33 C
Phnom Penh

ពលរដ្ឋ​ខេត្ត​បន្ទាយមានជ័យ​ចោទ​អាជ្ញាធរ​ថា​ឃុបឃិត​គ្នា​កាប់​ទន្ទ្រាន​ដី​ព្រៃលិចទឹក​អស់​រាប់​ពាន់​ហិកតារ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពលរដ្ឋ​ខេត្ត​បន្ទាយមានជ័យ ចោទ​អាជ្ញាធរ​ថា​ឃុបឃិត​គ្នា​កាប់​ទន្ទ្រាន​ឈូស​ឆាយ និង​ដុត​បំផ្លាញ​ដី​ព្រៃលិចទឹក​អស់​រាប់​ពាន់​ហិកតារ ស្ថិតនៅ​តំបន់​បី​ក្នុង​ឃុំ​ប្រាសាទ ស្រុក​ព្រះនេត្រព្រះ ខេត្ត​បន្ទាយមានជ័យ។

អ្នក​ភូមិ​អះអាង​ថា បច្ចុប្បន្ន​មាន​គ្រឿងចក្រ​ជាច្រើន​គ្រឿង​កំពុង​សម្រុក​ឈូស​ឆាយ​ដី​ព្រៃលិចទឹក​នៅ​តំបន់​នោះ​ដោយ​គ្មាន​ការ​បង្ក្រាប​ពី​អាជ្ញាធរ​នោះ​ទេ។

កាល​ពី​ម្សិលមិញ ពលរដ្ឋ​ជិត ១​ពាន់​នាក់​រស់នៅ​ក្នុង​ភូមិ​ចំនួន​១៤ ក្នុង​ឃុំ​ប្រាសាទ ស្រុក​ព្រះនេត្រព្រះ បាន​ផ្ដិត​មេដៃ​ដាក់​ញត្តិ​នៅ​សាលា​ខេត្ត​បន្ទាយមានជ័យ ដើម្បី​ស្នើ​ឱ្យ​អាជ្ញាធរ​ទប់ស្កាត់​ការ​បំផ្លាញ​ដី​ព្រៃលិចទឹក​ដ៏​ធំ​សម្បើម​នៅ​តំបន់​បឹង​ទន្លេសាប ដែល​វា​មាន​ផល​ប៉ះពាល់​កន្លែង​ត្រី​ពង​កូន ជម្រក​សត្វស្លាប និង​ជីវភាព​ប្រជា​នេសាទ​ជាដើម។

ក្រុម​ពលរដ្ឋ​ទាំងនោះ​បាន​អំពាវនាវ​ឱ្យ​អភិបាល​ខេត្ត​បន្ទាយមានជ័យ លោក អ៊ុំ រាត្រី ដោះស្រាយ​បញ្ហា​នេះ និង​ដកហូត​ដី​ព្រៃលិចទឹក​នៅ​តំបន់​នោះ​មក​ជា​សម្បត្តិ​រដ្ឋ​វិញ និង​អនុវត្ត​ច្បាប់​ដល់​អាជ្ញាធរ​ខិលខូច​បំផ្លាញ​ធនធាន​ធម្មជាតិ​ទាំងនេះ។

ទន្ទឹម​នឹង​នេះ ការ​ឈូស​ឆាយ​ដី​ព្រៃលិចទឹក​នៅ​តំបន់​នោះ​បាន​កើត​មាន​ជា​ហូរហែ​ចាប់តាំង​ពី​ដើម​ឆ្នាំ​២០២០ រហូត​មក​ទល់​ពេល​នេះ​គ្មាន​អាជ្ញាធរ​ណា​អើពើ​ទប់ស្កាត់​នោះ​ទេ។

តំណាង​ពលរដ្ឋ​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ ថ្លែង​ឱ្យ​ដឹង​ថា អាជ្ញាធរ​មូលដ្ឋាន​បាន​ឃុបឃិត​គ្នា​ឈូស​ឆាយ​ដី​ព្រៃលិចទឹក​មក​គ្រប់គ្រង​ជា​សម្បត្តិ​បុគ្គល។ លោក​បន្ត​ថា នៅ​ពេល​ឈូស​ឆាយ​រួចរាល់ គេ​ដុត​បំផ្លាញ​សំណល់​ឈើ​ឱ្យ​អស់ រួច​ប្រើ​គ្រឿងចក្រ​កាយ​ក្រវាត់​កំណត់​ព្រំ​ដី ហើយ​ហាម​អ្នក​ភូមិ​ចេញចូល​តំបន់​នោះ។ លោក​បន្ថែម​ថា តំបន់​ខ្លះ​គេ​ប្រើ​គ្រឿងចក្រ​ភ្ជួរ​ដី​ធ្វើ​កសិកម្ម​អស់​រាប់​សិប​ហិកតារ និង​មាន​តំបន់​ខ្លះ​ទៀត គេ​លក់ដូរ និង​ផ្ទេរ​សិទ្ធិ​ឱ្យ​ឈ្មួញ​អស់​ជាច្រើន​ហិកតារ​ផង​ដែរ។

អ្នក​ភូមិ​ថា ក្រុម​ពលរដ្ឋ​រាប់​រយ​នាក់​ធ្លាប់​លើក​គ្នា​តវ៉ា​ទ្រង់ទ្រាយ​ធំ​នៅ​តំបន់​ដី​មាន​ជម្លោះ​នោះ ដើម្បី​ទាមទារ​ឱ្យ​អភិរក្ស​ដី​ព្រៃលិចទឹក​ទាំងនោះ ប៉ុន្តែ​គ្មាន​ដំណោះស្រាយ​ឡើយ។ ពួកគាត់​ចាត់ទុក​ការ​បំផ្លាញ​ព្រៃលិចទឹក​ធំធេង​នេះ ធ្វើ​ឱ្យ​បាត់បង់​ជម្រក​ត្រី​ពង​កូន ជីវភាព​ពលរដ្ឋ និង​សម្បុក​សត្វស្លាប​ជាច្រើន​ប្រភេទ​ស្នាក់​អាស្រ័យ។

សារព័ត៌មាន The Cambodia Daily នៅ​ពុំ​ទាន់​អាច​សុំ​ការ​អធិប្បាយ​ពី​អភិបាល​ស្រុក​ព្រះនេត្រព្រះ លោក ឃូ ពៅ និង​អភិបាល​ខេត្ត​បន្ទាយមានជ័យ លោក អ៊ុំ រាត្រី ដើម្បី​សុំ​ការ​បំភ្លឺ​ក្នុង​ករណី​នេះ​បាន​នៅឡើយ​ទេ​នៅ​ថ្ងៃ​ទី​២១ ខែ​កក្កដា ឆ្នាំ​២០២១។

ទោះ​យ៉ាងណា ប្រជា​សហគមន៍​សោកស្តាយ​ព្រៃលិចទឹក​ទីនោះ​ជា​តំបន់​អភិរក្ស​ជុំវិញ​បឹង​ទន្លេសាប​ដែល​រដ្ឋាភិបាល​ចាត់​ឱ្យ​មន្ត្រី​រដ្ឋបាល​ជលផល​របស់​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ថែរក្សា ប៉ុន្តែ​បែរជា​បណ្តែត​បណ្តោយ​ឱ្យ​មាន​ការ​កាប់​បំផ្លាញ​យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ​ឯកជន ហើយ​បាត់បង់​ព្រៃលិចទឹក​ស្ទើរតែ​ទាំងស្រុង។

ព្រៃលិចទឹក​រាប់​ពាន់​ហិកតារ​ដែល​គេ​ឈូស​ឆាយ​កម្ទេច​ទាំងនោះ ត្រូវ​បាន​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន កំណត់​ក្នុង​អនុក្រឹត្យ​ជា​តំបន់​អភិរក្ស​ជីវចម្រុះ​ដែល​ឋិត​ក្នុង​ចំណោម​ផ្ទៃដី​ជាង ៦​សែន​ហិកតារ​នៅ​ជុំវិញ​បឹង​ទន្លេសាប ស្ថិត​ក្នុង​ខេត្ត​ចំនួន​៦៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស