28.4 C
Phnom Penh

គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ​ទាមទារ​ឲ្យ​មាន​ការ​បោះឆ្នោត​ដែល​គ្មាន​ការ​គំរាមកំហែង​ពី​បក្ស​កាន់​អំណាច​ចំពោះ​ម្ចាស់​ឆ្នោត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណបក្ស​ក្រៅ​រដ្ឋាភិបាល​ជំរុញ​ឲ្យ​កម្ពុជា​អនុវត្ត​ច្បាប់​ឲ្យ​បាន​ល្អ​ប្រសើរ​ជាង​ពេល​កន្លងមក ដើម្បី​ជួយ​ឲ្យ​ពលរដ្ឋ​ម្ចាស់​ឆ្នោត​មាន​ទំនុក​ចិត្ត​ចូលរួម​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ ក្នុង​ឆ្នាំ​២០២២ ខាងមុខ ដោយ​គ្មាន​ការ​ភ័យខ្លាច ដែល​គ្មាន​ការ​គំរាមកំហែង​ណាមួយ​ពី​គណបក្ស​កាន់​អំណាច​សព្វថ្ងៃ​នេះ។

ពួកគេ​បាន​សម្គាល់​ឃើញ​ថា គណបក្ស​កាន់​អំណាច​ដែល​កំពុង​ដឹកនាំ​រដ្ឋាភិបាល​ដោយ​ឯក​បក្ស​បច្ចុប្បន្ន តែងតែ​ប្រើ​ល្បិច​កល និង​ការ​គំរាមកំហែង​គ្រប់​រូបភាព​ដើម្បី​ឈ្នះ​ការបោះឆ្នោត​ស្ទើរតែ​រាល់​អាណត្តិ។

អគ្គហេរញ្ញិក​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ លោក សៀវ វិសុទ្ធ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​១៥ ខែ​កក្កដា ថា ដើម្បី​ឲ្យ​ការបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​នា​ពេល​ខាងមុខ​ប្រព្រឹត្ត​ទៅ​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ រដ្ឋាភិបាល​កម្ពុជា​គួរតែ​មាន​ភាព​ក្លាហាន​បើក​លំហ​សេរីភាព​បញ្ចេញ​មតិ បើក​លំហ​ប្រជាធិបតេយ្យ ដោយ​ការ​ផ្តល់​នូវ​សិទ្ធិ​សម្រេច​ចិត្ត​ពេញលេញ​ដល់​ពលរដ្ឋ​ដោយ​គ្មាន​ការ​គំរាមកំហែង ឲ្យ​ពលរដ្ឋ​សម្រេច​គាំទ្រ​គណបក្ស​នយោបាយ​ណាមួយ​ដែល​ពួកគេ​ពេញ​ចិត្ត។

ជាង​នេះ​ទៀត ត្រូវតែ​ផ្តល់​នូវ​ភាព​ឯករាជ​ដល់​ស្ថាប័ន​គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត បញ្ឈប់​នូវ​ការ​ប្រើប្រាស់​មន្ត្រី​រាជការ​តាម​ក្រសួង​ស្ថាប័ន​នានា​ធ្វើ​ជា​ឧបករណ៍​នយោបាយ​ដើម្បី​រក​សំឡេង​ឆ្នោត​ឲ្យ​ខ្លួន​បន្ត​ទៀត។ លោក​ថា ការ​ធ្វើ​ដូច្នេះ គណបក្ស​កាន់​អំណាច​ក៏​អាច​វាស់​ស្ទង់​ដឹង​ពី​ការ​គាំទ្រ​របស់​ពលរដ្ឋ​ម្ចាស់​ឆ្នោត​ចំពោះ​ការ​ដឹកនាំ​របស់​ខ្លួន​ដោយ​ពិតប្រាកដ​ផង​ដែរ។

ប្រភព​ដដែល​បាន​អះអាង​ថា ដើម្បី​ឲ្យ​កម្ពុជា​ខ្លាំង​មាន​ការ​អភិវឌ្ឍ​ល្អ​ប្រសើរ មាន​សមត្ថភាព​ការពារ​អធិបតេយ្យ​ជាតិ ការពារ​បូរណភាព​ទឹកដី និង​ឯករាជ្យ​ជាតិ​របស់​ខ្លួន​បាន​យូរអង្វែង កម្ពុជា​ពិតជា​ត្រូវការ​គណបក្ស​នយោបាយ​មួយ​ដែល​ខ្លាំង​ពិតប្រាកដ​សម្រាប់​ដឹកនាំ​ប្រទេស ប៉ុន្តែ​មិនមែន​ជា​គណបក្ស​ដែល​ឡើង​កាន់​អំណាច​ដោយ​ការ​ប្រើ​វិធី​គាបសង្កត់ ឬ​លួច​បន្លំ​សន្លឹកឆ្នោត​ដើម្បី​ឈ្នះ​នោះ​ទេ។

