27.5 C
Phnom Penh

មន្ត្រី​បក្ស​ក្រៅ​រដ្ឋាភិបាល​ថា​ក្រសួង​កសិកម្ម​មិន​ដែល​បង្ហាញ​ពី​ផែនការ​ជាក់លាក់​ជួយ​កសិករ​នៅឡើយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​គណបក្ស​ក្រៅ​រដ្ឋាភិបាល​រិះគន់​ថា ក្រសួង​កសិកម្ម​កម្ពុជា មិន​ដែល​បាន​បង្ហាញ​ពី​ផែនការ​ជាក់លាក់​នៅឡើយ​ទេ​ក្នុង​ការ​ផលិត​ជី និង​ថ្នាំ​កសិកម្ម​សម្រាប់​ផ្គត់ផ្គង់​តម្រូវការ​ក្នុង​វិស័យ​កសិកម្ម​ទៅដល់​កសិករ​ខ្មែរ​នា​ពេល​បច្ចុប្បន្ន​នេះ។

ប្រធាន​គណៈកម្មាធិការ​នាយក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​១០ ខែ​សីហា ថា វិស័យ​កសិកម្ម​នៅ​កម្ពុជា​នៅតែ​ជួប​ឧបសគ្គ​ក្នុង​ការប្រកួតប្រជែង​ទីផ្សារ​ជាមួយ​ប្រទេស​ជិតខាង ខណៈ​ជី និង​ថ្នាំ​ផ្សេងៗ​ដែល​បម្រើ​ឲ្យ​វិស័យ​កសិកម្ម​នៅតែ​នាំចូល​ពី​ប្រទេស​ជិតខាង ស្រប​ពេល​ដែល​តម្លៃ​ផលិតផល​នាំចូល​ទាំងនោះ​កាន់តែ​ឡើង​ខ្ពស់​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ហើយ​កសិករ​ខ្មែរ​ត្រូវការ​ផលិតផល​កសិកម្ម​ទាំងនោះ​កាន់តែ​ច្រើន​ឡើងៗ។

លោក​អះអាង​ថា ការ​សម្រុក​ប្រើ​ជីគីមី​កាន់តែ​ខ្លាំង នឹង​បណ្តាល​ឲ្យ​ដី​កសិកម្ម​នៅ​កម្ពុជា​កាន់តែ​ខូច​គុណភាព​ខ្លាំង​ឡើងៗ ដែល​ជា​មូលហេតុ​ធ្វើ​ឲ្យ​កសិករ​ត្រូវ​បន្ថែម​ជីគីមី​កាន់តែ​ច្រើន​បន្ថែម​ទៀត ហើយ​ធ្វើ​ឲ្យ​កសិករ​ពិបាក​នឹង​ទទួល​បាន​ផល​ចំណេញ​ពី​មុខរបរ​កសិកម្ម​របស់​ខ្លួន​ខ្លាំង​ណាស់។

បណ្ឌិត យ៉ង សាំងកុមារ បញ្ជាក់​ថា ការ​ដឹកនាំ​នយោបាយ​កសិកម្ម​ត្រូវតែ​មាន​គោល​នយោបាយ​ជី និង​ថ្នាំពុល​កសិកម្ម​ដែល​ជា​កត្តា​សំខាន់​ក្នុង​ការ​លើកស្ទួយ​ផលិតភាព កាត់បន្ថយ​ថ្លៃ​ដើម និង​កាត់បន្ថយ​ផល​ប៉ះពាល់​បរិស្ថាន ជាពិសេស​ការ​អប់រំ និង​បណ្តុះបណ្តាល​កសិករ​ឲ្យ​ចេះ​កែលំអ​ដី​ឲ្យ​មាន​ជីជាតិ​តាម​គោលការណ៍​ធម្មជាតិ ដើម្បី​កាត់បន្ថយ​ការប្រើប្រាស់​ជីគីមី និង​ការ​ចំណាយ​លើ​ជី និង​ថ្នាំ​ដែល​នាំចូល​ទាំងនោះ។

លោក​បញ្ជាក់​ថា ដើម្បី​ជំរុញ​លទ្ធភាព​កសិករ​ខ្មែរ​ឲ្យ​បាន​ល្អ​ប្រសើរ រដ្ឋាភិបាល​ត្រូវ​បើក​ឲ្យ​មាន​ការ​បណ្តុះបណ្តាល​ពី​អ្នកជំនាញ​ផ្នែក​ជី​ធម្មជាតិ​ពី​ក្រៅ​ប្រទេស ដើម្បី​ជួយ​កសិករ​ក្នុង​ការ​កាត់បន្ថយ​ការប្រើប្រាស់​ជីគីមី និង​ដើម្បី​ជួយ​កាត់បន្ថយ​កាកសំណល់​ដោយ​ការ​កែប្រែ​កាកសំណល់​ទាំងនោះ​ទៅ​ជា​ជី​ធម្មជាតិ​ផង​ដែរ។

កាលពី​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០២១ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​សម្ដែង​មោទកភាព​ថា ផលិតកម្ម​ក្នុង​វិស័យ​កសិកម្ម​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០២១ បាន​ស្ទុះឡើង​គួរ​ឲ្យ​កត់សម្គាល់ ដោយ​ផ្អែក​ទៅលើ​ក្រុមហ៊ុន​នាំចូល​ជី និង​ថ្នាំ​កសិកម្ម​មាន​ចំនួន​ជិត ៥​ម៉ឺន​តោន និង​ជី​កសិកម្ម​មាន​ចំនួន​ដល់​ទៅ​ជិត ៩​សែន​តោន​ឯណោះ ដោយ​គិត​ត្រឹមតែ​រយៈពេល ៥​ខែ​ប៉ុណ្ណោះ​ក្នុង​ឆ្នាំ​២០២១ នេះ។

ក្រសួង​អះអាង​ថា តម្លៃ​ជី​កសិកម្ម​ក៏​បាន​កើន​ឡើង​ជាង​ឆ្នាំ​កន្លងទៅ​ផង​ដែរ ដោយសារ​មូលហេតុ​សំខាន់ៗ​មួយ​ចំនួន ដូចជា​នៅ​បណ្តា​ប្រទេស​ដែល​ផលិត​ថ្នាំ​កសិកម្ម និង​ជី​កសិកម្ម​សម្រាប់​នាំចេញ​មិន​អាច​ផលិត​ឲ្យ​ទាន់​តាម​ការ​បញ្ជាទិញ​ពី​កម្ពុជា​នោះ​ទេ ស្រប​ពេល​ដែល​កម្ពុជា​មិនទាន់​មាន​លទ្ធភាព​ផលិត​ជី​កសិកម្ម​ដោយ​ខ្លួនឯង​នោះ ក្រៅពី​នេះ​ក៏​នៅ​មាន​ហេតុផល​ច្រើន​ផ្សេងទៀត​ផង​ដែរ។

ជុំវិញ​បញ្ហា​នេះ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​បង្ហាញ​របាយការណ៍​របស់​ខ្លួន​ថា ក្នុង​ឆ្នាំ​២០២០ កម្ពុជា​បាន​នាំចូល​ជី និង​ថ្នាំ​កសិកម្ម​មាន​ចំនួន​ដល់​ទៅ​រាប់​លាន​តោន​ឯណោះ ក្នុង​នោះ​បាន​នាំចូល​ជី​កសិកម្ម​ចំនួន​ជាង ១​លាន ៤​សែន​តោន ខណៈ​ថ្នាំ​កសិកម្ម​បាន​នាំចូល​ប្រមាណ​ជាង ១​សែន​តោន។

ក្រុម​អ្នកស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម​រិះគន់​ថា ការ​លើកឡើង​របស់​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ អំពី​ការ​ស្ទុះឡើង​នៃ​ផលិតកម្ម​ក្នុង​វិស័យ​កសិកម្ម គឺ​មិន​ត្រឹមត្រូវ​នោះ​ទេ ត្បិត​ការ​ស្ទុះឡើង​ដែល​ក្រសួង​បាន​លើកឡើង​នេះ​មិនមែន​ជា​ចំនួន​កើន​ឡើង​នៃ​ផលិតកម្ម​កសិកម្ម​នោះ​ទេ តែ​គ្រាន់តែ​បង្ហាញ​ពី​លទ្ធភាព​ដែល​ក្រសួង និង​រដ្ឋាភិបាល​កម្ពុជា​មិន​មាន​សមត្ថភាព​អាច​បំពេញ​តម្រូវការ​កសិករ​របស់​ខ្លួន​បាន​តែប៉ុណ្ណោះ។

ទាក់ទិន​នឹង​បញ្ហា​នេះ ទិន្នន័យ​សង្គម​ស៊ីវិល​បាន​បង្ហាញ​កាលពី​ពេល​ថ្មីៗ​នេះ​ថា ប្រជាពលរដ្ឋ​ខ្មែរ​ប្រមាណ​ជា ៧៩​ភាគរយ​រស់នៅ​ដោយ​ពឹង​លើ​កសិកម្ម ក្នុង​នោះ​កសិករ​កម្ពុជា​ជិត ២​លាន​គ្រួសារ​ដែល​ខ្វះ​គ្រាប់ពូជ​សម្រាប់​ធ្វើ​កសិកម្ម​តាម​រដូវកាល ហើយ ៣០% នៃ​គ្រួសារ​ទាំងនោះ ពឹង​លើ​ផល​កសិកម្ម​ទាំងស្រុង​ដើម្បី​ផ្គត់ផ្គង់​លើ​ការ​ចំណាយ​ប្រចាំ​ថ្ងៃ​របស់​ពួកគេ។

ជាង​នេះ​ទៀត របាយការណ៍​ដដែល​អះអាង​ថា ប្រជាពលរដ្ឋ​ខ្មែរ​ប្រមាណ​ជាង ២​លាន​នាក់​ដែល​ខ្វះ​អាហារូបត្ថម្ភ ខណៈ​កុមារ​ប្រមាណ​ជា ៤០​ភាគរយ​បាន​ខ្វះ​អាហារូបត្ថម្ភ​ធ្ងន់ធ្ងរ​ដែល​បណ្តាល​ឲ្យ​ពួកគេ​ក្រិន​មិន​អាច​លូតលាស់​បាន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស