37 C
Phnom Penh

មន្ត្រី​ជាន់ខ្ពស់​របស់​លោក សម រង្ស៊ី ប្រកាស​ជំហរ​គាំទ្រ​គណបក្ស​បេះដូង​ជាតិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ភាគី​លោក សមរ ង្ស៊ី បង្ហាញ​ជំហរ​គាំទ្រ និង​សម្តែង​មោទកភាព​ចំពោះ​គណបក្ស​បេះដូង​ជាតិ ជា​សាធារណៈ។

ការ​អះអាង​របស់​អ្នកស្រី មូរ សុខហួរ ធ្វើឡើង​ក្នុង​កម្មវិធី​ទទួលទាន​អាហារ​សាមគ្គី​កូនខ្មែរ​ក្នុង​ទីក្រុង Atlanta នៃ​រដ្ឋ Georgia សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃ​ទី​០៥ ខែ​កក្កដា ឆ្នាំ​២០២១។

អ្នកស្រី​បាន​ថ្លែង​ទៅកាន់​អ្នកគាំទ្រ​របស់​ខ្លួន​នៅ​ពេល​នោះ​ថា បើ​បង្កើត​គណបក្ស​ហើយ​មិន​ធ្វើ​សកម្មភាព មិន​ចាំបាច់​បង្កើត​មក​ទេ ព្រោះ​ថា​បើ​បើក​បក្ស​ហើយ​មិន​ហ៊ាន​តតាំង​ជាមួយ​បក្ស​កាន់​អំណាច គឺ​ដើរ​ចូល​ក្នុង​ល្បែង​លោក ហ៊ុន សែន ប៉ុណ្ណោះ។

ទោះជាយ៉ាងណាក៏ដោយ មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង លោក មាជ សុវណ្ណារ៉ា បាន​ប្រាប់​សារព័ត៌មាន The Cambodia daily នៅ​ថ្ងៃ​ទី​៩ ខែ​កក្កដា ឆ្នាំ​២០២១ ថា មន្ត្រី​ជាន់ខ្ពស់​បក្ស​សង្គ្រោះ​ជាតិ​ភាគី​លោក សម រង្ស៊ី ដូចជា​លោក អេង ឆៃអ៊ាង អ្នកស្រី មូរ សុខហួរ និង​មនុស្ស​មួយ​ចំនួន​ទៀត បាន​ផ្ដួចផ្ដើម និង​ជួយ​ជ្រោមជ្រែង​ការ​បង្កើត​គណបក្ស​បេះដូង​ជាតិ នេះ​យ៉ាង​ពេញ​ទំហឹង។

មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ​អះអាង​ថា ចំពោះ​ការ​បែកបាក់​របស់​គណបក្ស​សង្គ្រោះ​ជាតិ គឺ​មាន​តែ​ខាត ព្រោះ​ថា​កម្លាំង​នៃ​ការចូលរួម​របស់​ពលរដ្ឋ​ដែល​បាន​ផ្តុំ​គ្នា​ជាង​កន្លះ​នគរ​នា​ពេល​កន្លង​មក ត្រូវ​បាន​មេដឹកនាំ​នយោបាយ​របស់​ខ្លួន​ហែក​ច្រៀក​កម្លាំង​ប្រឆាំង​ទាំងនោះ​រៀងៗ​ខ្លួន ទោះបីជា​មន្ត្រី​ទាំងនោះ​អួត​ថា​ការ​បើក​បក្ស​ថ្មី​នោះ​ដើម្បី​ជ្រោង​ដួង​ព្រលឹង​សង្គ្រោះ​ជាតិ​ក៏ដោយ។

