38 C
Phnom Penh

ជនជាតិ​ដើម​ភាគតិច​មួយ​គ្រួសារ​នៅ​មណ្ឌលគិរី​បារម្ភ​បាត់​ដីធ្លី​ធ្វើ​ស្រែ​ចម្ការ​ក្រោយពី​ឈ្មួយ​ដី​ម្នាក់​ប្ដឹង​គាត់​ដោយសារ​ទិញ​ដី​ពី​គាត់​មិន​បាន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ជនជាតិ​ដើម​ភាគតិច​មួយ​គ្រួសារ​នៅ​ខេត្ត​មណ្ឌលគិរី បារម្ភ​ខ្លាច​បាត់បង់​ដីធ្លី​ធ្វើ​ស្រែ​ចម្ការ​របស់​ខ្លួន ក្រោយ​ពី​អតីត​នគរបាល​ម្នាក់​បាន​គំរាម និង​ប្ដឹង​ទៅ​អាជ្ញាធរ​ខេត្ត ខណៈ​គ្រួសារ​របស់​គាត់​មិនព្រម​លក់​ដី និង​មិនព្រម​ទទួល​ប្រាក់។

ជនជាតិ​ដើម​ភាគតិច​ពូនង អ្នកស្រី តែ រ៉ានី បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ចន្ទ ទី​១៦ សីហា ថា ដីធ្លី​ទំហំ ១០​ហិកតារ​គឺ​គ្រួសារ​របស់​គាត់​បាន​ដាំ​ដំឡូង ធ្វើ​ស្រែ និង​ដាំ​ផ្លែឈើ​ផ្សេង​ទៀត​តាំងពី​ដូនតា​មក​ម្ល៉េះ។ អ្នកស្រី​ថា បើ​គិតជា​រយៈពេល​នោះ អ្នកស្រី​ថា​ជិត ៤០​ឆ្នាំ​មក​ហើយ ប៉ុន្តែ​នៅ​ពេល​ថ្មីៗ​នេះ បែរជា​លោក សាន សូត្រ ជា​នគរបាល​មក​ប្រាប់​ថា អ្នកស្រី​កាន់កាប់​ដី​របស់​ខ្លួន​ទៅវិញ។

លោក សាន សូត្រ ជា​អតីត​មន្ត្រី​នគរបាល និង​បច្ចុប្បន្ន​ជា​ឈ្មួញ​ដី​ធំ​ជាង​គេ​ប្រចាំ​នៅ​ក្នុង​ខេត្ត​មណ្ឌលគិរី។ លោក​បាន​ដាក់​ពាក្យ​បណ្ដឹង​មួយ​ចុះ​ថ្ងៃ​ទី​៨ ខែ​សីហា ឆ្នាំ​២០២១ ទៅ​អភិបាល​ខេត្ត​មណ្ឌលគិរី ដើម្បី​សុំ​កិច្ច​អន្តរាគមន៍ ដោយ​លើកឡើង​ថា ផ្ទៃដី​ទំហំ ១០​ហិកតារ​ស្ថិតនៅ​ភូមិ​ពូទ្រូ ឃុំ​សែនមនោរម្យ ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី ដែល​អ្នកស្រី តែ រ៉ានី ជា​ជនជាតិ​ដើម​ភាគតិច​ពូនង កំពុង​កាន់កាប់ និង​អាស្រ័យផល​បច្ចុប្បន្ន​ជា​ដី​របស់​ខ្លួន​ដែល​បាន​ទិញ​ពី​ពលរដ្ឋ​កាលពី​ឆ្នាំ​២០០៧ ដោយ​មាន​លិខិត​បញ្ជាក់​ពី​អាជ្ញាធរ។

លិខិត​ប្ដឹង​នោះ លោក​ស្នើ​ឱ្យ​អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី ឱ្យ​ជួយ​អន្តរាគមន៍​ដោះស្រាយ និង​សម្របសម្រួល​ជាមួយ​គ្រួសារ​របស់​អ្នកស្រី តែ រ៉ានី ក្រោយ​ពី​អ្នកស្រី​មិនព្រម​ទទួល​យក​ប្រាក់​របស់​ខ្លួន ហើយ​ចាកចេញ​ពី​ដី​បច្ចុប្បន្ន។

សារព័ត៌មាន The Cambodia Daily មិន​អាច​សុំ​ការ​បញ្ជាក់​ពី​អភិបាល​ខេត្ត​មណ្ឌលគិរី លោក ស្វាយ សំអ៊ាង បាន​ទេ​នៅ​ថ្ងៃ​ដដែល​នេះ ខណៈ​លោក សាន សូត្រ មិន​ទាន់​អាច​ស្វែងរក​ទាក់ទង​បាន​ដែរ។

អ្នកស្រី តែ រ៉ានី ដែល​រង​បណ្ដឹង​របស់​លោក សាន សូត្រ ជា​នគរបាល​នោះ បាន​ឲ្យ​ដឹង​ថា ដី​នេះ​អ្នកស្រី​មិន​ដែល​លក់ដូរ​ឱ្យ​ទៅ​បុគ្គល​ណា​ម្នាក់​ឡើយ បើ​ទោះបីជា​កន្លងមក​មាន​អ្នក​ផ្សេងៗ​បាន​មក​រក​ទិញ​ក៏ដោយ ខណៈ​អ្នក​ដែល​មាន​ដី​នៅ​ជិតៗ​គាត់​មួយ​ចំនួន បាន​លក់​ឱ្យ​លោក សាន សូត្រ អស់។

ក្រោយ​ពី​ដី​នៅ​ជាប់ៗ​នោះ​ត្រូវ​បាន​លក់​អស់ អ្នកស្រី​បញ្ជាក់​ថា នៅ​ខែ​កក្កដា ឆ្នាំ​២០២១ កន្លងទៅ លោក សាន សូត្រ បាន​បង្ខំ​ឱ្យ​អ្នកស្រី និង​គ្រួសារ​លក់​ដីធ្លី​នោះ និង​បាន​គំរាមកំហែង​បើ​មិន​ទទួល​យក​លុយ និង​មិនព្រម​លក់​ទេ ពួកគាត់​នឹង​មិន​បាន​អ្វី​ទាំងអស់។

អ្នកស្រី តែ រ៉ានី បន្ត​ថា មូលហេតុ​ដែល​គាត់​មិនព្រម​លក់​ដី​នេះ ដោយសារ​ជីវភាព​គ្រួសារ​របស់​គាត់​ពឹងផ្អែក​ទៅលើ​ដី​ចម្ការ​នោះ ហើយ​បើ​គ្មាន​ដី​ទេ ពួកគាត់​ក៏​មិន​ដឹង​ទៅ​ប្រកប​មុខរបរ​អ្វី​ដែរ។

ជនជាតិ​ដើម​ភាគតិច​រូប​នេះ​បន្ត​ថា បច្ចុប្បន្ន​គាត់​បារម្ភ​ខ្លាច​បាត់បង់​ដី​ចម្ការ​ដែល​ធ្លាប់​អាស្រ័យផល​ជិត ៤០​ឆ្នាំ​មក​នេះ បន្ទាប់ពី​លោក សាន សូត្រ បាន​គំរាម និង​ប្ដឹង​គ្រួសារ​របស់​គាត់​ទៅ​អាជ្ញាធរ​ខេត្ត ហើយ​នឹង​បន្ត​ប្ដឹង​អ្នកស្រី​ទៅ​តុលាការ​ទៀត​ក្រោយ​ពី​អ្នកស្រី​មិនព្រម​លក់​ដីធ្លី​ឱ្យ​ខ្លួន។

អ្នក​សម្របសម្រួល​ផ្នែក​សិទ្ធិមនុស្ស ដីធ្លី និង​ព្រៃឈើ​នៃ​បណ្ដាញ​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ខេត្ត​មណ្ឌលគិរី លោក គ្រើង តុលា លើកឡើង​ថា អ្នកស្រី តែ រ៉ានី បាន​រស់នៅ និង​អាស្រ័យផល​នៅ​លើ​ដី​ទំហំ ១០​ហិកតារ​តាំងពី​ដូនតា​មក​ម្ល៉េះ ប៉ុន្តែ​បែរជា​លោក សាន សូត្រ ប្ដឹង​គាត់​ដែល​ជា​ម្ចាស់​ដី​ទៅវិញ។

លោក​ចាត់ទុក​ការ​ប្ដឹង​ពលរដ្ឋ​ទៅ​អាជ្ញាធរ និង​តុលាការ​នេះ ថា​ជា​ការ​គំរាមកំហែង​ប្រជាពលរដ្ឋ​ក្រោយ​ពី​ពួកគាត់​មិនព្រម​ធ្វើ​តាម​ខ្លួន។

បច្ចុប្បន្ន ជនជាតិ​ដើម​ភាគតិច​កំពុង​ប្រឈម​នឹង​ការ​បាត់​ដីធ្លី អត្តសញ្ញាណ ដោយសារ​ដីធ្លី​ដែល​ពួកគាត់​ធ្លាប់​អាស្រ័យផល​ពី​ដូនតា​មក ត្រូវ​បាន​ក្រុម​ឈ្មួញ និង​អ្នក​មាន​អំណាច​រំលោភ​យក​ធ្វើជា​កម្មសិទ្ធិ ដោយ​មាន​ការ​ឃុបឃិត​គ្នា​ជាមួយ​អាជ្ញាធរ​ដើម្បី​ធ្វើ​ប្លង់៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស