31 C
Phnom Penh

GDP៖ ដើម្បី​កសាង​ប្រទេស​ឱ្យ​មាន​ភាព​សម្បូរ​សប្បាយ គឺ​ត្រូវ​ចាប់ផ្តើម​ពី​ការ​អភិវឌ្ឍ​នៅ​មូលដ្ឋាន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (GDP) លើកឡើង​ថា ដើម្បី​កសាង​ប្រទេស​ជាតិ​ឲ្យ​មាន​ភាព​សម្បូរ​សប្បាយ​គ្រប់​ទីកន្លែង គឺ​ត្រូវ​ចាប់ផ្តើម​ការ​អភិវឌ្ឍ​នៅ​គ្រប់​ភូមិ-ឃុំ​ទាំងអស់ ដែល​ត្រូវ​មាន​មេភូមិ​ល្អ និង​មេឃុំ​ល្អ ដើម្បី​បំពេញ​ការងារ​បម្រើ​ពលរដ្ឋ​ដោយ​ស្មោះត្រង់។

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​២០ ខែ​កក្កដា ឆ្នាំ​២០២១ ថា ក្រោម​ការ​ផ្ដួចផ្ដើម​គំនិត​របស់​បណ្ឌិត កែម ឡី បាន​លើកឡើង​ថា ដើម្បី​កសាង​ប្រទេស​កម្ពុជា​ឲ្យ​មាន​ការ​រីកចម្រើន គឺ​ត្រូវ​ចាប់ផ្តើម​ពី​ការ​អភិវឌ្ឍ​នៅ​មូលដ្ឋាន​មុនគេ ជាពិសេស​គឺ​ការ​អភិវឌ្ឍ​ភូមិ-ឃុំ​តែម្តង។

លោក​អះអាង​ថា ដើម្បី​រៀបចំ​ឲ្យ​មាន​មេភូមិ​ល្អ​សម្រាប់​បម្រើ​ពលរដ្ឋ​នៅ​មូលដ្ឋាន​ដោយ​ស្មោះត្រង់ មេភូមិ​នោះ​ត្រូវតែ​កើត​ចេញពី​ការបោះឆ្នោត​ដោយ​ផ្ទាល់​ពី​ពលរដ្ឋ ហើយ​ពលរដ្ឋ​ក៏​មាន​សិទ្ធិ​ដក​មេភូមិ​នោះ​នៅ​មុន​អាណត្តិ​ផង​ដែរ ប្រសិនបើ​គេ​មើលឃើញ​ថា មន្ត្រី​មូលដ្ឋាន​របស់​ពួកគេ​គ្មាន​សមត្ថភាព​បម្រើ​ប្រជាពលរដ្ឋ​តទៅទៀត។

លោក​ថា ការរៀបចំ​ឲ្យ​មាន​ប្រព័ន្ធ​បែប​នេះ គឺ​ជួយ​ឲ្យ​មេភូមិ​អាច​បំពេញ​តួនាទី​របស់​ខ្លួន​បាន​ពេញលេញ និង​អាច​បង្កើត​សាមគ្គីភាព​រវាង​មន្ត្រី​មូលដ្ឋាន និង​ប្រជាពលរដ្ឋ​នៅ​តាម​សហគមន៍​បាន​កាន់តែ​ល្អ​ផង​ដែរ។

បណ្ឌិត យ៉ង សាំងកុមារ បញ្ជាក់​ថា កន្លងមក មេភូមិ​ស្ថិត​ក្រោម​ឥទ្ធិពល​របស់​គណបក្ស ដូច្នេះ​ពួកគាត់​មិន​បាន​បំពេញ​តួនាទី​ល្អ​ក្នុង​ការ​បម្រើ​ប្រជាពលរដ្ឋ​នោះ​ទេ ដែល​នេះ​ជា​មូលហេតុ​នាំ​ឱ្យ​មេភូមិ​បច្ចុប្បន្ន​ភាគច្រើន​ធ្វើការ​បម្រើ​តែ​គណបក្ស​នយោបាយ និង​មាន​ភាព​រើសអើង ព្រមទាំង​ប្រកាន់​និន្នាការ​នយោបាយ​ចំពោះ​ប្រជាពលរដ្ឋ​របស់​ខ្លួន​រហូត​មក។

មន្ត្រី​បក្ស GDP រូប​នេះ បញ្ជាក់​ថា ការបោះឆ្នោត​ជ្រើសរើស​មេភូមិ​ជា​គោលនយោបាយ​សំខាន់​មួយ​របស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ដែល​អាច​ជួយ​ជំរុញ​យុវជន​ដែល​មាន​សមត្ថភាព​នៅ​មូលដ្ឋាន ឲ្យ​ពួកគេ​អាច​រួម​ចំណែក​អភិវឌ្ឍ​ភូមិ-ឃុំ​ខ្លួនឯង​បាន​ផង​ដែរ។ លោក យ៉ង សាំងកុមារ បាន​រំឭក​ពី​គំនិត​របស់​បណ្ឌិត កែម ឡី កាលពី​លោក​នៅ​មាន​ជីវិត​ថា លោក​ធ្លាប់​បាន​អះអាង​ផង​ដែរ​ថា បើ​មាន​ការបោះឆ្នោត​ជ្រើសរើស​មេភូមិ លោក​នឹង​ចូលរួម​ឈរ​ឈ្មោះ​ធ្វើ​បេក្ខភាព​មេភូមិ​ដើម្បី​រក​ការ​គាំទ្រ​ពី​ពលរដ្ឋ​ដូច​គេ​ដែរ ហើយ​លោក​នឹង​ចាប់ផ្តើម​អនុវត្ត​ធ្វើជា​មេភូមិ​គំរូ​មុនគេ​ថែមទៀត។

ការ​អះអាង​របស់​មន្ត្រី​បក្ស GDP នេះ គឺ​ដើម្បី​ជំរុញ​ឲ្យ​កម្ពុជា​មាន​ការបោះឆ្នោត​ជ្រើស​មន្ត្រី​នៅ​មូលដ្ឋាន​ដោយ​ផ្ទាល់​ពី​ពលរដ្ឋ ជាជាង​ការតែងតាំង​ចេញពី​គណបក្ស​នយោបាយ​ដូច​សព្វថ្ងៃ ដែល​ត្រូវ​គេ​មើលឃើញ​ថា មន្ត្រី​មូលដ្ឋាន​ស្ទើរតែ​គ្រប់​គ្នា​បាន​ប្រើ​តួនាទី​របស់​ខ្លួន​បម្រើ​តែ​ផលប្រយោជន៍​គណបក្ស​ប៉ុណ្ណោះ ដើម្បី​ឲ្យ​គណបក្ស​ផ្តល់​តួនាទី​ដល់​ពួកគេ​នៅ​អាណត្តិ​ក្រោយៗ​ទៀត។

ចាប់តាំង​ពី​ឆ្នាំ​២០០២ ដែល​រដ្ឋាភិបាល​កម្ពុជា​ប្រកាស​ជា​ផ្លូវការ​ឲ្យ​មាន​ការបោះឆ្នោត​ជ្រើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​អស់​រយៈពេល ៤​អាណត្តិ​កន្លងមក មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ដែល​នៅ​កៀក​នឹង​ពលរដ្ឋ គឺ​ត្រូវ​បាន​ចាត់តាំង​មកពី​គណបក្ស​ទាំងអស់ ដូចជា​មេភូមិ​ជាដើម។ បញ្ហា​នេះ សូម្បី​ការបោះឆ្នោត​ជ្រើស​ក្រុមប្រឹក្សា​ឃុំ ឬ​សង្កាត់ ក៏​ជា​ការចាត់តាំង​មកពី​គណបក្ស​ផង​ដែរ ខណៈ​ការបោះឆ្នោត​នោះ​គ្រាន់តែ​បង្ហាញ​ថា​គណបក្ស​មួយ​ណា​មាន​សំឡេង​ច្រើន​ជាង​ប៉ុណ្ណោះ។

ដោយឡែក​មេឃុំ​ដែល​ជា​តំណាង​របស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន ត្រូវ​បាន​គណបក្ស​នយោបាយ​ដាក់​បញ្ចូល​ឈ្មោះ​ចូល​ទៅ​ក្នុង​បញ្ជី​លំដាប់​លេខ​រៀង​ទី​១ និង​ទី​២ រួចជាស្រេច។

ជុំវិញ​បញ្ហា​នេះ ក្រុម​អ្នក​សង្កេតការណ៍ លើកឡើង​ថា មិនមែន​តែ​អាជ្ញាធរ​មូលដ្ឋាន​ដែល​ត្រូវ​បម្រើ​ប្រជាពលរដ្ឋ​ដោយ​ផ្ទាល់​ប៉ុណ្ណោះ​ទេ​ដែល​គណបក្ស​កាន់​អំណាច​បាន​ចាត់តាំង ឬ​រៀបចំ​ធ្វើ​ជា​សេណារីយ៉ូ​នយោបាយ​របស់​ពួកគេ សូម្បី​ស្ថាប័ន​ជាតិ​ដែល​ជា​អាជ្ញាកណ្ដាល ឬ​ហៅថា គ.ជ.ប ដែល​មាន​តួនាទី​គ្រប់គ្រង​ដំណើរការ​បោះឆ្នោត​រាល់​អាណត្តិ​ក៏​ត្រូវ​បាន​ចាត់តាំង​ពី​គណបក្ស​ផង​ដែរ។

កាលពី​ថ្ងៃ​ទី​៩ ខែ​មីនា ឆ្នាំ​២០២១ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា បាន​ចេញ​សេចក្តី​សម្រេច​ស្ដីពី​ការប្រកាស​កាលបរិច្ឆេទ​នៃ​ការបោះឆ្នោត​ជ្រើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​សម្រាប់​អាណត្តិ​ទី​៥ ដែល​ត្រូវ​កំណត់​យក​ថ្ងៃ​ទី​៥ ខែ​មិថុនា ឆ្នាំ​២០២២ ខាងមុខ​នេះ​ជា​កំណត់។ ដូច្នេះ រយៈពេល​នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ក្នុង​ឆ្នាំ​២០២២ នៅសល់​មិន​ដល់ ១​ឆ្នាំ​ទៀត​នោះ​ទេ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស