38 C
Phnom Penh

អាមេរិក​និង​អង់គ្លេស​បញ្ជូន​កងទ័ព​ទៅ​អាហ្វហ្គានីស្ថាន​ដើម្បី​ជម្លៀស​ពលរដ្ឋ​របស់​ខ្លួន​បន្ទាប់ពី​ក្រុម​តាលីបង់​ដណ្ដើម​បាន​ទីក្រុង​សំខាន់ៗ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អាមេរិក និង​ចក្រភព​អង់គ្លេស សម្រេច​ជម្លៀស​បុគ្គលិក​ស្ថានទូត​របស់​ខ្លួន ហើយ​បញ្ជូន​កងទ័ព​ទៅកាន់​ប្រទេស​អាហ្វហ្គានីស្ថាន ដើម្បី​ជម្លៀស​ពលរដ្ឋ​របស់​ខ្លួន ខណៈ​ពួក​តាលីបង់ ដណ្ដើម​បាន​ទីក្រុង Kandahar និង​ទីក្រុង Herat ដែល​ជា​ទីក្រុង​ធំ​លំដាប់​ទី​២ និង​ទី​៣ របស់​ប្រទេស​អាហ្វហ្គានីស្ថាន។

ក្រុម​តាលីបង់ ចាប់ផ្ដើម​ដណ្ដើម​ស្រុក និង​តំបន់​ជាច្រើន​ពី​កងទ័ព​រដ្ឋាភិបាល​ចាប់តាំង​ពី​ការ​វាយលុក​ទ្រង់ទ្រាយ​ធំ​កាលពី​ខែ​ឧសភា ទន្ទឹម​អាមេរិក និង​សម្ពន្ធមិត្ត ចាប់ផ្ដើម​ដក​ទ័ព​របស់​ខ្លួន​ពី​ទឹកដី​អាស៊ី​កណ្ដាល​មួយ​នេះ។

ក្នុង​ស្ថានការណ៍​វិវឌ្ឍ​ដ៏​ព្រួយបារម្ភ​នេះ មន្ទីរ​ប៉ង់តាហ្គោន បាន​បញ្ជូន​កងទ័ព​ប្រហែល ៣​ពាន់​នាក់​ក្នុង​រយៈពេល ៤៨​ម៉ោង​ទៅ​អាហ្វហ្គានីស្ថាន ដើម្បី​ជួយ​ជម្លៀស​បុគ្គលិក​ស្ថានទូត​របស់​ប្រទេស​នេះ​ដែល​ស្ថិត​នៅ​រដ្ឋធានី​កាប៊ុល។ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Reuters នៅ​ថ្ងៃ​សុក្រ ទី​១៣ ខែ​សីហា។

អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​អាមេរិក Ned Price បាន​និយាយ​ថា នៅ​ក្នុង​ប៉ុន្មាន​សប្ដាហ៍​ខាងមុខ អាមេរិក​នឹង​រក្សា​ទុក​តែ​បុគ្គលិក​ស្នូល​នៅ​អាហ្វហ្គានីស្ថាន ហើយ​ស្ថានទូត​នឹង​មិន​បិទ​នោះ​ទេ។ ជាមួយ​គ្នា​នេះ ក្រសួង​ការបរទេស​អាមេរិក ក៏​បាន​សន្យា​បង្កើន​ល្បឿន​ផ្ដល់​ទិដ្ឋាការ​អន្តោប្រវេសន៍​ពិសេស​សម្រាប់​ប្រជាជន​អាហ្វហ្គានីស្ថាន ដែល​បាន​ជួយ​យោធា​អាមេរិក​នៅ​អាហ្វហ្គានីស្ថាន ជាង ២០​ឆ្នាំ​មកនេះ។

ស្រប​ពេល​ជាមួយ​គ្នា​នេះ ចក្រភព​អង់គ្លេស បាន​ឱ្យ​ដឹង​ថា នឹង​ដាក់​ពង្រាយ​កងទ័ព​ប្រហែល ៦០០​នាក់​ដើម្បី​ជម្លៀស​បុគ្គលិក​ស្ថានទូត ប្រជាជន​របស់​ខ្លួន និង​អ្នក​បកប្រែ​ចេញពី​អាហ្វហ្គានីស្ថាន ប៉ុន្តែ​ស្ថានទូត​អង់គ្លេស​បញ្ជាក់​ថា ឯកអគ្គរាជទូត Laurie Bristow នឹង​បន្ត​នៅ​ទីក្រុង​កាប៊ុល រហូត​ដល់​មាន​ការ​ស្នើ​ឱ្យ​ចាកចេញ។

ស្រប​ពេល​ស្ថានការណ៍​កាន់តែ​អាក្រក់ រដ្ឋមន្ត្រី​ការបរទេស​អាមេរិក Antony Bliken និង​រដ្ឋមន្ត្រី​ការពារ​ជាតិ Lloyd Austin បាន​ពិភាក្សា​កាលពី​ថ្ងៃ​ទី​១២ ខែ​សីហា ជាមួយ​ប្រធានាធិបតី​អាហ្វហ្គានីស្ថាន Ashraf Ghani។ ក្រោយ​ពី​ជំនួប​នេះ រដ្ឋមន្ត្រី​អាមេរិក​ទាំង​ពីរ​រូប​នេះ​ប្រាប់​អ្នក​សារព័ត៌មាន​ថា អាមេរិក​នឹង​នៅតែ​ជួយ​ការពារ​សន្តិសុខ និង​ស្ថិរភាព​របស់​អាហ្វហ្គានីស្ថាន។

ប្រេសិត​អាមេរិក ចិន និង​ប្រទេស​ដទៃ​ទៀត បាន​ជួប​ប្រជុំ​គ្នា​នៅ​ប្រទេស​កាតារ កាលពី​ថ្ងៃ​ទី​១២ សីហា ដោយ​បាន​ចរចា​ជាមួយ​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន និង​តំណាង​តាលីបង់។ ប្រេសិត​ទាំងនោះ​បាន​ទទូច​ឱ្យ​បញ្ឈប់​អំពើ​ហិង្សា និង​ការ​វាយប្រហារ​ដើម្បី​ដណ្ដើម​ខេត្ត និង​ទីក្រុង​ដទៃ​ទៀត ហើយ​ជំរុញ​ឱ្យ​ភាគី​ទាំង​ពីរ​ចាត់​វិធានការ​នានា​ដើម្បី​ឈាន​ដល់​បទ​ឈប់​បាញ់​គ្នា។

តែ​បែប​ណា ក្រុម​តាលីបង់ មិន​បាន​យល់ស្រប​ឡើយ ខណៈ​ក្រុម​នេះ​កំពុង​វាយ​កាន់កាប់​បាន​សមរភូមិ​ជាច្រើន​ថែមទៀត។

មុន​កាន់កាប់​បាន​ក្រុង​ធំ​ពីរ​នេះ គឺ​ក្រុម​តាលីបង់ បាន​កាន់កាប់​ទីក្រុង Ghazni ដែល​មាន​ចម្ងាយ​ត្រឹម​តែ ១៥០​គីឡូម៉ែត្រ​ពី​រដ្ឋធានី​កាប៊ុល។

ក្រុម​តាលីបង់

ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​សហរដ្ឋ​អាមេរិក ធ្លាប់​ព្រមាន​ថា ពួក​តាលីបង់ អាច​វាយ​ចូល​ដល់​រដ្ឋធានី​កាប៊ុល ក្នុង​រយៈពេល ២ ឬ ៣​សប្ដាហ៍​ទៀត​នេះ។ ប៉ុន្តែ​ចារកម្ម​អាមេរិក​ថា ពួក​តាលីបង់​អាច​គ្រប់គ្រង​រដ្ឋធានី​នេះ​បាន​ក្នុង​រយៈពេល ៩០​ថ្ងៃ​តែប៉ុណ្ណោះ គឺ​អាច​ត្រូវ​វាយ​រុញច្រាន​ត្រឡប់​ទៅវិញ។

ពី​ប្រទេស​អាល្លឺម៉ង់ ឯណោះ​វិញ ប្រទេស​នេះ​ប្រកាស​ថា នឹង​មិន​ផ្តល់​ឲ្យ​អាហ្វហ្គានីស្ថាន សូម្បីតែ​មួយ​កាក់​អឺរ៉ូ ប្រសិនបើ​ក្រុម​តាលីបង់ ឡើង​កាន់​អំណាច។

រដ្ឋមន្ត្រី​ការបរទេស​អាល្លឺម៉ង់ Heiko Maas បាន​ប្រកាស​ថា ប្រទេស​របស់​លោក​នឹង​កាត់ផ្ដាច់​ជំនួយ​សម្រាប់​ប្រទេស​អាហ្វហ្គានីស្ថាន​ទាំងស្រុង ប្រសិនបើ​ក្រុម​តាលីបង់​ឡើង​កាន់​អំណាច​បាន​នោះ។

សារព័ត៌មាន DW បាន​ដកស្រង់​សម្ដី​លោក Heiko Maas ចុះផ្សាយ​ថា អាល្លឺម៉ង់​នឹង​មិន​ផ្តល់​ឲ្យ​អាហ្វហ្គានីស្ថាន សូម្បី​តែ​មួយ​កាក់​អឺរ៉ូ នៅ​ពេល​ដែល​ក្រុម​តាលីបង់​ឡើង​ដណ្ដើម​អំណាច ហើយ​ប្តូរ​ប្រទេស​អាស៊ី​កណ្ដាល​មួយ​នេះ​ទៅជា​ប្រទេស​អ៊ីស្លាម​ឡើងវិញ​នោះ។ រដ្ឋមន្ត្រី​ការបរទេស​អាល្លឺម៉ង់​រូប​នេះ​ក៏​បាន​ព្រមាន​ទុក​ជាមុន​ផង​ដែរ​ថា នឹង​គ្មាន​ជំនួយ​ពី​អន្តរជាតិ គឺ​របប​តាលីបង់ នៅ​អាហ្វហ្គានីស្ថាន នឹង​ត្រូវ​ដួល​រលំ។

អាល្លឺម៉ង់​ជា​ម្ចាស់​ជំនួយ​ធំ​មួយ​ផង​ដែរ​ទៅកាន់​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន​បច្ចុប្បន្ន ដែល​កំពុង​គាំទ្រ​ដោយ​លោក​ខាងលិច និង​អង្គការ​សហប្រជាជាតិ។

សម្រាប់​ជំនួយ​របស់​អាល្លឺម៉ង់​ដល់​អាហ្វហ្គានីស្ថាន មាន​ទឹកប្រាក់​សរុប ៥០៥​លាន​ដុល្លារ​អាមេរិក​រយៈពេល ២០​ឆ្នាំ​មកនេះ។ ថ្មីៗ​នេះ អាល្លឺម៉ង់​បាន​សន្យា​ថា​នឹង​ផ្តល់​ជំនួយ​រហូត​ដល់​ឆ្នាំ​២០២៤។

សហរដ្ឋ​អាមេរិក និង​សម្ពន្ធមិត្ត​បាន​ដកទ័ព​ចេញ​ទាំងស្រុង​ដែល​នឹង​ត្រូវ​សម្រេច​បិទ​បញ្ចប់​នៅ​ចុងខែ​សីហា នេះ តែ​ខណៈ​នេះ​ក្រុម​ប្រយុទ្ធ​តាលីបង់​កំពុង​ប្រឹងប្រែង​កាន់កាប់​ទឹកដី​កាន់តែ​ច្រើន​ឡើងៗ ដែល​មាន​ការ​ព្រមាន​ថា ក្រុម​នេះ​នឹង​ឈាន​ទៅ​ផ្តួល​រំលំ​រដ្ឋាភិបាល​ទីក្រុង​កាប៊ុល​ក្នុង​ពេល​ឆាប់ៗ​នេះ។

តើ​ពួក​តាលីបង់​ជា​នរណា?

ក្រុម​តាលីបង់​ត្រូវ​បាន​កំណត់​ថា​ជា​ក្រុម​ភេរវកម្ម​តំបន់​ដ៏​គ្រោះថ្នាក់​បំផុត។ បន្ទាប់ពី​ការ​ពង្រឹង​កម្លាំង​របស់​ពួកគេ​នៅ​ភាគ​ខាងត្បូង​អាហ្វហ្គានីស្ថាន គឺ​ក្រុម​នេះ​ដណ្តើម​បាន​ខេត្ត​មួយ​ចំនួន​ក្នុង​សង្គ្រាម​ស៊ីវិល​ពី​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន ដែល​គាំទ្រ​ដោយ​សហភាព​សូវៀត ហើយ​ពួក​តាលីបង់​បាន​ផ្តួល​រំលំ​រដ្ឋាភិបាល​នេះ​នៅ​ឆ្នាំ​១៩៩២។ ក្រុម​នេះ​កាន់​អំណាច​បាន​ក្នុង​ការ​ប្រយុទ្ធ​គ្នា​ក្នុង​សង្គ្រាម​ស៊ីវិល ហើយ​ចុងក្រោយ សហរដ្ឋ​អាមេរិក និង​សម្ពន្ធមិត្ត​ណាតូ បាន​លើក​ទ័ព​ផ្តួល​រំលំ​របប​តាលីបង់​នេះ​នៅ​ឆ្នាំ​២០០១៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស