33 C
Phnom Penh

សកម្មជន​បក្ស​ប្រឆាំង៖ ប្រជាជន​ខ្មែរ​តែង​មាន​សេចក្តី​ស្រឡាញ់ និង​មាន​ភាព​ស្មោះ​ជាមួយ​មិត្ត​បរទេស​ទាំងអស់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សកម្មជន​បក្ស​ប្រឆាំង អះអាង​ថា ប្រជាជន​ខ្មែរ​តែង​មាន​សេចក្តី​ស្រឡាញ់ និង​មាន​ភាព​ស្មោះត្រង់​ជាមួយ​មិត្ត​បរទេស​ទាំងអស់ ហើយ​ក៏​រីករាយ និង​ស្វាគមន៍​ជានិច្ច​នូវ​រាស់​សេចក្តី​ស្រឡាញ់​ដ៏​ស្មោះត្រង់​ពី​បណ្តា​ប្រទេស​ជា​មិត្ត​របស់​កម្ពុជា។

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ លោក ហ៊ុន កុសល បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​២២ ខែ​កក្កដា ថា ក្នុង​នាម​លោក​ជា​ពលរដ្ឋ​ខ្មែរ​មួយ​រូប លោក​សូម​សាទរ​នូវ​សេចក្តី​ស្រឡាញ់​របស់​លោក​អតីត​ឯកអគ្គរដ្ឋទូត​ប្រទេស​វៀតណាម លោក វូ ក្វាងមិញ (Vu Quang Minh) ដែល​បង្ហាញ​នូវ​សេចក្តី​ស្រឡាញ់​ដោយ​ចាត់ទុក​កម្ពុជា​ជា​ចំណែក​មួយ​ក្នុង​បេះដូង​របស់​លោក។

លោក ហ៊ុន កុសល អះអាង​ថា ប្រជាជន​ខ្មែរ​មិន​ដែល​ចាត់ទុក​ប្រទេស​វៀតណាម ជា​សត្រូវ​នោះ​ទេ ទោះ​ជា​កម្ពុជា​បាត់បង់​ទឹកដី​ជាច្រើន​ទៅ​ឲ្យ​វៀតណាម​ក៏ដោយ ក៏​សន្ដាន​ចិត្ត​នេះ​ដោយសារតែ​ភាព​ថ្លៃថ្នូរ និង​គុណធម៌​របស់​ប្រជាជន​ខ្មែរ ប៉ុន្តែ​ប្រសិនបើ​លោក វូ ក្វាងមិញ ពិតជា​ចាត់ទុក​កម្ពុជា​ជា​ចំណែក​មួយ​ក្នុង​បេះដូង​របស់​លោក​មែន លោក​គួរ​ជួយ​ដាក់​សំណើ​ទៅ​រដ្ឋាភិបាល​វៀតណាម ឲ្យ​សង​កោះត្រល់ និង​ប្រជុំ​កោះក្រចកសេះ មក​ជូន​ប្រជាជន​កម្ពុជា​វិញ​ផង។

សកម្មជន​បក្ស​ប្រឆាំង​រូប​នេះ​សំណូមពរ​ឲ្យ​លោក វូ ក្វាងមិញ (Vu Quang Minh) ដាក់​សំណើ​ទៅ​រដ្ឋាភិបាល​វៀតណាម និរាករណ៍​គម្រោង​បោះ​បង្គោល​ព្រំដែន​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន​ចោល​ទាំងអស់ ព្រោះ​ថា​កម្ពុជា​មិនទាន់​មាន​ឯកភាព​ផ្ទៃក្នុង​ជាតិ​នៅឡើយ​ទេ។ លោក​បន្ត​ថា បញ្ហា​នេះ ប្រជាជន​ខ្មែរ​ច្រើន​លើសលប់​ជំទាស់​នឹង​គោល​នយោបាយ​បោះ​បង្គោល​ព្រំដែន​របស់​រដ្ឋាភិបាល​កម្ពុជា ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ហាក់​នៅ​ក្រោម​សម្ពាធ​គុណស្រ័យ​របស់​វៀតណាម​នោះ។

អតីត​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ លោក ហ៊ុន កុសល

លោក ហ៊ុន កុសល បញ្ជាក់​ថា កម្ពុជា និង​វៀតណាម ធ្លាប់​មាន​គុណ​ចំពោះ​គ្នា​ទៅវិញ​ទៅមក ដូច្នេះ​វៀតណាម​មិន​ត្រូវ​ទាមទារ​សគុណ​ពី​ប្រជាជន​ខ្មែរ​តាមរយៈ​កសាង​ស្តូប​រំឭក​គុណ​ទូទាំង​ប្រទេស​កម្ពុជា​ទេ។ ដូច្នេះ វៀតណាម​ត្រូវ​លុប​នយោបាយ​បែប​នេះ​ចេញ ដោយ​ងាក​មក​គោរព​គ្នា​ក្នុង​នាម​ជា​ប្រទេស​ជិតខាង​ដោយ​ស្មោះត្រង់​ជំនួស​វិញ។

លោក​បញ្ជាក់​ថា កម្ពុជា​គោរព​ច្បាប់​វៀតណាម ចំណែក​វៀតណាម​ក៏​ត្រូវ​គោរព​ច្បាប់​កម្ពុជា​វិញ​ដែរ ដូច្នេះ​សូម​លោក វូ ក្វាងមិញ ជួយ​ដាក់​សំណើ​ទៅ​រដ្ឋាភិបាល​វៀតណាម រៀបចំ​ផែនការ​ឲ្យ​ជាក់លាក់​មក​ទទួល​ប្រជាជន​វៀតណាម​ដែល​រស់នៅ​ខុសច្បាប់ ត្រឡប់​ទៅ​ប្រទេស​ខ្លួន​វិញ​ផង ដើម្បី​កុំ​ឲ្យ​ប្រទេស​ទាំង​ពីរ​មាន​អរិយភាព​នឹង​គ្នា​ដោយសារ​ភាព​ខុសច្បាប់​នៃ​វត្តមាន​ប្រជាជន​វៀតណាម នៅ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​នេះ។

ការ​លើកឡើង​របស់​សកម្មជន​បក្ស​ប្រឆាំង​នេះ បន្ទាប់ពី​ឯកអគ្គរដ្ឋទូត​វៀតណាម ប្រចាំ​នៅ​កម្ពុជា បាន​អះអាង​ថា ពលរដ្ឋ​វៀតណាម និង​ពលរដ្ឋ​ខ្មែរ គឺ​នៅតែ​ជា​អ្នក​ភូមិ​ផង​របង​ជាមួយ​គ្នា ចេះ​ស្រឡាញ់​រាប់អាន​គ្នា ជា​បងប្អូន​ជិតស្និទ្ធ ចេះ​ជួយ​គ្នា​ទៅវិញ​ទៅមក​ក្នុង​គ្រា​មាន​គ្រោះ​អាសន្ន ជាពិសេស​ក្នុង​កាលៈទេសៈ​ដែល​ប្រទេស​កម្ពុជា​នៅតែ​ជួប​ការ​លំបាក។

ឯកអគ្គរដ្ឋទូត​វៀតណាម ប្រចាំ​នៅ​កម្ពុជា ដែល​ទើប​នឹង​ផុត​អាណត្តិ លោក វូ ក្វាងមិញ បាន​សរសេរ​លើ​ទំព័រ Facebook ផ្លូវការ​របស់​ខ្លួន​កាលពី​ថ្ងៃ​ទី​២១ ខែ​កក្កដា ឆ្នាំ​២០២១ ថា ក្នុង​បេសកកម្ម​របស់​លោក​នៅ​កម្ពុជា បាន​មើលឃើញ​ដោយ​ផ្ទាល់​ភ្នែក​នូវ​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ កម្ពុជា-វៀតណាម តែង​ជួយ​គ្នា​ទៅវិញ​ទៅមក​ក្នុង​គ្រា​មាន​គ្រោះ​អាសន្ន​ក្នុង​ស្មារតី​ស្លឹកឈើ​ល្អ រុំ​ស្លឹកឈើ​រហែក។

អតីត​ឯកអគ្គរដ្ឋទូត​ប្រទេស​វៀតណាម ប្រចាំ​កម្ពុជា លោក វូ ក្វាងមិញ (Vu Quang Minh)

ឯកអគ្គរដ្ឋទូត​វៀតណាម​រូប​នេះ​បញ្ជាក់​ថា កម្ពុជា​បាន​ក្លាយ​ជា​ចំណែក​មួយ​នៃ​បេះដូង​របស់​លោក ហើយ​ទោះបី​នៅ​ទីកន្លែង​ណា​ក៏ដោយ ឬ​បំពេញ​ការងារ​អ្វី​ក៏ដោយ​នា​ពេល​ខាងមុខ​នេះ លោក​នឹង​បន្ត​ចូលរួម​ចំណែក​ដើម្បី​ពង្រឹង​ពង្រីក​នូវ​ចំណង​មិត្តភាព​សាមគ្គីភាព និង​កិច្ចសហប្រតិបត្តិការ​ក្នុង​ភាព​ជា​អ្នក​ជិតខាង​ដ៏​ល្អ​រវាង​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​ជានិច្ច។

ឯកអគ្គរដ្ឋទូត​វៀតណាម​រូប​នេះ​បាន​លើកឡើង​ដូច្នេះ គឺ​បន្ទាប់ពី​ក្រសួង​សុខាភិបាល​កម្ពុជា បាន​ឧបត្ថម្ភ​សម្ភារ​បរិក្ខារ​ពេទ្យ និង​ថវិកា​មួយ​ចំនួន​សម្រាប់​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​រាតត្បាត Covid-19 ដល់​រដ្ឋាភិបាល​វៀតណាម កាលពី​ពេល​ថ្មីៗ​នេះ ខណៈ​រដ្ឋាភិបាល​វៀតណាម ក៏​ធ្លាប់​បាន​ឧបត្ថម្ភ​ថវិកា និង​បរិក្ខារ​សុខាភិបាល​ដើម្បី​ប្រឆាំង​ការ​រីក​រាលដាល​ជំងឺ Covid-19 ដល់​កម្ពុជា នា​ពេល​កន្លងមក​ដែរ។

ទាក់ទិន​នឹង​ការ​លើកឡើង​នេះ អ្នកវិភាគ​នយោបាយ សង្គម និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ ធ្លាប់​បាន​អះអាង​កាលពី​ពេល​ថ្មីៗ​នេះ​ថា ចិត្តសាស្ត្រ​នយោបាយ​វៀតណាម គឺ​បាន​បង្កប់​នូវ​ភាព​ពិសពុល​ដែល​ជា​ចេតនា​បំបែកបំបាក់​សាមគ្គី​ខ្មែរ​ឲ្យ​ច្របូកច្របល់​ពេញ​ប្រទេស។

លោក​អះអាង​ថា សម្ដី​មន្ត្រី​រដ្ឋាភិបាល​វៀតណាម បាន​បង្ហាញ​ឲ្យ​ឃើញ​បំណង​ស៊ីជម្រៅ​ចូល​ទៅ​សង្គម​ខ្មែរ ប៉ុន្តែ​ពួក​មេដឹកនាំ​ខ្មែរ​តែង​គិត​ងាយៗ និយាយ​ធូរៗ ដូច្នេះ​ហើយ​ទើប​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន មិន​អាច​ដក​ខ្លួន​ពី​ការ​អនុវត្ត​តាម​ខ្សែ​ញាក់​របស់​វៀតណាម ចាប់តាំង​ពី​រដ្ឋការ​ក្រុង​ហាណូយ លើក​បន្តុប​កាលពី​ឆ្នាំ​១៩៨៥ មក។

មិត្តភាព​រវាង​កម្ពុជា-វៀតណាម ត្រូវ​គេ​មើលឃើញ​ថា ជា​មិត្តភាព​បង្កប់​នូវ​ការឈ្លានពាន​ទឹកដី​ប៉ុណ្ណោះ ត្បិត​សម្ពន្ធភាព​នេះ​បាន​ធ្វើ​ឲ្យ​កម្ពុជា​បាត់បង់​ទឹកដី​ជាបន្តបន្ទាប់​ទៅ​ប្រទេស​វៀតណាម ដូចជា​ទឹកដី​កូសាំងស៊ីន ឬ​កម្ពុជាក្រោម កោះត្រល់ និង​ចង្កោម​កោះក្រចកសេះ ជាដើម ហើយ​កាន់តែ​ធ្ងន់ធ្ងរ​ជាង​នេះ​ទៀត​នោះ គឺ​ការ​ហូរ​ចូល​នៃ​ជនជាតិ​វៀតណាម​ខុសច្បាប់​ចូល​កម្ពុជា​រាប់​លាន​នាក់​រហូត​ដល់​សព្វថ្ងៃ​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស