត់ទុក​បណ្ឌិត កែម ឡី ជា​វីរបុរស​ដែល​តំណាង​ឲ្យ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ ហើយ​គណបក្ស​នេះ​នឹង​អនុវត្ត​តាម​គោលគំនិត​ដែល​បណ្ឌិត កែម ឡី បាន​ផ្ដួចផ្ដើម​ជានិច្ច ដូចជា​ការ​លើកស្ទួយ​សេរីភាព​បញ្ចេញ​មតិ មិន​ប្រកាន់​និន្នាការ​នយោបាយ និង​ចៀសវាង​នូវ​ការ​ជេរប្រមាថ លាប​ពណ៌ ដែល​ធ្វើ​ឲ្យ​បែកបាក់​សាមគ្គី​ជាតិ​ជាដើម។

មុន​ថ្ងៃ​ខួប ៥​ឆ្នាំ​នៃ​មរណភាព​បណ្ឌិត កែម ឡី គឺ​នៅ​ថ្ងៃ​ទី​៩ ខែ​កក្កដា ឆ្នាំ​២០២១ អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក បាន​នាំគ្នា​បញ្ចេញ​មតិ​យោបល់​ទាក់ទិន​នឹង​ឃាតកម្ម​លើ​បណ្ឌិត កែម ឡី ព្រោងព្រាត ក្នុង​នោះ​ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ លោក អាឡិច ហ្កន់សាឡេដេវិតសុន ថា​លោក​គឺ កែម ឡី ជានិច្ច។ ចំណែក​អ្នកវិភាគ​នយោបាយ និង​សង្គម លោក គឹម សុខ ថា​លោក​គោរព​លោក​បណ្ឌិត កែម ឡី ពីព្រោះ​លោក​ជា​អ្នក​ហ៊ាន​វិភាគ និង​មិន​ចាំ​តែ​ធ្វើ​សេចក្ដី​សន្និដ្ឋាន​សរសើរ​អ្នក​នយោបាយ។

បន្ថែម​ពី​នេះ លោក ទូច វិបុល ប្រធាន​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ ថា កែម ទ្បី ទៅ​ឆ្ងាយ​មិន​ត្រឡប់​ក្រោយ តែ​នៅ​ជិត​បង្កើយ​ជាមួយ​កូនខ្មែរ ក្រៅពី​នេះ ក៏​មាន​អ្នក​ចូលរួម​សម្ដែង​មតិ​យោបល់​រាប់​ពាន់​នាក់​ថែមទៀត​ផង​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស