យ៉ាងហោចណាស់មានប្រទេសពីរនៅក្នុងអាស៊ីអាគ្នេយ៍ ត្រូវបានមើលឃើញថាជាមេរៀនឱ្យពួកយោធាភូមាកំពុងសិក្សាយកគំរូតាម ដើម្បីពង្រឹងអំណាចរបស់ខ្លួនបន្តទៀត គឺប្រទេសកម្ពុជា និងប្រទេសថៃ។
រាជាណាចក្រកម្ពុជា ត្បិតរដ្ឋធម្មនុញ្ញចែងអំពីការប្រកាន់យករបបប្រជាធិបតេយ្យពហុបក្សមែន តែមេដឹកនាំបក្សកាន់អំណាចរបស់ប្រទេសនេះប្រើយុទ្ធសាស្ត្រក្រោមអំណាចរបស់ខ្លួន វាយកម្ទេចគូប្រកួតមុនការបោះឆ្នោតមកដល់ ក៏ព្រោះតែខ្លាចចាញ់ក្នុងការបោះឆ្នោត។
ជាក់ស្ដែងបក្សប្រឆាំងដ៏ខ្លាំងមួយ គឺបក្សសង្គ្រោះជាតិដែលកើតចេញពីកម្លាំងរួបរួមអ្នកជាតិនិយម និងអ្នកប្រជាធិបតេយ្យ ត្រូវបានបក្សកាន់អំណាចប្រើយុទ្ធសាស្ត្រឈ្នះមុនការប្រកួត គឺស្នើឱ្យតុលាការរំលាយបក្សនេះតែម្ដង គឺឱ្យបានមុនការបោះឆ្នោតឆ្នាំ២០១៨ ដែលបក្សប្រឆាំងធំនេះត្រូវគេរំពឹងថាប្រាកដណាស់នឹងឈ្នះភ្លូកទឹកភ្លូកដីក្រោមយន្តការរៀបចំបោះឆ្នោតមួយដែលឯករាជ្យហើយនោះ។
ប្រទេសមួយទៀតក្នុងអាស៊ីអាគ្នេយ៍ដែរនេះ គឺរាជាណាចក្រថៃ ក៏ត្រូវបានពួកយោធាប្រើយុទ្ធសាស្ត្រកម្ទេចក្រុមប្រជាធិបតេយ្យ ដើម្បីប្លន់អំណាចដែរ។ ពួកយោធារបស់រាជាណាចក្រនេះ តែងតែធ្វើរដ្ឋប្រហារក្រោមលេសដើម្បីស្ដារសណ្ដាប់ធ្នាប់សង្គម ក៏ប្លន់អំណាចពីបក្សកាន់អំណាច។ មុនព្រឹត្តិការណ៍រដ្ឋប្រហារមកដល់ គឺរាជាណាចក្រនេះក៏ធ្លាក់ក្នុងចលាចលនយោបាយ ហើយពួកយោធាក្រោមភ្លើងខៀវរបស់រាជបល្ល័ង្ក ក៏ធ្វើរដ្ឋប្រហារដោយឡើងច្បាមយកអំណាចតែម្ដង។
មេរដ្ឋប្រហារ គឺឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចារ ដែលជានាយករដ្ឋមន្ត្រីមានកំណើតដោយរដ្ឋប្រហារឆ្នាំ២០១៤ ទម្លាក់រដ្ឋាភិបាលជាប់ឆ្នោតនៃគណបក្សភឿថៃ ដឹកនាំដោយអ្នកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា។ យុទ្ធសាស្ត្រប្លន់អំណាចរបស់ពួកយោធាថៃ ត្រូវបានលោកឧត្តមសេនីយ៍ មីន អ៊ុងឡាំង នៃប្រទេសភូមា បានយកអនុវត្តបានដោយជោគជ័យទៅហើយក្នុងការធ្វើរដ្ឋប្រហារផ្ដួលរំលំបក្សកាន់អំណាចនៃគណបក្សសម្ព័ន្ធជាតិប្រជាធិបតេយ្យ ដឹកនាំដោយអ្នកស្រី អ៊ុងសាន ស៊ូជី ដែលពួកយោធាចាប់ឃុំខ្លួនហើយនោះ។ យុទ្ធសាស្ត្រឈ្នះដោយសារការប្លន់អំណាចដើម្បីបក្សពួកខ្លួនឯងនេះ ឃើញថាជោគជ័យហើយសម្រាប់ប្រទេសបីនេះនៅអាស៊ីអាគ្នេយ៍។
សម្រាប់របបរដ្ឋប្រហារយោធាភូមា កំពុងសិក្សាយុទ្ធសាស្ត្រចាស់គំរឹលមួយទៀត ដើម្បីពង្រឹងអំណាចរបស់ខ្លួន គឺធ្វើតាមបក្សកាន់អំណាចសព្វថ្ងៃនៅកម្ពុជា ដែលរំលាយបក្សខ្លាំងជាងខ្លួនមិនឱ្យប្រកួតក្នុងការបោះឆ្នោត ហើយការបោះឆ្នោតដែលខ្លួនគេរៀបចំ គឺស្ថិតក្រោមយន្តការរបស់ខ្លួន គឺដឹងតែឈ្នះ បើទោះជាពុំមានប្រជាជនចេញទៅបោះឆ្នោត ក៏កែតួលេខថាពលរដ្ឋចេញទៅបោះឆ្នោតលើសពីការរំពឹងទុក។
យុទ្ធសាស្ត្រនេះ ទោះជារងការថ្កោលទោសក៏ដោយ ក៏មើលទៅប្រសើរជាងចាញ់ឆ្នោត ហើយធ្វើរដ្ឋប្រហារគឺអាក្រក់ណាស់។ តែពួកយោធាភូមា អនុវត្តបានទៅហើយកាលពីថ្ងៃទី១ កុម្ភៈ ឆ្នាំ២០២១ ទោះជាដឹងថារងការថ្កោលទោសខ្លាំងក្លាពីសហគមន៍អន្តរជាតិក៏ដោយ។
ដើម្បីកាន់អំណាចបានទៀតក្រោយការបោះឆ្នោតដែលខ្លួនគេអ្នករៀបចំ គឺពួកយោធាភូមា ត្រូវរំលាយបក្សសម្ព័ន្ធជាតិប្រជាធិបតេយ្យ NLD ព្រោះមានបក្សនេះ គឺបក្សរបស់ខ្លួនមិនអាចឈ្នះឆ្នោតបានឡើយ។ នេះជាយុទ្ធសាស្ត្រដែលអនុវត្តបានសម្រេចទៅហើយនៅប្រទេសកម្ពុជា។
ដោយដឹងច្បាស់ណាស់ថាពួកយោធាភូមានឹងធ្វើបែបនេះ ប្រេសិតពិសេសនៃអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រទេសភូមា អ្នកស្រី Christine Schraner Burgener កាលពីថ្ងៃអង្គារ ទី១០ សីហា បានប្រកាសប្រាប់ពិភពលោកថា ត្រូវរួមគ្នាប្រឆាំងពួកយោធា។ តាមប្រេសិតរូបនេះ មេដឹកនាំរបបយោធាភូមា បានប្ដេជ្ញាចិត្តថានឹងពង្រឹងការក្តាប់អំណាចរបស់ខ្លួនដោយប្រើយុទ្ធសាស្ត្រដ៏គម្រក់មួយទៀតនេះ។
ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១១ ខែសីហា បានឱ្យដឹងថា អ្នកស្រី Christine Schraner Burgener បានដកស្រង់សេចក្តីប្រកាសរបស់មេដឹកនាំរបបយោធា មីន អ៊ុងឡាំង (Min Aung Hlaing) នៅក្នុងខែសីហា នេះថា បច្ចុប្បន្ននេះលោកឧត្តមសេនីយ៍គឺជានាយករដ្ឋមន្ត្រីនៅក្នុងរដ្ឋាភិបាលដែលទើបបង្កើតថ្មីនៅភូមា។
ការប្រកាសរបស់ពួកយោធា គឺជាការលុបចោលជាផ្លូវការនូវលទ្ធផលនៃការបោះឆ្នោតកាលពីខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅនេះ ដែលគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យរបស់អ្នកស្រី អ៊ុងសាន ស៊ូជី បានឈ្នះភ្លូកទឹកភ្លូកដី។
អ្នកស្រី Christine Schraner Burgener បានប្រាប់ក្រុមអ្នកសារព័ត៌មានថា អ្នកស្រីមានអារម្មណ៍ថាដំណឹងអំពីការរំលាយគណបក្ស NLD នឹងមានឆាប់ៗនេះ។
សម្រាប់អ្នកស្រី សូមប្រឆាំងដាច់ខាត។ អ្នកស្រីថាអង្គការសហប្រជាជាតិត្រូវតែថ្កោលទោស បើរឿងនេះកើតឡើង ហើយសហគមន៍អន្តរជាតិក៏ត្រូវថ្កោលទោសដែរ។ សម្រាប់ប្រេសិតរូបនេះបញ្ជាក់ថា ទោះពួកយោធាប្រើយុទ្ធសាស្ត្រនេះ ក៏របបសឹកនេះមិនជោគជ័យដែរ។ អ្នកស្រីប្រាប់ទៅពួកយោធាភូមាថា គឺវាជាទង្វើខុសច្បាប់ ហើយសហគមន៍អន្តរជាតិនៅតែទទួលស្គាល់រដ្ឋាភិបាលស្របច្បាប់របស់គណបក្ស NLD។
សម្រាប់សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ដែលជាកម្លាំងប្រជាធិបតេយ្យដ៏រឹងមាំ បានថ្កោលទោសពួកយោធាទៅហើយដែលរំលាយលទ្ធផលបោះឆ្នោតឆ្នាំ២០២០ ដែលគណបក្ស NLD ឈ្នះឆ្នោត។ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានថ្លែងថានឹងពុំមានសហគមន៍អន្តរជាតិណាទទួលស្គាល់ការបោះឆ្នោតដែលធ្វើឡើងដោយពួកយោធានោះទេ។
តាមប្រមុខការទូតអាមេរិករូបនេះ គឺកុំថាឡើយរំលាយបក្ស NLD សូម្បីពួកយោធារកមធ្យោបាយបន្តកាន់អំណាចតាមរយៈការបោះឆ្នោតដែលមេរដ្ឋប្រហារ មីន អ៊ុងឡាំង សន្យាធ្វើឡើងនៅចុងឆ្នាំ២០២៣ ក៏សហរដ្ឋអាមេរិកប្រឆាំងដាច់ខាតផងដែរ។
ក្នុងសប្ដាហ៍នេះ គេរំពឹងថាប្រេសិតអាស៊ានដែលទើបជ្រើសតាំង នឹងទៅកាន់ប្រទេសភូមា ដើម្បីបើកការិយាល័យអចិន្ត្រៃយ៍របស់ខ្លួននៅក្រុងយ៉ាំងហ្គន ហើយនឹងចាប់ផ្ដើមបំពេញភារកិច្ចរបស់ខ្លួនជាអ្នកសម្របសម្រួលដំណោះស្រាយនយោបាយ។ ក្រុមប្រេសិតនេះដឹកនាំដោយអនុរដ្ឋមន្ត្រីការបរទេសព្រុយណេ លោក Erywan Yosof។
បុរសនេះត្រូវដឹកនាំប្រតិភូអាស៊ានទៅកាន់ប្រទេសភូមា ដើម្បីសម្របសម្រួលឲ្យមានការចរចានយោបាយ និងឈានទៅដល់ការបញ្ចប់អំពើហិង្សា ហើយឈានទៅដល់ការស្ដារប្រជាធិបតេយ្យឡើងវិញ៕