លោក សៀវ វិសុទ្ធ បញ្ជាក់​ថា មនុស្ស​ម្នាក់​ដែល​មាន​អវយវៈ​ល្អ​ប្រសើរ តែ​បែរជា​មាន​ខួរក្បាល​មិន​ប្រក្រតី នោះ​មនុស្ស​ម្នាក់​នោះ​នឹង​មាន​វាសនា​អភ័ព្វ​អស់​មួយ​ជីវិត។ ដូចគ្នា​នេះ​ដែរ កម្ពុជា​មាន​ទឹកដី​ដែល​មាន​សម្បត្តិ​ជាតិ​ដ៏​មហាសាល មាន​ប្រជាជន​ពោរពេញ​ទៅ​ដោយ​ឧត្តមគតិ​ជាតិ​ខ្ពង់ខ្ពស់ ប៉ុន្តែ​បែរជា​មាន​រដ្ឋាភិបាល​ដ៏​អន់​បំផុត​មួយ​មក​ដឹកនាំ​ប្រទេស នោះ​ពលរដ្ឋ​ខ្មែរ​ច្បាស់​ជា​មាន​វាសនា​អភ័ព្វ​ត​កូន​ត​ចៅ​ជាមិនខាន។

កាលពី​ថ្ងៃ​ទី​១៤ ខែ​កក្កដា ឆ្នាំ​២០២១ អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា​ជាង ៦០​ស្ថាប័ន បាន​បង្កើត​នូវ​អនុសាសន៍​រួមគ្នា​ស្តី​អំពី​លក្ខខណ្ឌ​ទាប​បំផុត​មួយ​សម្រាប់​ភាព​ស្រប​ច្បាប់​នៃ​ការបោះឆ្នោត​ឃុំ-សង្កាត់​ឆ្នាំ​២០២២ ដែល​អនុលោម​តាម​គោលការណ៍​សំខាន់ៗ​នៃ​ការបោះឆ្នោត​ពិតប្រាកដ ដោយ​សេរី និង​យុត្តិធម៌។

អង្គការ​សង្គម​ស៊ីវិល​ទាំងនោះ​បាន​លើកឡើង​នូវ​លក្ខខណ្ឌ ៦​ចំណុច​ធំៗ​ក្នុង​នោះ​រួម​មាន ការ​បើក​ឲ្យ​មាន​បរិយាកាស​នយោបាយ​ដោយ​សេរី សិទ្ធិ​នយោបាយ ការ​ផ្តល់​សិទ្ធិ​ឈរ​ឈ្មោះ​បោះឆ្នោត ឆន្ទៈ​អ្នក​បោះឆ្នោត និង​សិទ្ធិ​អ្នក​បោះឆ្នោត​ឲ្យ​ស្របតាម​ច្បាប់​ជាធរមាន និង​ការ​រៀបចំ​សមាសភាព​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ឲ្យ​មាន​ភាព​ឯករាជ​ផង​ដែរ។

បន្ថែម​ពី​នេះ ត្រូវតែ​ធ្វើ​ឲ្យ​ស្ថាប័ន​តុលាការ និង​កងកម្លាំង​ប្រដាប់​អាវុធ​មាន​អព្យាក្រឹតភាព និង​ការ​បើក​លំហ​សេរីភាព​ដល់​តួនាទី​របស់​អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​នៅ​ពេល​បោះឆ្នោត​ខាងមុខ​នេះ​ឲ្យ​កាន់តែ​ទូលំទូលាយ​ថែមទៀត។

យ៉ាងណាក៏ដោយ លោក ហ៊ុន សែន កាលពី​ចុង​ខែ​ឧសភា ឆ្នាំ​២០២១ បាន​អះអាង​ថា កម្ពុជា​កំពុងតែ​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុ​បក្ស​បាន​យ៉ាង​ល្អ ព្រោះ​ថា​មន្ត្រី​បក្ស​ប្រឆាំង​ដែល​បាន​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ បាន​នាំគ្នា​ទៅ​បង្កើត​បក្ស​ថ្មី​ដើម្បី​ប្រកួតប្រជែង​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ក្នុង​ឆ្នាំ​២០២២ ខាងមុខ។

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា បាន​ចេញ​សេចក្តី​សម្រេច​កាលពី​ថ្ងៃ​ទី​៩ ខែ​មីនា ឆ្នាំ​២០២១ ស្ដីពី​ការប្រកាស​កាលបរិច្ឆេទ​នៃ​ការបោះឆ្នោត​ជ្រើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​សម្រាប់​អាណត្តិ​ទី​៥ ដែល​ត្រូវ​កំណត់​យក​ថ្ងៃ​ទី​៥ ខែ​មិថុនា ឆ្នាំ​២០២២ ខាងមុខ​នេះ​ជា​កំណត់។ ដូច្នេះ​រយៈពេល​នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ក្នុង​ឆ្នាំ​២០២២ នៅសល់​មិន​ដល់ ១​ឆ្នាំ​ទៀត​នោះ​ទេ។

ជុំវិញ​បញ្ហា​នេះ កាលពី​ខែ​មិថុនា ឆ្នាំ​២០១៧ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ (Human Rights Watch) បាន​អះអាង​ថា ការបោះឆ្នោត​ឃុំ-សង្កាត់​នៅ​ប្រទេស​កម្ពុជា អាណត្តិ​ទី​៤ បាន​ប្រព្រឹត្ត​ទៅ​ក្នុង​បរិយាកាស​គំរាមកំហែង​ទៅ​ដល់​សិទ្ធិ​បញ្ចេញ​មតិ និង​ការចូលរួម​ក្នុង​នយោបាយ​ដែល​អាច​ចាត់ទុក​ការបោះឆ្នោត​នេះ​ថា​មិន​បាន​ធ្វើឡើង​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​នោះ​ទេ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស