29 C
Phnom Penh

រដ្ឋាភិបាល​កាត់​ផ្ទៃ​បឹង​វាលសំណាប​ជិត​៥​ពាន់​ហិកតារ​ឱ្យ​ឧកញ៉ា ឃុន សៀ ក្រុមហ៊ុន​ប៉េង​ហួត និង​ឧកញ៉ា​មួយ​ចំនួន​ទៀត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋាភិបាល​កម្ពុជា​បាន​កាត់​ផ្ទៃ​បឹង​វាលសំណាប ទំហំ​ជិត ៥​ពាន់​ហិកតារ​ក្នុង​ខេត្ត​កណ្ដាល ប្រគល់​ទៅ​ឲ្យ​ឧកញ៉ា ឃុន សៀ និង​ឧកញ៉ា​មួយ​ចំនួន​ទៀត​ដើម្បី​អភិវឌ្ឍ។

បឹង​វាលសំណាប​មាន​ទំហំ​ជិត ៥​ពាន់​ហិកតារ (៤៨១៥​ហិកតារ) ស្ថិត​ក្នុង​ខេត្ត​កណ្ដាល ត្រូវ​បាន​រដ្ឋាភិបាល​ចេញ​អនុក្រឹត្យ​មួយ​កាលពី​ឆ្នាំ​២០១៦ ដោយ​ដាក់​ផ្ទៃ​បឹង​ជា​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ។ ប៉ុន្តែ​យ៉ាងណាក៏ដោយ ចាប់ពី​ខែ​មករា ឆ្នាំ​២០២០ ផ្ទៃ​បឹង​វាលសំណាប​ជិត ៥​ពាន់​ហិកតារ​នេះ​ត្រូវ​បាន​រដ្ឋាភិបាល​កាត់​ប្រគល់​ទៅ​ឱ្យ​ឧកញ៉ា និង​បុគ្គល​មាន​លុយ​ដើម្បី​អភិវឌ្ឍ ដូចជា​សង់​បុរី និង​អគារ​ខ្ពស់​ជាដើម។

ជាក់ស្ដែង​នៅ​ថ្ងៃ​ទី​១៧ ខែ​មករា ឆ្នាំ​២០២០ រដ្ឋាភិបាល​ធ្វើ​អនុប្រយោគ​ផ្ទៃ​បឹង​ចំនួន ៤១០០​ហិកតារ​ពី​ដី​របស់​រដ្ឋ​មក​ជា​ដី​ឯកជន​របស់​រដ្ឋ ដើម្បី​យក​មក​ជួល​ឱ្យ​ឧកញ៉ា ឃុន សៀ ប្រធាន​ក្រុមហ៊ុន «ឃុន សៀ Import Export» អភិវឌ្ឍ ខណៈ​ផ្ទៃ​បឹង​ចំនួន ១៣៧​ហិកតារ​ស្ថិតនៅ​ឃុំ​ព្រែកអំពិល និង​ឃុំ​ព្រែកលួង ស្រុក​ខ្សាច់កណ្ដាល ខេត្ត​កណ្ដាល ត្រូវ​បាន​ធ្វើ​អនុបយោគ​ជា​ដី​ឯកជន​របស់​រដ្ឋ ដើម្បី​ប្រគល់​ទៅ​ឱ្យ​ឧកញ៉ា ជា ហ៊ុយ ប្រធាន​ក្រុមហ៊ុន អិនស៊ីអិច និង​ឈ្មោះ ឆ ចេង ដើម្បី​គ្រប់គ្រង​ជា​កម្មសិទ្ធិ។

