34 C
Phnom Penh

សកម្មជន​បក្ស​ប្រឆាំង​នៅ​កូរ៉េ​ខាងត្បូង​ថា​ស្ថានភាព​នយោបាយ​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​ពេល​នេះ​ដូច​ទូក​កំពុងតែ​កល់​លើ​ថ្ម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សកម្មជន​នយោបាយ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ប្រទេស​កូរ៉េ​ខាងត្បូង លើកឡើង​ថា ស្ថានភាព​នយោបាយ​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី នៅ​ពេល​នេះ គឺ​ដូចជា​ទូក​កំពុងតែ​កល់​លើ​ថ្ម ទៅ​មុខ​មិន​រួច ថយ​ក្រោយ​មិនបាន​ដូច្នោះ​ដែរ។

យុវជន​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ប្រទេស​កូរ៉េ​ខាងត្បូង លោក មាស ពិសាល បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​២៧ ខែ​កក្កដា ឆ្នាំ​២០២១ ថា កាលពីមុន អន្តរជាតិ​តែង​គាំទ្រ​នយោបាយ​របស់​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ខ្លាំង​ណាស់ ប៉ុន្តែ​ក្រោយ​ពី​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ​ចេះតែ​ប្រមាថ​ព្រះមហាក្សត្រ​ខ្មែរ​ឥត​ឈប់ឈរ ដូច្នេះ​អន្តរជាតិ​មួយ​ចំនួន​បាន​ដកខ្លួន​លែង​គាំទ្រ​សកម្មភាព​នយោបាយ​របស់​លោក​ជាបន្តបន្ទាប់។

លោក​អះអាង​ថា បន្ទាប់ពី​អន្តរជាតិ​លែង​គាំទ្រ លោក សម រង្ស៊ី បាន​ព្យាយាម​បង្កើត​ព្រឹត្តិការណ៍​នយោបាយ​ផ្សេងៗ​តាមរយៈ​នៃ​ការ​បង្កើត​ក្រុម​ផ្សព្វផ្សាយ​ដើម្បី​បំផុស​បំផុល​ព្រឹត្តិការណ៍​របស់​លោក និង​ការ​ចេញ​ផ្សាយ​ផ្ទាល់​ដោយ​ខ្លួនឯង ក្នុង​បំណង​ដើម្បី​ស្ដារ​ប្រជាប្រិយភាព​របស់​ខ្លួន​ឡើងវិញ បើ​ទោះបីជា​គាត់​ដឹង​ថា​ការ​ធ្វើ​បែប​នេះ នាំ​ឲ្យ​មាន​ការ​ធ្វើ​ទុក្ខបុកម្នេញ​ដល់​សកម្មជន​របស់​ខ្លួន​ពី​សំណាក់​រដ្ឋាភិបាល​លោក ហ៊ុន សែន ក៏ដោយ។

លោក​ចោទ​សួរ​ថា តើ​នរណា​អាច​ជួយ​ទូក​កល់​លើ​ថ្ម​របស់​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ​បាន?

សកម្មជន​នយោបាយ​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ​បញ្ជាក់​ថា កន្លងមក​នយោបាយ​ទាល់ច្រក​របស់​លោក សម រង្ស៊ី តែង​មាន​បុរស​ជិះ​សេះ​ខ្មៅ​លាប​ថ្នាំពណ៌​ស​មក​ជួយ​ជានិច្ច តែ​ត្រូវ​មាន​កិច្ចសន្យា​ជួយ​ស្រែក​ថា សេះ​ដែល​ពួកគេ​ជិះ​នេះ គឺជា​សេះ​ស តែ​រាល់​ពេល​ដែល​ម្ចាស់​សេះ​លែង​ត្រូវការ​ហើយ​នោះ គេ​តែង​ដេញ​លោក សម រង្ស៊ី ឲ្យ​ចុះ​ពី​សេះ​នោះ​តែម្តង។

លោក​សង្កត់​ធ្ងន់​ថា ការ​ទាល់ច្រក​នយោបាយ​ម្តង​នេះ តើ​ម្ចាស់​សេះ​ខ្មៅ​លាប​ថ្នាំពណ៌​ស នឹង​មក​ជួយ​លោក សម រង្ស៊ី ទៀត​ទេ? ប្រសិនបើ​គេ​មក​ជួយ​ទៀត​នោះ វាសនា​លោក សម រង្ស៊ី បាន​ត្រឹមតែ​ចូលរួម​លេង​ល្បែង​នយោបាយ​កំដរ​ឆាក​របស់​គេ​ប៉ុណ្ណោះ។

ការ​លើកឡើង​របស់​អតីត​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​កូរ៉េ​ខាងត្បូង​នេះ រិះគន់​ចំៗ​ទៅ​អតីត​មេ​បក្ស​ប្រឆាំង គឺ​លោក សម រង្ស៊ី ដែល​កំពុង​រក​ផ្លូវ​បន្ត​ជីវិត​នយោបាយ​របស់​ខ្លួន​ឡើងវិញ ស្រប​ពេល​ដែល​មន្ត្រី​ការទូត​ប្រទេស​លោកសេរី​ហាក់​មិនបាន​បង្ហាញ​ការ​ចាប់អារម្មណ៍​លើ​សកម្មភាព​នយោបាយ​របស់​លោក​ទៀត​ទេ​នៅ​ពេលនេះ។

ក្នុង​រយៈពេល​ចុងក្រោយ​នេះ ត្រូវ​គេ​មើលឃើញ​ថា អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី ហាក់​អស់​ឥទ្ធិពល​នយោបាយ​ការទូត​របស់​ខ្លួន​ក្នុង​ការ​ស្វះស្វែង​ការ​អន្តរាគមន៍​ពី​អន្តរជាតិ​ដើម្បី​ឲ្យ​លោក​អាច​វិលត្រឡប់​ទៅ​កម្ពុជា​វិញ ដើម្បី​បន្ត​ជីវិត​នយោបាយ​របស់​លោក​បន្ត​ទៀត ខណៈ​ផែនការ​នយោបាយ​ដែល​លោក​ធ្វើ​កន្លងមក បាន​រង​ការ​រិះគន់ និង​ត្រូវ​រង​ការ​បង្ក្រាប​ពី​រដ្ឋាភិបាល​លោក ហ៊ុន សែន ជា​បន្តបន្ទាប់។

កាលពី​ឆ្នាំ​២០១៩ អតីត​មេ​បក្ស​ប្រឆាំង លោក សម រង្ស៊ី ធ្លាប់​បាន​ប្រកាស​ឲ្យ​ប្រជាពលរដ្ឋ មន្ត្រី​រាជការ ជាពិសេស​សកម្មជន​បក្ស​ប្រឆាំង​ឲ្យ​នាំគ្នា​ចូលរួម​យុទ្ធនាការ​មាតុភូមិ​និវត្តន៍​របស់​លោក កាលពី​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៩ ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល​លោក ហ៊ុន សែន ប៉ុន្តែ​ផែនការ​មាតុភូមិ​និវត្តន៍​នេះ​ត្រូវ​បរាជ័យ​ទាំងស្រុង។

ជុំវិញ​ផែនការ​ផ្ដួល​រំលំ​នេះ អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ អ្នកស្រី Rhona Smith ធ្លាប់​បាន​ថ្កោលទោស​លោក សម រង្ស៊ី ក្នុង​ការ​ផ្ដួល​រំលំ​រដ្ឋាភិបាល​លោក ហ៊ុន សែន នៅ​ក្នុង​កិច្ចប្រជុំ​អង្គការ​សហប្រជាជាតិ ក្នុង​ទីក្រុង​ហ្សឺណែវ កាលពី​ថ្ងៃ​ទី​២៥ ខែ​កញ្ញា ឆ្នាំ​២០១៩ ផង​ដែរ។ អ្នកស្រី Rhona Smith ថា​ផែនការ​នេះ​គឺជា​ការរំលោភ​បទដ្ឋាន​អន្តរជាតិ​ស្ដីពី​ដំណោះស្រាយ​ដោយ​សន្តិវិធី និង​អហិង្សា​យ៉ាង​ធ្ងន់ធ្ងរ។

យ៉ាងណាក៏ដោយ កាលពី​ថ្ងៃ​ទី​១៩ ខែ​កក្កដា ឆ្នាំ​២០២១ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ និង​កងកម្លាំង​ប្រដាប់​អាវុធ​ត្រៀម​ខ្លួន​ម្តង​ទៀត​ដើម្បី​ចូលរួម​បង្កើត​រដ្ឋាភិបាល​បង្រួបបង្រួម​ជាតិ​នៅ​កម្ពុជា​ជាមួយ​លោក ប៉ុន្តែ​ក្រោយ​ការ​អំពាវនាវ​នេះ​បាន ៣​ថ្ងៃ អតីត​មេឃុំ​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​អាជ្ញាធរ​កម្ពុជា​ចាប់​ខ្លួន​ភ្លាមៗ។

ក្រុម​អ្នក​ឃ្លាំមើល​សង្គម លើកឡើង​ថា សកម្មភាព​នយោបាយ​របស់​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី សព្វថ្ងៃ​នេះ​ហាក់​ពុំ​ទទួល​បាន​ការ​គាំទ្រ​ពី​អន្តរជាតិ​នោះ​ទេ ជាក់ស្តែង​មន្ត្រី​ការទូត​ដែល​ចង់​ឲ្យ​មាន​ការ​ផ្សះផ្សា​ដើម្បី​បញ្ចប់​វិបត្តិ​ជាប់​គាំង​នយោបាយ​នៅ​កម្ពុជា តែង​នាំគ្នា​បង្ហាញ​ពី​ការ​ចាប់អារម្មណ៍​លើ​ការ​តស៊ូ​នយោបាយ​តាម​បែប​អហិង្សា​របស់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ជំនួស​វិញ។

ចាប់តាំង​ពី​ដើម​ខែ​ឧសភា ឆ្នាំ​២០២០ ប្រធាន​បក្ស​ប្រឆាំង​ដែល​មិនទាន់​មាន​សេរីភាព​ពេញលេញ លោក កឹម សុខា បាន​ជួប​បណ្តា​អង្គទូត​តំណាង​ប្រទេស​លោកសេរី​ប្រមាណ​ជា ៣០​លើក​ហើយ ក្នុង​នោះ​រួម​មាន​សហរដ្ឋ​អាមេរិក សហគមន៍​អឺរ៉ុប និង​ប្រទេស​អង់គ្លេស ជាដើម ខណៈ​អង្គទូត​ទាំងនោះ​មិន​បាន​បង្ហាញ​ការចាប់អារម្មណ៍​លើ​សកម្មភាព​នយោបាយ​អតីត​មេដឹកនាំ​ប្រឆាំង លោក សម រង្ស៊ី ទាល់តែសោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស