អង្គការសង្គមស៊ីវិលជិត ១០០ស្ថាប័ន ប្រកាសគាំទ្រលិខិតចំហរបស់សហគមន៍ពលរដ្ឋរងគ្រោះ ដែលស្នើឲ្យតំណាងអង្គការស្បៀងអាហារ និងតំណាងកសិកម្មប្រចាំប្រទេសកម្ពុជា ដាក់បញ្ចូលនូវក្ដីកង្វល់ និងសេចក្តីត្រូវការរបស់សហគមន៍ពលរដ្ឋរងគ្រោះ ចូលទៅក្នុងរបៀបវារៈនៃកិច្ចប្រជុំស្ដីពីប្រព័ន្ធស្បៀងអាហាររបស់អង្គការសហប្រជាជាតិនាពេលខាងមុខនេះ។
អង្គការសង្គមស៊ីវិល សហជីព និងអ្នកប្រកបមុខរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធជាដើម បានចេញលិខិតចំហមួយកាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១ ទៅកាន់តំណាងអង្គការស្បៀងអាហារ និងកសិកម្មប្រចាំប្រទេសកម្ពុជា (FAO) ដោយស្នើឲ្យជួយលើកយកបញ្ហាប្រឈម និងតម្រូវការរបស់កសិករ ប្រជានេសាទ សហជីព និងសង្គមស៊ីវិលនៅកម្ពុជា នៅក្នុងកិច្ចប្រជុំកំពូលថ្នាក់ជាតិ និងសកលស្ដីពីប្រព័ន្ធស្បៀងអាហាររបស់អង្គការសហប្រជាជាតិនាពេលខាងមុខនេះ។
ប្រភពដដែលអះអាងថា ដំណើរការនៃកិច្ចប្រជុំរបស់អង្គការសហប្រជាជាតិនេះ កំពុងបង្ហាញនូវការគាំទ្រដល់ក្រុមហ៊ុនសាជីវកម្មដែលស្និទ្ធជាមួយរដ្ឋាភិបាល កំពុងប្រើប្រាស់ប្រព័ន្ធសេដ្ឋកិច្ចសេរីដែលបានជះឥទ្ធិពលជាអវិជ្ជមានដល់ដំណើរការសម្រេចចិត្តរបស់កសិករ ប្រជានេសាទ កម្មករ និងអ្នកប្រកបមុខរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធយ៉ាងធ្ងន់ធ្ងរនៅកម្ពុជា។
កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១ អង្គការសង្គមស៊ីវិលចំនួន ៨៧ស្ថាប័ន ដូចជាសមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា ហៅថា អាដហុក និងមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស សង់ត្រាល់ និងអង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ ជាដើម បានប្រកាសគាំទ្រលិខិតចំហរបស់សហគមន៍ពលរដ្ឋរងគ្រោះដែលបានស្នើសុំដាក់បញ្ចូលកង្វល់ និងតម្រូវការប្រឈមរបស់ពួកគេទៅក្នុងកិច្ចប្រជុំកំពូលស្ដីពីប្រព័ន្ធស្បៀងអាហារពិភពលោក ដែលនឹងរៀបចំឡើងនៅខែកញ្ញា ខាងមុខនេះ។
អង្គការសហប្រជាជាតិ នឹងរៀបចំកិច្ចប្រជុំកំពូលស្ដីពីប្រព័ន្ធស្បៀងអាហារនៅអំឡុងខែកញ្ញា ឆ្នាំ២០២១ ខាងមុខនេះ ក្នុងគោលបំណងបង្កើនចំណីអាហារ និងកសិកម្ម ដើម្បីពន្លឿនគោលដៅអភិវឌ្ឍន៍សហស្សវត្សប្រកបដោយចីរភាព ដើម្បីផ្លាស់ប្ដូរប្រព័ន្ធស្បៀងអាហារឆ្ពោះទៅរករបបអាហារដែលមានសុខុមាលភាព ចីរភាព និងរស់នៅប្រកបដោយសុភមង្គល និងការពារភពផែនដី។
ទាក់ទិននឹងបញ្ហានេះ ទិន្នន័យសង្គមស៊ីវិលបានបង្ហាញកាលពីពេលថ្មីៗនេះថា ពលរដ្ឋកម្ពុជាកំពុងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពាក់ព័ន្ធនឹងសន្តិសុខស្បៀងទ្វេដងក្នុងឆ្នាំ២០២០ កន្លងទៅ ក្នុងនោះពលរដ្ឋប្រមាណ ៧៩% រស់នៅតាមតំបន់ជនបទដោយពឹងផ្អែកលើការធ្វើកសិកម្ម ជលផល និងព្រៃឈើ ដើម្បីរស់រានមានជីវិត។
ប្រភពដដែលអះអាងថា តាមរយៈនៃការចុះសម្ភាសពលរដ្ឋចំនួន ៧ខេត្តនៅកម្ពុជា មានពលរដ្ឋប្រមាណ ៤០% នៃកសិករ ៩៨គ្រួសារក្នុងខេត្តត្បូងឃ្មុំ ខេត្តកំពង់ស្ពឺ និងខេត្តក្រចេះ ជាដើម បានជំពាក់បំណុលធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដោយសារតម្រូវការលើផលិតកម្មកសិកម្មដែលពួកគេបានប្រឈម។
ជាងនេះទៀត បញ្ហាលើសង្វាក់ផលិតកម្មកសិកម្មនេះ បណ្តាលឱ្យកសិករភាគច្រើនត្រូវធ្វើចំណាកស្រុកលក់កម្លាំងពលកម្ម ដើម្បីសន្សំប្រាក់ទិញស្បៀង និងផ្គត់ផ្គង់តម្រូវការចាំបាច់ក្នុងគ្រួសារ ដោយឡែកដីធ្លីសម្រាប់ធ្វើកសិកម្មរបស់ពួកគេមិនមានសុវត្ថិភាពនោះទេ ដោយសារតែការរំលោភបំពានពីពួកអ្នកមានអំណាចដែលកាន់កាប់គម្រោងអភិវឌ្ឍន៍សាជីវកម្មរបស់ក្រុមហ៊ុនធំៗ និងការរំលោភយកពីសំណាក់អាជ្ញាធររដ្ឋផងដែរ។
ជុំវិញបញ្ហានេះ ក្រុមអ្នកឃ្លាំមើលសង្គម លើកឡើងថា ដើម្បីធានាសន្តិសុខស្បៀងជូនពលរដ្ឋ រដ្ឋាភិបាលមានកាតព្វកិច្ចស្ដារ និងកសាងប្រព័ន្ធធារាសាស្ត្រតូចធំតាមសហគមន៍ដើម្បីឲ្យកសិករមានលទ្ធភាពបង្កបង្កើនផល និងការផលិតស្បៀងអាហារ ព្រមទាំងអាចអភិវឌ្ឍសហគមន៍របស់ពួកគេប្រកបដោយចីរភាព។
ក្នុងលិខិតចំហដដែលនេះ ក៏បានផ្តល់អនុសាសន៍ ៤ចំណុចដល់អង្គការសហប្រជាជាតិ ដើម្បីពិនិត្យមើលពីលទ្ធភាពជួយដល់ពួកគាត់ រួមមាន៖
- ទី១ បដិសេធចំពោះការជ្រៀតជ្រែកឥទ្ធិពលរបស់ក្រុមហ៊ុនសាជីវកម្ម។
- ទី២ បញ្ចប់ការត្រួតត្រារបស់ក្រុមហ៊ុនលើផ្នែកកសិកម្ម និងប្រព័ន្ធស្បៀងអាហារ។
- ចំណុចទី៣ គឺលើកកម្ពស់អធិបតេយ្យស្បៀងអាហាររបស់កសិករ ប្រជានេសាទ អ្នកប្រកបមុខរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងជនជាតិដើមភាគតិច ជាជាងផ្តល់សិទ្ធិឲ្យក្រុមហ៊ុនអភិវឌ្ឍ។
- រីឯចំណុចទី៤ វិញ ស្ដារ និងកសាងប្រព័ន្ធធារាសាស្ត្រខ្នាតតូច និងមធ្យម និងដោះស្រាយបញ្ហាកង្វះទឹកស្រោចស្រពរបស់កសិករនៅតាមសហគមន៍ ដើម្បីឲ្យពួកគេមានលទ្ធភាពបង្កបង្កើនផល ផលិតស្បៀងអាហារ និងអភិវឌ្ឍសហគមន៍ប្រកបដោយចីរភាព៕