លោក​ចោទ​សួរ​ថា ហេតុ​អ្វី​ពួកគេ​មិន​ឆ្ងល់​ថា បើ​នោះ​ជា​ការ​ជួយ​ជ្រោមជ្រែង​ដួង​ព្រលឹង​សង្គ្រោះ​ជាតិ ហេតុ​អ្វី​លោក ហ៊ុន សែន ជួយ​ជ្រោមជ្រែង​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ពី​ព្រះមហាក្សត្រ​ឲ្យ​ពួកគេ​ខ្លាំង​ម្ល៉េះ? លោក​ថា បើ​បាន​សិទ្ធិ​ធ្វើ​នយោបាយ​ហើយ ហេតុ​អ្វី​មិន​ចូលរួម​គ្នា​បើក​គណបក្ស​តែ​មួយ​ដើម្បី​ប្រកួតប្រជែង ចុះ​ចាំបាច់​បង្កើត​បក្ស​ខុស​គ្នា​ធ្វើ​អ្វី? តាមពិត នោះ​គ្រាន់តែ​ជា​ការចូលរួម​លេង​ល្បែង​បក្ស​កាន់​អំណាច​តែប៉ុណ្ណោះ។

លោក មាជ សុវណ្ណារ៉ា បញ្ជាក់​ថា ម្ចាស់​ឆ្នោត​ប្រាកដ​ជា​ដឹង​ច្បាស់​ថា នរណា​គឺ​មនុស្ស​ដែល​ក្បត់​ដួង​ព្រលឹង​សង្គ្រោះ​ជាតិ ព្រោះ​ថា​អំឡុង​ពេល​ដែល​មេ​បក្ស​របស់​ខ្លួន​កំពុង​ជាប់​បម្រាម​នយោបាយ ហើយ​ក៏​កំពុងតែ​ធ្វើ​ការ​តស៊ូ​នយោបាយ​តាមរយៈ​ការទូត​យ៉ាង​ស្វិតស្វាញ បែរជា​មន្ត្រី​ជាន់ខ្ពស់​ភាគី​លោក សម រង្ស៊ី នាំគ្នា​ទៅ​លួច​បង្កើត​បក្ស​ថ្មី​ចោល​ដៃគូ​របស់​ខ្លួន​ទៅវិញ។

លោក​សង្កត់​ធ្ងន់​ថា សកម្មភាព​ពួកគេ​ក៏​អាច​បញ្ជាក់​បាន​យ៉ាង​ច្បាស់​ផង​ដែរ​ថា ការ​លើក​ស្ទួយ​ដួង​ព្រលឹង​សង្គ្រោះ​ជាតិ គឺ​ត្រូវ​ធ្លាក់​ទៅលើ​លោក កឹម សុខា ទាំងស្រុង ខណៈ​ពួកគេ​ព្យាយាម​បំបែក​ដួង​ព្រលឹង​នេះ​តាម​វិធីសាស្ត្រ​ពួកគេ​រៀងៗ​ខ្លួន​ទៅ​ហើយ​នោះ។

ទាក់ទង​នឹង​ការ​បង្កើត​គណបក្ស​ថ្មីៗ​នេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ចុង​ខែ​ឧសភា ឆ្នាំ​២០២១ បាន​អះអាង​ថា កម្ពុជា​កំពុងតែ​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុ​បក្ស​បាន​យ៉ាង​ល្អ ទោះបី​គ្មាន​អតីត​បក្ស​សង្គ្រោះ​ជាតិ​ក៏ដោយ ព្រោះ​ថា​មន្ត្រី​បក្ស​ប្រឆាំង​ដែល​បាន​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ បាន​នាំគ្នា​ទៅ​បង្កើត​បក្ស​ថ្មីៗ​ព្រោងព្រាត ដើម្បី​ចូលរួម​ប្រកួតប្រជែង​ក្នុង​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ក្នុង​ឆ្នាំ​២០២២ ខាងមុខ​នេះ។

យ៉ាងណាក៏ដោយ អតីត​អគ្គលេខាធិការ​គណបក្ស​សង្គ្រោះ​ជាតិ​ក្រៅ​ប្រទេស CNRP-O លោក ប៉ុន សៅរី ធ្លាប់​បាន​អះអាង​ថា ក្នុង​នាម​លោក​ជា​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​រូប​ដែល​បាន​ចូលរួម​ការពារ និង​ពង្រីក​ការ​គាំទ្រ​ទាំង​ក្នុង​សហគមន៍​ខ្មែរ និង​សហគមន៍​អន្តរជាតិ នឹង​មិន​បណ្តោយ​ឲ្យ​អតីត​ថ្នាក់​ដឹកនាំ​ទាំងនេះ​រួមដៃ​ជាមួយ​នឹង​លោក ហ៊ុន សែន បំផ្លាញ​គណបក្ស​សង្គ្រោះ​ជាតិ និង​បំផ្លាញ​នូវ​សេចក្តី​សង្ឃឹម​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​បាន​ឡើយ។

ក្រុម​អ្នក​សង្កេតការណ៍​អះអាង​ថា សកម្មជន​ជាន់ខ្ពស់​នៅ​មូលដ្ឋាន​ភាគី​លោក សម រង្ស៊ី ដូចជា​អតីត​មេឃុំ​អូរចារ កញ្ញា ស៊ីន ចាន់ពៅរ៉ូស្សិត និង​សកម្មជន​ផ្សេង​ទៀត​ដែល​តែង​រិះគន់​មន្ត្រី​បក្ស​ប្រឆាំង​ភាគី​លោក កឹម សុខា ដែល​បាន​ចេញ​ទៅ​បង្កើត​បក្ស​ថ្មី​ថា អ្នក​ទាំងនោះ​បាន​ក្បត់​ឆន្ទៈ​ពលរដ្ឋ ខណៈ​លោក សៀម ភ្លុក អតីត​មន្ត្រី​នយោបាយ​គណបក្ស សម រង្ស៊ី ចេញ​ទៅ​បង្កើត​គណបក្ស​បេះដូង​ជាតិ ពួកគេ​មិន​ដែល​រិះគន់​អ្វី​ទាល់តែសោះ ប៉ុន្តែ​តែង​ការពារ និង​លើក​ទឹកចិត្ត​ទៅវិញ។

រហូត​មក​ទល់​ពេល​នេះ គណបក្ស​ដែល​បង្កើត​ឡើង​ដោយ​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ មាន​ចំនួន ៥​គណបក្ស​ហើយ ក្នុង​នោះ​រួម​មាន៖

  • គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ
  • គណបក្ស​ខ្មែរ​អភិរក្ស
  • គណបក្ស​ឆន្ទៈ​ខ្មែរ
  • គណបក្ស​កែទម្រង់​កម្ពុជា
  • គណបក្ស​បេះដូង​ជាតិ។

យ៉ាងណាក៏ដោយ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ធ្លាប់​បាន​អះអាង​កាលពី​ចុង​ឆ្នាំ​២០២០ ថា មន្ត្រី​បក្ស​ប្រឆាំង​ដែល​បាន​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​ទាំងនោះ បើ​មិន​ចាញ់​បោក ក៏​លក់​ខ្លួន​ឲ្យ​លោក ហ៊ុន សែន ដែរ ដូច្នេះ​ដើម្បី​យក​ឈ្នះ​គណបក្ស​កាន់​អំណាច ត្រូវតែ​នាំគ្នា​រង់ចាំ​គណបក្ស​សង្គ្រោះ​ជាតិ រស់​ឡើងវិញ​ទាំងអស់​គ្នា។

ទោះជាយ៉ាងណាក៏ដោយ ក្រុម​សង្កេតការណ៍​អះអាង​ថា ពួកគេ​មិន​ទាន់​ទៅណា​ទេ ហើយ​នៅ​បន្ត​រង់ចាំ​មើល​តទៅទៀត ថា​តើ​ភាព​ប្ដេជ្ញា​ចិត្ត​របស់​លោក សម រង្ស៊ី និង​ភាព​ស្មោះត្រង់​របស់​លោក​ក្នុង​ការ​តស៊ូ​ដើម្បី​សេរីភាព និង​ប្រជាធិបតេយ្យ​ពិតប្រាកដ​នោះ អាច​នៅ​ស្ថិតស្ថេរ​ត្រឹម​កម្រិត​ណា៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស