29.3 C
Phnom Penh

ប្រមុខ​ការពារ​ជាតិ​អាមេរិក​ទៅដល់​វៀតណាម​បើក​កិច្ចពិភាក្សា​ស៊ីជម្រៅ​អំពី​សន្តិសុខ​តំបន់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បន្ទាប់ពី​បញ្ចប់​ទស្សនកិច្ច​នៅ​ប្រទេស​សិង្ហបុរី រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក លោក Lloyd Austin បាន​ទៅ​ដល់​ទីក្រុង​ហាណូយ ដោយ​បាន​បើក​កិច្ចពិភាក្សា​ភ្លាមៗ​ជាមួយ​ថ្នាក់​ដឹកនាំ​វៀតណាម ហើយ​របៀបវារៈ​សំខាន់​ជាងគេ គឺ​បញ្ហា​សន្តិសុខ​នៅ​ក្នុង​តំបន់ ជាពិសេស​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង។

សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​វៀតណាម VNA បាន​ចុះផ្សាយ​ថា នៅ​ថ្ងៃ​ទី​២៩ កក្កដា ថា លោក Lloyd Austin បាន​ជួប​ជំហាន​ដំបូង​ជាមួយ​នឹង​រដ្ឋមន្ត្រី​ការពារ​ជាតិ​វៀតណាម ឧត្តមសេនីយ៍ Phan Văn Giang។ ជំនួប​នេះ គឺ​ភាគី​ទាំង​ពីរ​បាន​ផ្ដើម​ពិភាក្សា​គ្នា​អំពី​បញ្ហា​សន្តិសុខ​ក្នុង​តំបន់ ពិសេស​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង។

សមុទ្រ​ចិន​ខាងត្បូង កំពុង​ធ្លាក់​ក្នុង​ស្ថានភាព​អសន្តិសុខ និង​តានតឹង​ដោយសារតែ​ប្រទេស​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​សម្ដែង​ការ​ព្រួយបារម្ភ​ជា​ខ្លាំង​ពី​ការ​បាត់បង់​ដែនទឹក​របស់​ពួកគេ​ទៅលើ​ប្រទេស​ចិន ដែល​ពួកគេ​ចោទ​ទីក្រុង​ប៉េកាំង ថា​វាតទី​កាន់កាប់​ដែនទឹក​ប្រទេស​ជិតខាង។

ប្រភព​ដដែល​នេះ​ឲ្យ​ដឹង​ថា លោក Austin បាន​បន្ត​លើក​ទឹកចិត្ត​ឲ្យ​វៀតណាម ពង្រឹង​ជំហរ​របស់​ខ្លួន​ក្រោម​កិច្ចសហប្រតិបត្តិការ​ជាមួយ​សហរដ្ឋ​អាមេរិក និង​សម្ពន្ធភាព​អាមេរិក​ក្នុង​ការ​ពង្រឹង​វិស័យ​សន្តិសុខ​ក្នុង​តំបន់។

លោក Austin ប្រាប់​ទៅ​សម​ភាគី​របស់​លោក​ថា សហរដ្ឋ​អាមេរិក​នៅ​ពីក្រោយ​ប្រទេស​ពាក់ព័ន្ធ​ក្នុង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង គឺជា​ផ្នែក​មួយ​នៃ​ការ​ជួយ​ធ្វើ​ឲ្យ​តំបន់​នេះ​មាន​ស្ថិរភាព​ដែនសមុទ្រ។

យ៉ាងណា ភាគី​ទាំង​ពីរ​បាន​ឈាន​ដល់​កិច្ចព្រមព្រៀង​បន្ថែម​ទៀត​លើ​វិស័យ​សហប្រតិបត្តិការ​សន្តិសុខ​ក្នុង​តំបន់ ដែល​គេ​ហៅ​ថា កិច្ចព្រមព្រៀង​ឆ្នាំ​២០១១។ បន្ថែម​លើ​កិច្ចព្រមព្រៀង​ចាស់​នេះ ភាគី​ទាំង​ពីរ​បាន​ឈាន​ដល់​ការ​ចុះហត្ថលេខា​នូវ​កិច្ចព្រមព្រៀង​ថ្មី​បន្ថែម​ទៀត​ក្នុង​ការពង្រីក និង​ពង្រឹង​ដៃគូ​សហប្រតិបត្តិការ​ទ្វេភាគី។

ជាមួយ​គ្នា​នេះ លោក Austin បាន​ប្រាប់​ទៅ​សម​ភាគី​របស់​លោក​ថា ដៃគូ​នៃ​ការ​ពង្រឹង​សន្តិសុខ​តំបន់ គឺ​វៀតណាម​គួរតែ​ចាប់​យក ហើយ​បង្ហាញ​នូវ​ភាព​រឹងមាំ​ជាមួយ នោះ​គឺ​ជប៉ុន ឥណ្ឌា អូស្ត្រាលី ញ៉ូហ្សេឡែន អង់គ្លេស ជាដើម។

កាល​នៅ​ក្នុង​ជំនួប​ជាមួយ​សម​ភាគី​សិង្ហបុរី លោក Austin បាន​ថ្លែង​អំពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​សហរដ្ឋ​អាមេរិក ដើម្បី​ជួយ​ពង្រឹង​សន្តិសុខ​ក្នុង​តំបន់​ផង​ដែរ។ តាមរយៈ​ជំនួប​នោះ លោក​ប្រមុខ​ការពារ​ជាតិ​អាមេរិក​អះអាង​ថា សហរដ្ឋ​អាមេរិក​គឺជា​កម្លាំង​មួយ​ដែល​ធានា​បាន​នូវ​សន្តិសុខ​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ប៉ុន្តែ​លោក​ថា​ប្រទេស​ក្នុង​តំបន់​នេះ​ដែល​ពាក់ព័ន្ធ​ក្នុង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង ក៏​ត្រូវ​បង្ហាញ​ការ​ខិតខំ​របស់​ខ្លួន​ដើម្បី​ការពារ​ដែន​អធិបតេយ្យ និង​សន្តិសុខ​របស់​ខ្លួន​ផង​ដែរ។

តាម​ប្រភព​របស់​បណ្ដាញ​ផ្សាយ​ព័ត៌មាន Aljazeera ឯណោះ​វិញ​ឲ្យ​ដឹង​ថា រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក ឡយ អូស្ទីន ក៏​បាន​ជួប​សន្ទនា​ជាមួយ​នាយករដ្ឋមន្ត្រី​វៀតណាម Pham Minh Chinh និង​ប្រធានាធិបតី Nguyen Xuan Phuc មុន​នឹង​លោក​ធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​ហ្វីលីពីន នៅ​ថ្ងៃ​នេះ។

ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក​ទៅកាន់​ប្រទេស​វៀតណាម កើតឡើង​តែ​មួយ​សប្ដាហ៍​ប៉ុណ្ណោះ​បន្ទាប់ពី​ប្រមុខ​ការពារ​ជាតិ​អង់គ្លេស Ben Wallance បាន​ជួប​ជាមួយ​សម​ភាគី​វៀតណាម របស់​លោក​នៅ​ទីក្រុង​ហាណូយ។

រដ្ឋមន្ត្រី​ការពារ​ជាតិ​ចក្រភព​អង់គ្លេស​រូប​នេះ​ក៏​មាន​ទស្សនៈ​ដូច​គ្នា​ទៅ​នឹង​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក​ផង​ដែរ អំពី​សហប្រតិបត្តិការ​សន្តិសុខ​តំបន់​ជាមួយ​នឹង​ប្រទេស​វៀតណាម។ លោក Ben Wallance ក៏​បាន​លើក​ទឹកចិត្ត​ឱ្យ​វៀតណាម​ពង្រឹង​វិស័យ​សន្តិសុខ​ជាតិ​របស់​ខ្លួន​ឲ្យ​បាន​រឹងមាំ ដោយ​ចាប់​ដៃគូ​ជាមួយ​នឹង​សម្ពន្ធមិត្ត​ក្នុង​ការ​ទប់ទល់​ឥទ្ធិពល​ប្រទេស​ចិន​នៅ​ក្នុង​តំបន់។

តាមរយៈ​ទស្សនកិច្ច​របស់​ប្រមុខ​ការពារ​ជាតិ​អាមេរិក និង​ចក្រភព​អង់គ្លេស គឺ​វៀតណាម​ត្រូវ​បាន​ចាត់ទុក​ថា​ជា​សមាជិក​ក្នុង​សមាគម​អាស៊ាន ទោះបីជា​ប្រទេស​នេះ​ប្រកាន់​របប​សង្គម​និយម​ក៏ដោយ គឺ​ពេលនេះ​បាន​ក្លាយ​ជា​ដៃគូ​មិន​អាច​ខ្វះ​បាន​របស់​ប្រទេស​លោក​ខាងលិច​ក្នុង​ការ​ទប់ទល់​ឥទ្ធិពល​ចិន​នៅ​ក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស