អ្នកតាមដានកិច្ចការសង្គម លើកឡើងថា ជនផ្ដាច់ការតែងកសាងមុខមាត់នយោបាយ ឬកេរ្តិ៍ឈ្មោះរបស់ខ្លួនដោយការប្រើមធ្យោបាយទុច្ចរិតគ្រប់បែបយ៉ាង ដើម្បីយកឈ្នះដៃគូទាំងនៅលើឆាក និងក្រោយឆាកនយោបាយដែលពួកគេកំពុងតែកាន់កាប់។
អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម បណ្ឌិត សេង សារី បានសរសេរលើគណនី Facebook របស់លោកនៅថ្ងៃទី៣ ខែសីហា ថា ជនផ្ដាច់ការតែងតែកសាងកិត្តិយសលើឆាកនយោបាយដោយប្រើវិធីស្មោកគ្រោកគ្រប់សកម្មភាពទាំងអស់ ដើម្បីផ្ដួលរំលំគូប្រជែង ដូចជាការកាងទីផ្សារនយោបាយផ្ដាច់មុខតែម្នាក់ឯង និងគំរាមប្រជាពលរដ្ឋឲ្យទទួលយកសេវានយោបាយភូតកុហករបស់ខ្លួនជាដើម។
លោករិះគន់ថា ជំពូកអ្នកនយោបាយផ្ដាច់ការមិនចេះប្រឹងកសាងសមត្ថភាពដឹកនាំខ្លួនឯងឲ្យពេញនិយមដោយសុចរិតភាពនោះទេ តែបែរជាតាមរំលាយគូប្រកួតរបស់ខ្លួនក្នុងចេតនាទុច្ចរិតដើម្បីដណ្តើមអ្នកគាំទ្ររបស់គេ ប៉ុន្តែពេលគេមិនគាំទ្រ និងរិះគន់ពីអំពើអាក្រក់របស់ខ្លួន បែរជាចាប់គេដាក់គុក ដោយចោទអ្នកទាំងនោះថាជាជនក្បត់ បើទោះជាការចាប់ខ្លួនអ្នកមិនគាំទ្រទាំងនោះត្រូវបានគេរិះគន់ថាជាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរយ៉ាងណាក៏ដោយ។
បណ្ឌិត សេង សារី បញ្ជាក់ថា ការកសាងកិត្តិយស ឬកេរ្តិ៍ឈ្មោះដែលទទួលបានការពេញនិយម គឺជាកេរ្តិ៍ឈ្មោះដែលបានមកពីការធ្វើកិច្ចការត្រឹមត្រូវ ប្រកួតប្រជែងដោយស្មោះត្រង់ មិនបន្លំ ឬបោកប្រាស់អ្នកគាំទ្រ គោរពតាមគោលការណ៍ប្រកួតប្រជែងដោយគ្មានការកេងប្រវ័ញ្ច និងដាក់ចេញនូវផលិតផល ឬសេវាកម្មមានគុណភាពប្រកបដោយគុណធម៌ ជាដើម។
បើទោះជាការលើកឡើងរបស់បណ្ឌិត សេង សារី មិនចំឈ្មោះ ឬអ្នកនយោបាយមួយណា ប៉ុន្តែគឺហាក់សំដៅរកលើការដឹកនាំរបស់គណបក្សកាន់អំណាចនៅកម្ពុជាបច្ចុប្បន្ន ដែលបានគំរាមកំហែងដៃគូប្រឆាំងរបស់ខ្លួនតាមគ្រប់វិធីដើម្បីកម្ចាត់គូប្រជែងទាំងនោះឲ្យខ្ទាតចេញពីឆាកនយោបាយដូចសព្វថ្ងៃនេះ។
ក្រុមអ្នកសង្កេតការណ៍លើកឡើងថា ការដឹកនាំនយោបាយរបស់លោក ហ៊ុន សែន ចាប់តាំងពីឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីពីឆ្នាំ១៩៨៥ មក ត្រូវគេមើលឃើញថា លោកបានប្រើអំណាចហួសដែនកំណត់ ដូចជាការរំលោភលើសិទ្ធិមូលដ្ឋានរបស់ពលរដ្ឋ បំពានរដ្ឋធម្មនុញ្ញ និងរំលោភព្រះមហាក្សត្រជាដើម ដែលជាមធ្យោបាយយកឈ្នះលើគូប្រជែងរបស់ខ្លួនដើម្បីគ្រប់គ្រងអំណាចបន្តទៀត។
ពួកគេបន្ថែមថា បច្ចុប្បន្ននេះ កម្ពុជាត្រូវបានគ្រប់គ្រងដោយរដ្ឋាភិបាលឯកបក្សរបស់លោក ហ៊ុន សែន ដោយគ្មានបក្សប្រឆាំងក្នុងសង្វៀននយោបាយនោះឡើយ ប៉ុន្តែដើម្បីបន្លំភ្នែកពលរដ្ឋ រដ្ឋាភិបាលឯកបក្សមួយនេះបានបង្កើតនូវដំណើរការបោះឆ្នោតក្លែងក្លាយមួយដែលពួកគេជាអ្នករៀបចំចាត់ចែងទាំងស្រុង ខណៈគណបក្សថ្មីៗដែលបានបង្កើតមក គឺស្ថិតក្នុងល្បិចកលនយោបាយដែលពួកគេបានរៀបចំ ដើម្បីឲ្យជួយលំអការបោះឆ្នោតក្លែងក្លាយដែលបក្សកាន់អំណាចបានបង្កើតឡើងនេះតែប៉ុណ្ណោះ។
ទោះជាបែបនេះក្តី លោក ហ៊ុន សែន បានអះអាងកាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ ថា គ្មានអ្នកណាអាចមកផ្ដួលរំលំរដ្ឋាភិបាលរបស់លោកបានឡើយ ដូច្នេះលោកនឹងបន្តធ្វើជានាយករដ្ឋមន្ត្រីរហូតទាល់តែលែងចង់ធ្វើ ព្រោះថាលើលោកនេះគ្មានច្បាប់ណាកំណត់អាណត្តិនាយករដ្ឋមន្ត្រីនោះទេ។
ជាងនេះទៅទៀត ប្រមុខរដ្ឋាភិបាលកម្ពុជាគូសបញ្ជាក់ថា លោកគឺជានាយករដ្ឋមន្ត្រីដែលពលរដ្ឋខ្មែរគោរពស្រឡាញ់ និងគាំទ្រខ្លាំងបំផុត ដូច្នេះហើយទើបលោកអាចរក្សាតំណែងនាយករដ្ឋមន្ត្រីបានរហូតដល់សព្វថ្ងៃនេះ ហើយលោកក៏ជាអ្នកដែលកាន់តំណែងជានាយករដ្ឋមន្ត្រីបានយូរជាងគេផងដែរនៅក្នុងពិភពលោក។
ប៉ុន្តែប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក ម៉ែន ណាត ធ្លាប់បានអះអាងថា អំណាចរបស់លោក ហ៊ុន សែន គឺបានមកពីការប្លន់តែប៉ុណ្ណោះ ដែលបង្ហាញឲ្យឃើញថា មេដឹកនាំខ្មែររូបនេះគឺជាជនផ្ដាច់ការល្មោភអំណាចខ្លាំងបំផុត។
លោកថា ក្រោមការជ្រោមជ្រែងរបស់រដ្ឋការក្រុងហាណូយ លោក ហ៊ុន សែន បានដណ្តើមអំណាចពីលោក ប៉ែន សុវណ្ណ និងលោក ចាន់ ស៊ី ដើម្បីខ្លួនឯងឡើងកាន់កាប់អំណាចជានាយករដ្ឋមន្ត្រីតាំងពីឆ្នាំ១៩៨៥ មកម្ល៉េះ។
លើសពីនេះទៀត លោកអះអាងថា ក្រោយចាញ់ការបោះឆ្នោតឆ្នាំ១៩៩៣ ដែលរៀបចំឡើងដោយអ៊ុនតាក់ (UNTAC) លោក ហ៊ុន សែន បានប្លន់អំណាចម្តងទៀតពីសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែលជានាយករដ្ឋមន្ត្រីទី១ នាពេលនោះ ដោយបានបង្កើតព្រឹត្តិការណ៍រដ្ឋប្រហារបង្ហូរឈាមកាលពីថ្ងៃទី៥-៦ ខែកក្កដា ឆ្នាំ១៩៩៧ កន្លងទៅ។
លោក ម៉ែន ណាត បញ្ជាក់ថា ក្រោយក្តាប់អំណាចពេញដៃ លោក ហ៊ុន សែន បានលួចកែច្បាប់បោះឆ្នោត និងច្បាប់ផ្សេងៗជាច្រើនទៀត ក្នុងនោះមានទាំងកែប្រែរដ្ឋធម្មនុញ្ញកម្ពុជាផងដែរ ដើម្បីប្រើឧបករណ៍យកឈ្នះការបោះឆ្នោតលើដៃគូនយោបាយ និងដើម្បីរក្សាអំណាចតវង្សត្រកូលរបស់ខ្លួនបន្តទៀត៕