37 C
Phnom Penh

ក្រសួង​សុខាភិបាល​មិន​អនុញ្ញាត​ឲ្យ​អ្នកជំងឺ Covid-19 បំប្លែង​ថ្មី​ប្រភេទ DELTA ព្យាបាល​នៅ​ផ្ទះ​ឡើយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​កម្ពុជា ប្រកាស​ថា ក្រសួង​មិន​អនុញ្ញាត​ឲ្យ​អ្នកជំងឺ Covid-19 បំប្លែង​ថ្មី​ប្រភេទ DELTA ឬ​អ្នក​ដែល​មាន​ការសង្ស័យ​ថា​មាន​ជំងឺ​ប្រភេទ​ថ្មី​នេះ​ព្យាបាល​នៅ​ផ្ទះ​ឡើយ ទាំង​អ្នក​ដែល​បាន​ឆ្លង​ក្នុង​សហគមន៍ និង​អ្នក​ដែល​នាំចូល​ពី​ក្រៅ​ប្រទេស។

រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល លោក ម៉ម ប៊ុនហេង បាន​ចេញ​សេចក្តី​ណែនាំ​ដែល​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​នៅ​ថ្ងៃ​ទី​១០ ខែ​សីហា ឆ្នាំ​២០២១ ទៅ​ដល់​ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី-ខេត្ត និង​មណ្ឌល​ព្យាបាល​ជំងឺ Covid-19 ទាំងអស់​ថា អ្នក​ដែល​វិជ្ជមាន​វីរុស Covid-19 បំប្លែង​ថ្មី​ប្រភេទ DELTA ឬ​អ្នក​ដែល​សង្ស័យ​ថា​មាន​ជំងឺ​ប្រភេទ​ថ្មី​នេះ ត្រូវតែ​បញ្ជូន​ទៅ​ព្យាបាល​នៅ​តាម​មណ្ឌល​ព្យាបាល​ជំងឺ Covid-19 ដែល​បាន​កំណត់​ជាកំហិត។

បទបញ្ជា​នេះ ធ្វើឡើង​បន្ទាប់ពី​កម្ពុជា​បាន​រក​ឃើញ​អ្នក​វិជ្ជមាន​វីរុស Covid-19 បំប្លែង​ថ្មី​ប្រភេទ DELTA ជាបន្តបន្ទាប់​ទាំង​អ្នក​ដែល​មកពី​ក្រៅ​ប្រទេស និង​អ្នក​ដែល​រស់នៅ​ក្នុង​សហគមន៍។

ជុំវិញ​បញ្ហា​នេះ ក្រសួង​សុខាភិបាល​បាន​ចេញ​សេចក្តី​ណែនាំ​ថា អ្នក​ដែល​សង្ស័យ ឬ​រក​ឃើញ​ថា​មាន​វិជ្ជមាន​វីរុស Covid-19 បំប្លែង​ថ្មី​ប្រភេទ DELTA ទាំងឡាយ នឹង​ត្រូវ​ធ្វើ​តេស្ដ​ម្តង​ទៀត​នៅ​ថ្ងៃ​ទី​១៦ ក្នុង​អំឡុង​នៃ​ការ​សម្រាក​ព្យាបាល​រយៈពេល ២១​ថ្ងៃ​របស់​ពួកគេ។

ប្រភព​ដដែល​អះអាង​ថា ប្រសិនបើ​ការ​ធ្វើ​តេស្ដ​តាមរយៈ​ម៉ាស៊ីន PCR នៅ​ថ្ងៃ​ទី​១៦ នៃ​ការ​ធ្វើ​ចត្តាឡីស័ក​បាន​រក​ឃើញ​ថា​វិជ្ជមាន​វីរុស Covid-19 បំប្លែង​ថ្មី DELTA នោះ​ពួកគេ​នឹង​ត្រូវ​បន្ត​ធ្វើ​តេស្ដ​នៅ​ថ្ងៃ​ទី​១៩ ម្តង​ទៀត។ ក្រសួង​បាន​ឲ្យ​ដឹង​ទៀត​ថា ប្រសិនបើ​នៅតែ​រក​ឃើញ​ថា​វិជ្ជមាន​ទៀត នោះ​ពួកគេ​នឹង​ត្រូវ​បន្ត​ព្យាបាល​រយៈពេល ២១​ថ្ងៃ​បន្ថែម​ទៀត។

ដោយឡែក​អ្នក​ដែល​ធ្វើ​តេស្ដ​នៅ​ថ្ងៃ​ទី​១៦ នៃ​ការ​ធ្វើ​ចត្តាឡីស័ក​បង្ហាញ​លទ្ធផល​អវិជ្ជមាន នោះ​គឺ​ត្រូវ​បន្ត​សម្រាក​ព្យាបាល​ដើម្បី​ធ្វើ​តេស្ដ​តាមរយៈ​ម៉ាស៊ីន PCR ឡើងវិញ​រៀងរាល់ ៤៨​ម៉ោង​ម្តង​រហូត​ទទួល​បាន​លទ្ធផល​អវិជ្ជមាន​ពីរ​ដង​បន្តបន្ទាប់​គ្នា​ក្នុង​រយៈពេល ៧២​ម៉ោង នឹង​ត្រូវ​បញ្ចប់​ការ​ព្យាបាល​នៅ​ថ្ងៃ​ទី​២១ គិត​ពី​ថ្ងៃ​ដែល​អ្នកជំងឺ​បាន​ចាប់ផ្តើម​ទទួល​ការ​ព្យាបាល​មក ប៉ុន្តែ​ពួកគេ​នឹង​តម្រូវ​ឲ្យ​ធ្វើ​ចត្តាឡីស័ក​នៅ​ផ្ទះ​រយៈពេល ១៤​ថ្ងៃ​បន្ថែម​ទៀត។

ជុំវិញ​ការ​ឆ្លង​វីរុស Covid-19 បំប្លែង​ថ្មី​ប្រភេទ DELTA នេះ ក្រសួង​សុខាភិបាល​បាន​អះអាង​កាលពី​ថ្ងៃ​ទី​៨ ខែ​សីហា ឆ្នាំ​២០២១ ថា ប្រជាពលរដ្ឋ​ខ្មែរ​ដែល​បាន​ឆ្លង​វីរុស Covid-19 ប្រភេទ​ថ្មី​នេះ​បាន​កើន​ឡើង​ដល់ ៣៨៥​នាក់​ហើយ ដោយ​គិត​ចាប់ពី​ថ្ងៃ​ទី​៣១ ខែ​មីនា រហូត​ដល់​ថ្ងៃ​ទី​៧ ខែ​សីហា ឆ្នាំ​២០២១។

ក្រសួង​សុខាភិបាល​កម្ពុជា បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​ការ​ពាក់​ម៉ាស់ លាងដៃ និង​រក្សា​គម្លាត។ បន្ថែម​ពី​នេះ ត្រូវ​កាត់បន្ថយ​ការ​ជួបជុំ កុំ​នៅ​កន្លែង​បិទ​ជិត និង​ប៉ះពាល់​គ្នា ជាដើម ដើម្បី​ចៀសវាង​នូវ​ការ​ចម្លង​ជាយថាហេតុ​ណាមួយ​ដែល​បណ្តាល​ឲ្យ​មាន​ការ​រីក​រាលដាល​កាន់តែ​ខ្លាំង​នៃ​ជំងឺ​នេះ​បន្ថែម​ទៀត។

រហូត​មក​ទល់​ពេលនេះ ក្រសួង​សុខាភិបាល​កម្ពុជា​បាន​រក​ឃើញ​អ្នក​ឆ្លង​វីរុស Covid-19 ថ្មី​ចំនួន ៤៩៩​នាក់ និង​អ្នក​ជាសះស្បើយ​ថ្មី​ចំនួន ៨៨២​នាក់ ខណៈ​អ្នក​ស្លាប់​ថ្មី​មាន​ចំនួន ១៧​នាក់។ ក្រសួង​បញ្ជាក់​ថា អ្នក​ឆ្លង​វីរុស Covid-19 សរុប​បាន​កើន​ឡើង​ដល់​ជាង ៨​ម៉ឺន ២​ពាន់​នាក់​ហើយ និង​អ្នក​ដែល​ជាសះស្បើយ​សរុប​មាន​ចំនួន​ជាង ៧​ម៉ឺន ៧​ពាន់​នាក់ ដោយឡែក​អ្នក​ស្លាប់​សរុប​បាន​កើន​ឡើង​ជាង ១៦០០​នាក់​ហើយ​មក​ទល់នឹង​ពេលនេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស