28.5 C
Phnom Penh

មេដឹកនាំ​គណបក្ស​ក្រៅ​រដ្ឋាភិបាល​សាទរ​យុទ្ធនាការ​ជាតិ​ទប់ស្កាត់​ការ​ឆ្លង​វីរុស​កូវីដ-១៩ របស់​ក្រសួង​សុខាភិបាល

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ក្រៅ​រដ្ឋាភិបាល អបអរ​សាទរ​ចំពោះ​យុទ្ធនាការ​ជាតិ​ទប់ស្កាត់​ការ​ឆ្លង​វីរុស Covid-19 របស់​ក្រសួង​សុខាភិបាល ស្រប​ពេល​ដែល​សន្ទុះ​នៃ​ការ​ឆ្លង​វីរុស Covid-19 បាន​កើន​ឡើង​នៅ​ប្រទេស​ជិតខាង​ដែល​កំពុងតែ​ហក់​ឡើង​ខ្ពស់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។

ប្រធាន​គណៈកម្មាធិការ​នាយក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (GDP) បណ្ឌិត យ៉ង សាំងកុមារ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​១៦ ខែ​សីហា ថា ដើម្បី​បង្កើន​ការ​ទប់ស្កាត់​ឲ្យ​បាន​កាន់តែ​ល្អ​ប្រសើរ​បន្ថែម​ទៀត រដ្ឋាភិបាល​ត្រូវតែ​បង្កើន​ការ​យកចិត្ត​ទុកដាក់​ឲ្យ​កាន់តែ​ខ្លាំង​ចំពោះ​ការ​ធ្វើ​ចត្តាឡីស័ក​របស់​ពលករ​ខ្មែរ​ដែល​ត្រឡប់​មក​ពី​ប្រទេស​ថៃ ដោយ​ផ្គត់ផ្គង់​ពួកគេ​ឲ្យ​បាន​ល្អ​ប្រសើរ ដើម្បី​កុំ​ឲ្យ​មាន​ការ​គេចវេស​ពី​កន្លែង​ព្យាបាល​ដែល​អាច​នាំ​ហានិភ័យ​ក្នុង​សហគមន៍។

ទន្ទឹម​នឹង​នេះ លោក​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ទាំងអស់​ចូលរួម​អនុវត្ត​វិធានការ​សុខាភិបាល​ឲ្យ​បាន​គ្រប់ៗ​គ្នា និង​ឲ្យ​បាន​ត្រឹមត្រូវ​ជាទីបំផុត ដើម្បី​រក្សា​សុវត្ថិភាព​សុខភាព​សម្រាប់​បុគ្គល​ខ្លួនឯង គ្រួសារ និង​សហគមន៍​ដែល​នឹង​អាច​ធានា​បាន​នូវ​ការ​បើក​ឡើងវិញ​នូវ​អាជីវកម្ម​គ្រប់​ប្រភេទ​ឲ្យ​បាន​ឆាប់ ព្រមទាំង​អាច​ជួយ​សង្គ្រោះ​សេដ្ឋកិច្ច​ប្រជាពលរដ្ឋ​ដែល​កំពុង​ជួប​ការ​លំបាក​នា​ពេលនេះ​ថែមទៀត។

ប្រធាន​គណៈកម្មាធិការ​នាយក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ

បណ្ឌិត យ៉ង សាំងកុមារ នៅតែ​ជំរុញ​ឲ្យ​ក្រសួង​សុខាភិបាល បង្ហាញ​របាយការណ៍​ជាក់លាក់​ពី​ប្រសិទ្ធភាព​របស់​វ៉ាក់សាំង ថា​តើ​ថ្នាំបង្ការ Covid-19 ដែល​ខ្លួន​ប្រើ​កន្លងមក​នេះ​មាន​ប្រសិទ្ធភាព​ការពារ​ការ​ចម្លង​ចំពោះ​មនុស្ស​ដែល​គ្មាន​ជំងឺ​ឱកាស​និយម​កម្រិត​ណា និង​ចំពោះ​មនុស្ស​ដែល​មាន​ជំងឺ​ក្នុង​ខ្លួន​កម្រិត​ណាមួយ ក៏ដូចជា​កត្តា​ដែល​ធ្វើ​ឲ្យ​អ្នក​មាន​ជំងឺ Covid-19 ស្លាប់ ថា​តើ​បណ្តាល​មកពី​កត្តា​ចម្បង​អ្វី​ខ្លះ​ផង​ដែរ។

ក្រសួង​សុខាភិបាល​កម្ពុជា បាន​ប្រកាស​បើក​យុទ្ធនាការ​ជាតិ​នៅ​ថ្ងៃ​ទី​១៦ ខែ​សីហា ឆ្នាំ​២០២១ ក្រោម​ប្រធានបទ «រួមគ្នា​ទទួល​ខុសត្រូវ​ទប់ស្កាត់​ការ​ឆ្លង​វីរុស Covid-19» ក្នុង​សន្និសីទ​សារព័ត៌មាន​ដែល​រៀបចំ​ឡើង​ដោយ​អនុគណៈកម្មការ​អប់រំ បណ្តុះបណ្តាល និង​ទំនាក់ទំនង​សាធារណៈ ក្នុង​នោះ​ក៏​មាន​ការ​ចូលរួម​ពី​តំណាង​អង្គការ​សុខភាព​ពិភពលោក (WHO) ប្រចាំ​នៅ​កម្ពុជា អ្នកស្រី Li Ailan និង​តំណាង​អង្គការ​យូនីសេហ្វ (UNICEF) ប្រចាំ​នៅ​កម្ពុជា អ្នកស្រី Foroogh Foyouzat ផង​ដែរ។

អ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល អ្នកស្រី ឱ វណ្ណឌីន បាន​លើកឡើង​ក្នុង​អង្គ​សន្និសីទ​សារព័ត៌មាន​ថា ការ​បើក​យុទ្ធនាការ​នេះ គឺ​ដើម្បី​ក្រើន​រំឭក​ដល់​ពលរដ្ឋ​ដោយ​ការ​ជំរុញ​ឲ្យ​មាន​ការ​ចូលរួម​របស់​បុគ្គល គ្រួសារ សហគមន៍ ព្រមទាំង​ក្រសួង​ពាក់ព័ន្ធ និង​អង្គភាព​សាធារណៈ អាជ្ញាធរ​មូលដ្ឋាន​គ្រប់​លំដាប់​ថ្នាក់​ទាំងអស់ ឲ្យ​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ជំងឺ Covid-19 ជាពិសេស​ជំងឺ​បំប្លែង​ថ្មី​ប្រភេទ​ដែលតា (DELTA)។

អ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល អ្នកស្រី ឱ វណ្ណឌីន

អ្នកស្រី ឱ វណ្ណឌីន បញ្ជាក់​ថា ការ​បើក​យុទ្ធនាការ​នេះ​មាន​គោលបំណង​ចម្បង​ក្នុង​ការ​កែតម្រូវ​នូវ​ការ​យល់​ឃើញ​មិន​ត្រឹមត្រូវ​របស់​ប្រជាពលរដ្ឋ​ចំពោះ​ការ​ចម្លង​វីរុស Covid-19 ដែល​ក្រសួង​បាន​សង្កេត​កន្លងមក​ថា ប្រជាពលរដ្ឋ​មាន​ការ​ធ្វេសប្រហែស​ការពារ​ពី​វីរុស Covid-19 ដែល​កំពុង​បង្ក​ហានិភ័យ​ក្នុង​សហគមន៍​នៅ​ពេលនេះ ជាពិសេស​គឺ​វីរុស​ដែល​កំពុងតែ​បំប្លែង​ថ្មី​ដែល​បាន​ធ្លាយ​ចូល​ក្នុង​សហគមន៍​នៅ​កម្ពុជា​សព្វថ្ងៃ​នេះ។

ដោយឡែក​តំណាង​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​នៅ​កម្ពុជា (WHO) អ្នកស្រី Li Ailan បាន​អះអាង​ថា វ៉ាក់សាំង​ប្រឆាំង​វីរុស Covid-19 តែ​មួយ​មុខ​មិនមែន​ជា​មធ្យោបាយ​ក្នុង​ការ​ទប់ស្កាត់​ការ​ចម្លង​វីរុស Covid-19 នោះ​ទេ ដូច្នេះ​ដើម្បី​ទប់ទល់​នឹង​រលក​ទី​៣ នៃ​ជំងឺ Covid-19 បំប្លែង​ថ្មី​នេះ ពលរដ្ឋ​មិន​អាច​បន្ធូរបន្ថយ​ការ​អនុវត្ត​វិធានការ​សុខាភិបាល​បាន​ឡើយ​នៅ​ពេលនេះ។

តំណាង​អង្គការ​សុខភាព​ពិភពលោក (WHO) ប្រចាំ​នៅ​កម្ពុជា អ្នកស្រី Li Ailan

ជុំវិញ​ការ​ទប់ស្កាត់​ការ​ឆ្លង​វីរុស Covid-19 នេះ ក្រសួង​សុខាភិបាល​ក៏​បាន​បង្ហាញ​របាយការណ៍​អំពី​អ្នក​ឆ្លង​វីរុស Covid-19 នៅ​ថ្ងៃ​ទី​១៦ ខែ​សីហា ផង​ដែរ​ថា ក្រសួង​បាន​រក​ឃើញ​អ្នក​ឆ្លង​វីរុស Covid-19 ថ្មី​ចំនួន ៥៩៣​នាក់ និង​អ្នក​ជាសះស្បើយ​ថ្មី​ចំនួន ៨០៦​នាក់ ខណៈ​អ្នក​ស្លាប់​ថ្មី​មាន​ចំនួន ២១​នាក់។

ក្រសួង​បញ្ជាក់​ថា មក​ទល់នឹង​ពេលនេះ អ្នក​ឆ្លង​វីរុស Covid-19 សរុប​បាន​កើន​ឡើង​ដល់​ជាង ៨​ម៉ឺន ៦​ពាន់​នាក់​ហើយ និង​អ្នក​ដែល​ជាសះស្បើយ​សរុប​មាន​ចំនួន​ជាង ៨​ម៉ឺន ១​ពាន់​នាក់ ដោយឡែក​អ្នក​ស្លាប់​សរុប​បាន​កើន​ឡើង​ដល់​ទៅ​ជាង ១៧០០​នាក់​ហើយ​គិត​ត្រឹម​ថ្ងៃ​ចន្ទ សប្តាហ៍​នេះ ខណៈ​អ្នក​ឆ្លង​វីរុស​បំប្លែង​ថ្មី​ប្រភេទ​ដែលតា (DELTA) មាន​ចំនួន ៤៩៤​នាក់​ផង​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស