37.6 C
Phnom Penh

សហរដ្ឋ​អាមេរិក​ដក​កងទ័ព​ពី​អាហ្វហ្គានីស្ថាន គឺ​សម្រេច​ប្ដូរ​យុទ្ធសាស្ត្រ​សន្តិសុខ​ពិភពលោក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ភ្លាមៗ​ក្រោយ​ពេល​ចលាចល​កើត​មាន​ពេញ​ផ្ទៃ​ប្រទេស​មួយ​នៅ​អាស៊ី​កណ្ដាល រដ្ឋមន្ត្រី​ការបរទេស​អាមេរិក បាន​ការពារ​សេចក្ដី​សម្រេច​ចិត្ត​ក្នុង​ការ​ដក​កងទ័ព​របស់​ខ្លួន​ចេញពី​អាហ្វហ្គានីស្ថាន​ថា ជា​រឿង​ពីរ​ផ្សេង​គ្នា​ក្នុង​ការ​ដកទ័ព​អាមេរិក​ចេញពី​សង្គ្រាម​នៅ​វៀតណាម​ខាងត្បូង​នា​ឆ្នាំ​១៩៧៥ និង​ស្ទើរតែ​និយាយ​ប្រដូច​ន័យ​មួយ​ថា អាមេរិក​សម្រេច​ចោល​សមរភូមិ​មួយ​នេះ​ដោយ​ហត់នឿយ​ក្នុង​រយៈពេល ២០​ឆ្នាំ​មក​ហើយ ដោយ​ហេតុ​ថា​និយាយ​គ្នា​មិន​ស្ដាប់​ជាមួយ​នឹង​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន ដោយ​លោក Antony Bliken និយាយ​ថា បើ​ទោះ​កងទ័ព​អាមេរិក​បន្ត​ស្ថិតនៅ​ក្នុង​ប្រទេស​នេះ​ទៀត ក៏​រឿង​នេះ​គង់​នឹង​កើតឡើង​ដែរ។

ចំណែក​ប្រធានាធិបតី​អាមេរិក លោក ចូ បៃដិន ឯណោះ​វិញ​និយាយ​ថា លោក​មិន​ចង់​រំឭក​អតីតកាល​ដ៏​ឈឺចាប់​ដែល​លោក​ចាត់ទុក​ថា​ជា​កំហុស​មួយ​រួចស្រេច​ទៅ​ហើយ​នោះ​ទេ។

លោក បៃដិន លើកឡើង​ថា លោក​បាន​ដឹង​អំពី​ការរិះគន់​ទាំងអស់ តែ​លោក​ថា​វា​គ្មាន​ពេល​ណាមួយ​ទេ​ដែល​ល្អ​ដើម្បី​ដក​ទ័ព​សហរដ្ឋ​អាមេរិក បើ​ទោះបីជា​ធ្វើ​រឿង​នេះ​កាលពី ៥​ឆ្នាំ​មុន ឬ ១៥​ឆ្នាំ​ទៀត​ក្ដី។ លោក​បាន​និយាយ​យោង​ពី​មេរៀន​អតីតកាល និង​បាន​លើកឡើង​អំពី​ទ្រព្យសម្បត្តិ និង​ធនធាន​មនុស្ស​របស់​អាមេរិក​ដែល​បាន​ពលី​ជីវិត​លើ​សមរភូមិ​អាហ្វហ្គានីស្ថាន និង​ចំពោះ​ស្ថានភាព​ដែល​អាច​គ្រោះថ្នាក់​គ្រប់​ពេល​នៅ​ក្នុង​ប្រទេស​មួយ​នេះ។

លោក បៃដិន ក៏​បាន​បញ្ចេញ​កំហឹង​ដោយ​ងឿងឆ្ងល់​អំពី​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន​មួយ​ដែល​លោក​បាន​ពិភាក្សា​ច្រើន​ដង​ជាមួយ​មេដឹកនាំ​ប្រទេស​នេះ ហើយ​ស្រាប់តែ​រត់​ចោល​ប្រទេស​មិន​អាច​ពង្រឹង និង​គ្រប់គ្រង​ផ្ទៃក្នុង​របស់​ខ្លួន​បាន ប៉ុន្តែ​ចង់​ទុក​អម្រែក​នេះ​ឱ្យ​សហរដ្ឋ​អាមេរិក​បន្ត​ទៀត។

លោក បៃដិន បាន​សម្ដែង​ការ​អស់សង្ឃឹម​ដែល​រដ្ឋាភិបាល​របស់​ប្រធានាធិបតី អាស្រាហ្វ ហ្កានី មិន​អាច​រក​បាន​នូវ​បទ​ឈប់​បាញ់​ជាមួយ​ពួក​តាលីបង់ ក្រោយ​ថ្ងៃ​ទី​១ ខែ​ឧសភា ឆ្នាំ​២០២១ ហើយ​ធ្វើ​ឱ្យ​លោក​ត្រូវ​បន្ត​ជម្រើស​របស់​រដ្ឋបាល​លោក ដូណាល់ ត្រាំ ក្នុង​ការ​ដក​ទ័ព​ចេញ​ពី​អាហ្វហ្គានីស្ថាន ជាជាង​ការ​ពង្រាយ​ទ័ព​អាមេរិក​បន្ថែម​ដើម្បី​ប្រឈម​នឹង​ក្រុម​តាលីបង់ ដែល​មាន​កម្លាំង និង​ការ​តាំង​ចិត្ត​ខ្លាំង​តាំងពី​ឆ្នាំ​២០០១ មក​នោះ។

លោក បៃដិន ក៏​បាន​ចាត់ទុក​រដ្ឋការ​មុនៗ​ថា​បាន​សាង​កំហុស​ដោយ​នាំ​ឱ្យ​អាមេរិក​ជ្រុល​ខ្លួន​ក្នុង​ការ​ចូល​លុកលុយ​ទឹកដី​អាហ្វហ្គានីស្ថាន លើស​ពី​ការ​បង្ក្រាប​ក្រុម​ភេរវកម្ម​អាល់កៃដា ទៅ​ទៀត ហើយ​តាម​ជួយ​បំពាក់បំប៉ន​រដ្ឋាភិបាល​មួយ​នេះ​ប្រឆាំង​នឹង​ក្រុម​ឧទ្ទាម​ដែល​ប្រកាន់​សាសនា​ហួសហេតុ។

លោក ចូ បៃដិន អះអាង​ថា គូប្រជែង​ពិតប្រាកដ​ចំនួន​ពីរ​របស់​សហរដ្ឋ​អាមេរិក គឺ​រុស្ស៊ី និង​ចិន ដែល​លោក​យល់ថា​ពួកគេ​សប្បាយ​ចិត្ត​អស់​រយៈពេល​ជា​យូរ​ឆ្នាំ​មក​ហើយ​ដែល​បាន​ឃើញ​អាមេរិក​ចំណាយ​ធនធាន​ដ៏​ច្រើន​សន្ធឹកសន្ធាប់​លើ​វិបត្តិ​ដ៏​អូស​បន្លាយ​នៃ​សង្គ្រាម​ស៊ីវិល​មួយ​នេះ។

ប្រធានាធិបតី​អាមេរិក​ដែល​ធ្លាប់​ជាន់​ទឹកដី​អាហ្វហ្គានីស្ថាន​ដោយ​ផ្ទាល់ ៤​ដង​នេះ ក៏​បាន​បញ្ជាក់​ដែរ​ថា សហរដ្ឋ​អាមេរិក​បាន​អនុវត្ត​ផែនការ​ជម្លៀស​ពលរដ្ឋ​អាមេរិក និង​ពលរដ្ឋ​សម្ពន្ធមិត្ត រួម​ទាំង​ពលរដ្ឋ​អាហ្វហ្គានីស្ថាន​ណា​ដែល​ងាយ​រងគ្រោះ និង​ចង់​ចាកចេញ​ពី​ប្រទេស ឱ្យ​បាន​ទៅ​នៅ​សហរដ្ឋ​អាមេរិក​ទៀត​ផង។

គួរ​ឱ្យ​កត់សម្គាល់​ថា នេះ​ជា​ការ​បើក​អន្តរាគមន៍​ការទូត​ដោយ​ប្រលែង​យោធា​ចោល​សិន​នៅ​អាហ្វហ្គានីស្ថាន ដែល​ជា​គោលនយោបាយ​ស្នូល​របស់​សហរដ្ឋ​អាមេរិក​ក្រោម​រដ្ឋការ​របស់​បុរស​រូប​នេះ ដោយ​ចាប់​ពង្រឹង​សេដ្ឋកិច្ច និង​ការ​រួម​សម្ពន្ធភាព​មិន​ឱ្យ​អាមេរិក​ធ្វើការ​តែ​ឯកឯង​បន្ត​ទៀត​នោះ​ទេ។

តាមរយៈ​ការ​លើកឡើង​យ៉ាង​សង្ខេប​ពី​សុន្ទរកថា​របស់​លោក បៃដិន ដូចនេះ គេ​អាច​ទាញ​បាន​ថា ការពិត​សហរដ្ឋ​អាមេរិក​ឈ្នះ​សង្គ្រាម​អាល់កៃដា តែ​បរាជ័យ​ក្នុង​ការ​ហ្វឹកហ្វឺន​កងទ័ព​អាហ្វហ្គានីស្ថាន ដែល​មិន​អាច​ទប់ទល់​នឹង​ពួក​តាលីបង់​បាន។

ដំបូង​ឡើយ តាលីបង់​ស្ថិតនៅ​ក្នុង​ក្រុម​ឧទ្ទាម​មូចាហ៊ីឌីន ដែល​ជា​ក្រុម​ឧទ្ទាម​គាំទ្រ​ដោយ​សហរដ្ឋ​អាមេរិក ប៉ាគីស្ថាន អារ៉ាប់ប៊ីអូឌីត ក្នុង​ការ​ប្រយុទ្ធ​តទល់​នឹង​កងកម្លាំង​របស់​សហភាព​សូវៀត ដែល​មាន​វត្តមាន​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន នៅ​ក្នុង​ចន្លោះ​ពី​ឆ្នាំ​១៩៧៩ ដល់​ឆ្នាំ​១៩៨៩ នា​សង្គ្រាម​ត្រជាក់។

សហភាព​សូវៀត បាន​ដក​កងទ័ព​ចេញពី​អាហ្វហ្គានីស្ថាន គឺ​ចំ​ពេល​ការ​បិទ​សង្គ្រាម​ត្រជាក់ ហើយ​អាមេរិក និង​លោក​ខាងលិច​ក៏​ដើរ​ចេញ​លែង​គាំទ្រ​ក្រុម​ឧទ្ទាម​មូចាហ៊ីឌីន គឺ​នៅ​សល់​តែ​ប៉ាគីស្ថាន អារ៉ាប៊ីសាអ៊ូឌីត និង​អារ៉ាប់អ៊ីមីរ៉េត ដែល​បាន​ទំនុក​បម្រុង​ក្រុម​តាលីបង់​លើ​ផ្នែក​សព្វាវុធ​ចារកម្ម ហើយ​បាន​ជួយ​រក​ជ័យជម្នះ​លើកដំបូង​ដល់​ក្រុម​តាលីបង់​នេះ​នៅ​ឆ្នាំ​១៩៩៦ គឺ​វាយ​រំលំ​រដ្ឋាភិបាល​ដែល​សហភាព​សូវៀត​គាំទ្រ។

ដោយសារតែ​ទង្វើ​បង្ក​អសន្តិសុខ​ដល់​ប្រទេស​ខ្លួនឯង និង​សម្លាប់​ចាប់​រំលោភ​ប្រហារ​ជីវិត​ឆៅៗ និង​យក​សាសនា​មក​ធ្វើជា​របាំង​ចំពោះ​ទង្វើ​អមនុស្សធម៌​របស់​ខ្លួន គឺ​ពួក​តាលីបង់​ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​ខ្មៅ​នៃ​អង្គការ​សហប្រជាជាតិ ថា​ជា​ក្រុម​ឥស្លាម​ជ្រុល​និយម។ ក្រុម​ដែល​មាន​វិន័យ​សាសនា​តឹង​នេះ បាន​ដឹកនាំ​រដ្ឋាភិបាល​បាន​ច្រើន​ឆ្នាំ​ដែរ ប៉ុន្តែ​មាន​តែ​បី​ប្រទេស​នៅ​អារ៉ាប់ និង​អាស៊ី​កណ្ដាល​ទេ​ដែល​ទទួលស្គាល់​ថា​រដ្ឋាភិបាល​នោះ​ជា​រដ្ឋាភិបាល​ស្រប​ច្បាប់។

ទង្វើ​ព្រៃផ្សៃ​របស់​ក្រុម​នេះ បាន​ធ្វើ​ឱ្យ​មាន​ការ​ឈឺចាប់​ដល់​ពលរដ្ឋ​ជា​ខ្លាំង ហើយ​ការ​ឈឺចាប់​នោះ​បាន​ធ្វើ​ឱ្យ​អន្តរជាតិ​ស្រែក​ថ្កោលទោស​រហូត​ដល់​ពេល​ដែល​ក្រុម​នេះ​ត្រូវ​បាន​ដឹង​ថា មាន​ទំនាក់ទំនង​នឹង​ក្រុម​ភេរវកម្ម​អាល់កៃដា ដែល​ជា​ក្រុម​មហា​ភេរវកម្ម​អន្តរជាតិ​ដែល​បាន​ធ្វើ​ទង្វើ​ភេរវកម្ម​សម្លាប់​ពលរដ្ឋ និង​ទ្រព្យសម្បត្តិ​អាមេរិក​ក្នុង​ព្រឹត្តិការណ៍​ថ្ងៃ​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០០១ ដែល​នាំ​ឲ្យ​សហរដ្ឋ​អាមេរិក និង​អង្គការ​ណាតូ បាន​លើក​ទ័ព​ចូល​ឈ្លានពាន​អាហ្វហ្គានីស្ថាន ហើយ​ផ្តួល​រំលំ​រដ្ឋាភិបាល​តាលីបង់ ក្រោយ​រដ្ឋាភិបាល​មួយ​នេះ​ជួយ​ចិញ្ចឹម​អាល់កៃដា និង​បដិសេធ​មិន​ប្រគល់​ខ្លួន អូសាបា ប៊ិនឡាឌីន ជា​មេ​ភេរវករ​អន្តរជាតិ​អាល់កៃដា មក​ឱ្យ​អាមេរិក។

ការ​ចោទ​ប្រកាន់​របស់​សហរដ្ឋ​អាមេរិក​នេះ គឺ​តាមរយៈ​ភស្តុតាង និង​តម្រុយ​ដែល​ផ្ដល់​ឱ្យ​ពី​រដ្ឋាភិបាល​ប៉ាគីស្ថាន នៃ​ប្រធានាធិបតី ប៉េហ្វេស មូសារ៉ាហ្វ អំពី​ទីតាំង​រស់នៅ​របស់​ប៊ិនឡាឌីន ដែល​ស្ថិត​នៅ​រវាង​ព្រំដែន​អាហ្វហ្គានីស្ថាន និង​ប៉ាគីស្ថាន។ ដើម្បី​សម្លាប់​មេ​ភេរវករ​រូប​នេះ និង​កម្ចាត់​ភេរវកម្ម​នេះ អាមេរិក​បាន​ប្រើ​រយៈពេល​ដល់​ទៅ ១០​ឆ្នាំ និង​ប្រើប្រាស់​កង​កម្លាំង​ទ័ព​ម៉ារីន និង​ឧទ្ធម្ភាគចក្រ។ ព្រឹត្តិការណ៍​នេះ​មានន័យ​ថា អាមេរិក​ពិតជា​ឈ្នះ​របប​តាលីបង់​ហើយ​នៅ​ឆ្នាំ​២០០១ ហើយ​ក៏​កម្ទេច​បាន​ភេរវកម្ម​អាល់កៃដា ថែមទៀត។ បន្ទាប់មក អាមេរិក​ក៏​ចាប់ផ្ដើម​ជួយ​អភិវឌ្ឍ​ប្រទេស​អាហ្វហ្គានីស្ថាន​ដោយ​មាន​សន្ទុះ​ខ្លាំង​ជាង​មុន​លើ​វិស័យ​សេដ្ឋកិច្ច និង​កម្លាំង​ការពារ​ជាតិ។

តាម​ទិន្នន័យ​នៃ​សាកលវិទ្យាល័យ ប្រោន គឺ​ចាប់តាំង​ពី​ឆ្នាំ​២០០១ មក​ដល់​បច្ចុប្បន្ន សហរដ្ឋ​អាមេរិក​បាន​ចំណាយ​ទឹកប្រាក់​ចំនួន ២,២៦​ទ្រី​លាន​ដុល្លារ​សម្រាប់​ប្រទេស​មួយ​នេះ។

តើ​ការ​ចាកចេញ​របស់​កងទ័ព​អាមេរិក​ពី​អាហ្វហ្គានីស្ថាន គឺជា​កំហុស ឬ​យុទ្ធសាស្ត្រ ហើយ​បើជា​យុទ្ធសាស្ត្រ តើ​ជា​យុទ្ធសាស្ត្រ​ប្ដូរ​សមរភូមិ ឬ​ដូចម្ដេច?

យោង​តាម​សុន្ទរកថា​របស់​លោក ចូ បៃដិន ដែល​ថ្លែង​ចេញពី​សេតវិមាន​នៅ​ថ្ងៃ​ទី​១៧ ខែ​សីហា គឺ​ការ​សម្រេច​ដក​កងទ័ព​សហរដ្ឋ​អាមេរិក​ចេញពី​អាហ្វហ្គានីស្ថាន ដោយ​ប្រើ​យុទ្ធសាស្ត្រ​ថ្មី​មួយ​គេ​ហៅថា «ទុក​ឱ្យ​មហាអំណាច​ផ្សេង​ទៀត​ចាប់អារម្មណ៍​នឹង​ប្រទេស​អាហ្វហ្គានីស្ថាន ហើយ​អាមេរិក​ងាក​ទៅ​ពង្រឹង​សម្ពន្ធភាព​របស់​ខ្លួន​ប្រយុទ្ធ​ប្រឆាំង​នឹង​ដណ្ដើម​ភូមិសាស្ត្រ​នយោបាយ​នៅ​ទីតាំង​ចំនួន​៣ នៃ​ពិភពលោក គឺ​ឥណ្ឌូ​ប៉ាស៊ីហ្វិក មជ្ឈិមបូព៌ា និង​នៅ​អាហ្វ្រិក»

តាម​សុន្ទរកថា​របស់​លោក បៃដិន គឺ​ត្រូវ​ពង្រឹង​ទ័ព​អាមេរិក​នៅ​តំបន់​ទាំងនោះ ហើយ​ត្រូវ​កៀរគរ​សម្ពន្ធមិត្ត​ផ្នែក​យោធា រួម​ទាំង​អង់គ្លេស បារាំង អាល្លឺម៉ង់ អូស្ត្រាលី ឥណ្ឌា ជប៉ុន កាណាដា ឱ្យ​ផ្ដោត​រួមគ្នា​លើ​ទីតាំង​ទាំង​បី​នេះ ប៉ុន្តែ​សម្រាប់​ឥណ្ឌូ​ប៉ាស៊ីហ្វិក គឺ​លោក ចូ បៃដិន ត្រូវ​ពង្រឹង​សម្ពន្ធភាព​របស់​អាមេរិក​ទាំង​វិស័យ​កងទ័ព និង​ការទូត​ក្នុង​តំបន់ ដើម្បី​ទប់ទល់​នឹង​ចិន ដែល​កំពុង​រីក​មាឌ​យ៉ាង​ខ្លាំង​ក្នុង​តំបន់​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស