34 C
Phnom Penh

សកម្មជន​បរិស្ថាន៖ បើ​មិន​ចាប់​អ្នក​ប្រព្រឹត្ត​មក​ដាក់​ទោស ព្រៃឈើ​នឹង​វិនាស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សកម្មជន​បរិស្ថាន លើកឡើង​ថា ការ​ដាំ​ដើមឈើ​ឡើងវិញ​ជា​រឿង​ល្អ ប៉ុន្តែ​បើ​សិន​មិន​ចាប់​ខ្លួន​អ្នក​កាប់ និង​អ្នក​នៅ​ពីក្រោយ​ខ្នង រួម​ទាំង​មន្ត្រី​ដែល​ពាក់ព័ន្ធ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​មក​ដាក់​ទោស​តាម​ច្បាប់​នោះ​ទេ ព្រៃឈើ​នៅ​ក្នុង​កម្ពុជា​នឹង​វិនាស​អស់​ដដែល។

ការ​លើកឡើង​របស់​ក្រុម​សកម្មជន​បរិស្ថាន​នេះ បន្ទាប់ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​សរសេរ​នៅ​លើ​ទំព័រ Facebook របស់​លោក​នៅ​ថ្ងៃ​ពិធី​បុណ្យ «រុក្ខទិវា» កាល​ពី​ថ្ងៃ​ទី​០៩ ខែ​កក្កដា ឆ្នាំ​២០២១ ដោយ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ចូលរួម​ដាំ​ដុះ និង​ការពារ​ព្រៃឈើ​ឱ្យ​បាន​គង់វង្ស ដើម្បី​ជា​ប្រយោជន៍​សម្រាប់​មនុស្ស​គ្រប់​ជំនាន់។

សកម្មជន​បរិស្ថាន​ម្នាក់​ទៀត លោក ឆឺយ ឧត្ដមរស្មី ចាត់ទុក​ការ​អំពាវនាវ​ឱ្យ​ដាំ​ដើមឈើ​ឡើងវិញ​ជា​ការ​រួមចំណែក​មួយ ប៉ុន្តែ​យុទ្ធសាស្ត្រ​នេះ​មិន​ទទួល​បាន​ជោគជ័យ​ឡើយ បើ​សិន​រដ្ឋាភិបាល​មិន​ចាត់​វិធានការ​ទៅលើ​អ្នក​កាប់​បំផ្លាញ​ព្រៃឈើ និង​មន្ត្រី​ដែល​ប្រព្រឹត្ត​អំពើ​ពុករលួយ​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃឈើ​នោះ។

លោក​បន្ត​ថា កន្លង​មក រដ្ឋាភិបាល​បាន​ប្រកាស​ចាត់​វិធានការ​ច្បាប់​ចំពោះ​ឧក្រិដ្ឋជន និង​អ្នក​កាប់​ឈើ ប៉ុន្តែ​លទ្ធផល​ជាក់ស្ដែង​នោះ​មិន​មាន​ប្រសិទ្ធភាព​ឡើយ ដោយសារ​ឧកញ៉ា ឈ្មួញ និង​ក្រុមហ៊ុន​ធំៗ​ដែល​ពាក់ព័ន្ធ​នឹង​ការ​កាប់​បំផ្លាញ​ព្រៃឈើ នៅតែ​មិន​ត្រូវ​បាន​ចាប់​ខ្លួន​មក​ផ្ដន្ទាទោស ខណៈ​អាជីវកម្ម​ឈើ​របស់​ពួកគេ​នៅតែ​ដំណើរការ​ធម្មតា។

លោក ឆឺយ ឧត្ដមរស្មី បន្ត​ថា បើ​រដ្ឋាភិបាល​មិន​មាន​វិធានការ​ទៅលើ​មន្ត្រី​ពាក់ព័ន្ធ​នឹង​បទល្មើស និង​បិទ​អាជីវកម្ម​ក្រុមហ៊ុន​ឈើ រួម​ទាំង​ចាប់​ខ្លួន​អ្នក​ប្រព្រឹត្ត​ដាក់​ទោស​នោះ​ទេ ព្រៃឈើ​នៅ​កម្ពុជា​នឹង​វិនាស។

លោក​ថា បើសិនជា​អាច រដ្ឋាភិបាល​គួរ​បិទ​ក្រុមហ៊ុន​អាជីវកម្ម​ឈើ​ទាំង​តូច​ទាំង​ធំ​នៅ​ទូទាំង​ប្រទេស ទើប​អាច​ទប់​បាន។ បើ​សិន​មិន​បិទ ហើយ​បណ្ដោយ​ឱ្យ​ក្រុមហ៊ុន​ធ្វើ គឺ​ក្រុមហ៊ុន​នោះ​តែងតែ​រំលោភ​បំពាន​ទៅលើ​ឈើ​ប្រណិត និង​ឈើ​នៅ​ក្នុង​តំបន់​ការពារ​ធម្មជាតិ។ រឿង​ទាំងអស់​នោះ មន្ត្រី​ជំនាញ​បាន​ដឹង​ច្បាស់ ប៉ុន្តែ​មន្ត្រី​ទាំងនោះ​ធ្វើជា​មិន​ដឹង​មិន​ឮ ដោយសារ​ទទួល​បាន​ផលប្រយោជន៍​ពី​ឧកញ៉ា​មួយ​ចំនួន។ លោក​គិត​ថា មាន​តែ​ដាក់​ទោស​ទណ្ឌ​ទៅលើ​មន្ត្រី​ក្រោម​ឱវាទ​ដែល​ទទួល​បាន​ពី​ការ​សូកប៉ាន់​ធ្ងន់ធ្ងរ។

សកម្មជន​ព្រៃឡង់ និង​ជា​អ្នក​សម្របសម្រួល​បណ្ដាញ​ព្រៃឡង់​ប្រចាំ​ខេត្ត​កំពង់ធំ លោក ហឿន សុភាព ចាត់ទុក​ការរៀបចំ​ដាំ​ដើមឈើ​ឡើងវិញ​ជា​រឿង​ល្អ ប៉ុន្តែ​ប្រសិនជា​បើ​គ្រាន់តែ​ដាំ​ហើយ​មិន​ទប់ស្កាត់​បទល្មើស លោក​ថា​ព្រៃឈើ​នៅ​កម្ពុជា​នឹង​វិនាស​ដដែល។ ជាក់ស្ដែង​បទល្មើស​ព្រៃឈើ​នៅ​តំបន់​ព្រៃឡង់ និង​ព្រៃឈើ​ផ្សេងទៀត កំពុង​រង​ការ​កាប់​បំផ្លាញ​យ៉ាង​អនាធិបតេយ្យ ទោះបីជា​ក្រសួង​បរិស្ថាន បាន​ដាក់​មន្ត្រី​ឧទ្យានុរក្ស​គ្រប់​ច្រក​ក្ដី ប៉ុន្តែ​ការ​ដឹក​ឈើ​ចេញ​នៅតែ​កើត​មាន​រាល់​ថ្ងៃ។

លោក ហឿន សុភាព ថា​ប្រទេស​កម្ពុជា​នឹង​មិន​មាន​ព្រៃឈើ​សល់​ទៀត​ឡើយ ជាពិសេស​នៅ​តំបន់​ព្រៃឡង់ បើ​សិន​រដ្ឋាភិបាល​គ្មាន​វិធានការ​ជាក់លាក់​ក្នុង​ការ​ទប់ស្កាត់​នោះ ព្រោះ​បទល្មើស​មិន​មាន​ការ​ថយ​ចុះ​ឡើយ ដោយសារ​ចំណាត់ការ​រដ្ឋាភិបាល និង​ក្រសួង​បរិស្ថាន​ធូររលុង។ លើស​ពី​នេះ លោក​ថា​ការ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​មិន​មាន​ប្រសិទ្ធភាព​ទេ ដោយសារ​មន្ត្រី​ធំៗ​នៅ​ពីក្រោយ​ករណី​បទល្មើស ខណៈ​ឧកញ៉ា​ធំៗ​មួយ​ចំនួន​ទៀត​ដែល​បាន​កាប់​បំផ្លាញ​ព្រៃឈើ​កន្លង​មក និង​បច្ចុប្បន្ន មិន​ទាន់​ត្រូវ​បាន​ចាប់​ខ្លួន​មក​ផ្ដន្ទាទោស​តាម​ច្បាប់​ដូច​ការ​ប្ដេជ្ញា​របស់​រដ្ឋាភិបាល​នៅឡើយ។

លោក​លើកឡើង​ទៀត​ថា ទាំង​ក្រសួង ទាំង​មន្ត្រី​ជំនាញ កំពុង​បិទបាំង​សារព័ត៌មាន និង​ប្រជាជន​ចូល​ទៅដល់​តំបន់​ការពារ ហើយ​មិន​ឱ្យ​សហគមន៍​ចូល​ទៅ​មើល​កន្លែង​ដែល​មាន​បញ្ហា​ព្រៃឈើ។ អ៊ីចឹង បញ្ជាក់​ឱ្យ​ឃើញ​ថា សកម្មភាព​ទាំងអស់​ហ្នឹង​កំពុង​កើតឡើង ហើយ​កំពុង​ផ្ដើម​ដោយ​មន្ត្រី​អាជ្ញាធរ​មួយ​ចំនួន​កំពុង​ឃុបឃិត​ជាមួយ​ឈ្មួញ កំពុង​មាន​សកម្មភាព​កាប់​បំផ្លាញ​ព្រៃឈើ។ លោក​គិត​ថា បើសិនជា​ចង់​ឱ្យ​ព្រៃឈើ​សល់ គួរតែ​បើក​ចំហ​បេះដូង ហើយ​បើក​ឱកាស​ឲ្យ​មាន​ការចូលរួម​ពី​វិស័យ​ចម្រុះ គ្រប់​ស្ថាប័ន គ្រប់​ជាតិសាសន៍​តែម្ដង ជាពិសេស​ឱ្យ​គាត់​ទៅ​ឃើញ​បញ្ហា​ដើម្បី​ដោះស្រាយ​បញ្ហា។

កាលពី​ឆ្នាំ​២០១៦ លោក ហ៊ុន សែន បាន​បង្កើត​ក្រុម​ការងារ​ពិសេស​មួយ​ដែល​ដឹកនាំ​ដោយ​លោក សៅ សុខា មេបញ្ជាការ​កងរាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​អម​ដោយ​កងទ័ព​ឆត្រ​យោង​៩១១ និង​អភិបាល​ខេត្ត​មួយ​ចំនួន ដោយ​ប្រើ​ឧទ្ធម្ភាគចក្រ​ពីរ​គ្រឿង​ដើម្បី​បង្ក្រាប​បទល្មើស​ព្រៃឈើ​នៅ​កម្ពុជា។ ក្រៅពី​បង្កើត​ក្រុម​ការងារ​ពិសេស​ហើយ លោក ហ៊ុន សែន ធ្លាប់​បាន​ដៅ​ឈ្មោះ​ឧកញ៉ា​យ៉ាង​តិច​ពីរ​នាក់​ដែល​ជា​អ្នក​រកស៊ី​ឈើ​ទៅ​លក់​នៅ​ប្រទេស​វៀតណាម ប៉ុន្តែ​មក​ដល់​ពេល​នេះ ឧកញ៉ា​ទាំងនោះ​មិន​ត្រូវ​បាន​ចាប់​ខ្លួន​មក​ផ្ដន្ទាទោស​ឡើយ។

មិនមែន​តែ​ឧកញ៉ា​ពីរ​នាក់​នោះ​ទេ កាលពី​ឆ្នាំ​២០១៩ ឧកញ៉ា វន់ ប៊ុនថៃ ឧកញ៉ា ស្រ៊ុន ម៉េងលាង ម្ចាស់​ក្រុមហ៊ុន ម៉េង លាង និង​ឧកញ៉ា តុប វីរដា ម្ចាស់​ក្រុមហ៊ុន វិជ្ជរី ដែល​ពាក់ព័ន្ធ​បទល្មើស​ព្រៃឈើ​នោះ គិត​មក​ដល់​បច្ចុប្បន្ន​នេះ ពួកគេ​មិន​ទាន់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​នៅឡើយ។

ក្រៅពី​ប្រកាស​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​នេះ​ដែរ កន្លង​មក លោក ហ៊ុន សែន ធ្លាប់​ប្រកាស​ថា លោក​នឹង​កាត់​ក​ខ្លួនឯង បើ​មិន​អាច​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​បាន។ ក្រោយ​មក​ទៀត លោក​បាន​ថ្លែង​ថា លោក​ស្អប់​អ្នក​បំផ្លាញ​ព្រៃឈើ និង​ចាត់ទុក​ការ​កាប់​ឈើ​ដូចជា «ការ​កាប់​ក្បាល» របស់​លោក​ដែរ។

បើ​ទោះបីជា​លោក ហ៊ុន សែន បាន​ប្រកាស​ក្ដែងៗ​ថា​នឹង​កាត់​ក​ខ្លួនឯង និង​ដាក់​ចេញ​វិធានការ​ក្ដៅ​ដើម្បី​ការពារ​ព្រៃឈើ​ក្ដី ប៉ុន្តែ​វិធានការ​ទាំងនោះ​ត្រូវ​បាន​បរាជ័យ ដោយសារតែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ព្រៃឈើ​នៅ​ប្រទេស​កម្ពុជា​បាន​បាត់បង់​កាន់តែ​ខ្លាំង​ឡើង។

ជាក់ស្ដែង​កាលពី​ចុង​ខែ​កុម្ភៈ ឆ្នាំ​២០២១ អង្គការ​លើកលែង​ទោស​អន្តរជាតិ (Amnesty International) បាន​បង្ហាញ​ការ​រក​ឃើញ​ថ្មី​មួយ​អំពី​ការ​បន្ត​កាប់​ឈើ​នៅ​ព្រៃឡង់​ទ្រង់ទ្រាយ​ធំ ខណៈ​ការ​ចុះ​ល្បាត​ព្រៃ​របស់​ប្រជា​សហគមន៍​ត្រូវ​បាន​ហាមឃាត់។ អង្គការ​អន្តរជាតិ​មួយ​នេះ​បង្ហាញ​ក្តី​ព្រួយបារម្ភ​ថា ព្រៃឡង់​ដែល​មាន​ផ្ទៃក្រឡា​ប្រមាណ​កន្លះ​លាន​ហិកតារ ស្ថិត​ក្នុង «ហានិភ័យ​ធ្ងន់ធ្ងរ»។

លើស​ពី​នេះ អង្គការ​ជាតិ និង​អន្តរជាតិ​បាន​រក​ឃើញ​ថា ក្នុង​រយៈពេល ២០​ឆ្នាំ​ចុងក្រោយ​នេះ ទំហំ​ព្រៃឡង់​ជាង ១​សែន (១០២៤៣៦) ហិកតារ ឬ​ស្មើ​នឹង ២៤​ភាគរយ ត្រូវ​បាន​បាត់បង់​ក្លាយ​ជា​វាលរហោឋាន។ ដោយឡែក​នៅ​ទូទាំង​ប្រទេស​កម្ពុជា បាន​បាត់បង់​គម្រប​ព្រៃឈើ​សរុប​រហូត​ដល់​ទៅ ២​លាន ៣​សែន​ហិកតារ ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជា​ប្រទេស​ទាំង​១០ ក្នុង​ពិភពលោក​ដែល​រង​ការ​បាត់បង់​ព្រៃឈើ​ខ្លាំង​ជាងគេ​បំផុត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស