32 C
Phnom Penh

អនុរដ្ឋលេខាធិការ​ម្នាក់​នៃ​ក្រសួង​ធនធាន​ទឹក​រង​ការ​ចោទ​ថា​កិប​កេង​ថវិកា​ជាតិ​ពី​គម្រោង​ស្ដារ​បឹងបែកក្អម​ស្រុក​មុខកំពូល​រាប់​លាន​ដុល្លារ

បទវិភាគ

មន្ត្រី​ក្រសួង​ធនធាន​ទឹក និង​ប្រជាពលរដ្ឋ បាន​អះអាង​ថា គម្រោង​ស្ដារ​បឹងបែកក្អម មាន​ទំហំ​ជាង ៥០​ហិកតារ​ជា​គម្រោង​ថវិកា​របស់​ជាតិ​នៅ​ក្នុង​ឃុំ​ព្រែកអញ្ចាញ ស្រុក​មុខកំពូល ខេត្ត​កណ្តាល ត្រូវ​បាន​មន្ត្រី​ទទួល​ខុសត្រូវ​លើ​ការងារ​ស្ដារ​បឹង​នេះ​លួច​កិប​កេង​ថវិកា​រដ្ឋ​អស់​រាប់​សិប​លាន​ដុល្លារ​អាមេរិក ដើម្បី​យក​ទៅ​ចែក​គ្នា​ចាយ។

មន្ត្រី​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម មិន​បញ្ចេញ​ឈ្មោះ បាន​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​បាន​ចំណាយ​ថវិកា​រាប់​លាន​ដុល្លារ​ដើម្បី​ស្ដារ​បឹង ហើយ​បាន​អនុញ្ញាត​ឱ្យ​ក្រសួង​ធនធាន​ទឹក លើក​គម្រោង​ចំណាយ​លើ​ពលកម្ម ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​ដែល​អត់​មាន​ការងារ​ធ្វើ ឬ​រង​ផល​ប៉ះពាល់​ពី​ជំងឺ Covid-19 អាច​ទៅ​ធ្វើ​ពលកម្ម​ជីក ឬ​កាយ​ដី​ស្ដារ​បឹងបែកក្អម ដើម្បី​រក​កម្រៃ។

ប្រភព​បញ្ជាក់​ថា គម្រោង​សាច់ប្រាក់​ពលកម្ម​ស្ដារ​បឹងបែកក្អម នេះ គឺ​លោក ចាន់ ស៊ីណាត ដែល​ជា​អ្នក​គ្រប់គ្រង ឬ​កាន់​គម្រោង​នេះ មិន​បាន​ចែករំលែក​ការងារ​ពី​ការ​ស្ដារ​បឹង​ធម្មជាតិ​មួយ​នេះ​ជូន​ប្រជាពលរដ្ឋ​ឲ្យ​មាន​ការងារ​ធ្វើ​ឡើយ។

ផ្ទុយទៅវិញ ផែនការ​នេះ គឺ​មន្ត្រី​គ្រប់គ្រង​បាន​យក​គម្រោង​ស្ដារ​បឹង​នេះ​ទៅ​លក់​ឲ្យ​ក្រុមហ៊ុន ឬ​ឈ្មួញ​ឲ្យ​នាំ​យក​គ្រឿងចក្រ​មក​ជីកកកាយ​អាចម៍ដី​ដឹក​ទៅ​ចាក់​បំពេញ​ក្រុមហ៊ុន​បុរី ឬ​ផ្ទះល្វែង ដោយ​ក្នុង​មួយ​ហិកតារ​មាន​តម្លៃ​រាប់​ម៉ឺន​ដុល្លារ ដើម្បី​ចែក​លុយ​បក្ខពួក​ខ្លួន​ទៅវិញ។

មន្ត្រី​រាជការ និង​ពលរដ្ឋ​រស់នៅ​ឃុំ​ព្រែកអញ្ចាញ ស្រុក​មុខកំពូល បាន​សំណូមពរ​ដល់​លោក លឹម គានហោ រដ្ឋមន្ត្រី​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម ជាពិសេស​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចាត់​មន្ត្រី​ស៊ើប​អង្កេត​ទៅលើ​សកម្មភាព​អនុវត្ត​គម្រោង​ស្ដារ​បឹងបែកក្អម ថា​តើ​គម្រោង​ចំណាយ​នេះ​បាន​ទៅ​ដល់​ពលរដ្ឋ​ដែល​ជា​គោលដៅ​នៃ​ការ​ចំណាយ​ប្រាក់​នេះ​ដែរ​ឬ​ទេ?

ទាំង​អភិបាល​ស្រុក​មុខកំពូល លោក តុង ស៊ីវមី និង​លោក អ៊ុក វណ្ណា ប្រធាន​មន្ទីរ​ធនធាន​ទឹក និង​ឧតុនិយម ខេត្ត​កណ្ដាល ក៏​បាន​បដិសេធ​ថា​មិន​ដឹង​មាន​អំពើ​ពុករលួយ​ទាក់ទិន​គម្រោង​ចំណាយ ឬ​ការ​លក់​ដី​ពី​ការ​ស្ដារ​បឹងបែកក្អម​ខាងលើ​នេះ​ទេ ហើយ​ការងារ​ស្ដារ​បឹង​នេះ ម្នាក់ៗ​រង់ចាំ​តែ​សមិទ្ធផល​សម្រេច​តែប៉ុណ្ណោះ។

យ៉ាងនេះ​ក្តី សារព័ត៌មាន The Cambodia Daily នៅ​មិនទាន់​មាន​ប្រភព​ទាក់ទង​លោក ចាន់ ស៊ីណាត អនុរដ្ឋលេខាធិការ​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម ដែល​ជា​អ្នក​គ្រប់គ្រង​គម្រោង​ស្ដារ​បឹងបែកក្អម ដើម្បី​បំភ្លឺ​ជុំវិញ​ការ​ចោទប្រកាន់​ថា​បាន​កិប​កេង​ថវិកា​ជាតិ​អស់​រាប់​សិប​លាន​ដុល្លារ​ខាងលើ​បាន​ទេ នៅ​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០២១។ ចំណែក​ឯ​លោក ចាន់ យុត្ថា រដ្ឋលេខាធិការ និង​ជា​អ្នក​នាំពាក្យ​ក្រសួង​ធនធាន​ទឹក ក៏​មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ដែរ​តាម​ទូរស័ព្ទ៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

សេចក្ដីរាយការណ៍ពិសេស