បើ​តាម​អនុក្រឹត្យ​ដាច់ដោយឡែក​មួយ​ទៀត​នៅ​ដើម​ឆ្នាំ​២០២០ ដដែល រដ្ឋាភិបាល​ក៏​បាន​ធ្វើ​អនុប្រយោគ​ផ្ទៃ​បឹង​ទំហំ​ជាង ៥៥​ហិកតារ​ស្ថិតនៅ​ក្នុង​ឃុំ​ពាមឧកញ៉ាអុង ស្រុក​ល្វាឯម ខេត្ត​កណ្ដាល ពី​ដី​សាធារណៈ​របស់​រដ្ឋ​មក​ជា​ដី​ឯកជន​របស់​រដ្ឋ​វិញ ដើម្បី​កាត់​ប្រគល់​ទៅ​ឱ្យ​ឧកញ៉ា ថៃ ម៉េងលីម ឧកញ៉ា ហ៊ាង ប៊ុនប៉េង និង ហ៊ាង ប៊ុនអេង ដើម្បី​អភិវឌ្ឍ​អចិន្ត្រយ៍។

ឧកញ៉ា ហ៊ាង ប៊ុនប៉េង ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល ខណៈ​ឧកញ៉ា ថៃ ម៉េងលីម ជា​អគ្គនាយក​រង​នៃ​ក្រុមហ៊ុន បុរី ប៉េង ហួត គ្រុប ហ្គ្រេន ស្តារផ្លាទីនីម។

សារព័ត៌មាន​ក្នុង​ស្រុក VOD កន្លងមក​បាន​ដកស្រង់​សម្ដី​របស់​អ្នក​នាំពាក្យ​រាជរដ្ឋាភិបាល លោក ផៃ ស៊ីផាន ចុះផ្សាយ​ថា ការ​ជួល​ដី​បឹង និង​ដី​កោះ​ទៅ​ឱ្យ​ក្រុមហ៊ុន​អភិវឌ្ឍ​នេះ គឺ​ធ្វើ​ឡើង​ស្រប​ទៅ​តាម​ច្បាប់ ហើយ​ការ​ជួល​ឱ្យ​ក្រុមហ៊ុន ឃុន សៀ នេះ រដ្ឋាភិបាល​បាន​សិក្សា​ពី​ផល​ប៉ះពាល់​រួច​ហើយ​ដែរ។ លោក​បន្ត​ថា ចំពោះ​ផល​ប៉ះពាល់​ដោយ​ការ​លុប​បឹង​ធម្មជាតិ​នោះ លោក​ថា​មិន​មាន​ឡើយ។ លើស​ពី​នេះ​ទៀត លោក​ថា​ការ​ទុក​បឹង​ឱ្យ​កសិករ​អាស្រ័យផល មិន​បាន​ផល​ចំណេញ​អ្វី​ច្រើន​ឡើយ ប៉ុន្តែ​បើសិនជា​ធ្វើ​សម្បទាន​សេដ្ឋកិច្ច​ឱ្យ​ក្រុមហ៊ុន​នោះ គឺ​លុយ​ចូល​រដ្ឋ​ដើម្បី​យក​ទៅ​ជួយ​ជន​ងាយ​រងគ្រោះ និង​ជន​ក្រីក្រ។

ទិដ្ឋភាព​នៅ​បឹង​វាលសំណាប ស្ថិត​នៅ​ស្រុក​ខ្សាច់កណ្ដាល ខេត្ត​កណ្ដាល។

ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ លោក ឆឺយ ឧត្ដមរស្មី អះអាង​ថា រដ្ឋាភិបាល​គួរតែ​ធ្វើ​ការ​ស្ដារ​បឹង​ឡើងវិញ ជាជាង​លុប​បន្ត​ទៀត​បែប​នេះ ដោយ​ថា​ការ​លុប​បឹង​ធម្មជាតិ​ដែល​ជា​កន្លែង​រំដោះ​ទឹក វា​មិនមែន​ជា​រឿង​ល្អ​ឡើយ។

លោក​សង្កេតឃើញ​ថា ប្រទេស​នៅ​ជាប់​កម្ពុជា និង​ប្រទេស​ចំនួន​ទៀត បាន​រក្សា​បឹង​ទុក ទោះបីជា​បឹង​នោះ​តូច​ក្ដី ឬ​ធំ​ក្ដី រដ្ឋាភិបាល​របស់​គេ​មិន​ដែល​លុប​ឡើយ ផ្ទុយពី​រដ្ឋាភិបាល​កម្ពុជា​ដែល​បាន​លុប​បឹង​ធំៗ​ជា​កន្លែង​រំដោះ​ទឹក បើ​ទោះបី​ដឹង​ថា​ការ​លុប​បឹង​នេះ​នឹង​ធ្វើ​ឱ្យ​ទឹកជន់​លិច​រាជធានី​ភ្នំពេញ​ក៏ដោយ។

កាលពី​ពេល​កន្លងមក ប្រធាន​រាជបណ្ឌិត្យសភា​កម្ពុជា បណ្ឌិត សុខ ទូច អំពាវនាវ​ដល់​អ្នក​ពាក់ព័ន្ធ​ទាំងអស់​ឱ្យ​ឈប់​លុប​បឹង ហើយ​ទុក​បឹង​ទាំងនោះ​ធ្វើ​ជា​កន្លែង​រំដោះ​ទឹក។ ជាង​នេះ​ទៅទៀត លោក​ក៏​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ត្រូវ​មើល​គំរូ​អភិវឌ្ឍន៍​តាម​ប្រទេស​រីកចម្រើន ដែល​តែង​រក្សា​គុណភាព​បរិស្ថាន​ដើម្បី​ជា​ប្រយោជន៍​ដល់​មនុស្ស​ជំនាន់​ក្រោយ។

ប្រធាន​មន្ទីរ​ធនធាន​ទឹក និង​ឧតុនិយម​ខេត្ត​កណ្តាល លោក អ៊ុក វណ្ណា ធ្លាប់​លើកឡើង​ថា បឹង​វាលសំណាប​នេះ​ពី​មុន​ជា​អាង​ស្តុក​ទឹក​មួយ​ដែល​អាច​ផ្ទុក​ទឹក​បាន​រាប់​លាន​ម៉ែត្រ​គូប។

កាលពី​ខែ​ឧសភា ឆ្នាំ​២០២០ រដ្ឋមន្ត្រី​ក្រសួង​ធនធាន​ទឹក លោក លឹម គានហោ បាន​ចេញ​លិខិត​មួយ​ដោយ​ព្រមាន​អំពី​គ្រោះ​មហន្តរាយ​ដោយសារ​ទឹក​ជំនន់ ក្រោយ​ពី​ក្រសួង​មើល​ឃើញ​ថា មាន​ការ​ចាក់​ដី​លុប និង​ការ​សាងសង់​បិទ​ផ្លូវ​ទឹក​នានា​ជាបន្តបន្ទាប់។ បញ្ហា​នេះ លោក​ក៏​បាន​ជំរុញ​ឱ្យ​អាជ្ញាធរ​រាជធានី-ខេត្ត​ទាំងអស់​ជួយ​ទប់ស្កាត់ ដើម្បី​កុំ​ឱ្យ​មាន​ការ​ចាក់​ដី​លុប​រំលោភ​ចំណី​មាត់​ច្រាំងទន្លេ ស្ទឹង ព្រែក អូរ ប្រឡាយ អាង​ទឹក បឹងបួ​បន្ត​ទៀត។

បើ​ទោះបីជា​រដ្ឋមន្ត្រី​ក្រសួង​ធនធាន​ទឹក បាន​ចេញ​លិខិត​ព្រមាន​ក្ដី ប៉ុន្តែ​លិខិត​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា មិន​មាន​ប្រសិទ្ធភាព​ឡើយ ដោយសារ​ការ​ចាក់​ដី​លុប​បិទ​ផ្លូវ​ទឹក ការ​រំលោភ​ច្រាំងទន្លេ អូរ ប្រឡាយ និង​បឹង​ធម្មជាតិ​នេះ នៅតែ​បន្ត​កើត​មាន​ឡើង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស